អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​លើ​អាកាសធាតុ​ ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូណេស៊ី

ផ្សែង​ខ្មៅ​ខ្មួលខ្មាញ់ ​ដែល​បណ្តាល​ពី​ភ្លើង​ឆេះ​ព្រៃ ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ​កាល​ពី​ដើម​ខែ​កញ្ញា ​ នឹង​អាច​ជះ​ឥទ្ធិពល​អាក្រក់ ​ទៅ​លើ​អាកាធាតុ។ នេះ​បើ​ផ្អែក​តាម​របាយការណ៍ ​របស់​ភ្នាក់ងារ​ស្រាវជា្រវ​អវកាស ​NASA ។ ផល​ប៉ះពាល់​ដល់​អាកាសធាតុ​នេះ ​នឹង​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ ទៅ​ដល់​ការ​កើនឡើង​ នូវ​ឧស្ម័ន​កាបូនិក ​នឹង​កំដៅ​ផែនដី ​ហើយ​វា​នឹង​ជំរុញ​ឲ្យ​មាន​បាតុភូត ​អែលនីញ៉ូ (El Niño) កាន់តែ​ញឹកញាប់​ជាង​មុន។

លោក​ ប្រធានាធិបតី ឥណ្ឌូណេស៊ី ចុះត្រួតពិនិត្យ ដី​ព្រៃ​ដែលឆេះ​ខ្លោច ដោយ​សារ​ភ្លើង​
លោក​ ប្រធានាធិបតី ឥណ្ឌូណេស៊ី ចុះត្រួតពិនិត្យ ដី​ព្រៃ​ដែលឆេះ​ខ្លោច ដោយ​សារ​ភ្លើង​ ROMEO GACAD / AFP
ផ្សាយពាណិជ្ជកម្ម

ចំហាយ​កំដៅ ​លាយឡំ​នឹង​ផ្សែង​ឧស្ម័ន​កាបូនិក ​ទាំង​អស់​នេះ​ហើយ​ជា​ធាតុផ្សំ​នៃ​បាតុភូត​អែលនីញ៉ូ។ បាតុភូត​នេះ ​និង​បង្ករ​ជា​បណ្តុំ​ខ្យល់ ​ដែល​ភាគ​ច្រើន​មាន​កម្លាំង​ខ្លាំង ​ជា​ខ្យល់​ព្យុះ ​និង​ខ្យល់​គួច​ រសាត់​បក់​បោក​ នៅ​ពី​លើ​លំហ​សមុទ្រ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​បាតុភូត​នេះ ​នឹង​បង្ករ​ជា​សីតុណ្ហភាព​ក្តៅ​ខ្លាំង ​ហើយ​នឹង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ដែល​អាច​ប៉ះពាល់​ដោយ​ផ្ទាល់ ​ទៅ​លើ​ការ​ដាំដុះ​ របស់​ប្រជា​កសិករ។

 
យោង​តាម​របាយការណ៍​របស់​ NASA​ ផ្សែង​ខ្មៅ​ដ៏​សន្ធឹក​សន្ធាប់​ ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​កោះ​ស៊ូមាត្រា ​និង​កោះ​កាលីម៉ាន់តាន់ ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ​នឹង​ជំរុញ​ឲ្យ​មាន​បាតុភូត ​អែលនីញ៉ូ​ នេះ ​កាន់​តែ​ញឹកញាប់ ​និង​ខ្លាំង​ជាង​មុន។ ថ្វី​ត្បិត​តែ​ពេលនេះ​ ខ្យល់​ព្យុះ​រឺ ​គ្រោះ​រាំងស្ងួត​ នៅ​មិន​ទាន់​កើត​មាន​នៅ​ឡើយ ​ក៏​ប៉ុន្តែ​ផល​ប៉ះពាល់​ជាក់​ស្តែង ​គឺ​យើង​បាន​ឃើញ​នឹង​ភ្នែក​រួច​ទៅ​ហើយ ​ដោយសារ​ការ​ដុត​រាន​ដី​ព្រៃ​ នៅ​ឥណ្ឌូណេស៊ី ​ក្នុង​ទំហំ​ធំ​មហិមា​នេះ។ ផ្សែង​ខ្មៅ ​បានហោះ​ទៅ​គ្រប​ដណ្តប់​ដល់​ម៉ាឡេស៊ី ​និង​សឹង្ហបុរី។ ​សាលារៀន​ជា​ច្រើន​ ត្រូវ​បាន​បិទ ​ដើម្បី​ការពារ​សុខភាព​កុមារ។ ចរាចរណ៍​ផ្លូវ​អាកាស​ក៏​បាន​កាត់​បន្ថយ​ផង​ដែរ។ ​មនុស្ស​ជា​ច្រើន​ពាន់​នាក់ ​កំពុង​តែ​មាន​ជំងឺ​ក្នុង​ប្រពន្ធ័​ដក​ដង្ហើម។

ឥណ្ឌូណេស៊ី​ ដែល​មាន​ព្រៃ​ឈើ​ធំ​មហាសាល​ កំពុង​តែ​រង​ការរិះគន់​ដោយសារ​តែ​សកម្មភាព​ដុត​រាន​ដី​ព្រៃ ​ដើម្បី​យក​ដី​ទៅ​ដំា​ដុះ​ ដំណាំ​ឧស្សាហកម្ម​ផ្សេងៗ​ ដូច​ជា​តំណាំ​ដូង​ប្រេង​ជាដើម។ ក្រុមហ៊ុន​វិនិយោគ​ជា​ច្រើន ​ត្រូវ​រដ្ឋាភិបាល​ប្រគល់​សិទ្ធិ​អភិវឌ្ឍន៍ ឲ្យ​កាប់​បំផ្លាញ​ព្រៃឈើ ​ហើយ​បន្ទាប់​មក​ពួក​គេ ​បាន​ជួល​ប្រជាជន​ក្រីក្រ ​ឲ្យ​ដុត​រាន​ព្រៃ ​ទៅ​តាម​ប្រពៃណី​បូរាណ។ ភ្លើង​បាន​ឆាបឆេះ  ​រហូត​ទប់​លែង​បាន ​កាល​ពី​ថ្ងៃ​ទី ​៨​កញ្ញា​កន្លង​ទៅ។ ក្រោយ​ហេតុការណ៍​នេះ ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ​ត្រូវ​បង្ខំចិត្ត​ចាប់​ផ្តើម​សើររើ ​កិច្ច​សន្យា​សម្បទាន ​ជាមួយ​ក្រុមហ៊ុន​មួយ​ចំនួន ​តួយ៉ាង​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ឈ្មោះ ​Asian Pulp and Paper។

គេនៅ​ចាំ​មិន​ទាន់​ភ្លេច​ទេ​ថា ​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​១៩៩៧​ ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ របៀប​នេះ ​បាន​កើត​ឡើង​ ម្តង​រួច​ទៅ​ហើយ ​នៅ​ឥណ្ឌូណេស៊ី។ កាល​នោះ ​ព្រៃ​ប្រមាណ​ជា​ ៨សែន​ហិចតា ​ត្រូវ​ឆេះ​ខ្លោច ​តំបន់​អាស៊ី​អាគ្នេយ៍​ស្ទើតែ​ទាំង​មូល​ ត្រូវ​គ្រប​ដណ្តប់ ​ដោយ​ផ្សែង​ខ្មៅ។ បន្ទាប់​មក​នៅ​ឆ្នាំ​១៩៩៨ ​គ្រោះ​រាំង​ស្ងួត ​បាន​ធ្វើ​ឲ្យ​វិស័យ​កសិកម្ម ​ខាតបង់​ធ្ងន់ធ្ងរ ​ហើយ​ជា​ផ្នែក​មួយ​ ជំរុញ​ឲ្យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​អាគ្នេយ៍​ នា​ពេល​នោះ​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ