អានតួអត្ថបទ
បារាំង

លោក​ហូឡង់ ប្តេជ្ញា​ការពារ​ជនជាតិ​បារាំង​ពី​ទោស​ប្រហារ​ជីវិត នៅ​ឥណ្ឌូនេស៊ី

ប្រធានាធិបតី​បារាំង លោក​ហ្វ្រង់ស័រ ហូឡង់ បាន​ប្តេជ្ញា​ថា នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង ដើម្បី​ការពារ​ជីវិត​ជនជាតិ​បារាំង​ម្នាក់ ដែល​រដ្ឋ​អាជ្ញា​ឥណ្ឌូនេស៊ី បាន​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ​ជួញដូរ​គ្រឿង​ញៀន នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី និង​ទើប​ត្រូវ​បាន​ចាញ់​ការ​តវ៉ា​ក្តី​ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។ ការ​ថ្លែង​របស់​លោក​ហូឡង់ នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ប្រហារ​ជីវិត​ជា​បន្ត​បន្ទាប់​ទៅ​លើ​ជន​បរទេស​ជា​ច្រើន​នាក់ នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។

លោក​​ហ្វ្រង់ស័រ ​ហូឡង់ ​ប្រធានាធិបតី​បារាំង​ (រូបថតឯកសារ)
លោក​​ហ្វ្រង់ស័រ ​ហូឡង់ ​ប្រធានាធិបតី​បារាំង​ (រូបថតឯកសារ) REUTERS/Eric Feferberg/Pool
ផ្សាយពាណិជ្ជកម្ម

ថ្លែង​បន្ទាប់​ពី​កិច្ច​ប្រជុំ​កំពូល​អឺរុប នៅ​ក្នុង​ទីក្រុង​ព្រុចសែល ​កាល​ពី​ថ្ងៃ​ចន្ទ ប្រមុខ​ដឹកនាំ​បារាំង​ លោក​ហ្វ្រង់ស័រ ហូឡង់ បាន​ប្តេជ្ញា​ថា នឹង​ប្រើ​មធ្យោបាយ​គ្រប់​បែប​យ៉ាង ដើម្បី​រក្សា​ជនជាតិ​របស់​ខ្លួន។ កន្លង​មក​ លោក​ហូឡង់ ធ្លាប់​បាន​ប្រើ​វិធី​ការ​ទូត ដោយ​ជំរុញ​ឲ្យ​សហគមអឺរុប ដាក់​គំនាប​ទៅ​លើ​ឥណ្ឌូនេស៊ី ​ទើប​តុលាការ​កំពូល​ក្រុង​ហ្សាកាតា ប្រកាស​រក្សា​ទោស​ប្រហារ​ជីវិត កាល​ពី​ខែ​មេសា។

ជន​ជាប់​ចោទ​សញ្ជាតិ​បារាំង ដែល​លោក​ហូឡង់ ប្តេជ្ញាចិត្ត​ការពារ​ជីវិត តាំង​ពី​ខែ​មេសា​នោះ មាន​ឈ្មោះ​ថា​ Serge Atlaoui ជា​ជន​បរទេស​ម្នាក់ ក្នុង​ចំណោម​ជន​បរទេស​ ៨​នាក់ ដែល​នឹង​ត្រូវ​អាជ្ញាធរ​ឥណ្ឌូណេស៊ី ប្រហារ​ជីវិត​នៅ​ថ្ងៃ​ខាង​មុខ ក្នុង​បទ​ជួញ​ដូរ​គ្រឿងញៀន។ ក្នុង​អាយុ ៥១​ឆ្នាំ Serge Atlaoui ត្រូវ​បាន​តុលាការ​ឥណ្ឌូណេស៊ី ​កាត់​ទោស​ប្រហារ​ជីវិត​នៅ​ឆ្នាំ ២០០៧ បន្ទាប់​ពី​បាន​ចាប់​ខ្លួន​ កាល​ពី​ឆ្នាំ ​២០០៥ ក្នុង​បទជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ជួញដូរ​ថ្នាំញៀន។ តាំង​ពី​ដំបូង​ទី ជនជាតិ​បារាំង​រូប​នេះ បាន​និយាយ​ការពារ​ខ្លួនថា មិន​បាន​ប្រព្រឹត្ត​កំហុស ដោយ​ថា​ខ្លួន​ត្រូវ​បាន​គេ​ជួល​ឲ្យ​ធ្វើ​ការ​ដំឡើង​ម៉ាស៊ីន ​នៅ​ក្នុង​រោងចក្រ​មួយ ដែល​ខ្លួន​មិន​ដឹង​ថា នោះ​ជា​រោងចក្រ​សម្រាប់​ផលិត​ថ្នាំញៀន​អេស្តាស៊ី​នោះទេ។

នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ តុលាការ​រដ្ឋបាល​ក្រុង​ហ្សាកាតា បាន​ច្រាន​ចោល​បណ្តឹង​របស់​ជន​ជាប់​ចោទ​បារាំង​នោះ ទោះបី​ជា​មេធាវី​ជន​ជាប់​ចោទ បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ពិចារណា​កុំ​ឲ្យ​មាន​ការ​កាត់​ទោស​ប្រហារ​ជីវិត​ក៏​ដោយ។ ក្រោយ​ពេល​ចាញ់​ក្តី​តវ៉ា មេធាវី របស់​ជន​ជាប់​ចោទ​ បាន​និយាយ​ថា គេ​នឹង​ព្យាយាម​ធ្វើ​យ៉ាង​ណា ដើម្បី​សង្គ្រោះ​ជីវិត​ជន​ជាតិ​បារាំង​នោះ ពី​សេចក្តី​ស្លាប់។ មេធាវី​រូប​នោះ និយាយ​ថា ​ពួកគេ​មិន​បាន​ស្នើឲ្យ​ដោះលែង​អ្នក​ទោស​នោះ​ទេ គ្រាន់តែ​សុំ​ឲ្យ​កាត់​ទោស​ត្រឹម​ការ​ដាក់​ពន្ធនាគារ​ បាន​ហើយ។

យ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ​ឥណ្ឌូនេស៊ី មិន​អាច​កាត់​ទោស​ប្រហារ​ជីវិត​មនុស្ស នៅ​ក្នុង​ខែ​នេះ​បាន​ទេ ​ដោយ​សារ​តែ​ខែ​នេះ ​ជា​ខែ​ដែល​អ្នក​កាន់​សាសនា​អ៊ីស្លាម ​ត្រូវ​ធ្វើ​បុណ្យ​សាសនា ​រ៉ាម៉ាដន ប៉ុន្តែ​គេ​នឹង​បើក​ការ​ប្រហារ​ជីវិត​អ្នក​ទោស​ជា​ថ្មី ​នៅ​ពេល​បុណ្យ​នេះ ចប់​ក្នុង​ខែ​កក្កដា។

គួរ​ជម្រាប​ជូន​ថា ​ការ​ប្រហារ​ជីវិត​ជន​បរទេស​ជា​បន្ត​បន្ទាប់​ នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដោយ​រួម​មាន​ ជនជាតិ​អូស្ត្រាលី ២នាក់ ប្រេស៊ីល​ម្នាក់ ​និង​នីហ្សេរីយ៉ា៤នាក់ ​កាល​ពី​ខែ​មេសា ឆ្នាំ​នេះ​ បាន​ធ្វើ​អោយ​សហគម​អន្តរជាតិ​ ខឹង​ក្រេវក្រោធ​យ៉ាង​ខ្លាំង​ ចំពោះ​ឥណ្ឌូនេស៊ី។ ប៉ុន្តែ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ​លោក Joko Widodo បាន​និយាយ​ថា​ អ្នក​ជួញដូរ​គ្រឿងញៀន​ ត្រូវ​តែ​ដាក់ទោស​ឲ្យ​ធ្ងន់ធ្ងរ ព្រោះ​ថា​ឥណ្ឌូនេស៊ី ​កំពុង​ជួប​បញ្ហា​ប្រឈម​យ៉ាង​ខ្លាំង ដោយសារ​តែ​ការ​កើន​ឡើង​នូវ​ការ​ប្រើប្រាស់​គ្រឿងញៀន។

ឥណ្ឌូនេស៊ី ជា​ប្រទេស​ដែល​មាន​ច្បាប់​ប្រឆាំងគ្រឿងញៀន​ធំ​បំផុត​នៅលើពិភពលោក​។ តាំងពីឆ្នាំ ២០១៣មក​ ក្រុងហ្សាកាតា បាន​ប្រហារជីវិតមនុស្ស ដែល​ភាគច្រើន​ជាជនបរទេស ក្នុងបទឧក្រិដ្ឋគ្រឿងញៀន ចំនួន ១៤នាក់ហើយ។ ប៉ុន្តែចំពោះរដ្ឋាភិបាល​បារាំងវិញ គឺ​បាន​ប្រឆាំង​ដាច់ខាត​នឹង​ដាក់ទោស​ប្រហារជីវិត។ បារាំង​ទើប​បាន​លុបចោល ទោស​ប្រហារ​ជីវិត​ពី​ច្បាប់​របស់ខ្លួន នៅ​ឆ្នាំ ១៩៨១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ