អានតួអត្ថបទ
ចិន-ជនជាតិអ៊ុយហ្គួរ

ចិន​អះអាងថា​សម្លាប់​បណ្តាញ​ភេរវកម្ម​អ៊ុយហ្គួរ ​២៨​នាក់

នគរបាល​ចិន​បាន​ប្រកាស ​ប្រាប់​នៅ​ថ្ងៃ​សុក្រ​ទី​ ២០​ វិច្ឆិកា​នេះ​ថា ​ អាជ្ញាធរ​ទើប​បាន​ចេញ​ប្រតិបត្តិការ ​បង្រ្កាប​​បណ្តាញ​ភេរវកម្ម​នៅ​តំបន់​ខេត្ត​ស៊ីនជាំង ​ភាគ​ខាង​លិច​ប្រទេស​ចិន ​ដោយ​បាន​សម្លាប់ ​ភេរវជន​ចំនួន ​២៨​នាក់។ ក្រោយ​ពី​ហេតុការណ៍​ភេរវកម្ម​បង្ក​ឡើង​ដោយ​ក្រុម​ជីហាដ​អ៊ីស្លាម ​នៅ​ប៉ារីស ​ រដ្ឋាភិបាល​ចិន​ ក៏​បាន​អះអាង​ផង​ដែរ​​ថា ​ខ្លួន ​ ក៏​កំពុង​តែ​រង​គ្រោះ ​ដោយសារ​ក្រុម​ភេរវករ​អ៊ីស្លាម​ដែរ ​ គឺ​ក្រុម​ភេរវករ​ ជនជាតិ​អ៊ុយហ្គួរ ​នៅ​តំបន់​ស៊ីនជាំង​នេះ​ឯង។

កម្លាំងនគរបាលចិន ចុះបង្រ្កាប​ក្រុមជនជាតិអ៊ុយហ្គួរ​ នៅក្រុង អ៊ូរំឈី ខេត្តស៊ីនជាំង
កម្លាំងនគរបាលចិន ចុះបង្រ្កាប​ក្រុមជនជាតិអ៊ុយហ្គួរ​ នៅក្រុង អ៊ូរំឈី ខេត្តស៊ីនជាំង Reuters
ផ្សាយពាណិជ្ជកម្ម

ភេរវជន​២៨​ នាក់ ​ត្រូវ​បាន​សម្លាប់ ​ ក្នុង​ប្រតិបត្តិការ​បោស​សម្អាត​ បណ្តាញ​ភេរវកម្ម​ នៅ​ខេត្ត​ស៊ីនជាំង ​ នេះ​បើ​តាម​ការ​រាយការណ៍ ​របស់​អាជ្ញាធរ​ចិន។ ប្រតិបតិ្តការ​បង្រ្កាប​ឥត​រើស​មុខ​ របស់​ការិយាល័យ​សន្តិសុខ​ចិន​ នេះ ​ ​ត្រូវ​បាន​ដាក់​ចុះ ​បន្ទប់​ពី​មាន​ហេតុការណ៍​ប៉ុនប៉ង ​ធ្វើ​ភេរវកម្ម ​មួយ​បាន​កើត​ឡើង​ នៅ​ក្នុង​រោងចក្រ​ធ្យូងថ្ម ​ នៅ​ភាគ​អាគ្នេយ៍ ​ខេត្ត​ស៊ិនជាំង​ កាល​ពី​ថ្ងៃ​ទី​ ១៨​ កញ្ញា​កន្លង​ទៅ។

 
ក្នុង​ហេតុការណ៍​នោះ ​នគរបាល​ចិន ​បាន​ចេញ​អន្តរាគមន៍ ​បាញ់​តបតប​ ជាមួយ​នឹង​ក្រុម​ភេរវករ ​នៅ​កន្លែង​​កើតហេតុ ​ ដោយ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​១៦​នាក់។ ក៏​ប៉ុន្តែ​ខាង​វិទ្យុ​អាស៊ី​សេរី ​ ដែល​ផ្សាយ​ចេញ​ពី​សហរដ្ឋ​​អាមេរិក​ បាន​ផ្សព្វផ្សាយ​ថា ​ ហេតុការណ៍​នេះ ​ បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​រហូត​ដល់​ជាង​៤០​នាក់​ ឯណោះ។ ភ្លាមៗ​​ក្រោយ​ការ​ប៉ុនប៉ង ​ធ្វើ​ភេរវកម្ម​នេះ ​នគរបាល​ចិន ​បាន​ចេញ​ចុះ​តាម​ចាប់ ​ ក្រុម​ជន​ដៃដល់​​ដែល​ពួក​គេ​គិត​ថា ​ជា​ក្រុម​ជនជាតិ​អ៊ុយហ្គួរ ​នៅ​ខេត្ត​ស៊ិនជាំង​នេះ​តែម្តង។

ខេត្ត​ស៊ីនជាំង ​ជា​ខេត្ត​ដ៏​ធំ ​នៅ​ភាគ​ខាង​លិច​ប្រទេស​ចិន។ ខេត្ត​នេះ​មាន​ប្រជាជន​រស់នៅ​​ភាគ​ច្រើន​ ជា​សហគម​ជនជាតិ​អ៊ុយហ្គួរ ​ ដែល​កាន់​សាសនា​អ៊ីស្លាម។ ក្រុម​អ្នក​តស៊ូ​ជនជាតិ​អ៊ុយហ្គួរ ​បាន​តែងតែ​ធ្វើ​ការ​បរិហារ​ពី ​ការ​ជិះជាន់ ​ពី​សំណាក់​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន ​ ទៅ​លើ​ប្រជាជន​អ៊ុយហ្គួរ។ ធនធាន​រ៉ែ​ក្រោម​ដី​ដ៏​មហាសាល ​នៅ​ខេត្ត​នេះ​ ​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ បូម​កកាយ​យក ​ ទុក​ឲ្យ​ប្រជាជន​ម្ចាស់​ស្រុក ​ក្រ​លំបាក ​ ដោយ​គ្មាន​យក​ចិត្ត​ទុកដាក់​អ្វី​ទាំង​អស់។

ហេតុការណ៍​ភេរវកម្ម ​បាន​កើត​ឡើង​ជា​ញឹកញាប់​នៅ​ចិន​ ដែល​អាជ្ញាធរ​ក្រុង​ប៉េកាំង ​បាន​ដាក់​បន្ទុក​ថា​ ជា​ក្រុម​អ៊ីស្លាម​អ៊ុយហ្គួរ ​ ដែល​ចង់​ទាមទារ​បំបែក​ទឹកដី​ចេញ​ពី​ចិន។ ជាក់​ស្តែង​ហេតុការណ៍​ដើរ​យក​កាំបិត​ចាក់​មនុស្ស ​នៅ​ស្ថានីយ៍​រថភ្លើង ​កាល​ពី​ខែ ​៣ ​ឆ្នាំ​២០១៤​ បាន​ធ្វើ​ឲ្យ​ប្រជាជន​ចិន​ទូទៅ​ មាន​ការ​ភ័យខ្លាច។ ក្រុម​ជនជាតិ​អ៊ុយហ្គួរ ​ក៏​ធ្លាប់​បាន​ធ្វើ​ភេរវកម្ម​ នៅ​កណ្តាល​ក្រុង​ប៉េកាំង​ផង​ដែរ​ ដោយ​បាន​ដាក់​គ្រាប់បែក​បំផ្ទុះ​នៅ​ខាង​មុខ ​ ទីលាន​ធាន​អាន​មិន​តែម្តង​ កាល​ពី​ខែ​ តុលា ​ឆ្នាំ​២០១៣។ អាជ្ញាធរ​ចិន​ បាន​ប្រើ​ធម៌ក្តៅ ​ គ្រប់​រូបភាព ​ដើម្បី​បង្រាប​បណ្តាញ​សកម្មជន​តស៊ូ​ជនជាតិ​អ៊ុយហ្គួរ ​ហើយ​ថែម​ទាំង​បាន​បន្ទោស​ថា ​ក្រុម​ជនជាតិ​អ៊ុយហ្គួរ​ ជា​ក្រុម​អ៊ីស្លាម​ជ្រុល​និយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ