អានតួអត្ថបទ
ចិន-ជីប៊ូទី

តើ​ចិន​មាន​បំណង​សាងសង់​មូលដ្ឋាន​យោធា​នៅ​ក្នុង​ប្រទេស​ជីប៊ូទី​ឬ?

នៅ​ក្នុង​ប្រទេស​ចិន មធ្យោបាយ​ឃោសនា​មហាជន​រដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី១០ វិច្ឆិកា​ពី​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនំា​យោធា​ជាន់ខ្ពស់​ចិន​នៅ​ក្នុង​ប្រទេស​ជីប៊ូទី​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ។ គេ​មិន​ដឹង​ពី​គោលដៅ​នៃ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនំា​យោធា​ជាន់​ខ្ពស់​ចិន​រូប​នោះ​ទេ តែ​កាសែត​ផ្លូវការ​យោធា​ចិន​មួយ​បែរ​ជា​បាន​ព្យាយាម​រំងាប់​ពាក្យ​ចចាមអារ៉ាម​ដែល​ថា ចិន​អាច​នឹង​សាងសង់​មូលដ្ឋាន​យោធា​មួយ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ជីប៊ូទី​ដែល​ជា​ទីតំាង​យុទ្ធសាស្រ្ត​នៅ​ក្នុង​ទ្វីបអាហ្រ្វិក។

លោក​ប្រធានាធិបតី​ចិន ស៊ី​ ជីនពីង (រូបឆ្វេង) និង​មេបញ្ជាការ​ចិន ឧត្តមសេនីយ Fang Fenghui
លោក​ប្រធានាធិបតី​ចិន ស៊ី​ ជីនពីង (រូបឆ្វេង) និង​មេបញ្ជាការ​ចិន ឧត្តមសេនីយ Fang Fenghui REUTERS/Andy Wong/Pool
ផ្សាយពាណិជ្ជកម្ម

ថ្នាក់ដឹកនំា​យោធា​ជាន់ខ្ពស់​ចិន​ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ជីប៊ូទី​នា​ចុង​សប្តាហ៍​កន្លង​ទៅ គឺ​លោក​ឧត្តមសេនីយ​ហ្វាង ហ្វេងហ៊ី មេបញ្ជាការ​កងទ័ព​រំដោះ​ប្រជាមានិត​ចិន។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ ឧត្តមសេនីយ​ហ្វាង ហ្វេងហ៊ី​បាន​ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​ជីប៊ូទី​អ៊ីស្មាអែល អូម៉ា ហ្កឺលេ នេះ​ជា​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​ផ្លូវការ​កងទ័ព​ចិន​ឈ្មោះ China Military Online។ China Military Online បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​លោក​ប្រមុខ​រដ្ឋ​ជីប៊ូទី ឧត្តមសេនីយ​ចិន​ប្រហែល​ជា​បាន​លើក​ឡើង​ពី​ឆន្ទៈ​របស់​ចិន​ក្នុង​ការ​ពង្រឹង​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​រវាង​ទីក្រុង​ប៉េកំាង និង​ទីក្រុង​ជីប៊ូទី ពិសេស​នៅ​ក្នុង​វិស័យ​យោធា។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​បារំាង AFP ក្នុង​ខែ​ឧសភា​កន្លង​ទៅ លោក​ប្រធានាធិបតី​ជីប៊ូទី​អ៊ីស្មាអែល អូម៉ា ហ្កឺលេ​ធ្លាប់​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ចិន​កំពុង​ចរចា​ជាមួយ​ជីប៊ូទី​ដើម្បី​សាងសង់​មូលដ្ឋាន​យោធា​របស់​ខ្លួន​ដូច​ដែល​អាមេរិក បារំាង និង​ជប៉ុន​កំពុង​មាន​នៅ​ក្នុង​ទឹកដី​ជីប៊ូទី​សព្វថ្ងៃ។ គួរ​ជម្រាប​ជូន​ថា ជីប៊ូទី​ជា​ដែនដី​យុទ្ធសាស្រ្ត​មួយ​យ៉ាង​សំខាន់​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក ពិសេស​ដៃសមុទ្រ Bab-el-Mandeb ដែល​ជា​ច្រក​ដឹក​ទំនិញ​ផ្លូវ​សមុទ្រ​ដ៏​សកម្ម​ជាង​គេ​មួយ​នៅ​ក្នុង​លោក។

បច្ចុប្បន្ន ចិន​កំពុង​ធ្វើ​ការ​អភិវឌ្ឍន៍​លើ​​វិស័យ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ជីប៊ូទី ដូច​យ៉ាង​គម្រោង​សាងសង់​កំពង់ផែ អាកាសយានដ្ឋាន និង​ផ្លូវ​អយស្ម័យយាន។ ឥឡូវ​នេះ ចិន​បាន និង​កំពុង​ព្យាយាម​ពង្រីក​បន្ថែម​នូវ​​ឥទ្ធិពល​យោធា​របស់​ខ្លួន​នៅ​ជីប៊ូទី តែ​នៅ​មិន​មាន​មូលដ្ឋាន​យោធា​ប្រចំា​ការ​នៅ​ទីនោះ​ជា​ផ្លូវការ​ឡើយ។ ក្តីបារម្ភ​កើត​ចេញ​ពី​គម្រោង​សាងសង់​មូលដ្ឋាន​យោធា​ចិន​នៅ​ជីប៊ូទី​ត្រូវ​បាន​ទម្លាយ​ដោយ​សារព័ត៌មាន Global Times ដែល​ជា​កាសែត​ប្រចំា​ថ្ងៃ​មាន​ទំនោ​រក​គណបក្ស​កុម្មុយនិស្ត​ចិន។

Global Times បាន​ស្រង់​សម្តី​អ្នក​ជំនាញ​យោធា​ចិន​ម្នាក់​ដែល​អះអាង​ថា វា​មិន​យុត្តិធម៌​ទេ​ដែល​គេ​បារម្ភ​ពី​ការ​គំរាមកំហែង​របស់​ចិន និង​ថា មូលដ្ឋាន​យោធា​ចិន​នៅ​ជីប៊ូទី គឺ​ដើម្បី​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ និង​ជួយ​គំាទ្រ​ដល់​បេសកកម្ម​ប្រឆំាង​ចោរ​សមុទ្រ និង​ប្រឆំាង​ពួក​ភេរវជន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ