អានតួអត្ថបទ
ជប៉ុន-អាមេរិក

ជប៉ុន​ត្រៀម​បញ្ជូន​ជាតិ​ភ្លុយតូនីញ៉ូម​ទៅ​អាមេរិក​ ក្នុង​ក្របខ័ណ្ឌ​មិន​រីកសាយភាយ​នុយក្លេអ៊ែរ

នៅ​ខែ​មីនា ២០១៦​ខាង​មុខ​នេះ សារធាតុ​ភ្លុយតូនីញ៉ូម ៣៣០​គីឡូក្រាម ដែល​អាច​ផលិត​ជា​គ្រាប់​បែក​បរមាណូ​បាន​ប្រមាណ​៥០​គ្រាប់ នឹង​ត្រូវ​ដឹក​បញ្ជូន​ទៅ​កាន់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នុយក្លេអ៊ែរ​​​សហរដ្ឋ​អាមេរិក។ ជា​ការ​ផ្ទេរ​ដែលធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ទ្វេភាគី​ជប៉ុន-អាមេរិក មិន​រីកសាយភាយ​នុយក្លេអ៊ែរ កាលពី​ឆ្នាំ​២០១៤។ នេះ​បើ​តាម​ប្រភព​សារព័ត៌មាន​ជប៉ុន។

ការផ្ទុះ​គ្រាប់បែក​នុយក្លេអ៊ែរ​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា (ឆ្វេង) និង​នៅ​ណាហ្កាសាគី ថ្ងៃទី៦ និង​ទី៩ សីហា ១៩៤៥
ការផ្ទុះ​គ្រាប់បែក​នុយក្លេអ៊ែរ​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា (ឆ្វេង) និង​នៅ​ណាហ្កាសាគី ថ្ងៃទី៦ និង​ទី៩ សីហា ១៩៤៥
ផ្សាយពាណិជ្ជកម្ម

មន្ត្រី​​ផ្នែក​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ ​​នៃ​ក្រសួង​អប់រំ​និង​វិទ្យាសាស្ត្រ បាន​បញ្ជាក់​ប្រាប់​ភ្នាក់ងារសារព័ត៌មាន​បារាំង​នៅ​ថ្ងៃអង្គារ​នេះ ថា ជប៉ុន​កំពុង​រៀបចំ​​ត្រៀមបញ្ជូន​សារធាតុ​ភ្លុយតូនីញ៉ូម ទៅ​កាន់អាមេរិក​ តែ​មិន​អាច​ផ្តល់​ព័ត៌មាន​លម្អិត​​ទាក់​ទង​នឹង​ថ្ងៃចេញ​ ​ ព្រម​ទាំង​​​ផ្លូវធ្វើ​ដំណើរ បាន​ឡើយហេតុផល​សន្តិសុខ។ សារព័ត៌មាន​ក្យូដូ បាន​ត្រឹម​បង្ហើប​ថា នាវា​ដឹក​ជញ្ជូន​ត្រូវ​ទៅ​ដល់រដ្ឋ​ការ៉ូលីន​ខាង​ត្បូង​ នៅ​ចុង​ខែ​មីនា។ ខែ​ដែល​វ៉ាស៊ីនតោន​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​​ជំនួប​កំពួល​ស្តី​ពី​សន្តិសុខ​នុយក្លេអ៊ែរ។

 
នេះ​គឺ​ជា​ការ​ដឹកជញ្ជូន​ផ្ទេរ​សារធាតុ​គីមី ងាយ​ផ្ទុះ និង​ពុល​ខ្លាំង​ ទ្រង់ទ្រាយ​ធំ ក្នុង​បរិមាណ​ច្រើនមិន​ធ្លាប់​មានទេ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក (ឆ្នាំ​ដែល​បារាំង​បាន​បញ្ជូន​ទៅ​ជប៉ុន​នូវ​សារធាតុ​គីមី​បែប​នេះ​ដល់​ទៅ​១តោន) ជាហេតុធ្វើ​ឱ្យ​ប្រទេស​តាម​ដង​ផ្លូវ​​បង្ហើរ​ការ​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត។

ការ​ផ្ទេរ​សារធាតុ​ភ្លុយតូនីញ៉ូមនេះ ជា​លទ្ធផល​នៃ​ការ​ព្រមព្រៀង​ កាលពី​ឆ្នាំ​២០១៤។ ជប៉ុន-អាមេរិក បាន​​ខិត​ខំ​រួម​គ្នា​ខ្លាំង​ណាស់​ ក្នុង​​​នយោបាយ​មិន​រីកសាយភាយ​នុយក្លេអ៊ែរ។ ម្យ៉ាង​ទៀត សារធាតុ​នេះ​ គឺជា​របស់​សហរដ្ឋអាមេរិក​​ អង់គ្លេស និង​បារាំង ដែល​ប៉ុន្មាន​ទសវត្ស​​មុន​បាន​នាំ​យក​ទៅ​ជប៉ុន ដើម្បីធ្វើ​ការ​​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្ត្រនុយក្លេអ៊ែរ។
អ្នកឯកទេស​ជា​ច្រើន​យល់​ថា ជប៉ុន​មាន​សមត្ថភាព​គ្រប់​គ្រាន់​សម្រាប់​អភិវឌ្ឍអាវុធ​នុយក្លេអ៊ែរ​។ ប្រទេស​ជិត​ខាង​ធ្លាប់​បាន​ជ្រួល​ច្របល់​ម្តង​ហើយ នៅ​ពេល​នាយក​រដ្ឋមន្ត្រី​ជប៉ុន​សម័យឆ្នាំ​២០០៦ បាន​ព្រលយ​ពាក្យថា​​ជប៉ុន​មាន​គ្រាប់​បែក​បរមាណូ។

ជប៉ុន​ប្រទេស​​រងគ្រោះ​គ្រាប់​បែក​បរមាណូ​តែ​មួយ​គត់លើ​ពិភពលោក (សីហា ១៩៤៥) តាំង​ពី​ឆ្នាំ​១៩៦៧​មក មាន​គោលការណ៍​បី កំណត់​ដោយ​នាយក​រដ្ឋមន្ត្រី​ Eisaku Sato ជ័យលាភី​រង្វាន់​ណូបែលស​ន្តិភាព​ឆ្នាំ​១៩៧៤ ប្រឆាំ​ង​នឹង​នុយក្លេអ៊ែរ គឺ​ គ្មាន​​ការ​ផលិត គ្មាន​អាវុធ​ គ្មាន​ការ​អនុញ្ញាត​ឱ្យ​អាវុធ​នុយក្លេអ៊ែរ​ចូល​ក្នុង​ទឹក​ដី​ជប៉ុន​ទេ។ ប៉ុន្តែ​ជប៉ុន​បាន​ទទួល​ស្គាល់ នៅ​ឆ្នាំ​២០១០ ថា មាន​កិច្ចព្រមព្រៀង​ដោយ​ស្ងាត់ៗ​ជាមួយអាមេរិក តាំង​ពី​ឆ្នាំ​១៩៦៩ ឱ្យ​នាវា​និង​យន្តហោះ​មាន​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​ចូ​ល​ចត​នៅ​ជប៉ុន និង​បាន​អនុញ្ញាត​ឱ្យ​អាមេរិក​ស្តុក​អាវុធ​នុយក្លេអ៊ែរ​ក្នុង​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​អូគីណាវ៉ា ដែល​ជា​ទីតាំង​យុទ្ធសាស្ត្រ​បំផុត ក្នុងករណី​មាន​ជម្លោះ​ក្នុង​តំបន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ