អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នុយក្លេអ៊ែរ​កូរ៉េខាង​ជើង ៖ ១៣​ឆ្នាំ​នៃ​កិច្ចចរចា​បែប​ដំឡង់៧​សណ្តាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជា​ប្រវត្តិសាស្ត្រ​ជាមួយអ៊ីរ៉ង់ ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី ១៤​កក្កដា ២០១៥ បាន​បញ្ចេះ​ក្តី​សង្ឃឹម​មួយ​ភ្លែត ថា​ពិភពលោក​ក៏​នឹង​អាច​រក​ឃើញ​កិច្ចព្រមព្រៀង​​ស្រដៀង​គ្នា​នេះ​ជាមួយ​កូរ៉េខាង​ជើង។ ប៉ុន្តែ​មិន​ប៉ុន្មាន​ថ្ងៃ​ផង​ សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េខាង​ជើង​ បាន​ប្រកាស​ក្តែងៗ​​មិន​ចាប់​អារម្មណ៍​នឹង​ការ​ចរចា​ណា​ៗ​ទាំង​អស់ ព្រោះ​ព្យុងយ៉ាង​មិន​ត្រូវ​ការ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​​របស់​ខ្លួន​ឡើយ។ មិនត្រឹម​តែ​មិន​បោះបង់ទេ តែ​ព្យុងយ៉ាង​បាន​ទាំង​ផ្គើន បាញ់​សាកល្បង​នុយក្លេអ៊ែរជា​លើក​ទី​បួន​ទៀត កាលពី​សប្តាហ៍​មុន ជា​មួយ​នឹង​​ជោគជ័យ​​​ផលិតបាន​​គ្រាប់​បែក​អ៊ីដ្រូសែន​ទៀត។

ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​ជើង Kim Jung Un បញ្ជា​​ឱ្យ​បាញ់​មីស៊ីល​ រូបថត​បង្ហាញ​ថ្ងៃ​ទី ១៥ សីហា ២០១៤
ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​ជើង Kim Jung Un បញ្ជា​​ឱ្យ​បាញ់​មីស៊ីល​ រូបថត​បង្ហាញ​ថ្ងៃ​ទី ១៥ សីហា ២០១៤ REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

ការ​ចរចា​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាង​ជើង មិន​មែន​ជា​រឿង​ថ្មី​ថ្មោង​ទេ ! ស្លាប់​ហើយ​រស់​វិញ ព្រមហើយ​លុប​វិញ​ ក៏មិន​ជា​ប៉ុន្មាន​ដង​ប៉ុន្មាន​សា​ដែរ មិន​ខុស​អ្វី​ពី​សំណុំ​រឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ដែល​ទើប​ចុះ​បាន​កិច្ចព្រមព្រៀង​កាលពី​ឆ្នាំ​២០១៥​នោះ​ឡើយ។

 
ថ្វី​បើ​សំណុំ​រឿង​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង និង​អ៊ីរ៉ង់ មើល​ទៅ​មួយ​ភ្លែត​ថា​មាន​លក្ខណៈ​ស្រដៀង​គ្នា​មែន ប៉ុន្តែ​ភាព​ខុស​គ្នា​ក៏​មាន​ធំ ទើប​ធ្វើ​ឱ្យ​ក្តីសង្ឃឹម​ស្វែង​រក​កិច្ចព្រមព្រៀង​​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ ជាមួយ​កូរ៉េខាង​ជើង ដូច​និយាយ​ជាមួយ​ខ្យល់។

អ៊ីរ៉ង់​ជា​ប្រទេសដែល​មាន​ធនធាន​ធម្មជាតិ​ប្រេង​កាត​ក្រោម​ដី និង​មាន​ទីតាំង​ភូមិសាស្ត្រ​ជា​យុទ្ធ​សាស្ត្រ​ ក្នុង​តំបន់​ដើម​បូព៌ា គួរ​ឱ្យ​ចាប់​អារម្មណ៍​បំផុត​សម្រាប់​អាមេរិក។ ឯ​ចំណែក​កូរ៉េខាង​ជើង​​ជា​ប្រទេស​ក្រីក្រ​បំផុត ទាំង​ទ្រព្យ ទាំង​ធនធាន​ និង​មាន​​មនោគមវិជ្ជាងប់​ប្រឆាំង​ជាប់​នឹង​កូរ៉េខាង​ត្បូង។

ចំពោះ​សមត្ថិភាព​នុយក្លេអ៊ែរ​វិញ ពិភពលោក​ថា​យ៉ាង​ម៉េច​ក៏​បាន ! តែ​ចង់​ឬ​មិន​ចង់ ធាតុពិត​ កូរ៉េខាង​ជើង គឺ​ជា​មហាអំណាច​នុយក្លេអ៊ែរមួយទៅ​ហើយ មាន​គ្រាប់​បែក​នុយក្លេអ៊ែរ យ៉ាង​ហោចណាស់​១០​គ្រាប់។ ​ឯ​អ៊ីរ៉ង់​វិញ​មាន​ត្រឹម​មហិច្ឆតា​ចង់​អភិវឌ្ឍ​នុយក្លេអ៊ែរ​ប៉ុណ្ណោះ ហើយ​ក្នុង​ពេល​ចរចា លក្ខខណ្ឌចម្បង​របស់​អ៊ីរ៉ង់ គឺ​ការ​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ។ តែ​ចំពោះ​ព្យុងយ៉ាង​ការ​ទាមទារ​មាន​ធំ​ហួស​ប្រមាណ ដំបូង​​សុំ​ចរចា​ត្រីភាគី បាន​ហើយ ទាម​ចង់​បាន​៦​ភាគី ៖ លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ដក​ទ័ព​អាមេរិក​ទាំង​អស់ចេញ​ពី​តំបន់ (កូរ៉េខាង​ត្បូង​-ជប៉ុន) ព្រមទាំង​ការលក្ខខណ្ឌ​​នយោបាយ​ជា​ច្រើន​ទៀត។

ជា​ប្រទេស​ដ៏​ឯកា មិន​បិទ​ជិត​ឈឹង ពិបាក​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​សេចក្តី​ប្រកាស​អ្វី​មួយ​ណាស់ បូក​ផ្សំ​នឹង​កង្វះ​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ចរចា​ទៀត អាមេរិក​ពិត​ជា​ធុញ​ លែង​​មើល​ឃើញ​ភាព​សំខាន់​របស់​កូរ៉េខាង​ជើង​ក្នុង​ក្រសែ​ភ្នែក​! ចរចា​យូរៗ​ទៅកាន់​តែ​ស្តាប់​គ្នា​លែង​បាន​ឡើង។

ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់ចិន ការ​ចរចា​នុយក្លេអ៊ែរ​កូរ៉ខាង​ជើង​ ៦ ភាគី (​កូរ៉េទាំងពីរ ចិន អាមេរិក ជប៉ុន​និង​រុស្ស៊ី) បាន​ចាប់​ផ្តើមឡើង​វិញ​ នៅ​​​ឆ្នាំ​២០០៣​មក បន្ទាប់ពី​​អាមេរិក​បាន​ដឹង​ពី​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរដោយ​លួច​លាក់ តាម​រយៈ​បច្ចេកវិទ្យា​ប៉ាគីស្ថាន រំលោភ​លើក​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៩៤ ជា​មួយ​អាមេរិក និង​​ចាត់ទុក​ព្យុងយ៉ាង​ជា​សភាវៈ​អាក្រក់។ កិច្ចចរចា​ថ្មី​នេះ បាន​សម្រេច​លទ្ធផល​នៅ​ឆ្នាំ​២០០៥ ជា​កិច្ចព្រមព្រៀង​ដែល​មាន​លក្ខណៈ​ដូច​ឆ្នាំ​១៩៩៤ដែរ បូក​បន្ថែម​នឹង​ការ​កំណត់​​ពេល​វេលា​ទៀត​ ប៉ុន្តែ​អ្នក​អភិរក្ស​អាមេរិក​មិន​ព្រម។ ការ​ចរច​៦​ភាគី​ ត្រូវ​ជាប់​គាំង ! ​កូរ៉េខាង​ជើង បាន​ដៃ​ បាន​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទិក និង​នុយក្លេអ៊ែរ​ជា​លើក​ទី​មួយ​ នៅ​ខែ​តុលា ២០០៦។

អាមេរិក​របស់​លោក​ប៊ូស ចាញ់​ឆ្នោត​នៅ​សភា ក៏​ព្រម​វិល​មក​ចរចា​ជាមួយ​ព្យុងយ៉ាង​ជា​ថ្មី ដោយ​ប្រសូត​បាន​កិច្ចព្រមព្រៀង​រំសាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង ​នៅ​ឆ្នាំ​២០០៧ ក្រោម​ការ​ត្រួត​ពិនិត្យ​​របស់​​​ភ្នាក់ងារ​​ថាមពល​បរមាណូ​អន្តរជាតិ​ ដូច​ជា​​ចុះ​​ទៅ​ធ្វើ​អធិការកិច្ចមជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​ យ៉ុង​យុន ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ដល់​ការ​បិទ​ម៉ាស៊ីន​ប្រតិកម្ម។ ប៉ុន្តែ​គ្រាន់តែ​ភ្នាក់ងារ​AIEA ធ្វើ​ឱ្យ​ឃ្នើស​ចិត្ត​បន្តិច​ ព្យុងយ៉ាង​បណ្តេញ​ចេញ​អស់​ពី​ទឹក​ដី​។ មួយ​ឆ្នាំ​ក្រោយ នៅ​ឆ្នាំ​២០០៩ កូរ៉េខាង​ជើង​បាន​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ជា​លើក​ទីពីរ។

ក្រោម​រដ្ឋាបាល​លោក អូបាម៉ា ដែល​មាន​យុទ្ធសាស្ត្រ​ស្រទន់ និង​អំណត់​ខ្លាំង ចំពោះ​របប​ព្យុងយ៉ាង កិច្ច​ព្រមព្រៀង​ថ្មី​មួយ​ទៀត​ ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១២។ ប៉ុន្តែ​២​ខែ​បន្ទាប់ ព្យុងយ៉ាង​បាន​បង្ហោះ​កាំជ្រួច​ពាំផ្កាយ​រណប ក្រោម​ក្រសែ​ភ្នែក​ក្តៅ​ក្រហាយ​របស់​អាមេរិក​និង​សហគមន៍​អន្តរជាតិ។ ហើយ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៣ កូរ៉េខាង​ជើង​បាន​សាកល្បង​នុយក្លេអ៊ែរ​ជា​លើក​ទី​បី ដែល​ជា​លទ្ធផល​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តី​សម្រេច​ចិត្ត​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត។ ឯ​ការ​ចរចា​វិញ​ ត្រូវ​គាំង​ស្តូក​ស្តឹង​តាំង​ពី​នោះ​មកទល់​ថ្ងៃ​នេះ ថ្ងៃ​ដែល​មាន​ការ​សាកល្បង​នុយក្លេអ៊ែរ​ជា​លើក​ទី​បួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ