អានតួអត្ថបទ
ប៉ាគីស្ថាន

តុលាការ​​លើក​បំរាម​ដែល​ហាម​ឃាត់​​លោក​ Musharraf ​​ទៅ​ក្រៅ​ប្រទេស​

តុលាការ​​ប៉ាគីស្ថាន​​នៅ​​ថ្ងៃ​​ពុធ​​១៦​​មីនា​ បាន​​បញ្ជា​​ឲ្យ​​លើក​​​​​​បំរាម​​ដែល​​ហាមឃាត់​​​​លោក​​​Pervez Musharraf​អតីត​ប្រធានាធិបតី​ប៉ាគីស្ថាន​ចេញ​​​ទៅ​​​ក្រៅ​​ប្រទេស​​ដើម្បី​​ធ្វើ​ការ​​ព្យាបាល​​រោគ។​ ការ​​ប្រកាស​​លើក​​បំរាម​​របស់​តុលាការ​នេះ​ត្រូវ​​បាន​​ព្រព្រឹត្ត​ទៅ​​​នៅ​ខណៈ​ពេល​​ដែល​​លោក​​ Pervez Musharraf​ កំពុង​​រង​ការ​​ចោទប្រកាន់​​​របស់​​តុលាការ​​ពី​​បទ​​ក្បត់​ជាតិ។​

អតីតប្រធានាធិបតីប៉ាគីស្ថាន​ Pervez Musharraf (ថ្ងៃ២៣/០៣/២០១៣ នៅ Dubai)
អតីតប្រធានាធិបតីប៉ាគីស្ថាន​ Pervez Musharraf (ថ្ងៃ២៣/០៣/២០១៣ នៅ Dubai) REUTERS
ផ្សាយពាណិជ្ជកម្ម

លោក​ឧត្តមសេនីយ​ Pervez Musharraf ​ ដែល​បច្ចុប្បន្ន​​​អាយុ​៧០​ឆ្នាំ​ បាន​ឡើង​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​​ដោយ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​​នៅ​ចុង ​ឆ្នាំ​១៩៩៩។ បន្ទាប់​ពី​ការ​លាលែងចេញ​ពី​តំណែង​​នៅ​រដូវ​ក្តៅ​នាឆ្នាំ​២០០៨ ​ លោក Musharraf ត្រូវ​បាន​តុលាការ​ប៉ាគីស្ថាន​ចេញ​បំរាម​ហាម​ឃាត់ចេញ​​ក្រៅ​ប្រទេស បន្ទាប់ពី​លោក​បាន​វិល​ចូល​​ក្នុង​​ប៉ាគីស្ថាន​វិញ ​នៅ​​ឆ្នាំ​២០១៣​ ក្រោយពី​បាន​និរទេស​ខ្លួន​អស់​រយៈពេល​៥​ឆ្នាំ​នៅ​ក្រុង​Dubaï ​ប្រទេស​Émirats អារ៉ាប់រួម​មក។

លោក Musharraf បាន​និយាយបញ្ជាក់​ថា លោក​ត្រូវការ​ថ្នាំ​ពេទ្យ​សម្រាប់​ព្យាបាល​រោគា​គាត់​​​ហើយ​ថ្នាំនោះ​មិនមាន ​ទេ​នៅ​ក្នុង​ប្រទេស។ គួររំលឹក​ថា ​ឈ្មោះ​អតីត​ប្រធានាធិបតី​ប៉ាគីស្ថាន​នេះ ​ត្រូវ​បាន​តុលាការ​កំពូល​នៅ​ខេត្ត​សហព័ន្ធប៉ាគីស្ថានមួយនៅ Sindh ​ ​បាន​សម្រេចចិត្ត​ដក​ឈ្មោះ​លោក ចេញ​ពី​បញ្ជី​ខ្មៅ​តាំង​ពី​ខែ​មិថុនា​ឆ្នាំ​២០១៥។ ​រដ្ឋាភិបាល​សហព័ន្ធ​នៅ​ពេល​នោះ​បាន​​ប្តឹង​តវ៉ា​ទៅ​ឧទ្ធរណ៍តែ​ត្រូវ​បាន​ តុលាការ​កំពូល​ច្រានចោល។

សាលក្រម​របស់តុលាការប៉ាគីស្ថាននៅព្រឹកថ្ងៃពុធ​១៦មីនា ត្រូវបានទទួលការអបអរសាទរពី​សំណាក់មេធាវី​​របស់​លោក Musharraf​ ដោយ​​បាន​អះអាងផងដែរ​ថា “ចាប់ពី​ពេល​នេះត​ទៅ លោក Musharraf អាច​នឹង​ធ្វើដំណើរ​ទៅក្រៅ​ប្រទេស​នៅ​ពេលណា​មួយ​ក៏​បាន​ដែរ។ហើយ​ចាប់ពីពេលនេះតទៅ ​លែង​មាន​ការហាមឃាត់​ឬ ក៏​មាន​ឧបសគ្គ​អ្វី​ទៀតឡើយ។

ទោះ​ជា​យ៉ាង​ណា​ក្តី លោក Musharraf នៅ​តែ​ត្រូវ​ប្រឈម​មុខ​​នៅ​ក្នុង​សំណុំរឿង​៤​ផ្សេង​ទៀត​នា​​អំឡុង​ឆ្នាំ២០០៧ ​ក្នុង​នោះ​មានទី១ ​ការ​ចោទ​ប្រកាន់​ពី​បទ​​ក្បត់ជាតិ​ដោយ​លោក​បាន​​​ប្រកាស​​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​នាខណៈពេល​​លោកនៅ​កាន់អំណាច -ទី២ តួនាទី​របស់​លោក​នៅ​ក្នុង​ឃាតកម្ម​​អតីត​នាយក​រដ្ឋមន្ត្រី​លោកស្រី​Bénazir Bhutto-ទី៣ ការ​ដក​តំណែង​ក្រុម​អ្នក​ចៅក្រម​ដោយ​ខុស​ច្បាប់​និងទី៤ ​ការ​វាយលុក​របស់​កងទ័ព​ប្រឆាំង​ទៅ​លើ​ពួកអ៊ីស្លាម​ជ្រុលនិយម​ដែលលាក់ខ្លួនពួនសម្ងំ​នៅ​ក្នុង​ព្រះវិហារអ៊ីស្លាម​មួយ​នៅទីក្រុង​អ៊ីស្លាម៉ាបាត​ ​ដែល​បណ្តាល​ឲ្យស្លាប់​មនុស្ស​យ៉ាងរង្គាល៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ