អានតួអត្ថបទ

មនុស្ស​​ជាង​៤៥លាននាក់នៅលើ​ពិភពលោក​ធ្លាក់​ក្នុង​ទាសភាព​បែប​ថ្មី

នៅ​លើ​ពិភពលោក​បច្ចុប្បន្ន​នេះ មាន​មនុស្ស​ជាង​ ៤៥​លាន​នាក់ កំពុង​ធ្លាក់​ក្នុង​ទាសភាព​​ ដោយ​មិន​ដឹង​ខ្លួន។ ​ទាសករ​​បែប​ថ្មី ដែលគ្មាន​ទម្រង់​ជា​ខ្ញុំ​កញ្ចះ​ដាច់​ថ្លៃ​ដូច​សម័យមុន មាន​កើន​ឡើង​ជា​លំដាប់ ​​​ក្នុង​នោះ​ពីរ​ភាគ​បី​ រស់​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ នេះ​បើ​តាម​របាយការណ៍​​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃអង្គារ​ទី ៣១​ ឧសភា ២០១៦ ដែល​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ទម្រង់​ទាសភាព​​ទំនើប​ មាន​ច្រើន​ជាងការ​គិត​ទុក​ពី​មុន​ឆ្ងាយ​​ណាស់។

ធ្វើការ​ដោយ​បង្ខំ​ជា​ទម្រង់​មួយ​នៃ​ទាសភាព​សម័យ​ថ្មី
ធ្វើការ​ដោយ​បង្ខំ​ជា​ទម្រង់​មួយ​នៃ​ទាសភាព​សម័យ​ថ្មី RFI
ផ្សាយពាណិជ្ជកម្ម

ការ​ជួញ​ដូរ​មនុស្ស ពេស្យាចារ ធ្វើការ​ដោយ​បង្ខំ ប្រើប្រាស់​​កុមារ​ក្នុង​ជំនួញគ្រឿង​ញៀន-​ធ្វើ​ទាហាន​... ទាំង​នេះ​ជា​ទម្រង់​​ទាសភាព​បែប​ថ្មី ​ដែល​មានកើន​ឡើង​ឥតឈប់ឈរ នៅ​លើ​ពិភពលោក។ មូលហេតុ គឺបណ្តាល​មក​ពី​ភាព​ក្រីក្រ និង​ការ​រើសអើង​ក្នុង​សង្គម។ នេះ​បើ​តាម​កំណត់​សម្គាល់​របស់​អង្គការ​សហប្រជាជាតិ។

ជា​សរុប បើ​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៦ របស់ ​អង្គការអូស្ត្រាលី​ Walk Free Foundation ​ ​ទាសភាព​បែប​ថ្មីបាន​កើន​ឡើង​ដល់​ទៅ ២៨% បើ​ប្រៀប​ទៅ​នឹង​២​ឆ្នាំ​មុន ពោល​គឺ​មាន​ជាង​៤៥លាន​នាក់។ អង្គការ​បាន​ចុះ​ទៅ​​​សិក្សា​នៅ​ក្នុង​ប្រទេស​ចំនួន​១៦៧ ជាង​៥៣​ភាសា និង​បទសម្ភាសន៍​ជាង​បួនម៉ឺន​ករណី ដើម្បី​អាច​សន្និដ្ឋាន​និង​កំណត់​ចំនួន​ពលរដ្ឋ​រងគ្រោះ និង​ប្រសិទ្ធិភាព​​ដោះស្រាយ​របស់​រដ្ឋាភិបាល ប្រឆាំងនឹង​ទម្រង់​ទាសភាពទំនើប។

ទាសភាព​ បាននិង​កំពុង​រីក​លូត​លាស់​ខ្លាំង នៅ​អាស៊ី ៖ ១៨,៣៥​លាន​នាក់ នៅ​​ឥណ្ឌា​ ចិន​៣,៣៩​លាន​នាក់ -ប៉ាគីស្ថាន ២,១៣​លាន- បង់ក្លាដែស ១,៥៣​លាននាក់។ ថ្វី​បើ​ឥណ្ឌា​ ជាប់​​​លេខ​មួយ​ខាង​មានចំនួន​​ប្រជាជន​ធ្លាក់​ខ្លួនក្នុង​ទាសភាព​​ច្រើន​ជាង​គេមែន​ តែ​គឺ​កូរ៉េខាង​ជើងទេ​ដែល​បាន​ទទួល​មេដាយ​មាស ដោយ​ផលប៉ះពាល់​នៃ​​​ទម្រង់​ទាសភាពកើន​​ខ្លាំង (ពលរដ្ឋ​៤,៣៧%​ធ្លាក់​ក្នុង​ទាសភាព) ហើយ​​រដ្ឋាភិបាល​គ្មាន​អើពើ​ដោះស្រាយ​សោះ។ បន្ទាប់​មក​គឺ​ប្រទេស​អ៊ូសបេគីស្ថាន (៣,៩៧%) និង​ចំណាត់​ថ្នាក់​លេខ​បី​ត្រូវ​ប្រគល់​ឱ្យ​កម្ពុជា (១,៦៥%)។ នេះ​បើ​តាម​របាយការណ៍ដដែល។

ពិធីសារ​អង្គការ​សហប្រជាជាតិឆ្នាំ​២០០៣ បាន​កំណត់​ឱ្យ​មាន​ការ​ដាក់​ទោស បង្ក្រាប​ ក្រុម​អ្នក​ជួញដូរ ធ្វើ​ឧក្រិដ្ឋកម្ម​លើ​មនុស្ស ជាពិសេស​លើ​ស្ត្រី​និង​កុមារ។ ប្រទេស​ចំនួន​១២៤​ បាន​ ទទួល​ស្គាល់​ការជួញដូរ​មនុស្ស​ជា​ឧក្រិដ្ឋកម្ម ហើយ​៩៦​ប្រទេស​បាន​អនុម័ត​ផែនការ​ប្រយុទ្ធ​ប្រឆាំង។ តែ​សកម្មភាព​​ប៉ុណ្ណេះ​មិន​គ្រប់​គ្រាន់​ទេ ប្រធាន​អង្គការWall Free Foundation ​ចង់​ឱ្យ​​ប្រទេស​អ្នក​មាន​​​ចេញ​ច្បាប់ ដាក់​ឱ្យ​ប្រើប្រាស់​តែ​ម្តង ដើម្បី​ដាក់ទោស​អ្នក​រកស៊ី​ចំណេញ​ពី​ទាសភាព៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ