អានតួអត្ថបទ
ប៉ាគីស្ថាន

ប៉ាគីស្ថាន៖​នារី​តារា​បណ្តាញសង្គម​ម្នាក់​ត្រូវ​បាន​បងប្រុស​បង្កើត​សម្លាប់​ចោល

នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ទង្វើ​ឧក្រិដ្ឋកម្ម​ដើម្បី​កិត្តិយស​គ្រួសារ​បាន​កើត​មាន​ជា​ថ្មី​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី១៦ កក្កដា។ នារី​តារា​បណ្តាញ​សង្គម​ល្បីល្បាញម្នាក់​ក្រោម​ឈ្មោះ​ថា Qandeel Baloch ត្រូវ​បាន​បងប្រុស​បង្កើត​ខ្លួន​ឯង​សម្លាប់​ចោល រួច​បាន​រត់​គេច​ខ្លួន។ តែ​ប៉ូលិស​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី១៧ កក្កដា​នេះ​ពី​ការ​ចាប់​បាន​យុវជន​រូប​នោះ និង​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​សម្លាប់​មនុស្ស។

La starlette des réseaux sociaux Qandeel Baloch a été étranglée, à Multan, au Pakistan. Ici, un selfie de la jeune femme sur sa page Facebook.
La starlette des réseaux sociaux Qandeel Baloch a été étranglée, à Multan, au Pakistan. Ici, un selfie de la jeune femme sur sa page Facebook. Qandeel Baloch/Facebook/via Reuters
ផ្សាយពាណិជ្ជកម្ម

ឈ្មោះ​ពិត​របស់​នារី​តារា​លើ​បណ្តាញ​សង្គម​ដែល​ត្រូវ​បាន​បងប្រុស​បង្កើត​ខ្លួន​ឯង​សម្លាប់​ចោល​ដើម្បី​ស្រោចស្រង់​កិត្តិយស​គ្រួសារ​នោះ​មិនមែន Qandeel Baloch ទេ តែ Fouzia Azeem។ អ្នក​ប្រើ​បណ្តាញ​សង្គម​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ពិត​ជា​ស្គាល់​នារី Fouzia Azeem ក្រោម​ឈ្មោះ Qandeel Baloch ច្បាស់​ណាស់ ព្រោះ​នារី​តារា​ក្នុង​បណ្តាញ​សង្គម​រូប​នេះ​តែងតែ​បាន​បង្ហោះ​រូបថត​របស់​ខ្លួន​ដែល​មាន​លក្ខណៈ​លេចលើ លេចក្រោម ផាត់ម្សៅ​ពេញមុខ លាបក្រែម​ពណ៌ក្រហម​ឆ្អៅ​លើ​បបូរមាត់ និង​ថែម​ទាំង​ធ្វើ​ម៉ូដសក់​មិន​ខុស​ពី​នារី​ស៊ីវីល័យ ឆើតឆាយ​នៅ​ក្នុង​ប្រទេស​លោក​ខាង​លិច​ទេ។

រូបភាព​ទាំង​អស់​នេះ​របស់​កញ្ញា Fouzia Azeem បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ប្រឆាំង​ផង និង​គាំទ្រ​ផង​ពី​សំណាក់​មហាជន​ប៉ាគីស្ថាន​គ្រប់​ជាន់ថ្នាក់។ តែ​សម្រាប់​ក្រុម​គ្រួសារ​របស់​កញ្ញា Fouzia Azeem វិញ ពិសេស​បងប្រុស​បង្កើត​បាន​យល់​ឃើញ អកប្បកិរិយា​របស់​ប្អូនស្រី​ខ្លួន​បាន​ធ្វើ​ឲ្យ​អាប់ឱន​កត្តិយស​គ្រួសារ​យ៉ាង​ខ្លាំង រួច​ក៏​បាន​សម្រេច​ចិត្ត​ច្របាច់ ក សម្រាប់​ចោល​តែ​ម្តង។ បន្ទាប់​ពី​បាន​រត់​គេច​ខ្លួន​ពេញ​មួយ​ថ្ងៃ​សៅរ៍ ទី១៦ កក្កដា ប៉ូលិស​ទើប​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ចាប់​ខ្លួន​បាន​នៅ​ថ្ងៃ​អាទិត្យ ទី១៧ កក្កដា​នេះ និង​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​សម្លាប់​មនុស្ស។

ក្រៅ​ពី​ធ្វើ​ខ្លួន​ជា​នារី​ស៊ីវិល័យ និង​ឆើតឆាយ​តាម​បែប​បច្ចិមលោក កញ្ញា Fouzia Azeem មាន​អាយុ ២៦ឆ្នាំ​រូប​នេះ​ក៏​បាន​ប្រៀបប្រដូចខ្លួន និង​យក​គំរូ​តាម​តារា​ចម្រៀង​អាមេរិកាំង Lady Gaga ឬ​តារា Kim Kardashian។ ចរិត កាយវិការ និង​អកប្បកិរិយា​របស់​កញ្ញា Fouzia Azeem គឺ​ជា​រឿង​មួយ​ដែល​គេ​កម្រ​ឃើញ​មាន​ណាស់​នៅ​ក្នុង​ចំណោម​ស្រ្តី​ប៉ាគីស្ថាន។ មួយ​ថ្ងៃ មុន​ស្លាប់​ដោយ​ស្នាដៃ​របស់​បងប្រុស​បង្កើត​ខ្លួន​ឯង កញ្ញា Fouzia Azeem បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ថា ទោះ​ជា​បី​ជា​ទង្វើ​របស់​កញ្ញា​ត្រូវ​បាន​សង្គម​ទាត់ចោល និង​ស្អប់ខ្ពើម​ក៏​ដោយ ក៏​កញ្ញា​នឹង​បន្ត​ធ្វើ​ដើម្បី​នារី​ប៉ាគីស្ថាន​គ្រប់រូប​ដែល​ត្រូវ​សង្គមជិះជាន់ និង​មើលងាយ។

សូម​រម្លឹក​ជូន​ថា ឧក្រិដ្ឋកម្ម​ដើម្បី​កិត្តិយស​ឧស្សាហ៍​កើត​មាន​ញឹកញាប់​ណាស់​នៅ​ក្នុង​សង្គម​ប៉ាគីស្ថាន និង​ដែល​ច្បាប់​បាន​អនុញ្ញាត​ឲ្យ​បុរសឃាតករ​រួច​ពី​កណ្តាប់ដៃ​តុលាការ ប្រសិន​បើ​ក្រុមគ្រួសារ​យល់ព្រម​លើកលែង​ទោស​ជា​ថ្នូរ​នឹង​ការ​បង់ប្រាក់​មួយ​ចំនួន។ នៅ​ដើម​ឆ្នាំ ២០១៦ នេះ លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​បាន​សន្យា​ប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ដើម្បី​កិត្តិយស តែ​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​នៅ​មិន​ទាន់​បង្កើត​មាន​ច្បាប់​ណា​មួយ​ទាក់ទង​នឹង​បញ្ហា​នេះ​នៅ​ឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ