អានតួអត្ថបទ

ប្រធានាធិបតី​បារាំង​ទៅ​វៀតណាម​ដើម្បី​និម្មិតរូប និង​ការ​ចំណេញ​សេដ្ឋកិច្ច

នេះ​ជា​លើក​ទី​មួយ គិត​តាំង​ពី​ជាង​​១២​ឆ្នាំមក​ ដែលប្រធានាធិបតី​បារាំង​ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​​ផ្លូវ​រដ្ឋ ​រយៈ​ពេល​ពីរ​ថ្ងៃ នៅ​ក្នុង​ប្រទេស​កុម្មុយនីស្ត​វៀតណាម។ ជា​ទស្សនកិច្ច​ដែល​មាន​លក្ខណៈ​នយោបាយ​ និង​ប្រកប​ដោយ​និម្មិតរូប តែ​ក៏​មាន​គោល​ដៅ​សេដ្ឋកិច្ច​ខ្លាំង​ដែរ។ លោក ហ្វ្រង់ស័រ​ ហូឡង់ បាន​ប្រកាស​​​​បង្កើន​ទំនាក់​ទំនង​សេដ្ឋកិច្ច​ជាមួយហាណូយ​ដែល​មាន​សេដ្ឋកិច្ច​ស្វាហាប់​ជាងគេ​បំផុត​មួយ​ប្រចាំ​តំបន់។

ប្រធានាធិបតី​បារាំង លោក  François Hollande និង​​សមភាគី​វៀតណាម លោក Tran Dai Quang នៅ​ក្រុង​ហាណូយ
ប្រធានាធិបតី​បារាំង លោក François Hollande និង​​សមភាគី​វៀតណាម លោក Tran Dai Quang នៅ​ក្រុង​ហាណូយ REUTERS/Minh Hoang/Pool
ផ្សាយពាណិជ្ជកម្ម

បារាំង​និង​វៀតណាម​ធ្លាប់​មាន​ប្រវត្តិ​ជូរចត់​នឹង​គ្នា ក្នុង​សម័យ​អាណានិគមដែល​បិទ​បញ្ចប់​ទៅ​ការ​សង្គ្រាម​ប្រយុទ្ធ​គ្នា​នៅ​ឌៀនបៀនភូ។ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​ត​ភ្ជាប់​នឹង​គ្នា​ឡើង​វិញ បន្តិច​ម្តងៗ ដោយ​ប្រធានាធិបតី​​បារាំង ហ្វ្រង់ស័រ មីតេរ៉ង់​ កាលពី​ឆ្នាំ​១៩៩៣។

ប៉ុន្តែ​នៅ​ថ្ងៃ​នេះ លោកហ្វ្រង់ស័រ ហូឡង់ ចង់​រឹត​​ចំណង​ឱ្យ​កាន់តែស្អិត​ល្មួត និង​​ស៊ីជម្រៅ។ ជាក់​ស្តែង ការ​​សហការ​ជាមួយ​វៀតណាម​ក្នុង​វិស័យ​ការ​ពារ​សន្តិសុខ​ដែន​សមុទ្ទ ​ក្នុង​ខណៈ​ដែល​នយោបាយ​វាត​ទី​និយម​ចិន​កំពុង​ធ្វើ​បង្កើន​ភាព​តាន​តឹង​ខ្លាំង​ជា​មួយ​ហាណូយ។ ជា​កិច្ច​សហប្រតិបត្តិការ​ដ៏​ផុយស្រួយ​ បើយោល​ទៅ​លើ​បរិបទអន្តរជាតិ តែជា​ទំនួល​ខុស​ត្រូវ​របស់​បារាំង។

បារាំង​ក៏​ត្រូវ​ការ​ខ្លាំង ​អភិវឌ្ឍន៍​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​វៀតណាម ព្រោះ​​ជា​ប្រទេស​កំពុង​មាន​សក្តានុពល​ខ្លាំង ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​សោះ​ផលិតផល​សរុប​ក្នុង​ស្រុក​កើន​ឡើង​១៥​ដង។ ហេតុដូច្នេះ​ហើយ​បាន​ជាបារាំង​មាន​​ឆន្ទៈបង្កើន​ការ​គាំទ្រ​ការ​វិនិយោគ​របស់​បារាំង​នៅ​វៀតណាម​​ ដោយ​បាន​ចុះ​ហត្ថលេខា​នា​ឱកាស​នេះ លើ​កិច្ច​សន្យា​​ធំៗ​បី មាន​​អាទិ៍​កិច្ច​សន្យា​បញ្ជា​ទិញ​យន្តហោះ​អ៊ែរប៊ូស A320 et A321 Neo ជាង​៣០​គ្រឿង និង​ពិធីសារ​ព្រមព្រៀងជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​អ៊ែរឡាញចង់​ទិញអ៊ែរប៊ូស A350​១០​គ្រឿង​ផ្សេង​ទៀត​ ក្នុង​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណ​៦,៥​ពាន់​លាន​ដុល្លារ។

កិច្ច​សហប្រតិបត្តិការ​វប្បធម៌​និងសកលវិទ្យាល័យ​ក្នុង​ក្របខ័ណ្ឌ​ប្រទេស​និយាយ​ភាសា​បារាំងក៏​ត្រូវ​បាន​​ពង្រឹង​បន្ថែម​តាម​រយៈ​កិច្ច​ព្រមព្រៀង​​មួយ​ខ្សែ​។ ប៉ុន្តែ​ប្រធានាធិបតី​​បារាំង បាន​លើក​ឡើង​យ៉ាង​ចុង​មាត់​ចុងក​បំផុត អំពី​បញ្ហា​សិទ្ធិមនុស្ស​ជាមួយសមភាគី​វៀតណាម។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ