អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េ​ខាង​ជើង​សាកល្បង​នុយក្លេអ៊ែរកម្លាំង​ខ្លាំង​បំផុត​​ដោយ​ជោគជ័យ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កូរ៉េខាង​ជើង​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​ជា​ថ្មី នៅ​ថ្ងៃ​សុក្រ​ទី ៩ កញ្ញានេះ។ កូរ៉េខាង​ត្បូង​ជិត​ខាង និង​ជប៉ុន​បានផ្តល់​​​​ព័ត៌មាន​នេះ​ មុន​នឹង​ទូរទស្សន៍​ជាតិ​កូរ៉េខា​ង​ជើងប្រកាស​ជា​សាធារណៈ​អំពី​ជោគជ័យ​នៃ​ការ​បាញ់​សាកល្បង​នុយក្លេអ៊ែរ ជា​លើក​ទី​៥។ បើ​តាម​កម្លាំង​នៃ​ការ​រញ្ជួយ​ដី​សម្បនិម្មិត្ត ជិត​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ នេះ​គឺ​ជា​ការ​បាញ់សាក​ល្បង​នុយក្លេអ៊ែរ​ដែល​មាន​កម្លាំង​ខ្លាំង​បំផុត ដែលព្យុងយ៉ាង​មិន​ធ្លាប់​សម្រេច​ពី​មុន​មកទេ !

រូបភាព​ឃោសនា​ក្នុង​ទូរទស្សន៍​ជាតិ​កូរ៉េខាង​ជើង​ក្រោយ​ការ​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ដោយ​ជោគជ័យ​
រូបភាព​ឃោសនា​ក្នុង​ទូរទស្សន៍​ជាតិ​កូរ៉េខាង​ជើង​ក្រោយ​ការ​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ដោយ​ជោគជ័យ​ © Reuters
ផ្សាយពាណិជ្ជកម្ម

វេលាម៉ោងសូន្យ​និង​៣០​នាទី ម៉ោង​សកល​ថ្ងៃទី ៩ កញ្ញា អ្នកឯកទេស​ផ្នែក​រញ្ជួយ​ដីអឺរ៉ុប អាមេរិក និង​ចិន បាន​ឃើញ និង​ចាប់​បាន​សញ្ញា​រញ្ជួយដី​បែប​សម្បនិម្មិត ​ក្នុង​កំរិត ៥,៣​វ៉ិចទ័រ នៅ​ទី​ដែល​មាន​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង។ ហើយ​បើ​តាម​ការ​គន់​គិត​ទៅរបស់​សេអ៊ូល សន្ធឹក​នៃ​ការ​រញ្ជួយ​បែប​នេះ គឺ​ស្មើ​នឹង​ការ​​​ផ្ទុះ​នៃ​​កម្លាំងគ្រាប់​ដែល​មាន​ថាមពល​ ប្រមាណ​ជា ១០ គីឡូតោន ពោល​គឺ​ខ្លាំង​ជាង​ការ​បាញ់​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​បួន កាលពី​ថ្ងៃទី ៦ មករា ២០១៦ ដល់​ទៅ​ពីរ​ដង។

​​ទូរទស្សន៍​ជាតិKCNA កូរ៉េខាង​ជើង បាន​ថែម​ទាំង​អួត​អាង​ទៀត​ថា ជា​ការ​សាកល្បង​នុយក្លែអ៊ែរ​ដ៏​មហា​ខ្លាំង គ្មាន​ប្រៀប​ពី​មុន ប្រកប​ដោយ​ជោគជ័យ និង​ពិសេស​ទៅ​ទៀត កូរ៉េខាង​ជើង​ពេល​នេះ មាន​ទាំង​សមត្ថភាព​អាច​ដំឡើង​និង​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​​ទំហំ​តូច លើ​មីស៊ីល​ប៉ាលីស្ទិក​ បាន​តាម​ចំណង់​ទៀត។​

KCNA បានធានា​បញ្ជាក់ទៀត​ថា ការ​បាញ់​សាកល្បង​លើក​នេះ គ្មាន​ធ្លាយ​ជាតិ​វិទ្យុ​សកម្ម​ដែល​អាច​ចាប់​បាន​ឡើយ​ មាន​ន័យ​ថាការ​សាកល្បង​នេះ​ គ្មាន​ផល​រំខាន​ប៉ះពាល់​ដល់​បរិស្ថានទេ។ តែ​​​យោធា​ជប៉ុន ​បានបញ្ជូន​​យន្តហោះ​ចម្បាំង​បី​គ្រឿង ទៅ​ឆ្វែល​វាល់​ជាតិ​វិទ្យុ​សកម្ម។ ឯក្រសួង​បរិស្ថាន​ចិន​ក៏​បាន​ចេញ​វិធានាការ​ជា​បន្ទាន់​ តាមដាន​វាស់​ជាតិ​វិទ្យុ​សកម្មដែរ​នៅ​តាម​ព្រំដែន។

កម្មវិធី​នុយក្លេអ៊ែរកូរ៉េខាង​ជើង ខ្លាំង​ជាង​គ្រាប់​បែក​នុយក្លេអ៊ែរ​អ៊ីរ៉ូស្ហ៊ីម៉ា

ពី​ការ​សាកល្បង​មួយ​ទៅ​ការ​សាក​ល្បង​មួយ តែង​បង្ក​ការ​រញ្ជួយ​ដី​ខ្លាំង​ឡើងៗ។ កា​រសាកល្បង និង​កម្លាំង​រញ្ជូយ​ដី​​ថ្ងៃ​នេះ​ ជា​ភស្តុតាង។​ ​ បើ​តាម​ភ្នាក់ងារ​អាមេរិក នុយក្លេអ៊ែរ​កូរ៉េខាង​ជើងលើក​នេះ​​មាន​កម្លាំង​ខ្លាំង​ -ខ្លាំង​ជាង​​​គ្រាប់​បែប​បរមាណូ​អាមេរិក​ទម្លាក់​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា កាលពី​ឆ្នាំ​១៩៤៥​ហើយ។ អំណាច​បំផ្ទុះ​អាច​មាន​កម្លាំង​ឡើង​ដល់​ទៅ ប្រមាណ​ពី ២០ ទៅ ៣០ គីឡូតោន ទង់​នឹង​ ៦​គីឡូតោន កាលពី​ខែ​មករា។ ជាការ​ប្រៀប​ធៀប គ្រាប់​បែក​នុយក្លេអ៊ែរ​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា មាន​កម្លាំង​ប្រមាណ​ពី ១២​ទៅ​១៥​គីឡូតោន។

ការ​សាកល្បង​នុយក្លេអ៊ែរ​នៅ​ថ្ងៃ​នេះ អាច​ជា​ការ​ផ្ទៀង​ផ្ទាត់​​ ឬ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​​ភាព​ជឿជាក់​លើ​អាវុធ​​នុយក្លេអ៊ែររបស់​គេ ! បន្ថែម​ពី​លើ​ជោគជ័យ​កាលពី​ខែ​មករា ដែលកូរ៉េខាង​ជើងអះអាង​ផលិត​បាន​សម្រេច គ្រាប់​បែក​អ៊ីដ្រូសែន។

​ខួបកំណើត​​រជ្ជកាល គីម

ម្យ៉ាង​វិញ​ទៀត ការ​សាកល្បង​នុយក្លេអ៊ែរ​នៅ​ថ្ងៃ​នេះ មិន​មែន​ជា​ភ្ញាក់​ផ្អើល​​ប៉ុន្មាន​ឡើយ អ្នក​ឯកទេស​អាមេរិក​បាន​សង្កេត​ឃើញ​មាន​សកម្មភាព​​ខ្លាំង​​ និង​ដឹង​ថា​នឹង​មាន​អ្វី​មួយ​កើត​ឡើង​ឆាប់ៗ ជាពិសេស​ក្រោយ​ពី​អាមេរិក​បាន​បញ្ចូល​ឈ្មោះ អគ្គមគ្គុទេសក៍​ដ៏​ក្មេង​ខ្ចី គីម ជុងអ៊ុន ចូល​ក្នុង​បញ្ជី​ខ្មៅ​ ជាអ្នក​​រំលោភ​សិទ្ធិមនុស្ស កាលពី​ថ្ងៃ​ទី ៦​កក្កដា។ ជម្រើស​ការ​បាញ់​សាកល្បង​ ក៏​បាន​ប្រព្រឹត្ត​ទៅ​ចំ​ថ្ងៃ​ខួប​ទី៦៨​ឆ្នាំ នៃ​បង្កើតសាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ដឹកនាំ​ដោយ​លោក គីម អ៊ីលស៊ុងជា​ជីតាប្រធានាធិបតី​បច្ចុប្បន្ន ដែល​​មាន​បង្កប់​ជា​អត្ថន័យ​​ព្រមាន​ដ៏​សំខាន់​មួយ​ គឺ​ នុយក្លេអ៊ែរ​ជា​អាវុធ​ដ៏​សំខាន់​សម្រាប់​ការ​ស្លាប់​រស់​របស់​ប្រទេស និង​ជា​វត្ថុ​ស្នូល​នៃ​​នយោបាយ​ជាតិ។

​ប្រតិកម្មធ្លាក់​ដូច​ទឹក​ភ្លៀង

កូរ៉េខាង​ត្បូង ដែល​ជាពាក់ព័ន្ធ​ដោយ​ផ្ទាល់​ជាងគេ បាន​បញ្ចេញ​ប្រតិកម្មច្រើន​បែប​ច្រើន​យ៉ាង។

លោកស្រីប្រធានាធិបតី​កូរ៉េខាង​ត្បូង ប៉ាក់ គុនហេ បានបន្ទោស​​​ស្មារតី​ងប់ងុល​របស់​ប្រមុខ​គីម ជុងអ៊ុន និង​លើក​ឡើង​អំពី​លទ្ធភាព​ដាក់​ទោស​បន្ថែម ចំពោះ​ទង្វើ​បង្កហេតុ​បែប​ស្វ័យបំផ្លាញខ្លួន​​ឯង ហើយ​បាន​​បង្ខើច​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ ដោយ​ត្រលប់​មក​មាតុ​ប្រទេស​វិញ​នៅ​ថ្ងៃ​នេះ​តែ​ម្តង។

លោក អូបាម៉ា ប្រធានាធិបតី​អាមេរិក បាន​ថ្លែង​ពី​យន្តហោះ​  ក្រោយ​​ចាក​ចេញ​ពី​ជំនួប​កំពូល​អាស៊ាន ថា​ព្យុងយ៉ាង​នឹង​ទទួល​ផលវិបាក​ធ្ងន់ធ្ងរ​ពី​ទង្វើ​សាកល្បង​នុយក្លេអ៊ែរ។ លោក​ស៊ីនហ្សូ​អាបេ ប្រកាស​ថា នឹង​មិន​អនុគ្រោះ។ ប្រធានាធិបតី​បារាំង សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ និង​អំពាវនាវ​​ឱ្យ​សហគមន៍​អន្តរជាតិ​ផ្តុំ​កម្លាំង​គ្នា​ប្រឈម​នឹង​ ទង្វើ​បង្ក​​រឿង​របស់​ព្យុងយ៉ាង។ ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ បាន​សម្តែង​ការ​ព្រួយ​បារម្ភ និង​សោក​ស្តាយ។ អាមេរិក​រុស្ស៊ី នឹង​នាំ​គ្នា​ទៅ​ប្តឹង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

សូម្បី​តែ​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​តែ​ម្នាក់​គត់​របស់​ព្យុងយ៉ាង ក៏​បាន​ចេញ​ប្រកាស​ប្រឆាំង​ដាច់​ខាត​នឹង​ការ​សាកល្បង​នុយក្លេអ៊ែរ​នេះដែរ ដោយ​បាន​ស្នើ​ចំៗឱ្យ​ព្យុងយ៉ាង​ផ្តល់​កិត្តិយស​គោរព​កិច្ចសន្យា​រំសាយ​អាវុធ​នុយក្លេអ៊ែរ។​ ប៉ុន្តែ​ប៉េកាំងក៏​សុំ​ឱ្យ​សហគមន៍​អន្តរជាតិ​​ប្រុង​ប្រយ័ត្ន។ ព្រោះ​ចិន​ដឹង​ខ្លួន​ថា គ្រប់​ចក្ខុ​កំពុង​ផ្តោត​លើ​ខ្លួន​ ! កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង កំពុង​ធ្វើ​ឱ្យ​ចិន​ទើស​ទាល់​ខ្លាំង​ឡើងៗ ​៖ ប៉េកាំង​ក៏​លែង​សូវ​មាន​ឥទ្ធិពល​លើ​ព្យុងយ៉ាង តែ​ក៏​មិន​ត្រូវ​ការធ្វើ​ជា​​​ផ្តួច​ផ្តើម​គំនិត​ ព្រោះ​ខ្លាច​នាំ​រឿង​ធ្វើ​​ឱ្យ​មាន​អស្ថិរភាព​នៅ​តាម​ព្រំដែន។ អ្វី​ដែល​ចិន​ខា្លច​បំផុត​គឺ​ការដួល​រំលំរបប​កុម្មុយនិស្ត​ព្យុងយ៉ាង​​ទើប​​សុខ​ចិត្ត​ប្រៀម​គ្រួស​បៀម​ថ្ម​ចឹង។

អ្នក​វិភាគ​កូរ៉េ​ខាង​ត្បូង​ជា​ច្រើន​យល់​ថា ​សហគមន៍​អន្តរជាតិបរាជ័យ​ ! ដាក់ទណ្ឌកម្មខ្លាំងឡើងៗ​ប្រឆាំង​​ព្យុងយ៉ាង គ្មាន​ប្រសិទ្ធិភាព​ទេ បើ​គ្មាន​ការ​ដឹកនាំ​ចរចា​នយោបាយ​អប​ទេ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ