សម្តេចសង្ឃដាឡែ ឡាម៉ាសម្លឹងឃើញអឺរ៉ុបជាគំរូនៃក្តីសង្ឃឹមសម្រាប់ទីបេ
សម្តេចសង្ឃទីបេដាឡែ ឡាម៉ាកំពុងបន្តដំណើរទស្សនកិច្ចនៅក្នុងប្រទេសបារាំង។ នៅថ្ងៃព្រហស្បតិ៍ ទី១៥ កញ្ញា ព្រះអង្គបានយាងទៅកាន់ទីក្រុងស្រ្តាស្បួរតាមការអញ្ជើញរបស់សភាអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប។ នៅក្នុងទីក្រុងស្រ្តាស្បួរ សម្តេចសង្ឃដាឡៃ ឡាម៉ាបានសម្តែងសាទរសហភាពអឺរ៉ុបដែលបានកសាងឡើងដោយផ្អែកលើស្មារតីសន្តិភាព និងប្រជាធិបតេយ្យ។ ស្មារតីសន្តិភាព និងប្រជាធិបតេយ្យដែលសម្តេចសង្ឃដាឡៃ ឡាម៉ាសង្ឃឹមធ្វើជាគំរូសម្រាប់ដោះស្រាយបញ្ហាទីបេនាពេលអនាគត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៩
គឺនៅចំពោះគណៈកម្មការអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសដែលសម្តេចសង្ឃដាឡៃ ឡាម៉ាបានបញ្ជាក់ច្បាស់ៗថា ព្រះអង្គនៅតែចាប់អារម្មណ៍ និងកោតសរសើរចំពោះស្មារតីសន្តិភាព និងប្រជាធិបតេយ្យរបស់សហភាពអឺរ៉ុប។ សម្តេចសង្ឃដាឡៃ ឡាម៉ាបានកត់សសម្គាល់ឃើញថា ទ្វីបអឺរ៉ុបបានស្គាល់ការបង្ហូរឈាមគ្នាមែន តែទ្វីបមួយនេះបានដោះស្រាយបញ្ហាដោយជោគជ័យគួរឲ្យកោតសរសើត។ ដោយមិននិយាយចំៗលើជម្លោះរវាងទីបេ និងចិនប៉េកាំង សម្តេចសង្ឃដាឡៃ ឡាម៉ាចង់ឃើញស្មារតីសន្តិភាព និងប្រជាធិបតេយ្យរបស់សហភាពអឺរ៉ុបបន្តសាយភាពទៅកាន់តំបន់ផ្សេងទៀតនៅទូទាំងពិភពលោក។
សូមជម្រាបជូនថា មានព្រះជន្ម ៨១ព្រះវស្សា សម្តេចសង្ឃដាឡៃ ឡាម៉ាបានលាឈប់ពីតួនាទីនយោបាយក្នុងឆ្នាំ ២០១១ តែនៅបន្តតស៊ូដើម្បីទាមទារស្វ័យភាពឲ្យដែនដីទីបេដែលត្រូវបានចិនប៉េកាំងក្តោបក្តាប់តាំងពីឆ្នាំ ១៩៥០។ នៅក្នុងទីក្រុងស្រ្តាស្បួរ ប្រទេសបារាំង សម្តេចសង្ឃដាឡៃ ឡាម៉ាបានរម្លឹកជាថ្មីម្តងទៀតថា ដែនដីទីបេ និងប្រជាជនទីបេមិនចង់ផ្តាច់ខ្លួនចេញពីពលរដ្ឋចិន និងពីប្រទេសចិនទេ តែសុំត្រឹមស្វ័យភាពដោយមានការគោរព និងរក្សាទុកនូវភាសា និងវប្បធម៌របស់ប្រជាជនទីបេ។
មានហេតុផលសំខាន់ពីរដែលសម្តេចសង្ឃដាឡៃ ឡាម៉ាសង្ឃឹមក្នុងការស្វែងរកដំណោះស្រាយឲ្យទីបេ ទី១ ថា្នក់ដឹកនាំចិនសព្វថ្ងៃដឹងខ្លួនថា នយោបាយក្នុងអតីតកាលរបស់គេលែងមានប្រសិទ្ធិភាពទៀតឡើយ នោះបើទោះបីជាចិនកំពុងបន្តដឹកនាំដោយគណបក្សកុម្មុយនិស្តដូចមុន និងមានរដ្ឋធម្មនុញ្ញដូចមុនក៏ដោយ និងទី២ ពលរដ្ឋចិនអ្នកកាន់សាសនាព្រះពុទ្ធប្រមាណជា ៤០លាននាក់ក៏បានផ្តើមយល់កាន់តែច្បាស់ពីទំនៀមទំលាប់ពិតនៃប្រជាជនទីបេអ្នកកាន់សាសនាព្រះពុទ្ធដូចគ្នា។
ទន្ទឹមគ្នានេះ សម្តេចសង្ឃដាឡៃ ឡាម៉ាក៏បានអំពាវនាវសុំឲ្យអឺរ៉ុបចូលរួមជួយដោះស្រាយបញ្ហាទីបេឲ្យបានច្រើនជាងនេះ។ សម្តេចសង្ឃដាឡៃ ឡាម៉ាមិនបានហាមអឺរ៉ុបមិនឲ្យរិះគន់ ទិតៀនចិនក្នុងបញ្ហានេះទេ តែជាការរិះគន់ ទិតៀនក្នុងន័យស្ថាបនា ពោលមិនមែនក្នុងន័យបំបែកបំបាក់ទីបេ និងចិនឲ្យឃ្លាតគ្នាកាន់តែឆ្ងាយនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ