អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បក្ស​កុម្មុយនិស្ត​ចិន​បើ​ក​កិច្ចប្រជុំប្រចាំ​ឆ្នាំ ដើម្បី​ពង្រឹង​អំណាច​លោក​ស៊ីជិនពីង

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណ​បក្ស​កុម្មុយនិស្ត​ចិន ដែល​ជា​បក្ស​នយោបាយ​ដ៏​ធំ​ជាង​បង្អស់​នៅ​លើ​ពិភពលោក មាន​សមាជិក​ដល់​ទៅជាង​៨៨​លាន​នាក់ បាន​បើក​ជំនួប​ប្រជុំ​ពេញ​អង្គ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ​ចាប់​ពី​ថ្ងៃ​ចន្ទនេះ​ទៅ សម្រាប់​រយៈ​ពេល​បួន​ថ្ងៃ​ នៅ​ទីក្រុង​ប៉េកាំង។ ជា​កិច្ចប្រជុំ​ដែល​អ្នក​វិភាគ​គ្រប់​រូប​សំលឹង​ឃើញ​ថា​ជាឱកាស​មួយ​សម្រាប់​លោក​ស៊ីជិនពីង ពង្រឹង​មហិច្ឆតា​​ និង​អំណាច​ ជា​ប្រមុខ​ដឹកនាំ​ប្រទេស។ 

លោក Xi Jinping (ស្តាំ) នឹង​លោក​Wang Qishan មេ​ដឹកនាំ​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ
លោក Xi Jinping (ស្តាំ) នឹង​លោក​Wang Qishan មេ​ដឹកនាំ​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ REUTERS/China Daily/File Photo
ផ្សាយពាណិជ្ជកម្ម

គណ​បក្ស​កុម្មុយនិស្ត​ចិន ដែល​ជា​បក្ស​នយោបាយ​ដ៏​ធំ​ជាង​បង្អស់​នៅ​លើ​ពិភពលោក ដោយ​មាន​សមាជិក​ដល់​ទៅជាង​៨៨​លាន​នាក់ បាន​បើកកិច្ច​​ប្រជុំ​ពេញ​អង្គ​ប្រចាំ​ឆ្នាំរបស់​ខ្លួន ​ចាប់​ពី​ថ្ងៃ​ចន្ទនេះ​ទៅ សម្រាប់​រយៈ​ពេល​បួន​ថ្ងៃ​ នៅ​ទីក្រុង​ប៉េកាំង។

ពី​​ថ្ងៃចន្ទ​​នេះដល់​ថ្ងៃ​ព្រហស្បតិ៍ គណបក្ស​កុម្មុយនីស្ត​ចិន បាន​បើក​សមាជ​ពេញ​អង្គ​របស់​ខ្លួន ដោយ​ប្រមូល​មេដឹកនាំ​សំខាន់ៗ​ជា​ក្បាល​ម៉ាស៊ីន​បក្ស ជិត​បួន​រយ​នាក់​មក​ជួប​ប្រជុំ​គ្នា​ ដើម្បី​តម្រង់​ទិស​នយោបាយ​​បក្ស។ ដូច​ជាទម្លាប់​ជា​រៀង​រាល់​ឆ្នាំ​ តាំងពី​ឆ្នាំ​១៩៤៩​មក កិច្ចប្រជុំ​នេះ ត្រូវ​ប្រព្រឹត្ត​ទៅ​ដោយ​បិទ​ទ្វារ ក្រោម​ការ​ការពារ​សន្តិសុខ​ដ៏​តឹង​រ៉ឹង​បំផុត។

កាលពី​ឆ្នាំ​ទៅ​ សម័យ​ប្រជុំ​ពេញ​អង្គ​បក្សកុម្មុយនិស្តចិន ឆ្នាំ​២០១៥ បាន​សម្រេច​​បិទ​បញ្ចប់​នយោបាយ​កូនទោល និង​អនុញ្ញាត​ឱ្យ​គ្រួសារ​មួយ​អាច​មាន​កូន​ពីរ​នាក់ ឯ​នៅ​ឆ្នាំ២០១៦​នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ចិន គណៈ​មជ្ឈិមបក្សកុម្មុយនិស្ត ទំនង​ជា​ត្រូវ​ផ្តោត​ការ​ជជែក​ពិភាក្សា​គ្នា​​លើ​កំណែទម្រង់​ បទដ្ឋាន​ជីវិត​នយោបាយ​ និង​វិធាន​ផ្ទៃ​ក្នុង​បក្ស គឺ​មាន​ន័យ​ថា នឹង​ជជែក​អំពី​ "ការ​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើ​ពុក​រលួយ”។
 

ជា​ផ្លូវការ​​គេ​នឹង​ជជែក​អំពី​វិន័យ​បក្ស តែ​ដោយ​ជាក់ស្តែង និង​ដោយ​ក្រៅ​ផ្លូវការ​ កិច្ចប្រជុំ​ពេញ​អង្គ​នេះ បាន​ចាប់​ផ្តើម​ចោទ​ឡើង​ទៅ​ហើយ​អំពី​បញ្ហា​បន្ត​តំណែង​ ជាអគ្គលេខាបក្ស​កុម្មុយនិស្ត។ លោកស៊ីជិនពីង​ ទំនង​ជា​អាច​តោង​ជាប់​ដោយ​គ្មាន​បញ្ហា​ឡើយ។ តែ​លោក​ចង់​ឱ្យ​ក្រោយ​ពី​បញ្ចប់​ពីរ​អាណត្តិ​ទៅ​ លោក​អាច​មាន​ឈរ​ជើង​ជាប់​ដោយ​គ្មាន​អ្នក​សង​សឹក។

បើ​តាម​អ្នក​វិភាគ កិច្ចប្រជុំ​ពេញ​អង្គ​នេះ​ជា​ឱកាស​ចំបង​មួយ​សម្រាប់​លោក​ ស៊ីជិនពីង ក្នុង​ការ​ពង្រឹង​អំណាច​និង​មហិច្ឆតា​ជាមេ​ដឹកនាំ​របស់​លោក និង​ត្រូវ​បាន​​ចាត់​ទុក​ថា​ជំនួប​​ដ៏​សំខាន់ជាងគេ​​បំផុត​ នៃ​អាណត្តិ​ដំបូង​របស់​​លោក។ ប៉ុន្តែ​​នៅ​ពី​ក្រោយ​ផ្លាក​នៃ​​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​បក្ស​លើក​នេះ ​មាន​លាក់​ការប្រយុទ្ធ​ដើម្បី​​ឥទ្ធិពល​ -ដើម្បី​ត្រួត​ត្រា​ក្បាលម៉ាស៊ីន​កាន់​អំណាច​ប្រទេសជា​មហាអំណាច​សេដ្ឋកិច្ច​ទីពីរ​នៅ​លើ​ពិភពលោកផង។

តាំង​ពី​ឡើ​ងកាន់​អំណាចនៅចុង​​ឆ្នាំ​២០១២​មក លោកស៊ីជីនពីង​ អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត និង​ជា​ប្រធានាធិបតី​ បាន​ពង្រីក​អំណាច​ នៅ​ក្នុង​ជួរ​បក្ស​ផង និង​ក្តាប់​អំណាច​ដឹកនាំ​ប្រទេស​បាន​ខ្លាំង​ជាង​ប្រមុខ​ដឹកនាំ​ចិន ម៉ៅ សេងទុង​ បិតា​បង្កើត​របប​សាធារណរដ្ឋ​ចិន​ប្រជាមានិតនៅ​ឆ្នាំ​១៩៤៩​​ទៅទៀត។

លោក ស៊ីជិនពីង មាន​មហិច្ឆតា​ក្តោប​អំណាច​ខ្លាំងណាស់ ខ្លាំង​រហូត​ដល់ចេញ​បម្រាម​មិន​ឱ្យ​នរណា​ធ្វើ​ការ​រិះគន់​ដោយ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​ឡើយ​ គឺមាន​តែ​លោក​ម្នាក់​ និង​តែ​ម្នាក់​ ឯង​គត់ ដែល​សិទ្ធិ​កំណត់​ច្បាប់​នយោបាយ​បក្ស​ ព្រោះ​លោក​តួនាទី​ជា​ប្រធាន។

​នៅ​ក្នុង​អង្គ​ប្រជុំ​ពេញ​អង្គ​នេះ ពិត​ជា​នឹង​មាន​ចរន្ត​អ្នកគាំទ្រ​លោកស៊ី​ជិនពីង និង​ក្រុម​អ្នក​រង​ការ​គំរាម​កំហែង​ ដោយយុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​របស់​លោក​ស៊ីជីនពីង ជាក់​ជា​មិន​ខាន។ លោកស៊ី​ធ្លាប់​បាន​ចេញ​វិធានការ​មួយ​ចំនួន​ធំ ដើម្បី​ធានា​ថា​មន្ត្រីជាន់ខ្ពស់​បក្ស​ពិត​ដើរ​តាម​បន្ទាត់​នយោបាយ​របស់​លោក​យ៉ាង​ពិតៗ។ ក្រោយ​ការ​បិទ​បញ្ចប់​ គេ​នឹង​ដឹង​បាន​ថា​តើ​លោក​ស៊ីជីនពីង​ត្រួតត្រា​សមាជិក​បក្ស​បាន​ប៉ុណ្ណា?!

ព្រោះ​សូម​កុំ​ភ្លេច​ថា យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​របស់​លោកស៊ី ជីនពីង តាំង​ពីដើម​​ឆ្នាំ​២០១៣​មក បាន​ទទួល​លទ្ធផល​ច្រើន និង​បានទទួល​ការ​ស្វាគមន៍​ពី​សំណាក់​មតិ​សាធារណៈ ចំពោះ​ដាក់​ទោស​​សមាជិក​បក្ស​កុម្មុយនិស្ត​ជាង មួយ​លាន​នាក់ ក្នុង​នោះ​មាន​ទាំង​សមាជិកនិង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ដូច​យ៉ាងអតីត​​មេភ្នាក់ងារ​សន្តិសុខ​ជាតិ។ ប៉ុន្តែ​​សម្រាប់​​​អ្នក​ប្រឆាំង យុទ្ធនាការ​នេះ​គឺ​ជា​ឈ្នាន់​នយោបាយ​ក្នុង​ការ​កម្ចាត់​ក្រុម​ប្រកួត​ប្រជែង​ក្នុង​បក្ស និង​បាន​ធ្វើ​ឱ្យ​លោក​ស៊ីជិនពីង ធ្លាក់​ក្នុង​ភាព​ឯកា។

ដាក់​ទោស​ក៏​បាន​ច្រើន តែ​នេះ​ជា​សញ្ញា​បញ្ជាក់​ថាអំពើ​ពុក​រលួយ​បាន​ស៊ីរូង​ មាន​​ទំហំ​និង​ភាព​ធ្ងន់ធ្ងរ​ខ្លាំង​ក្នុង​ផ្ទៃ​បក្ស​កុម្មុយនិស្ត ដែល​ប៉ះពាល់​យ៉ាង​ខ្លាំង និង​ធ្វើ​ឱ្យ​​របប​កុម្មុយនិស្ត​ និង​​​សមត្ថភាព​ដឹកនាំ​របស់​រដ្ឋាភិបាល​ចុះ​ខ្សោយ។ ​កំណែទម្រង់​បី​ឆ្នាំ​កន្លង​មក​នេះ ហាក់​ដូច​ជា​​ខ្លះ​គ្មាន​លទ្ធផល​ ដូច្នេះ​ហើយ​បាន​ជា​លោកស៊ីជិនពីង ត្រូវ​ការពឹង​ពាក់​លើ​​បក្ស​​​កុម្មុយនីស្ត​ ព្រោះ​មាន​តែ​បក្ស​កុម្មុយនិស្ត​នេះ​ទេ ដែល​អាច​ជួយ​លោក​ឱ្យ​សម្រេច​​​ផែនការធ្វើ​កំណែទម្រង់​បាន។ ​លោក​គ្មាន​ទំនុក​ចិត្ត​លើ​សង្គម និង​លើ​រដ្ឋ​ទេ។

​ហេតុដូច្នេះ​ហើយ​បាន​ជា​ជំនួប​ប្រជុំ​ពេញ​អង្គ​​ឆ្នាំ​នេះ​ ត្រូវ​ឧទ្ទិស​ទាំង​ស្រុង​ដល់ការ​កសាង​បក្ស ដោយ​សាក​ល្បង​ដោះស្រាយ​វិបត្តិ​ពុករលួយ​ស៊ី​រូង​ផ្ទៃក្នុង​ និង​ជំរុញ​ឱ្យ​មេ​ដឹកនាំ​ជាន់​ខ្ពស់​​បក្ស​ដើម្បី​ធ្វើ​ជា​គំរូ​​ល្អ។ គេ​សង្ឃឹម​ថា នឹងមាន​ការ​​ចេញ​ប្រកាស​វិធាន​ផ្ទៃក្នុង ដូច​ជាការ​តម្រូវ​ឱ្យ​សមាជិក​បក្ស​ធ្វើ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​។ល។ និង​។ល។ នៅ​ក្រោយ​កិច្ចប្រជុំ​បក្ស​បិទបញ្ចប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ