អានតួអត្ថបទ
ថៃ

ថៃ៖រាជទាយាទ​មហាវជ្ជរាឡុងកន​យាង​ចូល​ស្រុក​ក្នុង​បរិបទ​ស្រពេចស្រពិល​ជុំវិញ​ថ្ងៃខែ​ឡើង​សោយរាជ្យ

នៅ​ក្នុង​ប្រទេស​ថៃ រាជទាយាទ​មហា​វជ្ជរាឡុងកន​បាន​យាង​ចូល​ស្រុក​វិញ​ហើយ​នា​ថ្ងៃ​សុក្រ ទី១១ វិច្ឆិកា។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ភាព​ស្រពេចស្រពិល​កំពុង​បន្ត​មាន​ទាក់ទង​នឹង​ថ្ងៃខែ​ដែល​ព្រះអង្គ​ត្រូវ​ឡើង​សោយរាជ្យ។ សូម​ជម្រាប​ជូន​ថា ក្រោយ​មរណភាព​ព្រះចៅ​ភូមិបុល និង​ក្នុង​ពេល​ដែល​​ព្រះអង្គម្ចាស់​មហាវជ្ជរាឡុងកន​សុំ​ពេល​ពិចារណា របបសឹក​បាន​ជ្រើសតាំង​លោក​ព្រេមទីនស៊ូឡាណុន​ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ​ឲ្យ​កាន់​តំណែង​ជា​ប្រមុខរដ្ឋ​ស្តីទី។ 

រាជទាយាទ​ថៃ ​​មហាវជ្ជរាឡុងកន
រាជទាយាទ​ថៃ ​​មហាវជ្ជរាឡុងកន REUTERS/Chaiwat
ផ្សាយពាណិជ្ជកម្ម

មាន​ព្រះជន្ម ៦៤ព្រះវស្សា ព្រះអង្គម្ចាស់​មហាវជ្ជរាឡុងកន​បាន​គង្គ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ច្រើន​ជាង​ប្រទេស​កំណើត។ ព្រះអង្គ​បាន​យាង​ចាកចេញ​ពី​ប្រទេស​ថៃ​ជា​ថ្មី​កាល​ពី​ដំណាច់​ខែ​តុលា​កន្លង​ទៅ ពោល ២សប្តាហ៍​ក្រោយ​ការ​ចូល​ទិវង្គត​របស់​ព្រះបិតា​ព្រះចៅ​ភូមិបុល។ តែ​ប្រភព​ព្រះបរមរាជវាំង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ព្រះអង្គម្ចាស់​មហាវិជ្ជរាឡុងកន​នឹង​ត្រូវ​យាង​ចូលរួម​នៅ​ក្នុង​កម្មវិធី​ជា​ច្រើន​នា​ប៉ុន្មាន​ថ្ងៃ​មុខ។ កម្មវិធី​នៅ​យប់​ថ្ងៃ​សុក្រ ទី១១ វិច្ឆិកា ព្រះអង្គ​បាន​យាង​ចូលរួម​នៅ​ក្នុង​ពិធី​រៀបចំ​ដោយ​ថ្នាក់ដឹកនាំ​របសសឹក ហើយ​នា​ចុង​សប្តាហ៍​នេះ ព្រះអង្គ​យាង​ចែក​សញ្ញាប័ត្រ​នៅ​ក្នុង​មហាវិទ្យា​ដ៏​ល្បី​មួយ​ក្នុង​ទីក្រុង​បាងកក។ បន្ទាប់​មក​នៅ​ថ្ងៃ​ចន្ទ ទី១៤ វិច្ឆិកា​ដើម​សប្តាហ៍​ក្រោយ ព្រះអង្គ​នឹង​យាង​ទៅ​កាន់​ប៉ែកខាងត្បូង​ដែល​ជា​តំបន់​បះបោរ​ដោយ​ក្រុម​ឧទ្ទាម​ទាមទារ​ផ្តាច់ទឹកដី​ដើម្បី​ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យ​វប្បធម៌​មួយ។

ទោះ​ជា​យ៉ាង​ណា​ក្តី ពាក្យ​ចចាមអារ៉ាម​ជុំ​វិញ​ការ​ឡើង​សោយរាជ្យ​របស់​ព្រះអង្គ​នា​ដើម​ខែ​ធ្នូ​ខាង​មុខ​កំពុង​បន្ត​ស្រពិចស្រពិល​ដោយ​ព្រះបរមរាជរាំង​បន្ត​បដិសេធ​មិន​ទម្លាយ​ឲ្យ​ដឹង​អ្វី​ទាំង​អស់។ ប្រភព​ច្បាស់​ការណ៍​មួយ​ពី​ព្រះបរមរាជវាំង​បាន​បង្ហើប​ឲ្យ​ដឹង​ថា ព្រះបរមរាជវាំង​កំពុង​រង់ចាំ​ឯកសារ​ផ្លូវការ តែ​ប្រភព​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ទេ​ថា តើ​អ្នក​ណា​ជា​អ្នក​ប្រគល់​ឯកសារ​ផ្លូវការ​នោះ។ គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា នៅ​ក្រោយ​ការ​ចូល​ទិវង្គត​របស់​ព្រះចៅ​ភូមិបុល របបសឹក​បាន​ប្រកាស​ពី​ការ​ឡើង​សោយរាជ្យ​បន្ត​របស់​ព្រះអង្គម្ចាស់​វជ្ជរាឡុងកន។ តែ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភា្ញក់ផ្អើល​ដោយ​ប្រកាស​សុំ​ពេល​ពិចារណា​រហូត​មក​ដល់​ពេល​នេះ។

ជា​លើកទី១ ក្នុង​ប្រទេស​ថៃ​ដែល​រាជបល្ល័ង្ក​បាន​នៅ​ទំនេរ​យ៉ាង​យូរ​បែប​នេះ ព្រោះ​កន្លង​មក ការ​ឡើង​គ្រងរាជ្យ​របស់​ស្តេច​ថ្មី​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​នៅ​ក្រោយ​ការ​ចូល​ទិវង្គត​របស់​ព្រះមហាក្សត្រ។ តែ​ក្នុង​រយៈពេល​រង់ចាំ​ការ​សម្រេច​ចិត្ត​របស់​ព្រះអង្គម្ចាស់​មហា​វិជ្ជរាឡុងកន របបសឹក​ក៏​បាន​សម្រេច​ជ្រើស​តាំង​លោក​ព្រេមទីនស៊ូឡាណុន​ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ​ឲ្យ​កាន់​តំណែង​ជា​ប្រមុខរដ្ឋ​ស្តីទី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ