អានតួអត្ថបទ
ថៃ

ប្រជាជនថៃ​រាប់ម៉ឺននាក់​នាំគ្នា​តម្រង់ជួរ​ទៅ​គោរព​រាជសព​ស្តេច

នៅថ្ងៃ​សៅរ៍​នេះ ប្រជាជនថៃ​រាប់ម៉ឺននាក់​ នៅ​ក្នុង​សម្លៀកបំពាក់​ខ្មៅ​កាន់ទុក្ខ បាន​នាំគ្នា​ឈរតម្រង់ជួរ នៅ​មុខ​ព្រះបរមរាជវាំង​ ក្នុង​ក្រុង​បាងកក ដើម្បី​​បាន​ចូល​ទៅ​គោរព​រាជសព​ព្រះចៅភូមិផុន អាឌុនយ៉ាដេត នៅ​ក្នុង​ថ្ងៃ​ទី១ ដែល​អាជ្ញាធរ​បាន​បើក​ឲ្យ​មាន​ឱកាស​នេះ ចាប់តាំង​ពី​ព្រះអង្គ​សោយទិវង្គត កាល​ពីថ្ងៃ​ទី១៣​តុលា​កន្លងទៅ។

ប្រជាជនថៃ ក្នុង​សម្លៀកបំពាក់​ខ្មៅ កំពុង​ឈរ​តម្រង់ជួរ​ចាំចូល​គោរព​រាជសព​ព្រះចៅ ភូមិផុន អាឌុនយ៉ាដេត ដែល​គេ​តម្កល់​ទុក​ក្នុង​ប្រាសាទ​អមរិន្ទវិនិច្ឆ័យ ក្នុង​ព្រះបរមរាជវាំង​ក្រុង​បាងកក ថ្ងៃសៅរ៍ ទី២៩ តុលា ២០១៦
ប្រជាជនថៃ ក្នុង​សម្លៀកបំពាក់​ខ្មៅ កំពុង​ឈរ​តម្រង់ជួរ​ចាំចូល​គោរព​រាជសព​ព្រះចៅ ភូមិផុន អាឌុនយ៉ាដេត ដែល​គេ​តម្កល់​ទុក​ក្នុង​ប្រាសាទ​អមរិន្ទវិនិច្ឆ័យ ក្នុង​ព្រះបរមរាជវាំង​ក្រុង​បាងកក ថ្ងៃសៅរ៍ ទី២៩ តុលា ២០១៦ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​ក្រោយ​ពេល​ដែល​ព្រះចៅ​ភូមិផុន អាឌុនយ៉ាដេត សោយទិវង្គត ប្រជាជន​ថៃ​រាប់ម៉ឺននាក់ តែងតែ​បាន​​មក​ប្រមូលផ្តុំគ្នា នៅ​មុខ​ព្រះបរមរាជវាំង ដើម្បី​បង្ហាញ​ការគោរព​ដល់​ស្តេច​ ដែល​ពួកគេ​គោរព​បូជា​ស្ទើរតែ​ដូចព្រះ។ ក៏ប៉ុន្តែ នៅ​ក្នុង​រយៈពេល​២សប្តាហ៍​កន្លងទៅនេះ ពួកគេ​អាច​ចូល​មក​ធ្វើការ​គោរព​តែ​ចំពោះ​ព្រះឆាយាលក្ខណ៍​របស់​ព្រះអង្គ​តែប៉ុណ្ណោះ។

ទើប​តែ​នៅថ្ងៃ​សៅរ៍​នេះ ដែល​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​បើក​ឱកាស​ឲ្យ​ចូល​​ទៅ​ក្នុង​បរិវេណ​នៃ​ព្រះបរមរាជវាំង ដើម្បី​អាច​​គោរព​រាជសព​ដោយ​ផ្ទាល់ ដែល​តម្កល់​នៅ​ក្នុង​ប្រាសាទ​អមរិន្ទវិនិច្ឆ័យ (​ប្រាសាទ​ទេវាវិនិច្ឆ័យ)។

 

គួរបញ្ជាក់ថា កាល​ពីដំបូង អាជ្ញាធរ​ថៃ​គ្រោង​បើក​ឲ្យ​សាធារណជន​តែ ១ម៉ឺននាក់​ប៉ុណ្ណោះ ក្នុងមួយថ្ងៃ ដែល​អាច​ចូល​គោរព​រាជសព​បាន។ ក៏ប៉ុន្តែ គម្រោងការណ៍​នេះ​ត្រូវ​បាន​លុបចោល​ទៅវិញ នៅ​ព្រឹកថ្ងៃ​សៅរ៍​នេះ ក្រោយ​ពី​គេ​បាន​ឃើញ​មនុស្ស​​ដែល​មក​ឈរចាំ​ចូល​ក្នុងវាំង​មាន​រហូតដល់​ទៅ​ប្រមាណ​ជា ១០ម៉ឺននាក់។ ក្នុងចំណោម​នោះ មាន​អ្នក​ខ្លះ ធ្វើ​ដំណើរ​មក​តាំង​ពី​តាម​បណ្តា​ខេត្ត​ឆ្ងាយៗ ដើម្បី​បាន​មក​គោរព​រាជសព​ស្តេច​ជាទីគោរព​របស់​ពួកគេ​ជាលើកចុងក្រោយ។

 

ដោយមើលឃើញ​ចំនួន​មនុស្ស​ដ៏ច្រើន​សន្ធឹកសន្ធាប់​បែបនេះ លោក​ សានសឺន កែវកំណើត មន្រ្តី​អ្នកនាំពាក្យ​របបសឹកថៃ​ បាន​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ កុំ​ឲ្យ​សម្រុក​មក​ព្រះបរមរាជវាំង​​ព្រមៗ​គ្នា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង​នេះ ដោយ​បាន​រំឭក​ឡើងវិញ​ថា ទ្វារ​ព្រះបរមរាជវាំង​នឹង​បើក​ចំហ​ទទួល​សាធារណជន​ នៅ​ក្នុង​រយៈពេល​យូរ​ទៅខាងមុខទៀត។

 

គួរបញ្ជាក់ថា រដ្ឋាភិបាល​ថៃ​បាន​កំណត់​រយៈពេល​កាន់ទុក្ខ​ព្រះចៅ​ភូមិផុន អាឌុនយ៉ាដេត រហូត​ដល់​ទៅ​មួយ​ឆ្នាំ ហើយ​ការបូជា​រាជសព​នឹង​ត្រូវ​ធ្វើ​នៅ​ក្រោយ​ផុត​រយៈពេល​កាន់ទុក្ខ​នេះ។ ព្រះអង្គម្ចាស់​មហា វជិរ៉ាឡុងកន ដែល​ជា​រាជទាយាទ​ត្រូវ​ឡើង​មក​ស្នងរាជ្យ ក៏​បាន​ប្រកាស​ឲ្យដឹង​ដែរ​ថា ព្រះអង្គ​នឹង​រង់ចាំ​រហូត​ដល់​ក្រោយ​ពេល​ដែល​បូជា​សពរាជបិតា​ហើយ ទើប​ព្រះអង្គ​ឡើង​មក​គ្រងរាជ្យ​ជាផ្លូវការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ