អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​ការ​ស្នងរាជ្យ​នៅថៃ​មាន​ដំណើរការ​ទៅ​យ៉ាង​ដូចម្តេច?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ការ​សោយព្រះទិវង្គត​របស់​ព្រះមហាក្សត្រ ភូមិផុន អាឌុនយ៉ាដេត​ ព្រះអង្គម្ចាស់ មហា វជិរាឡុងកន ដែល​ជា​រាជទាយាទ​ថៃ​បាន​បដិសេធ​មិន​ឡើង​មក​គ្រងរាជ្យ​ភ្លាមៗ ដោយ​សុំ​ពន្យារពេល​ប្រហែល​ជា​រហូត​ដល់​មួយឆ្នាំ ដើម្បី​កាន់ទុក្ខ​ព្រះបិតា។ ការពន្យារពេលនេះ​បាន​ធ្វើ​ឲ្យ​ថៃ​ត្រូវ​ស្ថិត​ក្នុង​សម័យកាល​អន្តរកាល​មួយ ដែលបង្កើត​​ឲ្យ​មាន​ភាព​ស្រពិចស្រពិល និង​​ក្តីបារម្ភ។

ក្រោយ​ការ​សោយព្រះទិវង្គត​របស់​ព្រះចៅ ភូមិផុន អាឌុនយ៉ាដេត ថៃ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​កាន់ទុក្ខ និង​បរិយាកាស​ថប់បារម្ភ ជុំវិញ​ដំណើរការ​ស្នងរាជ្យ
ក្រោយ​ការ​សោយព្រះទិវង្គត​របស់​ព្រះចៅ ភូមិផុន អាឌុនយ៉ាដេត ថៃ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​កាន់ទុក្ខ និង​បរិយាកាស​ថប់បារម្ភ ជុំវិញ​ដំណើរការ​ស្នងរាជ្យ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

ថៃ​ប្រកាន់​យក​នូវ​របប​​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដូច​នៅ​កម្ពុជាដែរ ក៏ប៉ុន្តែ ដំណើរការ​ជ្រើសរើស​ព្រះមហាក្សត្រ​ដើម្បី​ស្នងរាជ្យ​នៅថៃ​ខុស​ពី​កម្ពុជា។ នៅ​កម្ពុជា នៅពេល​ដែល​រាជបល្ល័ង្ក​នៅ​ទំនេរ គឺ​ក្រុមប្រឹក្សា​រាជសម្បត្តិ​ជា​អ្នក​ជ្រើសរើស​ព្រះមហាក្សត្រ​ថ្មី។ ចំណែក​ឯនៅថៃ​វិញ គឺ​ព្រះមហាក្សត្រ​ខ្លួនឯង​ផ្ទាល់ ដែល​ជា​អ្នក​ជ្រើសរើស​អ្នក​ស្នងតំណែង តាមរយៈ​ការ​តែងតាំង​រាជទាយាទ នៅ​ពេល​ដែល​ព្រះអង្គ​នៅ​មាន​ព្រះជន្ម​នៅឡើយ។

ព្រះចៅ ភូមិផុន អាឌុនយ៉ាដេត បាន​តែងតាំង​​រាជបុត្រា គឺ​ព្រះអង្គម្ចាស់ មហា វជិរ៉ាឡុងកន ឲ្យ​ធ្វើ​ជា​រាជទាយាទ តាំងពីថ្ងៃទី២៨ ខែ​ធ្នូ ឆ្នាំ​១៩៧២។

 

តាម​នីតិវិធី នៅ​ក្រោយ​ពេល​ដែល​ព្រះមហាក្សត្រ​សោយទិវង្គត គណៈរដ្ឋមន្រ្តី​ថៃ​ត្រូវ​ជូន​ដំណឹង​ទៅ​រដ្ឋសភា ហើយ​​រដ្ឋសភា​កោះ​ត្រូវ​ប្រជុំ​ពេញអង្គ ដើម្បី​យាង​រាជទាយាទ​ឲ្យ​ឡើង​ស្នងរាជ្យ។ នីតិវិធី​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​របស់​លោក​ប្រាយុទ្ធ ចាន់អូចា បំពេញ​តាម​ភ្លាមៗ ក្រោយ​ពី​ព្រះចៅ ភូមិផុន សោយទិវង្គត នៅថ្ងៃ​ព្រហស្បតិ៍ ហើយ​រដ្ឋសភា​ថៃ​បាន​កោះប្រជុំ នៅថ្ងៃ​សុក្រ។

 

ក៏ប៉ុន្តែ ព្រះអង្គម្ចាស់ មហាវជិរ៉ាឡុងកន ​បាន​ស្នើសុំ​ពន្យារពេល​មិនទាន់​ឡើង​មក​ស្នងរាជ្យ ក្នុងហេតុផល​ថា ដើម្បី​ទុកពេល​កាន់ទុក្ខ​ព្រះបិតា។ រាជបល្ល័ង្ក​​​ត្រូវ​នៅទំនេរ ហើយ​លោក​ព្រេម ទីនស៊ូឡាណុន ក៏​ត្រូវ​ឡើង​មក​ធ្វើ​ជា​ប្រមុខរដ្ឋ​ស្តីទី​ជំនួស​ព្រះមហាក្សត្រ​ដោយ​មិនកំណត់ពេល។

 

​អវត្តមាន​ព្រះមហាក្សត្រ​ថ្មី​នេះ បាន​បង្កើត​ឲ្យមាន​សម័យកាល​អន្តរកាល និង​បង្ក​ឲ្យ​មាន​ភាពស្រពិចស្រពិល និងបរិយាកាស​ថប់បារម្ភ នៅ​ក្នុង​ប្រទេស​ថៃ ហើយ​នៅ​ក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ មានការ​លេចឮ​ពាក្យ​ចចាមអារ៉ាម​​ថា លោក​ព្រេម អាច​នឹង​ជ្រើសរើស​ស្តេចថ្មី ទៅតាមការ​ចង់បាន​របស់​លោក។

 

ក៏ប៉ុន្តែ តាមច្បាប់​ថៃ លោក​ព្រេម​ ទីនស៊ូឡាណុន ទោះជា​នៅ​ក្នុង​ឋានៈ​ជា​ប្រមុខរដ្ឋ​ស្តីទី​ក៏ដោយ ឬ​ជា​ប្រធាន​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ​​ក៏ដោយ ​មិនមាន​សិទ្ធិ​ជ្រើស​​ព្រះមហាក្សត្រ​ថ្មី​បានទេ។

 

តាមពិត​តាមច្បាប់ថៃ​​ពិតជា​មាន​ចែង ​អំពី​សិទ្ធិ​របស់​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ ក្នុងការ​ជ្រើសរើស​ព្រះមហាក្សត្រ​ថ្មី មុននឹង​បញ្ជូន​ទៅ​ឲ្យ​គណៈរដ្ឋមន្រ្តី និង​បន្ទាប់​មក​ទៅ រដ្ឋសភា ដើម្បី​អនុម័ត។ ក៏ប៉ុន្តែ នីតិវិធីនេះ​អាច​ធ្វើទៅបាន តែ​ក្នុងករណី​ដែល​ព្រះមហាក្សត្រ​សោយទិវង្គត​ទៅ ដោយ​មិនបាន​តែងតាំង​រាជទាយាទ​តែ​ប៉ុណ្ណោះ។

 

ក្នុងករណី​ដែល​មាន​ការ​តែងតាំង​រាជទាយាទ​រួចហើយ ដូចជា​ករណី​ព្រះអង្គម្ចាស់​មហា វជិរ៉ាឡុងកន ទោះជា​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ​ក៏ដោយ ឬ​ក៏​ជា​ប្រមុខរដ្ឋ​ស្តីទី​ក៏ដោយ​ មិនមាន​សិទ្ធិ​កែប្រែ​បានទេ។ រដ្ឋធម្មនុញ្ញ និងជាពិសេស គឺ​​ច្បាប់​ស្តីពី​រាជសម្បត្តិ​ថៃ (ច្បាប់​ឆ្នាំ​១៩២៤) ត្រង់មាត្រា ៦ ​បាន​កំណត់​យ៉ាងច្បាស់​ថា រាជទាយាទ​ដែល​ទទួល​ការតែងតាំង​ពី​ព្រះមហាក្សត្រ​រួចហើយ គឺ​ជា​អ្នក​ដែល​មាន​សិទ្ធិ​ស្នងរាជ្យ ដោយ​មិនមាន​អ្នកណា​អាច​ជំទាស់ ឬ​កែប្រែ​បាន​ជាដាច់ខាត។ មានតែ​ព្រះមហាក្សត្រ​អង្គឯង ដែល​មាន​សិទ្ធិ​ដកសិទ្ធិ​ស្នងរាជ្យ​មកវិញ ហើយ​តែងតាំង​រាជទាយាទ​ថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ