អានតួអត្ថបទ
ហ្វីលីពីន

ហ្វីលីពីន៖​ក្តីបារម្ភ​បាន​កើត​មាន​ឡើង​ទាក់ទង​នឹង​សុខភាព​របស់​លោក​ឌុយទែរតេ

នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ក្រុម​សមាជិក​សភា​បាន​ស្នើ​ឲ្យ​លោក​ប្រធានាធិបតី​ឌុយទែរតេ​ទៅ​ពិនិត្យ​សុខភាព។ សំណើ​របស់​ក្រុម​អ្នកតំណាងរាស្រ្ត​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ឌុយទែរតេ​ខ្លួន​ឯង​បាន​ទទួល​សារភាព​ថា លោក​ធ្លាប់​បាន​ប្រើ​ថ្នាំ fentanyl ដើម្បី​បំបាត់​ការ​ចុកចាប់។ គឺ​ការ​ឆ្លើយ​សារភាព​របស់​លោក​ឌុយទែរតេ​នេះ​ហើយ​បាន​ជា​បំផុស​ឲ្យ​មាន​ក្តីបារម្ភ​ទាក់ទង​នឹង​បញ្ហា​សុខភាព​របស់​លោក។

លោក​ប្រធានាធិបតី​ហ្វីលីពីន​រ៉ូឌ្រីហ្គោ ឌុយទែរតេ
លោក​ប្រធានាធិបតី​ហ្វីលីពីន​រ៉ូឌ្រីហ្គោ ឌុយទែរតេ REUTERS/Erik De Castro
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ថ្ងៃ​ចន្ទ ទី១២ ធ្នូ​កន្លង​ទៅ​ដែល​លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា លោក​ធ្លាប់​បាន​ប្រើ​ថ្នាំ fentanyl នៅ​ក្នុង​អតីតកាល។ គឺ​ជា​ថ្នាំ​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​សម្រាប់​បំបាត់​ការ​ចុកចាប់ តែ​ជា​ទូទៅ វេជ្ជបណ្ឌិត​ក៏​បាន​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ថ្នាំ fenta nyl ក្នុង​ករណី​ជម្ងឺ​មហារីក និង​ជម្ងឺ​ប្រចាំកាយ​ផ្សេង​ទៀត​ដែរ។ លោក​ឌុយទែរតេ​បាន​អះអាង​ថា លោក​បាន​ប្រើ​ថ្នាំ fentanyl ដើម្បី​បំបាត់​ឈឺ​ខ្នង​ដោយសារ​ជួប​គ្រោះថ្នាក់​ដួល​ម៉ូតូ។ តាម​លោក​ឌុយទែរតេ គ្រូពេទ្យ​បាន​ប្រាប់​ឲ្យ​លោក​ឈប់​ប្រើ​ថ្នាំ​នេះ​ដោយសារ​តែ​លោក​បាន​ប្រើ​វា​ច្រើន​ហួស​កម្រិត​ដែល​អនុញ្ញាត។

ការ​ឆ្លើយ​សារភាព​របស់​លោក​ឌុយទែរតេ​បាន​បំផុស​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​មក​ដល់​សព្វថ្ងៃ​ទាក់ទង​នឹង​ស្ថានភាព​សុខភាព​របស់​លោក​ឌុយទែរតេ។ នៅ​ក្នុង​សម័យ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ពាក្យ​ចចាមអារ៉ាម​មួយ​នេះ​ធ្លាប់​បាន​បែក​ធ្លាយ​ម្តង​ហើយ តែ​លោក​ឌុយទែរតេ​បាន​ចេញ​មុខ​បដិសេធ​ជា​ច្រើន​ដង។ តែ​ក្រុម​អ្នកតំណាងរាស្រ្ត​បាន​យល់​ឃើញ​ថា ដើម្បី​អាច​ជម្រះ​ភាព​មន្ទិល​សង្ស័យ​ទាំង​នេះ​បាន លោក​ឌុយទែរតេ​គួរ​តែ​ទៅ​ពិនិត្យ​សុខភាព ហើយ​គ្រូពេទ្យ​របស់​លោក​ត្រូវ​ចេញ​មុខ​បំភ្លឺ​ថា តើ​លោក​ឌុយទែរតេ​បាន​ប្រើ​ថ្នាំ​អ្វី​ខ្លះ​ដើម្បី​បំបាត់​ការ​ចុកចាប់។

លោកស្រី ឡីឡា ដឺលីម៉ា សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្សប្រឆាំង​បាន​អះអាង​ថា អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​នោះ មិនមែន​ត្រឹមតែ​ជម្ងឺ​របស់​លោក​ឌុយទែរតេ​មួយ​ទេ តែ​ក៏​មាន​ប្រតិកម្ម​ចេញ​ពី​ថ្នាំ​ដែល​លោក​ឌុយទែរតេ​កំពុង​ប្រើ ព្រម​ទាំង​ផលវិបាក​របស់​ថ្នាំ​នោះ​ផង​ដែរ។ គួរ​ជម្រាប​ជូន​ថា មាន​អាយុ ៧១ឆ្នាំ លោក​ឌុយទែរតេ​ជា​ប្រធានាធិបតី​ហ្វីលីពីន​ដែល​មាន​អាយុ​ច្រើន​ជាង​ប្រធានាធិបតី​មុនៗ ហើយ​រូបលោក​ក៏​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​ពី​វត្តមាន​ជម្ងឺ​ប្រចាំ​កាយ​ផ្សេងៗ។ នៅ​ពេល​ដែល​លោក​អាក់ខាន​មិន​អាច​ទៅ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​ណា​មួយ លោក​តែងតែ​លើក​ឡើង​ពី​ករណី​សុខភាព។

តើ​លោក​ឌុយទែរតេ​អាច​នឹង​បញ្ចប់​អាណត្តិ​ជា​ផ្លូវការ​រយៈពេល ៦ឆ្នាំ​ពេញលេញ​ដែរ ឬ​ទេ?។ លោក​បាន​ថ្លែង​សារភាព​នា​ឱកាស​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​នៅ​សប្តាហ៍​កន្លង​ទៅ​ថា លោក​អាច​នឹង​គ្មាន​លទ្ធភាព​ដើម្បី​កាន់​តំណែង​រហូត​ចប់​អាណត្តិ​រយៈពេល ៦ឆ្នាំ​ផង​ក៏​មិន​ដឹង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ