អានតួអត្ថបទ
ចិន-ហ្វីលីពីន

ប៉េកាំង​​​​ត្រៀម​​ផ្តល់​​​អាវុធ​​​ឲ្យ​​ទីក្រុង​​ម៉ានីល​​​ដើម្បី​​​ប្រយុទ្ធ​​​ប្រឆាំង​នឹង​​​ការ​​​ជួញ​​ដូរ​​​គ្រឿង​ញាន​​​​

ឯកអគ្គរដ្ឋទូត​​ចិន​ប្រចាំ​ទីក្រុង​ម៉ានីល ​ថ្លែង​បញ្ជាក់​កាលពី​ម្សិលមិញ ថា​ប្រទេស​ចិន​បាន​​ត្រៀម​ខ្លួន​​​ផ្តល់​អាវុធ​ដល់​​ប្រទេស​ហ្វីលីពីន​ដើម្បី​ជួយ​លោក​ Duterte​ ប្រធានាធិបតី​ថ្មី​ហ្វីលីពីន​នៅ​ក្នុង​​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​អំពើ​ឧក្រឹដ្ឋកម្ម។ 

ប្រធានាធិបតីហ្វីលីពីន លោក  Rodrigo Duterte
ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte REUTERS/Romeo Ranoco
ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះ​មុខ​អ្នកសាព័ត៌មាន ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​​ទីក្រុង​ម៉ានីល​ បាន​ថ្លែង​បញ្ជាក់​កាលពី​យប់​ថ្ងៃ​ចន្ទ​មុន លើ​សេចក្តី​ថ្លែងការណ៍​របស់​លោក​ប្រធានាធិតបតី​ហ្វីលីពីន​ Duterte ដែល​ថា​ទីក្រុង​ប៉េកាំង បាន​ត្រៀម​រួច​ហើយ​ដើម្បី​ជួយ​ផ្តល់​អាវុធ​ឲ្យ​ដល់​ប្រទេស​ហ្វីលីពីន។ រីឯ​ប៉េកាំង​ ក៏​បាន​គិតគូ​រួចរាល់​ហើយ​​អំពី​លទ្ធភាព​លើ​ការ​ផ្គត់ផ្គង់​​អាវុធ​ដល់​ទីក្រុង​ម៉ានីល​ដើម្បី​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​ទល់​នឹង​អំពើ​ឧក្រឹដ្ឋកម្ម។​

 
ម្យ៉ាងទៀត ទីក្រុង​ប៉េកាំង ក៏​បាន​ប្រកាស​គាំទ្រ​លោក​ Duterte​​នៅ​ក្នុង​យុទ្ធនាការ​របស់​លោក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញាន​-យុទ្ធនាការ​ដែល​បាន​សម្លាប់​មនុស្ស​អស់​ជាង​៥០០០​នាក់​និង​ជំរុញ​ឲ្យ​មាន​ការ​ទិះតៀន​រិះគន់​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​​អង្គការ​ការពារ​សិទ្ធមនុស្ស​និង​អ.ស.ប.។

គួររំលឹកថា ចាប់តាំង​ពី​លោក Duterte ចូល​កាន់​មុខ​តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​៣០​មិថុនា​មុន​មក ជន​ជាង ២០០០​នាក់​ត្រូវ​បាន​ប៉ូលីស​បាញ់​សម្លាប់​ ហើយ​​ជន​រងគ្រោះ​៣០០០​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ក្រុម​ជន​មិន​ស្គាល់​មុខ​កាប់​សម្លាប់។

ទោះបី​ជា​រង​នូវ​ការ​បរិហារ​ពី​សំណាក់​អង្គការ​ការពារ​សិទ្ធមនុស្ស​និង​អ.ស.ប.​យ៉ាង​ណា​ក្តី លោក Duterte ​ នៅ​ចំពោះមុខ​ក្រុម​ពាណិជ្ចករ ​បាន​និយាយ​អួត​អាង​ដោយ​មូតនភាព ថា​ខ្លួន​​លោក​ផ្ទាល់​ក្នុង​ពេល​ធ្វើ​ជា​ចៅ​ហ្វាយ​ក្រុង​​Davao  ក៏​ធ្លាប់​បាន​​សម្លាប់​ជន​សង្ស័យ​អស់​ជា​ច្រើន​រូប​ដែរ​ដើម្បី​បង្ហាញ​ជា​គំរូ​និង​លើក​ទឹកចិត្ត​ដល់​ក្រុម​ប៉ូលីស​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​គ្រឿង​ញាន។

ក្នុង​ជំនាន់​នោះ ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស បាន​បរិហារ​ថា លោក​ Duterte បាន​រៀបចំ​ឲ្យ​មាន​ក្រុម​ឃាតករ​នៅ​ក្រុង Davao -ក្រុម​ឃាតករ​ដែល​បាន​ធ្វើការ​កាប់​សម្លាប់​ជន​ជាង​១០០០​នាក់។

ឆ្លើយ​តប​នឹង​ការ​ទិះតៀន​រិះគន់​របស់​សហគមន៍​អន្តរជាតិ​ ប្រធានាធិបតីថ្មី​របស់​ប្រទេស​ហ្វីលីពីន បាន​ថ្លែង​សារ​ជា​ថ្មី​ម្តង​ទៀត​ថា​”លោក​ពុំ​មាន​ចេតនា​ចង់​បិទ​បញ្ចប់​នយោបាយ​របស់​លោក​ឡើយ ពីព្រោះ​វា​ពុំមែន​ជា​ការ​រំលោភ​ច្បាប់​ណា​មួយ​ឡើយ ដោយហេតុ​ថា ប៉ូលីស​ហ្វីលីពីន បាន​ធ្វើ​សកម្មភាព​ក៏​ដើម្បី​ការពារ​ជាតិ​ឯង​តែ​ប៉ុណ្ណោះ។ រីឯ​ចំនួន​មនុស្ស​ជាច្រើន​ដែល​ត្រូវ​បាន​គេ​សម្លាប់​នោះ គឺ​គ្រាន់តែ​ជា​បញ្ហា​​សង​សឹក​គ្នា​រវាង​ក្រុម​បន​ឧក្រឹដ្ឋជន​តែ​ប៉ុណ្ណោះ-នេះ​ជា​ការ​គូស​បញ្ជាក់​របស់​ប្រធានាធិបតី​ហ្វីលីពីន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ