អានតួអត្ថបទ

​រឿងអាស្រូវ​ពុក​រលួយ​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​​​រាលដាល​ដល់​ការ​បំបែក​បក្ស​

តុលាការ​ធម្មនុញ្ញ​កូរ៉េខាង​ត្បូងនឹង​ចាប់​សិក្សា​សំណុំរឿង​ទម្លាក់​ប្រធានាធិបតី ប៉ាក់​គុនហេ ដោយ​សារ​រឿងអាស្រូវ​​ពុក​រលួយ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​ហើយ។ ការ​ធ្លាក់​ចេញ​ពី​អំណាច ដែល​ពេល​​នេះ ​បាន​រាលដាល​ ចូល​ដំណាក់​ទៀត គំរាមកំហែង​ដល់​គណបក្ស​ និង​ដែល​អាច​ធ្វើ​ឱ្យ​គណបក្ស​នេះ មិន​អាច​វិល​ទៅ​កាន់​អំណាច​វិញ​បានឡើយ ទោះ​បី​ជា​មាន​ឥស្សរជន​ថ្មី​មក​ឈ្មោះក៏​ដោយ។

លោកស្រី Park Geun-hye ក្នុង​ថ្ងៃ​សភា​បោះឆ្នោត​ទម្លាក់​ពី​អំណាច
លោកស្រី Park Geun-hye ក្នុង​ថ្ងៃ​សភា​បោះឆ្នោត​ទម្លាក់​ពី​អំណាច ©Yonhap/ via REUTERS
ផ្សាយពាណិជ្ជកម្ម

តុលាការ​ធម្មនុញ្ញ​មាន​ពេល​១៨០​ថ្ងៃ ក្នុង​ការអារកាត់​សេចក្តី ព្រមព្រៀង​តាម​ សេចក្តី​សម្រេច​ចិត្តរបស់​សភា​​ទម្លាក់​លោកស្រីប្រធានាធិបតី​ ប៉ាក់ គុនហេ​ កាលពី​ថ្ងៃទី ៩ ធ្នូ ឬ​ក៏អត់។ ការ​បោះឆ្នោត​ប្រធានាធិបតី​​មុន​កាល​កំណត់​អាច​នឹង​ត្រូវ​រៀប​ចំ​ឡើង នៅ​រវាង​៦០​ថ្ងៃ ក្នុង​ករណី​ចៅក្រម​ធម្មនុញ្ញបញ្ជាក់​ការដក​តំណែង​លោកស្រីប៉ាក់គុនហេ។

 
ប៉ុន្តែ​ពេល​នេះ បក្ស​អភិរក្ស​កំពុងកាន់​អំណាច​ ក៏កំពុង​តែ​រង្គោះ​រង្គើ​បំផុត តាំង​ពី​មាន​រឿង​អាស្រូវ​ពុក​រលួយ​ប៉ះ​ដល់​លោកស្រី ប៉ាក់ គុនហេ​មក រហូត​ដល់​ថ្នាក់​មិន​អាច​យក​ជ័យជំនះ​ នៅ​ក្នុង​ការ​បោះឆ្នោត​​ខាង​មុខ​ផង។ សមាជិក​សភា​បក្ស​អភិរក្ស​ សែនុរី Saenuri ៣៥​រូប ដែល​ប្រឆាំង​នឹង​លោកស្រី ប៉ាក់ គុនហេ បាន​ប្រកាស​បំបែក​ខ្លួន​ចេញ​​​នៅ​សប្តាហ៍ក្រោយ ដោយ​លើក​ហេតុផល​ថា​មាន​រឿង​អាស្រូវ​និង​វិបត្តិ​នយោបាយ​ធំប៉ុណ្ណេះ​ហើយ បក្សនៅ​​មិន​ព្រម​ធ្វើ​កំណែទម្រង់ទៀត។

ភាព​ប្រេះ​ឆា​ក្នុង​បក្សយ៉ាង​ដូច្នេះ ពិត​ជា​ធ្វើបេក្ខភាព​ប្រធានាធិបតី​ថ្មី របស់​បក្ស​ ដែល​គ្រប់គ្នា​កំពុង​សំឡឹង​ផ្តោត​ទៅ​លើរូប លោក បាន គីមូន អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ផុត​អាណត្តិ​ ពិបាក​នឹង​ការពារ​ប្រយោជន៍បក្ស និង​ការពារ​កម្មវិធី​នយោបាយបែប​​ស្តាំ​កណ្តាល​និយម​ នៅ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​ណាស់។

ប្រសិន​បើ​​​ពិត​ជា​មាន​បំបែក​ខ្លួន​ចេញ នោះ​បក្ស​សែនុរី នឹង​មាន​តែ​ប្រមាណ​៩០​អាសនៈ ក្នុង​ចំណោម​អាសនៈ​សរុប​៣០០ នៅ​ក្នុង​សភា ពោល​តិច​ជាង​គណបក្ស​ប្រជាធិបតេយ្យ​ ជា​បក្ស​ប្រឆាំង​​ឆ្ងាយ​ណាស់។ សមាជិក​សភា​បះបោរ​នេះ ធ្លាប់​បាន​បញ្ចេញ​សំឡេង​រួម​រួប​ជាមួយ​បក្ស​ប្រឆាំង​ក្នុ​ង​ពេល​បោះឆ្នោត​​ទម្លាក់​លោកស្រី​បាក់ គុនហេ។

សូម​បញ្ជាក់​ថា លោកស្រី​ប៉ាក់ គុនហេ ប្រធានាធិបតី​កូរ៉េខាងត្បូង​ប្រសូត​ចេញ​ពី​បក្ស​អភិរក្ស​សែនុរី បាន​ជាប់​សង្ស័យ​ប្រលាក់​ប្រលូស​ក្នុង​រឿង​អាស្រូវ​ពុក​រលួយ​ រំលោភ​អំណាច​ ដោយ​បាន​ផ្តល់​ឯកសារ​ផ្លូវការ​ឱ្យ​មិត្ត​សម្លាញ់ គ្មាន​តួនាទីក្នុង​រដ្ឋាភិបាល​ និង​ដោយ​គ្មាន​អនុញ្ញាត ដើម្បី​បម្រើ​ប្រយោជន៍​ឯកជន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ