អានតួអត្ថបទ
ភូមា

អង្គការ​សហប្រជាជាតិ​បរិហារ​ភូមាថា​ប្រព្រឹត្តឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិលើ​រ៉ូហ៊ីងយ៉ា

រំលោភ ធ្វើ​ឃាត​កុមារ ចាប់​ជំរិត ... ទង្វើ​របស់​ទាហាន​ភូមា​ប្រឆាំង​នឹង​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​ភាគ​ខាង​ជើង​រដ្ឋ​អារ៉ាខាន មាន​ទម្រង់​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។ នេះ​បើ​តាម​សេចក្តី​សន្និដ្ឋាន​របស់​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ ដែល​ទើប​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​នៅ​ល្ងាច​ថ្ងៃ ទី​៣​កុម្ភៈ ២០១៧។

បាតុកម្ម​ប្រឆាំង​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ នៅ​ឥណ្ឌូណេស៊ី កាលពី​ខែ​វិច្ឆិកា ២០១៦
បាតុកម្ម​ប្រឆាំង​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ នៅ​ឥណ្ឌូណេស៊ី កាលពី​ខែ​វិច្ឆិកា ២០១៦ REUTERS/Darren Whiteside
ផ្សាយពាណិជ្ជកម្ម

សម្រាប់​អង្គការ​សហប្រជាជាតិ​ យុទ្ធនាការ​របស់​ពួក​យោធា​ភូមា​ ប្រឆាំង​នឹង​សហគមន៍​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា កាន់​សាសនា​អ៊ីស្លាម កាលពី​ខែ​តុលា​កន្លង​ទៅ​នៅ​តំបន់​​ព្រំដែនខាង​ជើង​ប្រទេស ទំនង​ជា​បាន​ធ្វើ​មាន​មនុស្ស​ស្លាប់​អស់​ជា​ច្រើន​រយ​នាក់ ក្នុង​រយៈ​ពេល​តែ​ប្រមាណ​បួន​ខែ។ ឧត្តម​ស្នងការ​ការពារ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​បញ្ជប់​ជា​បន្ទាន់ នយោបាយ​សាប​ព្រោះ​អំពើ​ឃោរឃៅ​នេះ។

ពលរដ្ឋ​ប្រមាណ​ ៦៦០០០​នាក់ បាន​រត់​គេចទៅ​​បង់ក្លាដែស​ជិត​ខាង បន្ថែម​ពី​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ជាង​២២០០០​នាក់ ដែល​ត្រូវ​ភៀស​ខ្លួន​ក្នុង​ផ្ទៃ​ប្រទេស​ភូមា ដើម្បី​គេច​ពី​ការធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​ទាហាន​ភូមា។ អង្គការ​សហប្រជាជាតិ បាន​ប្រមូល​ភស្តុតាង និង​សក្ខីកម្ម​ របស់​ជនរ៉ូហ៊ីងយ៉ា​នៅ​បង់ក្លាដែស ជា​លក្ខណៈ​បុគ្គល​​បាន​ជាង​២០០​នាក់​ គិត​ចាប់​តាំង​ពី​ខែ​តុលា​មក។ នេះ​បើ​តាម​មេ​ដឹកនាំ​បេសកកម្ម​នៅ​ភូមា​នៃ​ឧត្តម​ស្នងការ​អង្គការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ លោកស្រី Linnea Arvidsson។

បើ​តាម​ប្រសាសន៍​លោកស្រី​ដដែល សក្ខីកម្ម​របស់​ពួក​គេ​អាច​ផ្ទៀង​ផ្ទាត់ និង​មើល​ឃើញ​តាម​រយៈ​ការ​វិភាគ​រូបភាព​ផ្កាយ​រណបរបស់​​អង្គការ​សហប្រជាជាតិ។ ចុះ​តើ​នរណា​ជា​អ្នក​ប្រព្រឹត្ត​អំពើ​អមនុស្សធម៌​នេះ ?! ចម្លើយ​របស់​លោកស្រី គឺ​ទាហាន​ភូមា ព្រមទាំង​ប៉ូលិស​ការពារ​ព្រំដែន និង​ប៉ូលិស​ធម្មតា​។ ដូច្នេះ​មាន​ន័យ​ថា​មាន​កង​កម្លាំង​រក្សា​សន្តិសុខ​ភូមា​បី​ប្រភេទ​ ដែល​បាន​លូក​លាន់​ក្នុង​ប្រតិបត្តិការ​បោស​សម្អាត​ជនជាតិ​រ៉ូហ៊ីងយ៉ា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ