អានតួអត្ថបទ
ភូមា

មន្រ្តី អ.ស.ប​ចុះ​ស៊ើបអង្កេត​ករណី​រំលោភ​សិទ្ធិ​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅភូមា

អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ នៅ​ភូមា នៅ​ថ្ងៃ​សុក្រ ទី ១៣​មករា បាន​ធ្វើ​ដំណើរ ទៅ​ដល់​រដ្ឋរាគីន ជាទី​ដែល​លោកស្រី​ផ្តើម​ស៊ើបអង្កេត​ករណី​រំលោភ​សិទ្ធិ​ជនជាតិ​រ៉ូហ៊ីងយ៉ា ប្រព្រឹត្ត​ដោយ​ក្រុមទាហាន​ភូមា។ លោកស្រី​លី យ៉ង់ហេ ត្រូវ​បំពេញ​ទស្សនកិច្ច​រយៈពេល ១២​ថ្ងៃ នៅ​ប្រទេស​ភូមា ដើម្បី​ស៊ើបអង្កេត​ទៅ​លើ​អំពើ​ហិង្សា​ដែល​បាន​ផ្ទុះឡើង នៅ​ប៉ុន្មាន​ខែ​ចុងក្រោយនេះ និង​ដែល​មានជនជាតិ​ភាគតិច រ៉ូហ៊ីងយ៉ា​ទទួល​រងគ្រោះ ធ្ងន់ធ្ងរ​ជាងគេ។ 

លោកស្រី​អ្នករាយការណ៍​ពិសេស​របស់​អសប Yanghee Lee (កណ្តាល) ដើរ​ចេញ​ពី ជំរំ​ជនភាគតិច​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋ​រ៉ាគីន ឆ្នាំ ២០១៥
លោកស្រី​អ្នករាយការណ៍​ពិសេស​របស់​អសប Yanghee Lee (កណ្តាល) ដើរ​ចេញ​ពី ជំរំ​ជនភាគតិច​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋ​រ៉ាគីន ឆ្នាំ ២០១៥ AFP PHOTO / STR
ផ្សាយពាណិជ្ជកម្ម

អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​ដំណើរ​ទៅដល់​រដ្ឋ​រ៉ាគីន ប៉ែក​ខាងលិច​ភូមា បន្ទាប់​ពី​មាន​បណ្តឹង និង​ព័ត៌មាន​ស្តីពី​ការរំលោភ​សិទ្ធិមនុស្ស​ដ៏ធ្ងន់ធ្ងរ​ទៅលើ​ជនជាតិ​ភាគតិច នៅ​ក្នុង​រដ្ឋ​ជាប់ព្រំដែនប្រទេស​​បង់ក្លាដែស​។ តាំង​ពី​ខែ​តុលា​ឆ្នាំមុន យោធា​ភូមា​បាន​ចុះទៅ​បង្រ្កាប ​នៅ​តំបន់​ភាគខាងជើង​រដ្ឋរ៉ាគីន ដែល​បើតាម​អង្គការ​សហប្រជាជាតិ បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង ៦​ម៉ឺន​នាក់ រត់ភៀសខ្លួន ទៅក្នុង​ប្រទេស​បង់ក្លាដែស។ ជនភៀសខ្លួន​បាន​រៀបរាប់​ពីការធ្វើ​ទុក្ខបុកម្នេញ របស់​ទាហាន​ភូមា ដែល​បាន​ដុតផ្ទះ​សម្បែង ចាប់រំលោភ​ផ្លូវភេទ និង​បាញ់សម្លាប់​ក្រៅផ្លូវច្បាប់ ទៅលើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។

 
រដ្ឋាភិបាល​ភូមា​របស់​លោកស្រី​អ៊ុងសាន ស៊ូជី​បាន​បដិសេធ​ការចោទប្រកាន់ និង​អះអាងទៅវិញ ថា នៅ​រ៉ាគីន ក្រុមយោធា​បាន​បើក​ប្រតិបត្តិការ​បោសសម្អាត ក្រុម​ជនបះបោរ ដែល​បាន​វាយប្រហារ​ទៅលើ​ប៉ុស្តច្រក​ពិនិត្យ​របស់​ប៉ូលិស​នៅ​ព្រំដែន។

នៅ​ថ្ងៃ សុក្រ នៅពេល​ទៅ​ដល់​រដ្ឋរ៉ាគីន លោកស្រី អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​ចូលជួប ពិភាក្សា​ជាមួយ​តំណាង​គណបក្ស​កាន់អំណាច ប៉ុន្តែ ផ្ទុយទៅវិញ លោកស្រី​ត្រូវ​បាន​មន្រ្តី​គណបក្ស​ជាតិ អារ៉ាកាន ដែល​មាន​សំឡេង​គាំទ្រ​ផ្តាច់មុខ នៅ​រ៉ាគីន បដិសេធ​មិន​ឲ្យ​ចូល​ជួប។ គណបក្ស​ជាតិ​អារ៉ាកាន ធ្លាប់​បាន​ប្រឆាំង​ដាច់​ខាត មិន​ឲ្យ​គេ​ផ្តល់​សញ្ជាតិ​ភូមា​ដល់​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋរ៉ាគីន។ នៅ​ឆ្នាំ ២០១២ រដ្ឋរ៉ាគីន​ធ្លាប់​ជា​កន្លែង​ដែល​ផ្ទុះកើត​ដំបូង​នៃ​ជម្លោះហិង្សា​រវាង​សហគមន៍​អ្នកកាន់​ពុទ្ធសាសនា និង​ក្រុមជនជាតិ​ភាគតិច រ៉ូហ៊ីងយ៉ា ដែល​កាន់​សាសនា​អ៊ីស្លាម។

អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ លោកស្រី​លី យ៉ង់ហេ ​ផ្ទាល់​ធ្លាប់​ត្រូវ​បាន​មេដឹកនាំ​សង្ឃ​ភូមា គំរាម​សម្លាប់ និង ជេរ​ប្រមាថ ថា ជាស្រី​លក់ខ្លួន បន្ទាប់​ពី​លោកស្រី​បាន​រិះគន់​រដ្ឋាភិបាល​ភូមា ថា បាន​បណ្តោយ​ឲ្យ​ជនជាតិ ភាគតិច​រ៉ូហ៊ីងយ៉ា​រស់នៅ​ក្នុង​ភាពក្រីក្រ និង​រង​ការបង្រ្កាប​​ហិង្សា​ពី​សំណាក់​អាជ្ញាធរ។

រឿងធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​កាន់​សាសនា​អ៊ីស្លាម​បាន​បណ្តាល​ឲ្យ​មាន​ប្រតិកម្ម​រិះគន់​ពី​អង្គការ​ការពារ​សិទ្ធមនុស្ស និង​សហគមន៍​អន្តរជាតិ។ រដ្ឋាភិបាល​ម៉ាឡេស៊ី ធ្លាប់​បាន​អំពាវនាវ​ឲ្យ​លោកស្រី​អ៊ុងសាន ស៊ូជី​អន្តរាគម បញ្ឈប់​អំពើ​ហិង្សា​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ នៅ​សប្តាហ៍ក្រោយ ម៉ាឡេស៊ី ដែល​កាន់​សាសនា​អ៊ីស្លាម​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ បើក​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស របស់​បណ្តា​ប្រទេស​អ៊ីស្លាម ដើម្បី​និយាយ​ពី​វិបត្តិជនភៀសខ្លួន រ៉ូហ៊ីងយ៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ