អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នាយក​រដ្ឋមន្ត្រី​ជប៉ុន​និង​ប្រធានាធិបតី​អាមេរិក​រឹត​ចំណង​សម្ព័ន្ធភាព​លើធ្លា​​វាយកូនហ្គោល

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ បាន​អញ្ជើញ​ទៅ​ដល់​ក្រុង​វ៉ាស៊ីនតោន​ហើយ នៅ​ល្ងាច​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ ដើម្បីបើក​ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតីអាមេរិក​ថ្មី ដូណាល់ ត្រាំ។ ក្រៅ​អំពី​​ជំនួប​នៅ​សេតវិមាន​ នៅ​វេលា​ម៉ោង ៥​ម៉ោង​សកល និង​សន្និសីទ​កាសែត​រួម​គ្នា​ដែល​គេ​រង់ចាំ​បំផុត នៅ​វេលាម៉ោង ៦ ម៉ោង​សកល​ ប្រមុខ​ដឹកនាំ​ទាំង​ពីរ នឹង​ធ្វើ​ដំណើរ​រួម​គ្នា​តាម​យន្តហោះ​ប្រធានាធិបតី​អាមេរិក ទៅ​Florida ​លំហែ​កាយ​ថ្ងៃ​​ចុង​សប្តាហ៍ លេង​​កីឡា​វាយ​កូន​ហ្គោល​រួម​គ្នា​ពេញ​មួយ​ថ្ងៃ​សៅរ៍។

នា​យក​រដ្ឋមន្ត្រី​ជប៉ុនលោក  Shinzo Abeនិង​ភរិយា ពេល​អញ្ជើញ​ដល់​ក្រុង​វ៉ាស៊ីនតោន ថ្ងៃទី ៩ កុម្ភៈ ២០១៧
នា​យក​រដ្ឋមន្ត្រី​ជប៉ុនលោក Shinzo Abeនិង​ភរិយា ពេល​អញ្ជើញ​ដល់​ក្រុង​វ៉ាស៊ីនតោន ថ្ងៃទី ៩ កុម្ភៈ ២០១៧ REUTERS/Joshua Roberts
ផ្សាយពាណិជ្ជកម្ម

លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស្ហ៊ីនហ្សូ អាបេ កំពុង​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​​​ នៅ​សហរដ្ឋ​អាមេរិក។ លោក គឺ​ជា​ប្រមុខ​ដឹកនាំ​បរទេស​ទីពីរ​ហើយ​ ដែល​លោក​ដូណាល់ ត្រាំ បាន​ទទួល​ជួប​នៅ​សេតវិមាន គិត​ចាប់​តាំង​ពី​លោក​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​មក និង​ ជា​ប្រមុខ​ដឹកនាំ​បរទេស​ទី​មួយ ដែល​បាន​ជួប​លោកត្រាំ ក្រោយ​ជាប់​ឆ្នោត​ភ្លាម។ នៅ​លើក​នេះ​ក៏​លើក​មុន  ​លោក អាបេ មាន​កម្មវត្ថុ​ចម្បង​មួយ គឺ​ស្វែង​រក​ការ​ធានារ៉ាប់រង​និង​ចង់បញ្ជាក់​អំពីភាព​រឹង​មាំ​នៃ​​សម្ព័ន្ធ​ភាព​ជប៉ុន-អាមេរិក។ លោក​​ចង់បង្ហាញ​ថា ការ​រឹត​ចំណង​សម្ព័ន្ធភាព ក៏​ជា​ការជា​ពង្រឹង​ចំណង​បុគ្គល​ជាមួយ​លោក ដូណាល់ ត្រាំ​តែ​ម្តង។

 
នៅ​ក្នុង​ជំនួប​លើក​នេះ ប្រមុខ​ដឹកនាំ​ទាំង​ពីរ ទំនង​ជា​នឹង​ផ្តោត​កិច្ច​ពិភាក្សា​គ្នា​តែ​លើ​បញ្ហា​ សន្តិសុខ និង​សេដ្ឋកិច្ច ព្រោះ​អាមេរិក​និង​ជប៉ុន​ចង់​បង្ហាញ​អំពី​​រលូន ល្អូកល្អើន នៃ​ជំនួប។ ប្រភព​ព័ត៌មាន​ស្និទ្ធ​​នឹង​ប្រធានាធិបតី​ត្រាំ បាន​ព្រលយ​ឱ្យ​ដឹង​ កាលពី​ថ្ងៃព្រហស្បតិ៍ ថាប្រធានាធិបតីថ្មី​​នឹង​​បញ្ជាក់​អំពីកិច្ចសន្យា​របស់​អាមេរិក​រក្សាការពារ​ចំណង​សម្ព័ន្ធភាព​ទ្វេ​ភាគី​អាមេរិក-ជប៉ុន​ ក្នុង​វិស័យ​សន្តិសុខ។ ពាក្យ​ដែល​បានផ្តល់​ភាព​កក់​ក្តៅ​ខ្លាំងឡើង​វិញ​​ដល់​ភាគី​ជប៉ុន ដែល​តែង​តែព្រួយ​បារម្ភ​​​ចំពោះ​ការ​ស្ទុះ​ឡើង​យ៉ាង​ខ្លាំង​របស់​ចិនជិត​ខាងផង និង​ដែល​​ខ្លាច​អាមេរិក​របស់​លោក​ត្រាំ ដក​ខ្លួន​ចេញ​ពី​តំបន់​អាស៊ីប៉ាស៊ីហ្វីក ឬ​រេ​ទៅ​ចិន លែង​ខ្វល់​ពី​​​​បញ្ហា​សន្តិសុខ​នៅ​អាស៊ី។ ​ ​កិច្ចពិភាក្សា​តាម​​ទូរស័ព្ទ យប់​មិញ រវាង​លោក ដូណាល់ ត្រាំ និង​សមភាគី​ចិន ស៊ី ជិនពីង ដ៏​ល្អូក​ល្អើន រឹត​តែ​ធ្វើ​ឱ្យ​លោក​អាបេ ចង់​ជួបនិយាយ​គ្នា​​ជាមួយ​លោក​ ដូណាល់ ត្រាំ ខ្លាំង​ទៀត។

លោក អាបេ ដែល​ចាត់​ទុក សម្ព័ន្ធ​ភាពអាមេរិក-ជប៉ុន ជា​អាទិភាព​​ទី​មួយ សង្ឃឹម​ថា​​ជំនួប​ពីរ​ថ្ងៃ​នេះ អាច​ព្រលាត់​បំភ្លឺ​បាន​កាន់​តែ​ច្បាស់​អំពីជោគវាសនា​អនាគត​នៃ​ទំនាក់​ទំនងសេដ្ឋកិច្ច​ទ្វេ​ភាគី ​ព្រោះ​​លោក​ត្រាំ​ធ្លាប់​បាន​រិះគន់​ខ្លាំង​ៗ​កន្លង​មកនយោបាយពាណិជ្ជកម្ម​-ទីផ្សារ​យានយន្ត​ជប៉ុន (ដៃ​គូ​សេដ្ឋកិច្ច​សំខាន់ទីពីរ​បន្ទាប់​ពី​ចិន) ក្នុង​ពេល​ឃោសនាផង និងកាលពី​ថ្ងៃទី ៣១​មករា​​ទៀត ចំពោះ​​នយោបាយ​​រូបិយវត្ថុ​ជប៉ុន​។

​​

ជំនួប​រវាង​លោក Shinzo Abe និង​ Donald Trump នៅ​ New Yorkថ្ងៃទី ១៧ វិច្ឆិកា ២០១៦
ជំនួប​រវាង​លោក Shinzo Abe និង​ Donald Trump នៅ​ New Yorkថ្ងៃទី ១៧ វិច្ឆិកា ២០១៦ Cabinet Public Relations Office/Handout via Reuters

សម្ព័ន្ធភាព​ទ្វេភាគី​អាមេរិក-ជប៉ុន លើ​វិស័យ​ សន្តិសុខ និង​សេដ្ឋកិច្ច

លោក អាបេ នឹង​និយាយ​ទៅ​កាន់​លោក​ត្រាំ ថា ជប៉ុន​បាន​និង​កំពុង​ពង្រឹង​សមត្ថភាព​យោធា និង​ទទួល​បន្ទុក​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​តួនាទី​ដ៏​សំខាន់ រក្សា​សន្តិសុខ​តំបន់។ ហើយ​ជា​ថ្នូរ​មក​វិញ លោកអាបេ សង្ឃឹម​ថា​លោក​ត្រាំ​ នឹង​បញ្ជាក់​ជា​ថ្មី​អំពី​កាតព្វកិច្ចអាមេរិក​ ក្នុង​ការ​ពារ​ជាជប៉ុន ប្រឈម​ទប់​ជាពិសេស​ទៅ​នឹង​ការ​ទាមទារ​ក្រសោប​ដែន​ដី នៅក្នុង​សមុទ្ទ​ចិន​ខាងកើត។

នៅ​លើ​វិស័យ​សេដ្ឋកិច្ចវិញ ! នៅ​ចំពោះ​លោក ដូណាល់ ត្រាំ ដែល​គិត​តែ​ពី​ការ​ពារ​ប្រយោជន៍​អាមេរិក Made in America នោះ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ដែលដឹកនាំ​គណៈប្រតិភូ​ មួយ​ក្រុម​ធំ មាន​ទាំង​ឧបនាយករដ្ឋមន្ត្រីនិង​ជារដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ Taro Aso ព្រមទាំង​រដ្ឋមន្ត្រី​ការបរទេស ​នឹង​ស្នើ​ផែនការលម្អិត​៥​ចំណុច និង​​គម្រោង​ផែនការ ជាក់ស្តែង ​​បង្កើត​ការងារ​ចំនួន ៧សែនការងារ​ នៅ​ក្នុង​ទឹក​ដី​អាមេរិក​ផ្ទាល់​តែ​ម្តង។ ជាង​នេះ​ទៅ​ទៀត ជប៉ុន​ស្នើ​បង្កើត​ទីផ្សារ​ថ្មី ដែល​មាន​តម្លៃ​ដល់​ទៅ ៤៥០ពាន់​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ ​ក្នុង​វិស័យ​វិនិយោគ​​បច្ចេកវិទ្យាជាន់​ខ្ពស់ និង​ការ​សាងសង់​រថភ្លើង​ល្បឿន​លឿន​ នៅ​តិចសាស់ និងកាលីហ្វ័រនី។

ជប៉ុន​ចៀស​មិន​​សើ​រើ រឿង​អាមេរិក​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​ អន្តរប៉ាស៊ីហ្វីក​ទេ តែ​ដោយ​បាន​ផ្តោត​ខ្លាំង​តែ​លើ​ការស្វែង​រក​​កិច្ចព្រមព្រៀង​ទ្វេភាគី ដែល​ផ្តល់​លទ្ធផល​​ប្រហាក់​ប្រហែល​នឹង​សន្ធិសញ្ញា​អន្តរប៉ាស៊ីហ្វិក​។

កីឡា​វាយ​កូន​ហ្គោល ជា​ស្ពាន​មេត្រីភាព

​ពេល​នេះ គេ​ពិបាក​នឹង​ប៉ាន់​ស្មាន ឬ​មិន​អាចស្មានបាន​សោះ​​អំពី​ឥរិយាបថ​របស់​លោក​ ដូណាល់ ត្រាំ ក្នុង​ជំនួប​នៅ​សេតវិមាន​ ​ជប៉ុន​សង្ឃឹម​ថា ការ​បាន​លេង​​វាយ​កូនហ្គោល​រួម​គ្នា ដែល​ជាជំនក់​ចិត្ត​របស់​មេ​ដឹកនាំ​ទាំង​ពីរ នឹង​សម្រួល​ឱ្យ​អ្នក​ទាំង​ពីរ​បាន​ត្រូវ​រ៉ូវ​គ្នា។

លោក ស្ហ៊ីនហ្សូ អាបេ បាន​ធ្វើ​កាដូ​ក្លឹប​កូន​ហ្កោល​មួយ​ ដល់​លោក​ដូណាល់ត្រាំ នៅពេល​បាន​ជួប​លោក​ជា​លើក​ដំបូង កាលពី​ខែ​វិច្ឆិកា​២០១៦។ ជីតា​របស់​លោក អាបេ ដែល​ធ្លាប់​ជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ដែរ កាលពី​ឆ្នាំ​១៩៥៧ ដល់​ឆ្នាំ​ ១៩៦០ និង​ដែល​លោក​អាបេ គោរព​ដើរ​តាម​គន្លង​-​ជា​គំរូ ធ្លាប់​បាន​ធ្វើ​កាដូ​ដូចគ្នា​ ទៅ​ឱ្យ​ប្រធានាធិបតី អាមេរិក លោក Dwight D. Eisenhower និង​បាន​​លេង​កីឡា​វាយកូនហ្កោល​ជាមួយ​គ្នា នៅ​ឆ្នាំ​១៩៥៧ នៅ​រដ្ឋ​ ម៉ារីឡែន maryland។ កាលណោះ សារព័ត៌មាន​បាន​ប្រកាស​អប​អរ​ ថា​មាន​ “ជោគជ័យការទូត”។

យើង​រង់ចាំ​មើល ថា​តើ​ប្រវត្តិសាស្ត្រ​​នឹង​ដើរ​ជាន់​ដាន​ទៀត ដោយ​ចារ​ជា​ថ្មី​ ជោគជ័យ​​នៃ​​ជំនួប​រវាង​ អាបេនិង​ត្រាំ​ លើ​វាល​ស្មៅ​ ក្នុង​ទំព័រ​មួយ​សន្លឹក​​​ទៀត​ឬអត់ ?​!

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ