អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឃាតកម្ម​លើ​បង​ប្រុស​របស់​គីមជុងអ៊ុន ក្លាយ​ជា​សម្ពាធ​​រវាង​កូរ៉េខាង​ជើង​ និង​ម៉ាឡេស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃសៅរ៍​នេះ ប៉ូលិស​ម៉ាឡេស៊ី បាន​ប្រកាស​ចាប់​បុរស​ជាតិ​កូរ៉េខាង​ជើង​ម្នាក់​ក្នុង​ក្របខ័ណ្ឌ​អង្កេត​​លើ​ឃាតកម្ម​សម្លាប់​ លោក គីម ជុង​ណាម បង​ប្រុស​បង្កើត​ម្តាយ​ទីទៃ​របស់​ប្រមុខ​​ដឹកនាំ​កូរ៉េខាង​ជើង​គីម ជុនអ៊ុន។ នេះ​ជាការ​ចាប់​ខ្លួន​ជន​ទី​បួន​ហើយ​។ ហើយ​ក៏​ជា​លើក​ទី​មួយ​ដែរ គិត​ចាប់​តាំង​ពី​មាន​ហេតុការណ៍​ឃាតកម្ម​នៅ​ក្រុង​កូឡាឡាំពួរ​មក ដែល​ប្រមុខ​ការ​ទូត​កូរ៉េខាង​ជើង​បាន​បញ្ចេញ​ប្រតិកម្ម​ផ្លូវការ​។ សម្ពាធ​តាន​តឹង​រវាង​កូរ៉េខាង​ជើង និង​ម៉ាឡេស៊ី បាន​ឡើង​តាន​តឹង​មិន​ធ្លាប់មាន​ទេ។​

សារព័ត៌មាន​ម៉ាឡេស៊ី​ចុះ​ផ្សាយ​ឃាតកម្ម​របស់​បងប្រុស​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង គីម ជុងអ៊ុន
សារព័ត៌មាន​ម៉ាឡេស៊ី​ចុះ​ផ្សាយ​ឃាតកម្ម​របស់​បងប្រុស​ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង គីម ជុងអ៊ុន Reuters
ផ្សាយពាណិជ្ជកម្ម

ជន​សង្ស័យ​ទី​បួន ត្រូវ​បាន​ចាប់​ខ្លួន កាលពី​យប់​ថ្ងៃសុក្រ​ម្សិលមិញ ដោយ​មាន​ជាប់​នឹង​ខ្លួន​នូវ​ឯកសារ​ដែល​ម៉ាឡេស៊ី​ផ្តល់​ឱ្យ​ក្នុង​នាម​ជាពលករ​បរទេស។ គឺ​តាម​រយៈ​ក្រដាស​នោះ​ហើយ​ទើប​គេ​​អាច​កំណត់​សញ្ញា​ណ​បាន​ថា​ ជា​ពលករ​កូរ៉េខាងជើង អាយុ​ ៤៦​ឆ្នាំ មាន​ឈ្មោះ​ថា​ រី ចុង ចល។ ប៉ូលិស​ក៏​បាន​ផ្តើម​​ចោទ​សួរ​ជនសង្ស័យ​ចាប់​បាន​ពីរ​នាក់​ដំបូង ៖ ស្រ្តី​ម្នាក់​ដំបូង​កាន់​លិខិត​ឆ្លង​ដែន​វៀតណាម (២៨ឆ្នាំ) និង​ស្ត្រី​ម្នាក់ទៀត កាន់​លិខិត​ឆ្លង​ដែន​ឥណ្ឌូណេស៊ី (២៥ឆ្នាំ) ព្រមទាំង​មិត្ត​របស់​របស់​នាង​ ជា​ជនជាតិ​ម៉ាឡេស៊ី អាយុ​២៦​ឆ្នាំ។​

បើតាម​មេប៉ូលិស​ឥណ្ឌូណេស៊ី ថ្លែង​ទៅ​កាន់​​សារព័ត៌មាន​ឥណ្ឌូណេស៊ី មាន​ជន​មិន​ស្គាល់​មុខ​បាន​មក​ព្រលួង​នាង​ឥណ្ឌូណេស៊ី ឱ្យ​ជឿ​ថា​កំពុង​​លេង​ល្បែង​កំប្លែង​ទូរទស្សន៍ បែប​​កាមេរ៉ាលួច​ថត​ ដោយ​ត្រូវ​ជះ​វត្ថុ​រាវ​​ទៅ​លើ​ជន​រងគ្រោះ។ នាង​មិន​បាន​ដឹង​សោះ​ឡើយ​ថា​ជា​ប៉ុនប៉ង​ធ្វើ​ឃាតកម្ម។

ចំពោះ​ច្បាប់និង​ប៉ូលិស​​នៅ​ម៉ាឡេស៊ី​វិញ ដែលមាន​កាតព្វកិច្ច​​វែក​រក​ពន្លឺ​ដើម​ហេតុ​នៃ​ឃាតកម្ម​ដ៏​អស្ចារ្យ​នេះ​វិញ​ បាន​ផ្តើម​ធ្វើ​វិភាគ​កោសល្យវិច័យ​​ លើ​រូប​សាកសព​ លោក គីម ជុង​ណាម អាយុ​៤៥ឆ្នាំ​នេះ​ហើយ ដើម្បី​កំណត់​ថា​តើ​សារធាតុ​ពុល​​ដែល​គេ​យក​មក​ជះលើ​មុខ​គាត់​ ជា​សារធាតុ​ពុល​អ្វី ?!

ម្យ៉ាង​វិញ​ទៀត ម៉ាឡេស៊ី ត្រូវ​ការធ្វើ​វិភាគ​ADN សាកសព ដើម្បី​ឱ្យ​ប្រាកដ​ថា តើ​អ្នក​ស្លាប់​ពិត​ជា​ គីម ជុងណាម​មែន​ឬយ៉ាងណា។​ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ម៉ោង​នេះ ពេល​នេះ​គ្មាន​សមាជិក​ក្រុម​គ្រួសារ​ណា​ម្នាក់ ឬ​មនុស្ស​ស្និទ្ធ​ណា​ម្នាក់ មក​បញ្ជាក់​អត្តសញ្ញាណ ឬ​ទាមទារ​សាក​សព​ទេ​។ ដូច្នេះ​អាជ្ញាធរ​ម៉ាឡេស៊ី ក៏​គ្មាន​អេសង់ទីយ៉ុង អាដេអិន សម្រាប់​មក​ផ្ទៀង​ផ្ទាត់​អត្តសញ្ញាណពិត​របស់​អ្នក​ស្លាប់​ដែរ។

ឯកអគ្គរដ្ឋ​ទូត​កូរ៉េខាង​ជើង នៅ​ម៉ាឡេស៊ី​ (កណ្តាល) ​មិន​ទទួល​ស្គាល់​កោសល្យវិច័យ​របស់​ម៉ាឡេស៊ី
ឯកអគ្គរដ្ឋ​ទូត​កូរ៉េខាង​ជើង នៅ​ម៉ាឡេស៊ី​ (កណ្តាល) ​មិន​ទទួល​ស្គាល់​កោសល្យវិច័យ​របស់​ម៉ាឡេស៊ី © Reuters

ឃាតកម្ម​​បង្កើត​សម្ពាធ ​រវាង​កូរ៉េខាង​ជើង ​ម៉ាឡេស៊ី

​កូរ៉េខាង​ជើង និង​ម៉ាឡេស៊ី មាន​​ទំនាក់ទំនង​ដ៏​រលូន​ និងស្និទ្ធស្នាល​នឹង​គ្នា។ ពលរដ្ឋ​ប្រទេស​ទាំងពីរ​នេះ​អាច​ធ្វើ​ដំណើរ​ទៅ​មក​កូរ៉េខាង​ជើង- ​ម៉ាឡេស៊ី​ ដោយ​គ្មាន​ចាំ​បាច់​សុំ​ទិដ្ឋាការ​ឡើយ។ វា​គឺ​ជាករណី​ដ៏​កម្រ​បំផុត​​សម្រាប់​ពលរដ្ឋ​កូរ៉េខាង​ជើង ដែល​ល្បី​ថា​ប្រទេស​ឯកា​ បំផុត​មួយ​លើ​លោក​នោះ។

ម៉ាឡេស៊ី​ធ្លាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះម្តង​ជា​ពីរ​ដង ទទួល​ឱ្យ​មាន​ជំនួប​ក្រៅ​ផ្លូវការ​ រវាង​កូរ៉េខាង​ជើង ជាមួយ​អាមេរិក ក្នុង​សំណុំ​រឿង​ចរចា​នុយក្លេអ៊ែរ ជាក់ស្តែង​គឺ​ជា​ជំនួប​កាលពី​ថ្មីៗ រវាង​ភាគី​ព្យុងយ៉ាង​និង​វ៉ាស៊ីនតោន ដោយ​បិទ​ទ្វារ នៅ​ក្រុង​កូឡាឡាំពួរ កាលពី​ខែ​តុលា​ឆ្នាំ​២០១៦។

ក៏​ប៉ុន្តែ​សម្ពាធ​ហាក់​ផ្តើម​ប៉ោង​ឡើង នៅ​ល្ងាច​មិញ។ ​ឯកអគ្គរដ្ឋ​ទូត​កូរ៉េខាង​ជើង ប្រចាំ​ក្រុង​កូឡាឡាំពួ លោក កង់ ចូល បាន​ដំឡើង​សំឡេង តាម​សេចក្តី​ថ្លែងការណ៍​មួយ​ទៅ​កាន់​អ្នក​សារព័ត៌មាន ពី​ទី​តម្កល់​សព​លោក គីម ជុងណាម ថា​ កូរ៉េខាង​ជើង ច្រាន​ចោល​ទាំង​ស្រុង មិន​ទទួល​ស្គាល់​លទ្ធផល​​នៃ​ការ​ធ្វើ​កោសល្យ​វិច័យ​លើ​សាកសព ដែល​ម៉ាឡេស៊ី​សម្រេច​ធ្វើ ដោយ​គ្មាន​ការ​ព្រមព្រៀង និង​គ្មាន​វត្តមានរបស់​កូរ៉េខាង​ជើង​ឡើយ។ មិន​តែ​ប៉ុណ្ណោះ លោក កង់ ចូល បាន​​បញ្ជាក់​បន្ថែម​ទៀត ថា​បាន​ស្នើសុំ​ហើយ​សុំ​ទៀត យក​សាកសព​នោះ​ទៅ​ប្រទេស​កូរ៉េខាង​ជើង​វិញ តែ​ប៉ូលិស​ម៉ាឡេស៊ី​បដិសេធ។​

នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ គិត​ចាប់​ពី​ហេតុការណ៍​ឃាតកម្ម​បាន​កើត​ឡើង ដែល​ប្រមុខ​ការ​ទូតកូរ៉េខាង​ជើង​បាន​ចេញ​មុខ​​បញ្ចេញ​ប្រតិកម្ម​ជា​ផ្លូវការ និង​ជា​សាធារណៈ​បែប​ព្រមទាំង​ បាន​រាលដាល​ ដោយ​ប្រើពាក្យ​បញ្ឆិត​បញ្ឆៀង​ថា នេះ​គឺ​ដោយ​សារ​តែ​មាន​មនុស្ស​អាក្រក់​ចង់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កូរ៉េខាង​ជើង។ មនុស្ស​អាក្រក់​ប្រកប​ដោយភាព​ស្អប់​ខ្ពើម​នោះ​គឺ​សម្តៅ​ទៅ​លើ​កូរ៉េខាង​ត្បូង។

ប៉ុន្តែ​ខាង​ភាគី ម្ចាស់​ដី ម៉ាឡេស៊ី ក៏​ធ្លាប់​បាន​ព្រមាន​ព្យុងយ៉ាង​ឱ្យ​បាន​ដឹង​តាំង​ពី​ដំបូង​មក​ម្ល៉េះ​ថា ដរាប​ណា​ដំណើរការ​ច្បាប់​​មិន​ទាន់​ចប់ ម៉ាឡេស៊ី​មិន​ប្រគល់​សព​ទៅ​ឱ្យ​ឡើយ បើ​ទោះ​បី​ជា​ម៉ាឡេស៊ី​បាន​ទទួល​ពាក្យ​ស្នើ​សុំ​ក៏​ដោយ។ ពោល​គឺ​បើ​គ្មាន​ការ​វិភាគ​បញ្ជាក់​ តាម​បែប​វិទ្យាសាស្ត្រ​ អំពី​អត្តសញ្ញាណ​អ្នក​ស្លាប់​ទេ នោះ​ម៉ាឡេស៊ី​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ