អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រទេស​ផលិត​ស្រូវសាឡី ប្រើប្រាស់​ប្រភពទឹក​ក្រោមដី ច្រើន​លើសលុប គួរ​ឲ្យ​បារម្ភ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពិភពលោក​កំពុងបូម ប្រើប្រាស់ ទឹក​ក្រោមដី​ក្នុង​ល្បឿន​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ។ តាម​ការសិក្សា​មួយ ដែល​ចុះផ្សាយ នៅក្នុង​ទស្សនាវដ្តី Nature នៅថ្ងៃព្រហស្បតិ៍​ទី ៣០​មីនា ការបូម ប្រើ​ប្រាស់​ប្រភព​ទឹកក្រោមដី មាន​កាន់តែច្រើន សម្រាប់​ផលិត​ចំណីអាហារ ក្នុង​ពិភពលោក។ ការប្រើប្រាស់​ច្រើន​ហួសហេតុ ប្រភព​ទឹកក្រោមដី​នឹង​អាច​ធ្វើ​ឲ្យ​មនុស្ស​ប្រឈម​នឹង​ការខ្វះទឹក​សម្រាប់​បរិភោគ និង​សម្រាប់​វិស័យ​កសិកម្ម ដែល​ផលិត​ចំណីអាហារ ក្នុង​ពិភពលោក។

វាល​កសិដ្ឋាន​នៅ Muenzenberg ក្បេរGiessenនៅ​ប្រទេស​​អាល្លឺម៉ង់
វាល​កសិដ្ឋាន​នៅ Muenzenberg ក្បេរGiessenនៅ​ប្រទេស​​អាល្លឺម៉ង់ ©Frank Rumpenhorst / dpa / AFP
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ការសិក្សា​ដែល​ចេញផ្សាយ​នៅថ្ងៃនេះ ដោយ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្រ្ត​ដ៏​ល្បីឈ្មោះ Nature អ្នកស្រាវជ្រាវ​លើក​ឡើង​ពី​ការប្រើប្រាស់​ប្រភពទឹក​ក្រោមដី ដ៏ច្រើន​ហួសហេតុ ដែល​នឹង​អាច​ធ្វើ​ឲ្យ​មាន​កើត​មាន​វិបត្តិ​ខ្វះទឹក​ក្នុង​ពិភពលោក។ តាមការសិក្សា​ដែល​ធ្វើ​ឡើង​ដោយ​អ្នកវិទ្យាសាស្រ្ត​អន្តរជាតិ ចំនួន​៤​រូប ៩០ភាគរយ​នៃ​ប្រភពទឹក​ក្រោមដី ដែល​គេ​បាន​បូម ត្រូវ​បាន​យក​ទៅប្រើប្រាស់​សម្រាប់​វិស័យ​កសិកម្ម និង​នៅ​តាម​បណ្តាទីក្រុង​ដែល​សំបូរ​មនុស្ស​រស់នៅច្រើន នៅ​តំបន់ស្ងួតហួតហែង ដូចជាអារ៉ាប៊ី សាអូឌីត​ជាដើម។ មាន ប៉ាគីស្ថាន ចិន អាមេរិក អារ៉ាប៊ី សាអូឌីត អ៊ីរ៉ង់ឥណ្ឌា និង​ម៉ិចស៊ិក ​ជាដើម ដែល​សុទ្ធ​ជា​ជង្រុក​ផលិត​ស្រូវ​សាឡី បាន​បូមប្រើប្រាស់​ប្រភពទឹក​ក្រោមដី​ច្រើន​ជាងគេ​ក្នុង​ពិភពលោក។ កសិកម្ម​ផលិត​ស្រូវ​សាឡី ស្រូបទឹក​ក្រោមដី ច្រើន​ជាងគេ គឺ​ប្រមាណ ២២ភាគរយ បន្ទាប់មក គឺ​ស្រូវ ១៧ភាគរយ ចំណែក​ដំណាំ សម្រាប់​យក​ស្ក ឬ​ដំណាំ​កប្បាស និង​ពោត​ជាដើម​ស្រូបត្រូវការ​ទឹកក្រោមដី ពី ៥ទៅ ៧ភាគរយ។

 
អ្នកស្រាវជ្រាវ​បាន​គូសវាស​បង្ហាញ​ឲ្យ​គេ​ឃើញ​ផងដែរ ពី​ទំនាក់ទំនង​រវាង​ការបូម​ប្រើប្រាស់​ប្រភពទឹក​ក្រោមដី ហើយ​និង​ចរាចរណ៍​ទំនិញ ក្នុង​ពិភពលោក។ នៅក្នុង​ការសិក្សា​លើកនេះ គេ​រកឃើញថា បីភាគ៤​នៃ​ផលិតផល​កសិកម្ម ដែល​ខ្ញុំ​រៀបរាប់​ខាងលើ ត្រូវ​បាន​គេ​នាំចេញ​យក​ទៅលក់​នៅ​កន្លែង​ផ្សេង ដោយ​ប្រទេស​ធំៗ​ចំនួន ៣ គឺ ប៉ាគីស្ថាន ដែល​នាំ​ចេញ​អង្ករ ទៅ​លក់​ឲ្យ​អ៊ីរ៉ង់ អារ៉ាប៊ី សាអូឌីត ចំណែក​អាមេរិកវិញ​នាំចេញ​ស្រូវសាឡី កប្បាស ពោត សណ្តែក ទៅ​លក់​ឲ្យ​ចិន ជប៉ុន និង​ម៉ិចស៊ិក។ ប្រទេស​នាំចេញ​ធំ​មួយ​គឺ​ឥណ្ឌា ដែល​បាន​ប្រើប្រាស់​ប្រភពទឹក​ក្រោមដី ដើម្បី ធ្វើកសិកម្ម​ផលិត​អង្ករ នាំចេញ​ទៅលក់​នៅ​ចិន។ កាតារ បារ៉ែន​ជាដើម ស្ថិតនៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១០​ដែល​បាន​នាំចូល​ផលិត​ផល​កសិកម្ម​ច្រើន​ជាងគេ​ក្នុង​ពិភពលោក។ ទោះជា​មិន​បាន​ធ្វើ​ផ្ទាល់ បូម​ទឹកក្រោមដី​មក​ប្រើប្រាស់​ច្រើន​ដូចគេ ប៉ុន្តែ ប្រទេស​នាំចូល​ផលិតផល​កសិកម្ម​បាន​ចូលរួម ជំរុញ​ផងដែរ ឲ្យ​មាន​ការបូមប្រើប្រាស់​ប្រភពទឹក​ក្រោមដី ច្រើន​ហួសហេតុ។

អាកាសធាតុ​ប្រែប្រួល និង​កំណើន​មនុស្សសាស្រ្ត មាន​នៅ​កន្លែង​ដែល​ប្រភពទឹក​ក្រោមដី ត្រូវ​បាន​គេ​បូមប្រើ​ហួសហេតុ
ការប្រែប្រួល​អាកាសធាតុ ដែល​ជា​ដើមហេតុ​ធ្វើ​ឲ្យ​មាន​ភាពរាំងស្ងួត គ្មានទឹក​ភ្លៀង។ ដូច្នេះ ប្រភពទឹក​ក្រោមដី ដើរតួ​សំខាន់ណាស់ នៅពេល​ដែល​ទឹក​លើ​ផែនដី ជួបការខ្វះខាត។ មួយវិញទៀត ប្រឈម​ទៅនឹង​ការកើនឡើង​នៃ​ចំនួន​មនុស្ស​លើ​ផែនដី ដែល​ធ្វើ​ឲ្យ​តម្រូវការ​ប្រើប្រាស់​ទឹក​កើនឡើង​ដែរ​នោះ គេ​ត្រូវ​តែ​ពិចារណា​គិតគូរ​ឡើងវិញ ពី​របៀប​ប្រើប្រាស់​ប្រភព​ទឹក​ក្រោមដី។

នៅ​ត្រង់​ចំណុចនេះ អ្នកស្រាវជ្រាវ​ចង់​ឲ្យ​ប្រទេស​កសិកម្ម​ធំៗ ដូចជា​អាមេរិក ប៉ាគីស្ថាន ចិន ឥណ្ឌា ជាដើម ផ្លាស់ប្តូរ​វិធីសាស្រ្ត​ធ្វើ​កសិកម្ម​របស់ខ្លួន ដោយ​ឈប់​ពឹងផ្អែក​ទាំងស្រុង​លើ​ប្រភព​ទឹក​ក្រោមដី ប៉ុន្តែ ឲ្យ​ងាក​ទៅ​បង្កើត​ប្រព័ន្ធ​ស្តុកទឹក នៅលើ​ដីវិញ ឬ​ក៏​កែច្នៃ ទឹក​ដែល​ប្រើប្រាស់​រួចហើយ ដើម្បី​យក​ទៅ​ប្រើប្រាស់​ម្តងទៀត សម្រាប់​វិស័យ​កសិកម្ម។ ក្នុងរឿង​នេះ​មាន​ប្រទេស​មួយចំនួន​បាន​ធ្វើ​រួចហើយ ដូចជា​បារាំង​ជាដើម ដែល​បាន​ប្រើ​ប្រភពទឹក​ក្រោម​ដី​តិចបំផុត​សម្រាប់​កសិកម្ម​របស់ខ្លួន ព្រោះ​ថា បារាំង​មាន​ស្ទឹង ទន្លេ ដែល​មាន​ស្តុកទឹក អាច​ឲ្យ​គេ​យក​ទៅ​ប្រើ​សម្រាប់​ស្រោចស្រព​ដំណាំ និង​ស្រូវសាឡី​របស់​បារាំង។ ប្រទេស​អ៊ីស្រាអែល​ក៏​ដើរតួ​ជា​គំរូ​គេ​ក្នុង​លោក​ដែរ ក្នុង​រឿង​ចម្រាញ់ ចម្រោះ ស្ទើរ​តែ ៩០ភាគរយនៃ ទឹក​ដែល​ប្រើប្រាស់​រួចហើយ ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម។

ក្រៅតែ​ពី​សន្សំសំចៃ កាត់បន្ថយ​ប្រើប្រាស់​ប្រភព​ទឹក​ក្រោមដី អ្នកវិទ្យាសាស្រ្ត​ចង់ជំរុញ​ឲ្យ​ផងដែរ ឲ្យ​គេ​សិក្សា​ស្រាវជ្រាវ​រក​ពូជ​ស្រូវសាឡី ឬ​ប្រភព​អាហារ​ផ្សេងទៀត ដែល​ស្រូប ត្រូវការ​ទឹក​តិច​បំផុត។ សម្រាប់ អ្នកស្រាវជ្រាវ​បើសិន មនុស្ស​គ្រប់រូប កាត់បន្ថយ​ការបរិភោគ​សាច់សត្វ ឬ​ស្រូវសាឡី ដែល​ជា​ប្រភព​ស្រូប ត្រូវការ​ទឹកច្រើន នោះ គេ​នឹង​ចូលរួម​បាន​ច្រើន​ផង​ដែរ ក្នុង​ការកាត់បន្ថយ លែង​សូវ​ប្រើប្រាស់​ប្រភពទឹក​ក្រោមដី​ច្រើន​ដូច សព្វថ្ងៃនេះ។

ប្រភព​ទឹកក្រោមដី​ត្រូវការ ១២០០​ឆ្នាំ ដើម្បី​កកើត​ថ្មី
ល្បឿននេះ គឺ​យឺតណាស់​បើប្រៀបធៀប​នឹង​ទឹកស្ទឹង​ដែល​ត្រូវការ​ចាក់​បំពេញ តែ​ក្នុង​ពេល១៥​ថ្ងៃ។ ប៉ុន្តែ តាម​ការសិក្សា របស់​សម្ព័ន្ធ​អាមេរិក​និង​ភូមិ រូបសាស្រ្ត គេ​រក​ឃើញ​ថា ប្រភពទឹក​ក្រោមដី ៨ ក្នុង​ចំណោម​ប្រភព​ទឹក​ក្រោមដី ធំៗ ចំនួន ៣៧ ក្នុង​ពិភពលោក ត្រូវ​គេ​បូម​ប្រើប្រាស់ ច្រើន ហួស​កំណត់។

បើសិន​ប្រភព​ទឹក​ក្រោមដី​ខះ អស់ ដោយសារ​តែ​ការបូមប្រើប្រាស់​ច្រើន ហួសកំណត់ នោះ ទឹកសាប​ក្រោមដី នៅ​ក្បែរ​សមុទ្រ​នឹង​ជំនួស​ដោយ​ទឹកប្រៃ​ក្រោមដី។ ប្រភព​ទឹក​ក្រោម​ដី​ដែល​ជាស្រទាប់​សំខាន់​មួយ​នៃ​ផែនដី។ ដី​នឹង​បាក់ស្រុត ដោយសារ​តែ​គ្មាន​ទឹកទ្រទ្រង់​តទៅទៀត។ វិបត្តិ​ទាំងអស់នេះ គឺ​នៅ​មិន​ស្មើ នឹង​ការគ្មាន​ទឹកស្អាត​សម្រាប់​បរិភោគ ដែល​ផ្តល់​ដោយ​ប្រភពទឹក​ក្រោមដី។ គ្មានទឹក តើ​ឲ្យ​មនុស្ស​រស់នៅ​បាន​យ៉ាងម៉េច​ទៅ។ ចំលើយ​គឺ​ថា មនុស្ស​ត្រូវ​តែ​ភ្ញាក់រលឹក ទទួលខុសត្រូវ​លើ​ទង្វើ​ប្រើប្រាស់​ទឹក​ប្រចាំ​ថ្ងៃ​របស់ខ្លួន។ គេ​មិនត្រូវ​រង់ចាំ​ដល់​ថ្ងៃ​ដែល​គ្មានទឹក​បរិភោគនោះទេ។ មនុស្ស​គ្រប់រូប មិនថា អ្នកមាន ឬ​អ្នកក្រ ត្រូវ​តែ​មាន​ស្មារតី​ទទួល​ខុសត្រូវ ចាប់ពីពេលនេះ ព្រោះថា គ្មានទឹក គឺ​គេ​មិនអាច​ផលិត​ចំណីអាហារ​បាន។ គ្មានទឹក គ្រប់គ្រាន់ នឹង​ធ្វើ​ឲ្យ​ការផលិត​ធ្លាក់ចុះ ហើយ​តម្លៃ​ទំនិញ នឹងឡើង​ខ្ពស់​កប់ពពក៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ