អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឥណ្ឌា​បង្ហោះ​​កាំជ្រួច​១០០%​ Made In India

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​លើក​ទី​មួយ នៅ​ថ្ងៃ​ចន្ទ​ទី ៥ មិថុនា ២០១៧ ឥណ្ឌា​បាន​បាញ់​កាំជ្រួច​ថ្មី ដែល​ប្រើ​បច្ចេកវិទ្យា​ក្នុង​ស្រុក​ សុទ្ធសាធ។ នេះ​មាន​ន័យ​ថា ឥណ្ឌា​កំពុង​បង្កើន​​សមត្ថភាព​ផ្នែក​បាញ់​កាំជ្រួចបាន​ផង និង​ ​ កំពុង​​ពង្រីកជា​ពិសេស ​មហិច្ឆតា​កម្មវិធី​អវកាស​របស់​ខ្លួន​ផង។ ជាមួយ​បច្ចេកវិទ្យា​ថ្មី​នេះ តម្លៃក៏​ថោក ឥណ្ឌា​សង្ឃឹម​ថា​នឹង​អាច​ប្រកួត​ប្រជែង​ ក្នុង​ទីផ្សារ​ស៊ីឈ្នួល​បង្ហោះ​ផ្កាយ​រណប​ នៅ​ពេល​ឆាប់ៗ។

India's GSLV carrying Mk III communication satellite blasts off from the Satish Dhawan Space Centre at Sriharikota
India's GSLV carrying Mk III communication satellite blasts off from the Satish Dhawan Space Centre at Sriharikota © Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​វេលា​ម៉ោង ១៧​និង​២៨​នាទីល្ងាច​ ម៉ោង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ប្រដាប់​បង្ហោះ​កាំជ្រួច GSLV-MkIII បាន​ពាំ​ផ្កាយ​រណប​ទូរគមនាគមន៍​ទម្ងន់​ជាង​បី​តោន ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី។ ​​អ្នក​វិទ្យាសាស្ត្រ​នៃ​ទី​ភ្នាក់ងារ​អវកាស​ឥណ្ឌា ISRO ​​បាន​ស្ទុះ​ងើប​​ទះដៃ​អបអរ នៅ​ពេល​ឃើញ​ស្រមោល​កាំជ្រួច​ កម្ពស់​៤៣​ម៉ែត្រ ទម្ងន់​៦៤០​តោន បាន​ផុស​​ឡើង​លើ​ផ្ទៃ​អាកាស​។ នេះ​បើ​តាម​រូបភាព​ដែល​មាន​បញ្ចាំង​តាម​​កញ្ចក់​ទូរទស្សន៍ជាតិ។

ពី​មុន​មក​ឥណ្ឌា ក៏​ធ្លាប់​បាន​បាញ់​បង្ហោះ​ផ្កាយ​រណប​ជា​ច្រើន​មក​ហើយដែរ​ តែ​ជា​ភាគ​ច្រើន​ជា​ផ្កាយ​រណប​តូចៗ ស្រាលៗ  និងដោយ​ប្រើ​បច្ចេកវិទ្យា​បង្ហោះ​នាំ​ចូល​ពី​បរទេស នៅ​ពេល​ណា​ត្រូវ​ការ​បង្ហោះ​ផ្កាយ​រណប​ធ្ងន់​លើស​ពី​ពីរ​តោន ! ​ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ឥណ្ឌា​បាន​បង្ហាញ​សមត្ថភាព​ថ្មី អាច​បង្ហោះ​បាន​ដោយ​ជោគជ័យ​ផ្កាយ​រណប​ដែល​មាន​ទម្ងន់​រហូត​ដល់​​៤​តោន​ ទៅ​ក្នុង​អវកាស។ មាន​ន័យ​ថា​ ឥណ្ឌា​បាន​ក្លាយ​ជា​សមាជិក​ថ្មី​នៃ​ក្លឹប​ប្រទេស​អវកាស​ ដែលជា​​ក្លឹប​​ដ៏​តូច​មាន​តែ​ប៉ុន្មាន​ប្រទេស​ប៉ុណ្ណោះអាច​ធ្វើ​បាន​ នៅ​លើ​ពិភពលោក​យើង​នេះ។

មោទនភាព​ជាតិ ! នេះ​ជា​សារ​សរសើរ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ណារិដ្រា ម៉ូឌី នៅ​ខណៈ​ដែល​បាន​ឃើញ​ឥណ្ឌា​កំពុង​បោះ​ជំហាន​ទៅ​មុខ​ក្នុង​វិស័យ​អវកាស ដោយរំកិល​​ទៅកាន់​តែ​ជិត​សេចក្តី​​​សម្រេច​ផលិត​យាន​បង្ហោះ​កាំជ្រួច​ ជំនាន់​ចុងក្រោយ។

តាមកា​រពិត​ ​ម៉ាស៊ីន​បង្ហោះនេះ​ ត្រូវ​បានឥណ្ឌា​​​ធ្វើ​ការ​សាកល្បង​ជា​លើក​ដំបូង​បំផុត នៅ​​ឆ្នាំ​២០១៤ ប៉ុន្តែ​អ្វី​ជា​ការ​កត់​សម្គាល់​ខ្លាំង គឺ​ ​ម៉ាស៊ីន​បង្ហោះ​ថ្មីនេះ ត្រូវ​បាន​ផលិត​​ដោយឥណ្ឌា​​ខ្លួន​ឯង និង​នៅ​ក្នុង​ស្រុក​ផ្ទាល់​តែ​ម្តង​ និង​ដែល​មាន​បច្ចេកវិទ្យា​ស្មុគស្មាញ​ខ្លាំង​បំផុត​។ ជា​ម៉ាស៊ីន​បង្ហោះ​ ដ៏​ខ្លាំង​បំផុត​ដែល​ឥណ្ឌា​មិន​ធ្លាប់​ផលិត​បាន​ទេ​ពី​មុន​មក។ ហេតុ​ដូច្នេះ​ហើយ​ទើប​គេ​មើល​ឃើញ​អំពីមហិទ្ធិរិទ្ធ​ថ្មី​នៃ​វិស័យ​កាំជ្រួច​ឥណ្ឌា។

ឥណ្ឌា​បាន​ចំណាយ​​ពេល​វេលា​អភិវឌ្ឍន៍​កម្មវិធី​អស់​រយៈ​ពេល​២០​ឆ្នាំ វិស្វករ​ខ្លះ​​បាន​ធ្វើ​ការ​ស្រាវជ្រាវ​​អស់​មួយ​ជីវិត​ ទម្រាំ​អាច​សម្រេច​រកឃើញ​បច្ចេកវិទ្យា​ថ្មី​ផលិត​ម៉ាស៊ីន​បង្ហោះដ៏​មាន​មហិទ្ធិរិទ្ធ​​មួយ​នេះ​បាន។ លទ្ធផល​ដែល​ឥណ្ឌា​សម្រេច​បាន​នៅ​ពេល​នេះ ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​អវកាស​អឺរ៉ុប​​វាយ​តម្លៃ​ថា មាន​សមត្ថភាព​ស្មើ​នឹង​កាំជ្រួច​អឺរ៉ុប Ariane 4 ពោល​គឺ​ឥណ្ឌា​មាន​មធ្យោបាយ​​បង្ហោះ​ផ្កាយ​រណប​ទៅ​ក្នុង​គន្លង​តារា​វិថី ​ដោយ​ខ្លួន​ឯង​ បាន​មួយ​ភាគ​ធំ។

បច្ចេកវិទ្យារបស់​ម៉ាស៊ីន​​បង្ហោះ​ដែល​​ឥណ្ឌា​ប្រើ​នៅ​ពេល​នេះ គឺ​ជា​ការ​បញ្ចូល​គ្នា​រវាង​ធាតុ​អុកស៊ីហ្សែន និង​អ៊ីដ្រូហ្សែន​ ដែល​នៅ​ជា​វត្ថុ​រាវ​នៅឡើយ។ ចំហេះ​របស់​វាផលិត​ចេញ​​ជា​ឧស្ម័ន​ ដែល​មាន​កម្លាំង​បុក​ធាក់កាំជ្រួច​ឱ្យ​ហោះ​ឡើង​នៅ​ក្នុង​អវកាស។ ម៉ាស៊ីន​ប្រភេទ​នេះ មានប្រើ​ក្នុង​កាំជ្រួច​អឺរ៉ុប Ariane-5 ជំនាន់​ទី​៥ ។

ឥណ្ឌា​ផ្តើម​មាន​មហិច្ឆតា​ និង​សម្ពោធ​ស្ថានីយ៍​អវកាស​តាំងពី​ឆ្នាំ​១៩៦០​មក​ តែ​កម្មវិធី​អវកាស​ឥណ្ឌា​ទើប​ចាប់​ផ្តើម​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ពិភពលោក នៅ​ឆ្នាំ​២០១៤ នៅ​ពេល​ឥណ្ឌា​បាន​បង្ហោះ​ផ្កាយ​រណប​​ទៅ​ក្នុង​គន្លង​តារាវិថី​ភព​អង្គារ បាន​សម្រេច។ តម្លៃ​នេះ​គម្រោង​អវកាស​នេះ មាន​ត្រឹម​តេ ៧៣​លាន​ដុល្លារ​ប៉ុណ្ណោះ ពោល​គឺ​តិច​ជា​គម្រោង​ថវិកា​ផលិត​កុន​ហូលីវ៉ូត​អាមេរិក​ ទំនាញ​ផែនដីផង និង​កាន់​តែ​តិច​បំផុត​​ទៀត បើ​ប្រៀប​ទៅ​នឹង​គម្រោង​​ដូច​គ្នា​របស់​ទីភ្នាក់ងារ​ណាហ្សា អាមេរិក ដែល​ចំណាយ​ដល់​ទៅ ៦៧១​លាន​សម្រាប់​បង្ហោះ​ផ្កាយ​រណប​ទៅ​ភព​អង្គារ។

មហាយក្ស​អាស៊ីមួយនេះ​បាន​សម្រេច​ផលិត​បាន​យាន​ប្រើ​បាន​ច្រើន​ដង​ ដែល​អនុញ្ញាត​ឱ្យ​ឥណ្ឌា​អាច​បញ្ជូន​ផ្កាយ​រណប​ទៅ​កាន់​តារា​វិថី​ក្នុង​តម្លៃ​ទាប ជាង​ទីផ្សារ​អវកាស​សព្វថ្ងៃ។ តម្លៃ​ទាប​ ដែល​បាន​និង​កំពុង​ធ្វើ​ឱ្យ​ឥណ្ឌា​មាន​លក្ខណៈ​​ប្រកួត​ប្រជែង​ខ្លាំងក្នុង​​​​​វិស័យ​ស៊ីឈ្នួល​បង្ហោះ​ផ្កាយ​រណប​ ដ៏​មាន​សក្តានុពល និង​ បើ​យោល​ទៅ​លើ​ការ​រីកដុះដាល​នៃ​វិស័យ​ទូរគមនាគមន៍។

ទន្ទឹម​គ្នា​នេះ​ទៀត ទីភ្នាក់ងារ​អវកាស​ឥណ្ឌា​កំពុង​សិក្សា​អំពី​លទ្ធភាព​​ធ្វើ​បេសកកម្ម​នៅភព​ព្រហស្បតិ៍​និង​សុក្រ។ ឥណ្ឌា​ក៏​បានជាប់​ឈ្មោះ​ក្នុង​កំណត់​ត្រា​ប្រវត្តិសាស្ត្រ កាលពី​ខែ​កុម្ភៈ​២០១៧ ជា​ប្រទេស​បាញ់​កាំជ្រួចទៅ​កាន់​តារាវិថី​ បាន​​ច្រើន​ជាង​គេ​បំផុត ម្តង ១០៤​គ្រឿង​។
ប៉ុន្តែដោយ​មិន​រាប់​មហា​អំណាច​អវកាស​អន្តរជាតិ​ អាមេរិក​ រុស្ស៊ី និង​អឺរ៉ុប ឥណ្ឌា​ក៏​កំពុង​ប្រឈម​នឹង​ការ​រីក​លូត​លាស់​នៃ​ក្រុមហ៊ុន​អវកាស​ឯកជន​ផ្សេង​ទៀត​​ ដូច​ជា​ក្រុមហ៊ុន​ New space, SpaceX ...

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ