អានតួអត្ថបទ
ឥណ្ឌា

ឥណ្ឌា​បង្ហោះ​កាំជ្រួច​ដើរ​ដោយ​ថាមពល​ត្រជាក់​ប្រកប​ដោយ​ជោគជ័យ​ទៅ​កាន់​អវកាស

បន្ទាប់​ពី​បាន​បង្ហោះ​យាន​អវកាស​ទៅកាន់​ភព​អង្គារ​បាន​ជោគជ័យ​ កាលពី​​ខែ​វិច្ឆិកា នៅ​ថ្ងៃ​អាទិត្យ​ទី ៥​ មករា​នេះ ឥណ្ឌា​ បាន​ស្គាល់​ជោគជ័យថ្មី​មួយ​ទៀត​ ក្នុង​ការបង្ហោះ​ កាំជ្រួច​​ដើរ​ដោយ​ថាមពល​ត្រជាក់​ Cryogenic ដែល​ជា​បច្ចេកវិទ្យា​កំពូល និង​ស្មុគស្មាញ។ នេះ​​ជា​មោទនភាព​បំផុត​សម្រាប់​ឥណ្ឌា ដែល​ល្បី​ខាង​មាន​ការ​យឺតយ៉ាវ​ជាង​គេ​នៅ​ឡើយ ក្នុង​វិស័យ​អវកាស នៅ​លើ​ពិភពលោក និង​នៅ​ក្នុង​តំបន់​អាស៊ី។

កាំជ្រួួច​ដើរ​ដោយ​ថាមពល​ត្រជាក់ បង្ហោះ​ចេញ​ដោយ​ជោគជ័យ​ ថ្ងៃ​ទី ៥​មករា ២០១៤
កាំជ្រួួច​ដើរ​ដោយ​ថាមពល​ត្រជាក់ បង្ហោះ​ចេញ​ដោយ​ជោគជ័យ​ ថ្ងៃ​ទី ៥​មករា ២០១៤ © Reuters
ផ្សាយពាណិជ្ជកម្ម

កាំជ្រួច​ទម្ងន់​ ៤១៥​តោន បាន​ហោះ​ចេញ​ដោយជោគជ័យ ចេញ​ពី​​មូលដ្ឋាន​អវកាស នៃ​រដ្ឋ Andhra Pradesh ដើម្បី​នាំ​ផ្កាយ​រណប​ទូរគមនាគមន៍​ទៅ​ក្នុង​តារាវិថី នៅ​វេលា​ម៉ោង ៤​រសៀល ម៉ោង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា។

 
ជា​កាំជ្រួច​ដើរ​ដោយ​ថាមពល​ត្រជាក់ ពោល​គឺ​ម៉ូទ័រ​​អាច​ដំណើរ​ការ​ដោយ​​អ៊ីដ្រូសែន និង​អុកស៊ីសែន សារធាតុ​រាវ​​ត្រជាក់​ខ្លាំង​ និង​នៅ​ពេល​ឆេះ​ឡើង (ឥន្ធនកម្ម) បង្កើត​ជា​ចំណាយ​ទឹក។ បច្ចេកវិទ្យា​ ដែល​​មាន​លក្ខណៈ​ស្មុគស្មាញ​ខ្លាំងបំផុត​នេះ​ អាច​បាញ់​បង្ហោះ​ផ្កាយ​រណប​ធ្ងន់ៗ ទៅ​កាន់​ទីឆ្ងាយ​ខ្លាំង​ ពោល​គឺ​អាច​មាន​ចម្ងាយ​ពី ៣៦០០០ ពី​ផ្ទៃដី។

ក្រុម​អ្នក​ស្រាវជ្រាវ​អវកាស​ឥណ្ឌា​បាន​ចំណាយ​ពេល​ជាង​២០​ឆ្នាំ​ ទម្រាំ​អាច​សម្រេច​អភិវឌ្ឍន៍​បច្ចេកវិទ្យា​នេះ ផលិត​ជា​ម៉ូទ័រ​ដើរ​ដោយ​ថាមពល​ត្រជាក់​បាន បើគិត​ចាប់​ពី​បរាជ័យ​ឆ្នាំ​១៩៩២​ ដែល​កាល​ណោះ​ឥណ្ឌា​បង្ខំ​ចិត្ត​​​នាំ​ចូល​បច្ចេកវិទ្យា​ពី​រុស្ស៊ី ព្រោះអាមេរិក​ប្រឆាំង។ ការ​បាញ់​បង្ហោះ​សាក​ល្បង​លើក​ទី​មួយ​ កាលពី​ឆ្នាំ​២០១០​ បាន​ទទួល​បរាជ័យ។ កាលណោះ​ កាំជ្រួច​ធ្លាក់​ក្នុង​សមុទ្ទ​ បន្ទាប់​ពី​បាញ់​បង្ហោះ​ចេញ​បាន​បន្តិច។ នៅ​លើ​ពិភពលោក​ មាន​ប្រទេស​តែ​៥​ប៉ុណ្ណោះ ដែល​មាន​សមត្ថភាព​ផលិត​ម៉ូទ័រ​ប្រភេទ​នេះ​បាន​សម្រេច នោះ​គឺ​ប្រទេស​​រុស្ស៊ី បារាំង ជប៉ុន និង​ចិន។

កាលពី​ខែ​វិច្ឆកា​ កាំជ្រួច “Made in India” ពាំ​យាន​​អវកាស​មួយគ្រឿង​ឆ្ពោះ​ទៅ​កាន់​ភព​ព្រះអង្គារ ត្រូវ​បាន​​បាញ់​បង្ហោះ​​ចេញ​ទៅ ប្រកប​​ដោយ​ជោគជ័យ។ យាន​អវកាស​នេះ បាន​ឆ្លង​ផុត​គន្លង​តារា​វិថី​ភពផែន​ដី កាលពី​ដើម​ខែ​ធ្នូ និង​កំពុង​បន្ត​ដំណើរ​របស់​ខ្លួន​ទៅ​មុខ​ទៀត។ គេ​ត្រូវ​រង់ចាំ​ជាច្រើន​ខែ​ទៀត​ទើប​អាច​ដឹង​ថា តើ​យាន​អវកាស​នេះ​នឹង​អាច​ធ្វើ​ដំណើរ​ទៅដល់​ភព​ព្រះអង្គារ​ដែរ​ឬ​ក៏​យ៉ាងណា។ ប្រសិនបើ​បេសកកម្ម​នេះ​ពិត​ជា​ទទួលបាន​ជោគជ័យ​មែន ឥណ្ឌា​នឹង​ក្លាយទៅជា​ប្រទេស​ដំបូង​បង្អស់ នៅ​ក្នុង​តំបន់​អាស៊ី ដែល​អាច​បញ្ជូន​យាន​ទៅកាន់​ភព​ព្រះអង្គារ​បាន​ និង​លុប​បំបាត់​បាន​ស្លាកស្នាម​ បរាជ័យ​ក្នុង​វិស័យ​នេះ ឱ្យ​កប់​ទៅ​ជាមួយ​នឹង​អតីតកាល៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ