អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឥណ្ឌា និង​ប៉ាគីស្ថាន​​ជា​សមាជិក​ពេញ​សិទ្ធិ​ថ្មី​នៃ​អង្គការ សហប្រតិបត្តិការ​ក្រុង​សៀងហៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ៨និង៩មិថុនា នៅក្រុង Astana រដ្ឋធានីកាហ្សាក់ស្ថាន ជំនួបកំពូល នៃអង្គការ សហប្រតិបត្តិការ​ក្រុង​សៀងហៃ ហៅកាត់ថា OCS ដែលមាន ៦ប្រទេសជាសមាជិក នាំ​មុខ​ដោយ​ចិន និង រុស្ស៊ី បានសម្រេចដំឡើងលក្ខន្តិកៈ ឥណ្ឌា និង ប៉ាគីស្ថាន ពី សមាជិក-​សង្កេត​ការណ៍ ទៅជា​សមាជិកពេញសិទ្ធិ របស់អង្កការអន្តរជាតិនេះ ដែលចោទពីមុខខ្លួន គឺ​ភារកិច្ច​ពង្រឹងស្ថិរភាពនិងសន្តិសុខ ក្នុងលំហអាស៊ី-អឺរ៉ុបនេះ ដែល មាន​បណ្តាជន​សឹងពាក់កណ្តាល លើផែនដី។ ជាការកត់សម្គាល់ កម្ពុជា តាំងពីឆ្នាំ២០១៥មក មានលក្ខន្តិកៈ ជា ប្រទេស​ដៃ​គូ​សន្ទនា របស់ OCS ។  

ប្រធានាធិបតី រុស្ស៊ី ពូទីន និង​នាយករដ្ឋមន្រ្តី​ឥណ្ឌា ម៉ូឌី
ប្រធានាធិបតី រុស្ស៊ី ពូទីន និង​នាយករដ្ឋមន្រ្តី​ឥណ្ឌា ម៉ូឌី ©Sputnik/Mikhail Metzel/Kremlin
ផ្សាយពាណិជ្ជកម្ម

អង្គការសហប្រតិបត្តិការក្រុងសៀងហៃ ហៅកាត់ថា OCS មានឈ្មោះ សៀងហៃយ៉ាងនេះ ពីព្រោះ ក្នុងឆ្នាំ ១៩៩៦ ពិតជានៅក្រុងសៀងហៃតែម្តង ដែលក្នុងជំនួបនៃប្រមុខ ៥រដ្ឋ ៖ ម្ខាងគឺចិន ហើយម្ខាងទៀត គឺ រុស្ស៊ី និង ៣ ប្រទេសតំបន់អាស៊ីកណ្តាល ដែល​មាន​ព្រំដែន ជាប់​នឹងចិនដែរ និយាយឲ្យចំ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន បាន​ចុះ​នឹងគ្នា ជា​កិច្ចព្រមព្រៀង​ស្តី​អំពី ការពង្រឹង​ជំនឿ​ទុកចិត្ត​គ្នា ក្នុង​វិស័យ យោធា និង ស្តី​អំពី​ការកាត់​បន្ថយ​ដូចគ្នា ចំនួន​កងកម្លាំង​ប្រដាប់​អាវុធ ដែល​ម្ខាងៗ​បាន​ដាក់​ឲ្យ​ប្រចាំការ នៅ​ត្រង់​តំបន់​ព្រំដែន​រួមនោះ។

 
ប៉ុន្តែ លុះ​ក្នុង​ឆ្នាំ២០០១ ទេតើ ដែល​នៅក្រុង​សៀងហៃ​ដដែល ក្រុម ៥​ប្រទេស​នេះ បាន​សម្រេច​​បង្កើត​ឡើង ជា អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ តាមរយៈ ការចុះ​ជា​សន្ធិសញ្ញា​​សមស្រប ដោយ​ពេលនោះ បាន​ទទួល ប្រទេស​មួយទៀត​នៃ​តំបន់​អាស៊ីកណ្តាល ដែល​គ្មាន​ព្រំប្រទល់​ជាប់នឹង​ចិនទេ  គឺ អ៊ូសបេគីស្ថាន ឲ្យចូលជា សមាជិក​ពេញសិទ្ធិ​ដែរ។

ក្នុង​ធម្មនុញ្ញ​ខ្លួន អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ គូស​បញ្ជាក់ថា អង្គការនេះ មិនមែន​ជា ប្លុក​យោធា ដូច បក្ស​សម្ព័ន្ធ អូតង់ ឡើយ តែជា​ទីប្រជុំ បើកចំហ ស្តីអំពី​បញ្ហា​សន្តិសុខ​សម្រាប់​តំបន់។ ភារកិច្ច​ធំៗ ជាគោល ប្រកាស ដោយ អង្គការនេះ គឺ ពង្រឹង​ស្ថិរភាព និង សន្តិសុខ ក្នុង​លំហអាស៊ី-អឺរ៉ុប ដែលមាន ប្រទេស​ទាំងនោះជាសមាជិក , ប្រយុទ្ធទល់នឹង ភេរវនិយម ទល់នឹង​ពួកជ្រុលនិយម ទល់នឹងចរាចរណ៍គ្រឿងញៀន , អភិវឌ្ឍន៍​សហប្រតិបត្តិការ សេដ្ឋកិច្ច ភាពជាដៃគូគ្នាវិស័យថាមពល ធ្វើការផ្លាស់ប្តូរផ្នែកវិទ្យាសាស្ត្រ និង វប្បធម៌។

ក្រោយពី​ទទួល​ឥណ្ឌា និងប៉ាគីស្ថាន​ចូលជា​សមាជិក​ពេញសិទ្ធិ អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ OCS ចាប់​ពី​អំណើះ​តទៅ រួមក្តោប ក្នុង​ជួរខ្លួន គឺ ៨ ប្រទេស ដែលក្នុង​នោះ មាន៤ ប្រទេស​ប្រដាប់​ទៅដោយ អាវុធ​នុយក្លេអ៊ែរ ពោលគឺ រុស្ស៊ី ចិន ឥណ្ឌា ប៉ាគីស្ថាន។ បើនិយាយ​ពីភូមិសាស្ត្រ​វិញ OCS មានដែនដី​សរុប ៣៤ លាន គ.មឬ ៦០% នៃដែនដី​ទ្វីបអាស៊ី-អឺរ៉ុប មាន​បណ្តាជន ជាង ៣.០០០ លាននាក់ ឬ ៤៥% នៃ បណ្តាជន​ផែនដី។ ខាងផលិតផល​សរុប​ក្នុងស្រុក ហៅថា GDP ក្រុម​ប្រទេស OCS មាន GDP ប្រមាណ ១ភាគ៣ ក្នុងលោក។

គឺក្នុង​ឆ្នាំ ២០១៥ នាជំនួប​កំពូល នៅក្រុង Oufa ប្រទេស​រុស្ស៊ី ដែល ឥណ្ឌា និង​ប៉ាគីស្ថាន កាលណោះ ក្នុង ឋានៈ​ជា​ប្រទេស​សមាជិក-សង្កេតការណ៍ បាន​ដាក់ពាក្យ​សុំចូល​ជា សមាជិក​ពេញ​សិទ្ធិតែម្តង។ ដូចដែល លោកប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានថ្លែង​មួយសប្តាហ៍​មុន ពេល​ទទួល​ជួប​លោកនាយក​រដ្ឋមន្ត្រី ឥណ្ឌា ណារិនដ្រា ម៉ូឌី ក្នុង​ក្របខ័ណ្ឌ​នៃ វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ ក្នុង​ក្រុង​រុស្ស៊ី Saint-Petersbourg ៖ ម៉ូស្គូ តាំងពី ដើមទី​មក តែង​គាំទ្រ​ជានិច្ច​ដល់​បេក្ខភាព​ឥណ្ឌា។ ចំពោះ​ការគាំទ្រ​នេះ ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា បាន​សំដែង អំណរគុណ​យ៉ាងជ្រាលជ្រៅ ទៅកាន់​លោក​ពូទីន។ បើ​រុស្ស៊ី រមែង​ជួយជ្រោមជ្រែង ដល់​បេក្ខភាព​​ឥណ្ឌា ​នោះ ជា​ធម្មតា​ទេ ដែល​ចិន គាំទ្រ​ដល់ បេក្ខភាព​នៃ​សម្ព័ន្ធមិត្ត​ប៉ាគីស្ថាន​របស់​ខ្លួន។ តាមមតិ​ពួក​អ្នកវិភាគ ការដែល ឥណ្ឌា និង ប៉ាគីស្ថាន ដែល​មើលមុខ​គ្នា​មិនសូវចំ មក​ពី​ទំនាស់ នៅដែនដី Cachemire ជាទី​ដែល​ធ្លាប់​មាន ផ្ទុះ​ឡើង ជាសង្គ្រាម ក្នុង​ឆ្នាំ១៩៤៧-១៩៤៩ និង ក្នុងឆ្នាំ ១៩៦៥ រវាង​កងទ័ពឥណ្ឌា និង កងទ័ព​ប៉ាគីស្ថាន  ប្រហែលជា អាចជួយ បន្ធូរ​ភាពតានតឹង​រវាងប្រទេស​ទាំងពីរ ហើយនាំ​ទៅកាន់​ដំណោះស្រាយ វិវាទនេះ ដោយ​សន្តិវិធី។ រួចជាទូទៅ ការពង្រីកជួរ OCS ដោយទទួល​ប្រទេស​ពីរនេះ ជាសមាជិក​ពេញសិទ្ធិ គឺ មុខជា នឹង កែឲ្យ​ប្រសើរឡើង “ស្ថានភាព​ភូមិសាស្ត្រ-នយោបាយ នៅអាស៊ី​ខាងត្បូង និង អាស៊ីកណ្តាល”។

ក្រោយពី​ឥណ្ឌា និង ប៉ាគីស្ថាន ឆ្លងទៅជា​សមាជិក​ពេញសិទ្ធិ នៅបន្ត​ស្ថិតនៅ ជា​សមាជិក​-សង្កេតការណ៍ គឺ អាហ្វហ្កានីស្ថាន អ៊ីរ៉ង់ ម៉ុងហ្គោលី បេឡារុស។ សហការជាមួយ OCS ក៏​ទាំង ប្រទេសដែលមាន លក្ខន្តិកៈ ជា ដៃគូសន្ទនា ក្នុងនោះ មានតួកគី សេរីលង្កា អាស៊ែបែហ្សន់ អារមេនី នេប់ាល់ និង កម្ពុជា។

ករណីកម្ពុជា ៖ គឺថ្ងៃ២៤ កញ្ញា ឆ្នាំ២០១៥ ដែលកម្ពុជា បានក្លាយជាផ្លូវការ ជាដៃគូសន្ទនា របស់ អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ។ អនុស្សរណៈ​ស្តីអំពី​សហប្រតិបត្តិការ​កម្ពុជា ជាមួយអង្គការនេះ ត្រូវបាន​ចុះ នៅក្រុង Sian ប្រទេសចិន ក្នុងក្របខ័ណ្ឌ​នៃ វេទិកា​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី។ កាលណោះ អនុស្សរណៈ ត្រូវបានចុះហត្ថលេខា ដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ រាជាណាចក្រកម្ពុជា លោក ហោ ណាំហុង និងដោយអគ្គលេខាធិការ អង្គការ OCS លោក Dmitri Mezentsev ។ សេចក្តី​សម្រេច ស្តីអំពីការផ្តល់ដល់កម្ពុជា លក្ខន្តិកៈ ជាដៃគូសន្ទនា របស់ OCS ត្រូវបានអនុម័ត ក្នុង ឋានៈជាតុល្យាការនៃ ជំនួបកំពូល OCS នៅក្រុងរុស្ស៊ី Oufa ក្នុងខែកក្កដាឆ្នាំ២០១៥នោះ។  តាមការឲ្យដឹងនៃ ភាគីកម្ពុជាផ្ទាល់ តទៅថ្ងៃមុខ រាជាណាចក្រនេះ គ្រោងទទួលលក្ខន្តិកៈ ជាសមាជិក-សង្កេតការណ៍ ដោយសង្ឃឹម ប្រែក្លាយបន្តិចម្តងៗ លុះរហូតដល់បានលក្ខន្តិកៈ ជាសមាជិកពេញសិទ្ទិតែម្តង របស់ OCS ។

ក្នុងរបៀបវារៈនៃជំនួបកំពូល OCS នៅក្រុង Astana រដ្ឋធានីកាហ្សាក់ស្ថាន ក្រៅពីកម្មវត្ថុ ស្តីអំពីការពង្រីកជួរ របស់ខ្លួន ក៏មាន​អនុម័ត​យក អនុសញ្ញាស្តីអំពីការប្រឈមទល់នឹង ភេរវនិយម និង ទល់នឹងពួកជ្រុលនិយម។

ជា​ការកត់សម្គាល់ ជំនួប​កំពូល​លើក​ក្រោយ នឹង​ប្រព្រឹត្ត​ទៅ ក្នុងឆ្នាំ ២០១៨ នៅប្រទេស​ចិនតែម្តង -ប្រទេស ជាដើម​កំណើត នៃអង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ។ គួរ​និយាយ​ថា ភាសាផ្លូវការ​ដែលគេប្រើ ក្នុង អង្គការ​នេះ គឺ ភាសាចិន និង ភាសារុស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ