ប្រឈមនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង ជប៉ុនលែងអាចពឹងលើអាមេរិក ដូចមុន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:១១
កូរ៉េខាងជើងបានបាញ់សាកល្បងដោយជោគជ័យ មីស៊ីលបាលីស្ទីក អន្តរទ្វីប។ ក្រុងព្យុងយ៉ាងនៅបានបញ្ជាក់ថា មីស៊ីលរបស់ខ្លួន មានសមត្ថភាពអាចទៅវាយប្រហារ នៅគ្រប់កន្លែងក្នុងទឹកដីអាមេរិក។ នេះជាការវិវឌ្ឍន៍ ក្នុងជំហានដ៏ធំ និងគួរឲ្យព្រួយបារម្ភសម្រាប់អាមេរិក ដែលតែងតែបារម្ភថា កូរ៉េខាងជើង នៅថ្ងៃណាមួយ នឹងអាចផលិតមីស៊ីល អន្តរទ្វីប អាចវាយប្រហារអាមេរិក។ កូរ៉េខាងជើងមានសមត្ថភាពផលិតមីស៊ីលបាលីស្ទីក អន្តរទ្វីប ដែលអាចគំរាមកំហែងអាមេរិក។ ប៉ុន្តែ ហេតុអ្វីបានជាជប៉ុនឯណោះវិញ បែរជាជ្រួលច្របល់ បារម្ភ ខ្លាចជាងអាមេរិកទៅវិញ? នៅក្នុងសៀវភៅស ដែលជារបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ក្រសួងការពារជាតិជប៉ុន បានទាញអាសន្នថា កម្មវិធីមីស៊ីលរបស់កូរ៉េខាងជើង នៅពេលនេះ បានឈានចូលដំណាក់កាលមួយ ដ៏គ្រោះថ្នាក់។
នៅក្នុងសៀវភៅស ចេញផ្សាយនៅថ្ងៃអង្គារម្សិលមិញ រដ្ឋមន្រ្តីការពារជាតិ ជប៉ុន ដែលទើបតែត្រូវតែងតាំងថ្មី នៅក្នុងរដ្ឋាភិបាលរបស់លោកស្ហ៊ីនហ្សូ អាបេបានវាយតម្លៃថា គ្រោះថ្នាក់បង្កឡើងដោយមីស៊ីលកូរ៉េខាងជើង “មានកាន់តែធំ និងក្នុងពេលឆាប់ៗខាងមុខ”។
តាំងពីកូរ៉េខាងជើងលាតត្រដាងឲ្យឃើញពីមហិច្ឆតា ផលិតមីស៊ីល និងអាវុធនុយក្លេអ៊ែរ នៅឆ្នាំ ២០០២មក ជប៉ុន ក៏ដូចជាកូរ៉េខាងត្បូង គេងមិនលក់ បក់ក៏ល្ហើយ ដោយខ្លាចថា កូរ៉េខាងជើងនៅថ្ងៃណាមួយ នឹងអាចទទួលបានបច្ចេកវិទ្យាទំនើប ដើម្បីផលិតមីស៊ីល និងអាវុធនុយក្លេអ៊ែរ ដែលអាចគំរាមកំហែងដល់សន្តិសុខជាតិជប៉ុន។ ការបារម្ភ ភ័យខ្លាចរបស់ជប៉ុនបានកើតមានពិត គឺ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ នៅពេលដែលកូរ៉េខាងជើង បាញ់សាកល្បង ជាបន្តបន្ទាប់មីស៊ីលចម្ងាយមធ្យម ដែលអាចវាយប្រហារទឹកដីជប៉ុន នៅក្បែរខាង។
ជប៉ុនកាន់តែភ័យខ្លាច ព្រោះមីស៊ីលរបស់កូរ៉េខាងជើង អាចរត់ទៅដល់ទឹកដីអាមេរិក
ជប៉ុនធ្លាប់ចិញ្ចឹមចិត្ត ព្រួយបារម្ភខ្លាចរងមីស៊ីលរបស់កូរ៉េខាងជើង ប៉ុន្តែ មិនដល់ថ្នាក់ ភ័យខ្លាច ខ្លាំងនៅពេលនេះទេ។ នៅប៉ុន្មានថ្ងៃក្រោយកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបាលីស្ទីក អន្តរទ្វីប ដែលអាចវាយប្រហារដល់ទឹកដីអាមេរិក ក្រសួងការពារជាតិជប៉ុនបានចេញផ្សាយសៀវភៅស ឬរបាយការណ៍ប្រចាំឆ្នាំ ដែលនៅក្នុងនោះ ក្រសួងការពារជាតិជប៉ុន បានលើកឡើងពីលទ្ធភាពដែលកូរ៉េខាងជើងអាចវាយប្រហារជប៉ុន ដោយបាញ់មីស៊ីលដែលមានបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ។
មីស៊ីលបាលីស្ទីកអន្តរទ្វីប របស់កូរ៉េខាងជើងអាចគំរាមកំហែង វាយប្រហារទឹកដីអាមេរិក ទេ ប៉ុន្តែ ហេតុអ្វីបានជាជប៉ុនភ័យស្លន់ស្លោរ ខ្លាំងទៅវិញ? ចម្លើយគឺនៅត្រង់ថា នៅក្នុងករណី អាមេរិកផ្ទុះសង្រ្គាមជាមួយកូរ៉េខាងជើង ពោល គឺនៅពេលកូរ៉េខាងជើងអាចបាញ់មីស៊ីលតម្រង់ទឹកដីអាមេរិក នោះអាមេរិកនឹងអាចប្រើមូលដ្ឋានទ័ពរបស់អាមេរិក នៅក្នុងខេត្តអូគីណាវ៉ា ឬក៏សព្វាវុធរបស់ជប៉ុនផង ដើម្បីទប់ទល់នឹងកូរ៉េខាងជើង។ ប៉ុន្តែ ប្រសិនបើ ជប៉ុនផ្ទាល់ រងការវាយប្រហារពីកូរ៉េខាងជើង តើអាមេរិកនឹងជួយជប៉ុនវិញ ដែរឬទេ។ ជាការពិត ទៅតាមកិច្ចព្រមព្រៀងក្នុងនាមជាសម្ព័ន្ធមិត្ត អាមេរិកបានអះអាងធានាដដែលថា អាមេរិកនឹងការពារជប៉ុនពីការវាយប្រហាររបស់កូរ៉េខាងជើង។ អ្នកជំនាញមួយចំនួន វាយតម្លៃថា អាមេរិក អាចជួយការពារ ជប៉ុន និងកូរ៉េខាងត្បូង នៅពេលខ្លួន មិនទាន់ក្លាយជាផ្ទាំងស៊ីបដោយផ្ទាល់ របស់មីស៊ីលកូរ៉េខាងជើង។ ប៉ុន្តែ នៅពេលដែលមីស៊ីលរបស់កូរ៉េខាងជើងអាចទៅវាយប្រហារដោយផ្ទាល់ ដល់ទឹកដីអាមេរិក អាមេរិក ត្រូវខិតខំយ៉ាងណា ការពារខ្លួនឯងសិន មុននឹងគិតគូរដល់ជប៉ុន ឬកូរ៉េខាងត្បូង នោះបើទោះបីជាប្រទេសទាំងពីរជាសម្ព័ន្ធមិត្តរបស់ខ្លួនក៏ដោយ។ នេះជាកតា្តធម្មជាតិ ដែលគេមិនអាចប្រកែកបាន។
ការយោងតែអាត្មាឯងរបស់អាមេរិក បានធ្វើឲ្យជប៉ុន ដែល ជាសម្ព័ន្ធមិត្ត ដកចិត្ត លែងអាចសង្ឃឹមពឹងអាស្រ័យលើអាមេរិក ដូចមុន ជាពិសេស ចាប់តាំងពី អាមេរិកបោះឆ្នោត យកមហាសេដ្ឋី ដូណាល់ ត្រាំ ធ្វើជាប្រធានាធិបតី។ ដើម្បីការពារប្រយោជន៍សេដ្ឋកិច្ចក្នុងស្រុក ប្រធានាធិបតីថ្មីរបស់អាមេរិក លែងផ្តោតតម្លៃសំខាន់លើយុទ្ធសាស្រ្ត នយោបាយការបរទេស។ អាមេរិក នៅក្រោមការដឹកនាំរបស់លោកដូណាល់ ត្រាំ បានធ្លាក់ចុះឥទ្ធិពល ជាបន្តបន្ទាប់ នៅលើឆាកអន្តរជាតិ។ អាមេរិកបានត្រឹមតែបាញ់គំរាមកំហែងកងទ័ពរដ្ឋាភិបាលស៊ីរី ប៉ុន្តែ មិនហ៊ានធ្វើខ្លាំងជាងនេះ ដោយសារតែមិនចង់ប្រឈមមុខ ជាមួយរុស្ស៊ី។ លោកដូណាល់ ត្រាំ នៅតែទន្ទឹងរង់ចាំឲ្យចិន លូកដៃអន្តរាគម ដាក់សម្ពាធ លើកូរ៉េខាងជើង ប៉ុន្តែ មិនបានចាត់វិធានការ ខ្លាំងណាមួយលើរបបព្យុងយ៉ាង។ គឺនយោបាយរារែក ហើយនិងការដកអាមេរិក ពីកិច្ចព្រមព្រៀង អន្តរប៉ាស៊ីហ្វិក ដែលអាមេរិកបានចុះជាមួយ ដូចជាជប៉ុន និងអូស្ត្រាលី ជាដើមបានធ្វើឲ្យសម្ព័ន្ធមិត្តដូចជាជប៉ុន លែងទុកចិត្តលើអាមេរិកដូចមុន។
មីស៊ីលរបស់កូរ៉េខាងជើងបានធ្វើផ្តល់ឱកាសឲ្យជប៉ុនមានទឹកមាត់សម្រាប់ផ្លាស់ប្តូរមុខមាត់កងទ័ពជាតិជប៉ុន
នៅខែមីនាកន្លងទៅ សមាជិកសភាមកពីគណបក្សកាន់អំណាច បានទាមទារឲ្យរដ្ឋាភិបាលរបស់លោកស៊្ហីនហ្សូ អាបេ បំពាក់សមត្ថភាព កងទ័ព សម្រាប់ អាចវាយប្រហារមូលដ្ឋានទ័ពរបស់សត្រូវ។ ប្រសិនបើរដ្ឋាភិបាលយល់ព្រមធ្វើតាមការចង់បានរបស់សមាជិកសភាមែន នោះ វាគឺជាការផ្លាស់ប្តូរ មុខមាត់មួយសំខាន់របស់កងទ័ពជប៉ុន ដែលរហូតមក មាននាទីត្រឹមតែស្វ័យ ការពារ ពោលគឺគ្មានមីស៊ីលបណ្តែត ឬយន្តហោះទៅទម្លាក់គ្រាប់បែក នៅទឹកដីបរទេសនោះទេ។ ទៅតាមកិច្ចព្រមព្រៀងជាមួយអាមេរិក ជប៉ុនដែលចុះចាញ់សង្រ្គាមលោកលើកទី២ បានសន្យាចាប់យករដ្ឋធម្មនុញ្ញសន្តិនិយម គ្មានអាវុធនុយក្លេអ៊ែរ។ ជប៉ុនមានត្រឹម តែកងទ័ពជើងគោក និងជើងទឹកសម្រាប់ការពារខ្លួន នៅក្នុងពេលដែលសន្តិសុខដែនអាកាស ត្រូវបានជួយធានាសឹងទាំងស្រុង ដោយយន្តហោះចម្បាំងរបស់អាមេរិក។
ប៉ុន្តែ ប្រឈមទៅនឹងការគំរាមកំហែង មានកាន់តែខ្លាំងរបស់មីស៊ីល កូរ៉េខាងជើង រដ្ឋាភិបាលជប៉ុន របស់លោកស្ហ៊ីនហ្សូ អាបេ បានប៉ុនប៉ង ធ្វើកំណែទម្រង់ ដើម្បីឈានទៅផ្លាស់ប្តូរនយោបាយសន្តិនិយម ឬប្រែក្លាយ តួនាទីរបស់កងទ័ពជប៉ុន ពីសិទ្ធិស្វ័យការពារ ទៅជាកងទ័ពដែលអាចចេញទៅធ្វើប្រតិបត្តិការនៅទឹកដីបរទេស ដែលនៅក្នុងនោះ មានផងដែរ កូរ៉េខាងជើង។ ក្រៅតែពីចង់ផ្តល់អំណាចឡើងវិញ ដល់កងទ័ពជាតិ រដ្ឋាភិបាលជប៉ុន នៅបានធ្វើចំណាយលុយរាប់ពាន់លានដុល្លារ ដើម្បី ធ្វើទំនើបកម្មប្រព័ន្ធការពារជាតិរបស់ខ្លួន។ ជប៉ុនកំពុងចរចា ចង់ទិញ ប្រព័ន្ធខែលមីស៊ីល អាមេរិក ប្រភេទ Aegis Ashore បីគ្រឿង ដែលមានតម្លៃ ៧០០លានក្នុងមួយគ្រឿង សម្រាប់តាំងពង្រាយ ពីពេលនេះ ដល់ឆ្នាំ ២០២៣។ ជប៉ុនដែលមានសមត្ថភាពផលិតនាវាមុជទឹករបស់ខ្លួនហើយនោះ ចង់បង្កើនចំនួននាវាមុជទឹករបស់ខ្លួន ពី១៨ ទៅ ២២គ្រឿងបន្ថែមទៀត។ ជប៉ុន នៅមួយឆ្នាំមកនេះ បានបង្ហាញឆន្ទះចង់ទិញយន្តហោះដ្រូន របស់អាមេរិក ដែលមានជំនាញឈ្លបយកការណ៍។ ប៉ុន្តែ នៅពេលដែលអាមេរិកអរិភាព មិនសូវចង់ឲ្យកងទ័ពជប៉ុនធ្វើទំនើបកម្ម ជប៉ុនបានងាកទៅទាក់ទងជាមួយអ៊ីស្រាអែល ដែលមានជំនាញមិនចាញ់អាមេរិកខាងផលិតយន្តហោះដ្រូនយកការណ៍សម្ងាត់។
នៅពេលដែលជប៉ុនលែងអាចពឹងផ្អែកទាំងស្រុងលើអាមេរិក ជប៉ុន ចង់ផងដែរ ត្រលប់ទៅមានអាវុធនុយក្លេអ៊ែរ ដែលបើតាមអ្នកនយោបាយជាតិនិយមជប៉ុនមួយចំនួន ចាត់ទុកថា ជាអាវុធ បង្កើតឡើង ដើម្បី គ្រាន់តែទប់ទល់នឹងការវាយប្រហាររបស់កូរ៉េខាងជើង។ ជប៉ុនដែលរងគ្រោះដោយសារគ្រាប់បែកនុយក្លេអ៊ែររបស់អាមេរិកពីរគ្រាប់ នៅហ៊ីរ៉ូស្ហ៊ីម៉ា និងនៅណាហ្គាសាគី នៅក្នុងសង្រ្គាមលោកលើកទី ២ បានស្បថ មិនឲ្យមានអាវុធប្រល័យលោក មាននៅក្នុងទឹកដីរបស់ខ្លួន។ ប៉ុន្តែ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ សម្រាប់គ្រាន់តែការពារខ្លួន ត្រូវបានអ្នកនយោបាយជប៉ុន លើករំលឹកមកនិយាយ តាំងពីឆ្នាំ ២០០២ នៅពេលដែលកូរ៉េខាងជើង បង្ហាញជាផ្លូវការ ពីកម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន។ គឺនៅក្នុងហេតុផលនេះហើយ ដែលជប៉ុន ក៏ដូចជាមហាអំណាចនុយក្លេអ៊ែរដទៃទៀត បានប្រឆាំងមិនចូលរួមក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ ២០១១ ដែលរៀបចំឡើង ក្នុងន័យហាមឃាត់មិនឲ្យមានអាវុធនុយក្លេអ៊ែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ