អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

នុយក្លេអ៊ែរកូរ៉េខាងជើង៖​ក្រុង​វ៉ាស៊ីនតោន​បន្ត​ប្រើ​ធម៌ក្តៅ និង​ធម៌ត្រជាក់​ដាក់​ក្រុង​ព្យុងយ៉ាង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី២២ សីហា រដ្ឋបាល​អាមេរិកាំង​បាន​បង្កើន​គំនាប​ដាក់​កូរ៉េខាងជើង​ដោយ​បាន​អនុម័ត​ទ័ណ្ឌកម្ម​ថ្មី​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល។ ទន្ទឹម​គ្នា​នេះ លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ចេញ​មុខ​ប្រកាស​ក្តែងៗ​ថា ការ​ដំឡើង​សាច់ដុំ​របស់​លោក​ដាក់​មនុស្សខ្លាំង​កូរ៉េខាងជើង​លោក​គីម ជុនអ៊ុន​ពិត​ជា​បាន​ធ្វើ​ឲ្យ​លោក​គីម ជុនអ៊ុន​ខ្លបខ្លាច និង​ចាប់​ផ្តើម​បញ្ចេញ​កាយវិការ​ស្លូតបូត គោរព​អាមេរិក។ រីឯ​ប្រមុខ​ការទូត​អាមេរិក​លោក Rex Tillerson បាន​ឆ្លៀត​បន្ថែម​ដោយ​កោតសរសើរ​ពី​ភាព​អត់ធ្មត់​របស់​កូរ៉េខាងជើង។ តែ​ចិន​បាន​ព្រមាន​ត្រង់ៗ​ថា វិធានការ​ដាក់​ទ័ណ្ឌកម្ម​ថ្មី​របស់​អាមេរិក​នឹង​រឹត​តែ​ធ្វើ​ឲ្យ​ស្ថានការណ៍​ស្មុគស្មាញ​ពិបាក​ដោះស្រាយ។

លោក​ប្រមុខ​ដឹកនាំកូរ៉េខាងជើងគីម ជុនអ៊ុន និង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ
លោក​ប្រមុខ​ដឹកនាំកូរ៉េខាងជើងគីម ជុនអ៊ុន និង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ©SAUL LOEB, Ed JONES / AFP
ផ្សាយពាណិជ្ជកម្ម

ការ​ដែល​ចិន​ទើសទាល់​ចិត្ត​ខ្លាំង​ចំពោះ​ទ័ណ្ឌកម្ម​អាមេរិក​ដាក់​លើ​កូរ៉េខាងជើង​ក៏​ដោយសារ​ចិន​ខ្លួន​ឯង​ហាក់​ដូច​ជា​បាន​ទទួល​រង​នឹង​​ទ័ណ្ឌកម្ម​នោះ​ផ្ទាល់។ ចូរ​កុំ​ភ្លេច​ថា ទ័ណ្ឌកម្ម​របស់​អាមេរិក​ដាក់​លើ​កូរ៉េខាងជើង​បាន​សំដៅ​ជា​ពិសេស​លើ​ក្រុមហ៊ុន​បរទេស ឬ​ជនបរទេស​ចិន និង​រុស្ស៊ី​ដែល​កំពុង​រកស៊ី​ជាមួយ​កូរ៉េខាងជើង។ គោលដៅ​របស់​អាមេរិក គឺ​កាត់ផ្តាច់​ចំណូល​របស់​កូរ៉េខាងជើង​ពី​ក្រៅ​ដើម្បី​កុំ​ឲ្យ​របប​កុម្មុយនិស្ត​មួយ​នេះ​យក​ទៅ​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ និង​កម្មវិធី​គ្រាប់មីស៊ីល។ ម្យ៉ាង​ទៀត ចិន​មិន​យល់​ស្រប​នឹង​អាមេរិក​ដែល​បាន​អនុម័ត​ជា​តែ​ម្នាក់​នៅ​ក្នុង​បញ្ហា​នេះ​ទេ និង​យល់​ថា ទង្វើ​របៀប​នេះ​នឹង​រឹត​តែ​ធ្វើ​ឲ្យ​រឿង​ដ៏​រសើប​មួយ​នេះ​ពិបាក​ដោះស្រាយ។

នៅ​ក្នុង​ទ័ណ្ឌកម្ម​ថ្មី​ដាក់​លើ​កូរ៉េខាងជើង ក្រសួង​សេដ្ឋកិច្ច​អាមេរិក​បាន​សំដៅ​លើ​ក្រុមហ៊ុន​ចិន និង​រុស្ស៊ី​ដែល​រក​ស៊ី​ទិញ​ធ្យូងថ្ម និង​លោហៈធាតុ​ជា​ច្រើន​ផ្សេង​ទៀត​ពី​កូរ៉េខាងជើង។ តួលេខ​ផ្តល់​ដោយ​រដ្ឋបាល​អាមេរិកាំង​ឲ្យ​ដឹង​ថា ក្នុង​ចន្លោះ​ឆ្នាំ ២០១៣ និង ២០១៦ ក្រុមហ៊ុន​ចិន​បាន​ទិញ​រ៉ែធ្យូងថ្ម​ពី​កូរ៉េខាងជើង​ក្នុង​ទឹកប្រាក់ ៥០០លានដុល្លារ។ ទឹកប្រាក់​យ៉ាង​សម្បើម​នេះ​មិន​ត្រូវ​បាន​របប​ក្រុង​ព្យុងយ៉ាង​យក​ទៅ​ចិញ្ចឹម​ភាព​អត់ឃ្លាន​របស់​ពលរដ្ឋ​ខ្លួន​ទេ តែ​បែរ​ជា​យក​ទៅ​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ និង​កម្មវិធី​គ្រាប់មីស៊ីល​ទៅ​វិញ។ នៅ​ខាង​ប្រទេស​រុស្ស៊ី​វិញ មាន​ជនជាតិ​រុស្ស៊ី ៣នាក់ រួម​ទាំង​ក្រុមហ៊ុន​រុស្ស៊ី​មួយ​បាន​ទទួល​ទ័ណ្ឌកម្ម​របស់​អាមេរិក​ក្នុង​បទ​លក់​ប្រេង​ទៅ​ឲ្យ​កូរ៉េខាងជើង​ជា​ថ្នូរ​នឹង​ការ​ទិញ​លោហៈធាតុ​ពី​កូរ៉េខាងជើង។

ទ័ណ្ឌកម្ម​ថ្មី​របស់​អាមេរិក​ដាក់​លើ​កូរ៉េខាងជើង​ពេល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​ទ័ណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃទី៦ សីហា​ដែល​សំដៅ​បិទខ្ទប់​ចំណូល​របស់​ក្រុង​ព្យុងយ៉ាង​ដែល​បាន​មក​ពី​ការ​លក់​ធ្យូងថ្ម ដែក និង​ក្នុង​ផ្នែក​នេសាទ។

តើ​លោក​គីម ជុនអ៊ុន​ពិត​ជា​ខ្លាច​លោក​ដូណាល់ ត្រាំ​មែន ឬ?

គឺ​លោក​ដូណាល់ ត្រាំ​ខ្លួន​ឯង​ដែល​និយាយ​ថា លោក​គីម ជុនអ៊ុន​បាន​បោះ​មួយ​ជំហាន​ថយ​ក្រោយ​ដោយ​មិន​ហ៊ាន​ប្រើ​គ្រាប់មីស៊ីល​វាយប្រហារ​អាមេរិក និង​ថា លោក​គីម ជុនអ៊ុន​បាន​ចាប់​ផ្តើម​គោរព​អាមេរិក​ដោយ​មិន​សូវ​ប្រើ​សម្តី​ក្អេងក្អាង​ដូច​មុន។ នៅ​ត្រង់​ថា តើ​លោក​គីម ជុនអ៊ុន​ខ្លាច​លោក​ដូណាល់ ត្រាំ ឬ​មួយ​លោក​ត្រាំ​ខ្លាច​លោក​គីម ជុនអ៊ុន គឺ​ជា​រឿង​មួយ​ដែល​មិន​អាច​ផ្តល់​ចម្លើយ​ជាក់​ច្បាស់​ណា​មួយ​ទេ។ គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា សង្រ្គាម​ពាក្យសម្តី​រវាង​លោក​ត្រាំ និង​លោក​គីម ជុនអ៊ុន​បាន​កើត​មាន​ឡើង បន្ទាប់​ពី​លោក​គីម ជុនអ៊ុន​បាន​ព្រមាន​វាយ​អាមេរិក​ដោយ​គ្រាប់មីស៊ីល​បំពាក់ក្បាល​នុយក្លេអ៊ែរ និង​ក្រោយ​ពី​លោក​ត្រាំ​ព្រមាន​វ៉ៃ​កូរ៉េខាងជើង​ឲ្យ​ចាស់ដៃ​វិញ បើ​លោក​គីម ជុនអ៊ុន​ថ្លើម​ធំ​ហ៊ាន​ដាក់​អាមេរិក​មុន។

ក្រោយ​មក ស្ថានការណ៍​ហាក់​បាន​ស្ងប់ស្ងាត់​បន្តិច​ដោយសារ​តែ​លោក​គីម ជុនអ៊ុន​បាន​ប្រកាស​ពី​ការ​សម្រាក​មិន​សាកល្បង​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល។ នៅ​ក្នុង​ន័យ​នេះ លោក​ដូណាល់ ត្រាំ​បាន​ឆ្លៀត​លើក​យក​ទៅ​ពន្យល់​បក​ស្រាយ​នា​ថ្ងៃ​អង្គារ ទី២២ សីហា​ថា វិធានការ​បង្ហាញ​សាច់ដុំ និង​ការ​ដំឡើង​ធ្មុង​របស់​លោក​ដាក់​លោក​គីម ជុនអ៊ុន​ពិត​ជា​ទទួល​បាន​លទ្ធផល​វិជ្ជមាន ព្រម​ទាំង​ធ្វើ​ឲ្យ​មនុស្ស​ខ្លាំង​កូរ៉េខាងជើង​ចាប់​ផ្តើម​គោរព​កោតខ្លាច​អាមេរិក។ នៅ​ចំពោះ​មុខ​សកម្មជន​ជា​ច្រើន​ពាន់នាក់​នា​ជំនួប​សាធារណៈ​ក្នុង​រដ្ឋ Arizona លោក​ត្រាំ​បាន​ថ្លែង​ថា ចំណាត់ការ​របស់​លោក​តប​នឹង​លោក​គីម ជុនអ៊ុន​នៅ​មាន​កម្រិត ពោល​មិន​ទាន់​ខ្លាំង​ដូច​ដែល​គ្រប់​គ្នា​បាន​គិត​ឡើយ។

ចំណែក​លោក​ប្រមុខ​ការទូត​អាមេរិក Rex Tillerson ក៏​បាន​ឆ្លៀត​និយាយ​ពី​បញ្ហា​កូរ៉េខាងជើង​ដែរ តែ​បាន​ប្រើ​សម្តី​ការទូត​ជាង​លោក​ត្រាំ​បន្តិច។ លោក Tillerson បាន​សរសើរ​ពី​ភាព​អត់ធ្មត់​របស់​លោក​គីម ជុនអ៊ុន​ដែល​បាន​ព្យួរ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល និង​សង្ឃឹម​ថា ទង្វើ​របៀប​នេះ​របស់​លោក​គីម ជុនអ៊ុន​អាច​ជា​សញ្ញា​វិជ្ជមាន​មួយ​បើក​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​កិច្ច​ចរចា​មួយ​ទល់​មួយ​រវាង​ក្រុង​វ៉ាស៊ីតោន និង​ក្រុង​ព្យុងយ៉ាង។

លោក​គីម ជុនអ៊ុន​បាន​បញ្ជា​ឲ្យ​ផលិត​បន្ថែម​នូវ​ម៉ូទ័រ​គ្រាប់មីស៊ីល និង​គ្រាប់ក្បាល​នុយក្លេអ៊ែរ

តាម​ពិត​ទៅ ល្បែង​ដែល​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុនអ៊ុន​​កំពុង​លេង​ជាមួយ​គ្នា​ពេល​នេះ គឺ​ជា​ការ​សាកល្បង​កម្លាំង​គ្នា ព្រោះ​តាំង​ពី​លោក​ត្រាំ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក​មក លោក​គីម ជុនអ៊ុន​នៅ​មិន​ទាន់ដឹង​ចិត្ត​លោក​ត្រាំ​ពិតប្រាកដ និង​ពិបាក​ទាយ​ថា តើ​នៅ​ក្នុង​ល្បែង​មួយ​នេះ លោក​ត្រាំ​ហ៊ាន​ដាក់​លុយ​ប៉ុន្មាន។ ពិត​ណាស់​ថា​ពេល​នេះ ពោល​តាំង​ពី​លោក​គីម ជុនអ៊ុន​បាន​ប្រកាស​សម្រាក​ការ​សាកល្បង​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​មក លោក​ត្រាំ​បាន​ចាត់​ទុក​ជា​ជោគជ័យ​មួយ​របស់​លោក និង​ហ៊ាន​ទាំង​ប្រើ​ទ័ណ្ឌកម្ម​ថ្មី​ប្រឆាំង​កូរ៉េខាងជើង​ទៀត​ផង។

កូរ៉េខាងជើង​នៅ​មិន​បាន​ឆ្លើយតប​អ្វី​នឹង​ទ័ណ្ឌកម្ម​ថ្មី​របស់​អាមេរិក ឬ​មួយ​ក៏​ប្រតិកម្ម​របស់​លោក​ដូណាល់ ត្រាំ​ពេល​នេះ​ទេ តែ​លោក​គីម ជុនអ៊ុន​ផ្ទាល់ខ្លួន​បាន​បង្ហាញ​ឲ្យ​ឃើញ​នា​ថ្ងៃ​ពុធ​នេះ​នូវ​ភាព​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​នៃ​កម្មវិធី​គ្រាប់មីស៊ីល និង​កម្មវត្ថុ​ពោរពេញ​ដោយ​មហិច្ឆតា​នា​ពេល​អនាគត។ នា​ឱកាស​ទស្សនកិច្ច​នៅ​ក្នុង​វិទ្យាស្ថាន​បរិក្ខារគីមី​នៃ​សាលា​វិទ្យាសាស្រ្ត​ការពារ​ដែល​ជា​កន្លែង​ផលិតគ្រាប់​មីស៊ីល លោក​គីម ជុនអ៊ុន​បាន​បញ្ជា​ឲ្យ​ផលិត​បន្ថែម​នូវ​ម៉ូទ័រ​កាំជ្រួច និង​គ្រាប់ក្បាល​នុយក្លេអ៊ែរ​ក្រោម​បច្ចេកវិទ្យា​ថ្មី។ កាយវិការ​របៀប​នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ថា លោក​គីម ជុនអ៊ុន​មិនមែន​មិន​ខ្លាច​ការ​គំរាម​របស់​លោក​ត្រាំ​ប៉ុណ្ណោះ​ទេ តែ​បែរ​ជា​ពួន​សំងំ​ពង្រឹង​កម្លាំង​បន្ថែម​ទៅ​វិញ។

ជា​ការ​ពិត កិច្ចចរចា​មួយ​ទល់​មួយ​រវាង​ក្រុង​វ៉ាស៊ីតោន និង​ក្រុង​ព្យុងយ៉ាង គឺ​ជា​អ្វី​ដែល​កូរ៉េខាងជើង​បាន​ទាមទារ​ចង់​បាន​យ៉ាង​ទទូច​ជា​យូរ​មក​ហើយ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ភាគី​ទាំង​ពីរ​បន្ត​មិន​ទុក​ចិត្ត​គ្នា និង​បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​ដោយ​គ្មាន​អ្នក​ណា​ហ៊ាន​ធ្វើ​សម្បទាន​មុន​ឡើយ។ វ៉ាស៊ីនតោន​ថា ខ្លួន​អាច​ចរចា​បាន តែ​ក្រុង​ព្យុងយ៉ាង​ត្រូវ​លះបង់​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​ជា​មុន។ ចំណែក​ក្រុង​ព្យុងយ៉ាង​ឆ្លើយ​បក​វិញ​ថា ខ្លួន​អាច​លះបង់​បាន លុះ​ត្រា​តែ​វ៉ាស៊ីនតោន​ឈប់​គំរាម​វ៉ៃប្រហារ និង​ផ្តល់​ជំនួយ​ឲ្យ​ខ្លួន​ជា​មុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ