អានតួអត្ថបទ
ថៃ

លោកស្រី​យីងឡាក់​អំពាវនាវ​កុំ​ឲ្យ​អ្នកគាំទ្រ ទៅ​ប្រមូលផ្តុំ​នៅ​មុខតុលាការ នៅថ្ងៃ​សុក្រ

អតីត​នាយករដ្ឋមន្រ្តី​ថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​សរសេរ​សារ​អំពាវនាវ ដល់​អ្នកគាំទ្រ​របស់​លោកស្រី កុំ​ឲ្យ​ទៅ​ប្រមូលផ្តុំ​គ្នា នៅ​មុខ​តុលាការ​នៅ​ថ្ងៃ​សុក្រ​ស្អែក។ នៅ​ថ្ងៃ​ស្អែក តុលាការ​ថៃ ត្រូវ​ប្រកាស​សាលក្រម ដែល​នៅក្នុង​នោះ លោកស្រី យីងឡាក់ អាច​ប្រឈម​នឹង​ការផ្តន្ទាទោស ឲ្យ​ជាប់ពន្ធនាគារ រយៈពេល​១០​ឆ្នាំ ​ពី​បទ​ធ្វេសប្រហែស ក្នុង​កម្មវិធី​ឧបត្ថម្ភ​អង្ករ ជួយ​កសិករ ក្នុង​ពេល​លោកស្រី​កាន់អំណាច។

លោកស្រី​យីងឡាក់​ដែល​ត្រូវ​គេ​ផ្តួល​ចេញ​ពី​តំណែង​នាយករដ្ឋមន្រ្តី​ទទួល​បាន​ការគាំទ្រ​ពី​ប្រជាជន​នៅ មុខ​តុលាការ ជាទី​ដែល​លោកស្រី​ត្រូវ​គេ​ជំនុំជម្រះ​ពី​បទ​ធ្វេសប្រហែស​ក្នុង​កម្មវិធី​ឧបត្ថម្ភ​អង្ករ​ដល់​កសិករ​ថៃ
លោកស្រី​យីងឡាក់​ដែល​ត្រូវ​គេ​ផ្តួល​ចេញ​ពី​តំណែង​នាយករដ្ឋមន្រ្តី​ទទួល​បាន​ការគាំទ្រ​ពី​ប្រជាជន​នៅ មុខ​តុលាការ ជាទី​ដែល​លោកស្រី​ត្រូវ​គេ​ជំនុំជម្រះ​ពី​បទ​ធ្វេសប្រហែស​ក្នុង​កម្មវិធី​ឧបត្ថម្ភ​អង្ករ​ដល់​កសិករ​ថៃ © REUTERS/Aukkarapon Niyomyat
ផ្សាយពាណិជ្ជកម្ម

នៅ​លើ​ទំព័រ បណ្តាញសង្គម​ហ្វេសប៊ុក លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត បាន​សរសេរ​ថា បើ​សិន​គេ​ចង់​គាំទ្រ លោកស្រី គេ​អាច​ធ្វើ​បាន​ពី​ផ្ទះ។ នៅ​ផ្ទះ ដើម្បី​រង់ចាំ​ទទួល​ព័ត៌មាន គឺ​មិន​ចាំ​បាច់​ធ្វើដំណើរ​មក​ប្រមូល​ផ្តុំ​គ្នា នៅ​មុខ​តុលាការ នៅ​ក្រុង​បាងកក នៅថ្ងៃ​ស្អែក​នេះ​ទេ។ លោកស្រី យីងឡាក់ អំពាវនាវ​កុំ​ឲ្យ​អ្នកគាំទ្រ​របស់​លោកស្រី​ធ្វើដំណើរ​មក​បាងកក ដើម្បី​ជៀសវាង ជាប់អន្ទាក់ រងគ្រោះ ដោយសារ​ឧប្បត្តិហេតុ​ផ្សេងៗ ដែល​បង្ក​ឲ្យ​ដោយ​មនុស្ស មាន​បំណងអាក្រក់។

“ខ្ញុំ​មិនចង់​ឲ្យ​ក្រុម​ទី៣ ឆ្លៀត​ឱកាស​នេះ ដើម្បី​យក​ទៅ​បង្ក​ជា​ហេតុ ចលាចល នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​ទេ”។ នេះ​ជា​សារសរសេរ​របស់​លោកស្រី​យីងឡាក់។ គេ​មិនដឹងថា តើ​ក្រុមទី៣ ដែល​លោកស្រី យីងឡាក់ ចង់​សំដៅ​នោះ ជា​ក្រុមណា​ទេ។ នៅ​ប្រទេស​ថៃ អាជ្ញាធរ​តែងតែ​ទម្លាក់​កំហុស​ទៅ​លើ​ក្រុមទី ៣ ថា ជាអ្នក​នៅ​ពីក្រោយ ការបំផ្ទុះ ឬ​គប់​គ្រាប់បែក ទៅ​លើ​ក្រុមបាតុករ។ ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ថៃ មិន​ដែល​បាន​ចាប់​ខ្លួន ជនដៃដល់ របស់​ក្រុម​ទី​៣ នេះ​បាន​១នាក់​ណា​នោះ​ទេ។

សារ​អំពាវនាវ​របស់​លោកស្រី​យីងឡាក់ ធ្វើឡើង​នៅ​បន្ទាប់​ពី​ប្រជាជន​ថៃ ដែល​គាំទ្រ​លោកស្រី មាន​បំណង​លើកគ្នា មក​លើក​ទឹកចិត្ត លោកស្រី​យីងឡាក់ នៅ​ថ្ងៃ​សុក្រ ស្អែក ថ្ងៃ​ដែល​តុលាការ​កំពូល​ថៃ ត្រូវ​ប្រកាស​សាលក្រម ដែល​នៅ​ក្នុង​នោះ លោកស្រី​យីងឡាក់ អាច​ប្រឈម​នឹង​ការផ្តន្ទាទោស ឲ្យ​ជាប់​ពន្ធនាគារ រយៈពេល ១០​ឆ្នាំ ពី​បទ​ធ្វេសប្រហែល ក្នុង​កម្មវិធី​ឧបត្ថម្ភ​អង្ករ​ដល់​កសិករ​ថៃ នៅក្នុង​អំឡុង​ពេល​លោកស្រី​កាន់​អំណាច។

តាំង​ពី​ដើម​សប្តាហ៍​នេះ​ម្ល៉េះ រដ្ឋាភិបាល​សឹក​ថៃ បាន​ប្រកាស​ត្រៀម​ពង្រាយ ទ័ព ច្រើន​ជាង ៤ ០០០​នាក់ ដើម្បី រារាំង ទប់ស្កាត់ កុំ​ឲ្យ​អ្នកគាំទ្រ​លោកស្រី​យីងឡាក់ ធ្វើដំណើរ​ចូល​ទីក្រុង​បាងកក នៅថ្ងៃ​សុក្រ​ស្អែក​នេះ។ សូមបញ្ជាក់ថា ចាប់តាំង​ពី​តុលាការ​បើក​សវនាវការ​ជំនុំជម្រះ ក្នុង​រយៈពេល ១ឆ្នាំ​កន្លះនេះ ប្រជាកសិករ​ថៃ ដែល​រស់នៅ​ភាគ​ខាង​ជើង​​ប្រទេស តែងតែ​ធ្វើ​ដំណើរ​ទៅ​ក្រុង​បាងកក ដើម្បី លើក​ទឹកចិត្ត លោកស្រី យីងឡាក់ នៅ​រាល់​លើក​ដែល​លោកស្រី ត្រូវ​ចូល​ខ្លួន​ទៅ​ក្នុង​តុលាការ។ លោកស្រី​យីងឡាក់​ធ្លាប់​បាន​បរិហារ​រួចហើយ​ថា សនវការ​ជំនុំជម្រះ​លោកស្រី ជា​យុទ្ធសាស្រ្ត នយោបាយ ដែល​រដ្ឋាភិបាល​សឹក​ថៃ បាន​រៀបចំ​ឡើង ដើម្បី បោសសម្អាត ត្រកូល​ស៊ីណាវ៉ាត របស់លោកស្រី ចេញ​ពី​ពិភព​នយោបាយ​ថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ