អានតួអត្ថបទ

លោកស្រី​ ​យីងឡាក់ ប្រថុយ​ធ្វើ​​យុទ្ធនាការ​Selfies ដើម្បី​នយោបាយ

ចំនួន​អ្នក​គាំទ្រ​ទំព័រ​ហ្វេសប៊ូក​​របស់​លោកស្រី​យីងឡាក់ បាន​ឡើងដល់​ជាង​៥​លាន​នាក់ ! ដើម្បីអបអរ​និង​ថ្លែង​អំណរគុណ​ដល់​Fans អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បាន​ចេញ​ធ្វើ​ទស្សនាចរណ៍​​មួយ​ជុំ​ប្រទេស និង​បាន​ទៅ​ដល់នៅ​ថ្ងៃ​សៅរ៍​និង​អាទិត្យ​​នេះ តំបន់​ភាគ​ខាង​ជើង ដែល​ជា​​មូលដ្ឋាន​របស់​ក្រុម​អាវក្រហម​។ លោកស្រី​បាន​ឆ្លៀត​ប្រើ​ឱកាស​ដ៏​ស្និទ្ធស្នាល​​ ​ថត​រូប​សែលហ្វីការ​ជួបជុំ​​ប្រកប​ដោយ​និម្មិតរូប ដើម្បី​បង្ហាញ​មិត្តរបស់​លោកស្រី​​ក្នុង​ប្រព័ន្ធ​សង្គម​ថា​ ត្រកូល​ស៊ីណាវ៉ាត់​ នៅ​តែ​អាច​ធ្វើ​នយោបាយ​បាន​ បើ​ទោះ​បី​ជា​របប​សឹក​បិទ​ខ្ទប់​ផ្លូវ​យ៉ាង​ណា​ក៏​ដោយ។

អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោកស្រី​ Yingluck Shinawatraជាមួយ​សកម្មជន​អាវក្រហម
អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោកស្រី​ Yingluck Shinawatraជាមួយ​សកម្មជន​អាវក្រហម REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​សំងំ​ធ្វើ​ចាញ់​ មិន​សូវ​ចេញមុខ​ចេញ​មាត់ អស់​មួយ​រយៈ​ធំ​មក នៅ​ពេល​នេះ លោកស្រី យីងឡាក់ បាន​លេច​មុខ​ជា​ថ្មី ក្រោម​លេស​ជា​ផ្លូវការ​មួយ​ថា ចេញ​ធ្វើ​ទស្សនកិច្ច​វប្បធម៌ ដើម្បី​អរគុណ​ដល់​ពលរដ្ឋ​ថៃ​ដែល​បាន​គាំទ្រ​លោកស្រី​ក្នុង​ទំព័រ​ហ្វេសប៊ូក។ ទំព័រ​ប្រព័ន្ធ​សង្គម​ដែល​មានFans ​ដល់​ទៅ​ជាង​៥​លាន​នាក់។

ថ្ងៃ​នេះ​លោកស្រី​បាន​ទៅ​ខេត្ត​Phrae ភាគ​ខាង​ជើង​ប្រទេស​ ដែល​គ្រប់​គ្នា​បាន​ដឹង​ស្រាប់​ហើយ​ថា​ជា​តំបន់​របស់​ក្រុម​អាវ​ក្រហម ចលនា​ប្រជាជន​ដ៏​ខ្លាំងក្លា ​មាន​ភក្តីភាព និង​គាំទ្រ​ ​ត្រកូល​ស៊ីណាវ៉ាត់ និងជា​ការ​គំរាមកំហែងសម្រាប់​ក្រុម​អ្នក​អភិរក្ស​ជាន់​ខ្ពស់​នៅ​ក្រុង​​ គាំទ្រ​រាជវង្ស​ នៅ​រាជធានី​បាងកក​ ឬ​ហៅ​ខ្លី​ថា​ក្រុម​អាវលឿង ដែល​ហាក់​ដូច​ជា​កំពុង​ជ្រួល​ច្រាល​ នឹង​ស្ថានភាព​សុខភាព​ធ្លាក់​ចុះ​របស់​ព្រះ​មហាក្សត្រ។

តាំង​ពី​ឆ្នាំ​២០១៤មក ក្រោយការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោកស្រី យីងឡាក់ ចេញ​ពី​តំណែង​មក មេ​ដឹកនាំ​សឹក​ថៃ បាន​ឡើងកាន់អំណាច និង​បាន​ហាម​ឃាត់​រាល់​គ្រប់​ទម្រង់​នៃ​ការ​ប្រមូល​ផ្តុំ​នយោបាយ។ ប៉ុន្តែ​នៅ​ថ្ងៃនេះ និង​ក៏​ដូច​នៅ​តាម​ខេត្ត​ផ្សេងៗ​ដែល​លោកស្រី​បាន​ទៅ​ដល់​ដែរ ពលរដ្ឋ​ថៃ​ភាគ​ខាង​ជើង បាន​មក​ជួប​ជុំ​គ្នា ក្នុង​សម្លៀក​បំពាក់​អាវ​យឺតក្រហម​ ប្រកប​ដោយ​និម្មិត្តរូប​របស់​ចលនា​ប្រជាជន ថត​រូប​សែលហ្វី មកធ្វើ​បុណ្យ​​នៅ​វត្ត​ជាមួយ​លោកស្រី យីងឡាក់ យ៉ាង​ច្រើន​កុះករ និង​ស្រែក​អបអរ​ដោយ​គ្មាន​ញញើត​ចង់​ឃើញ​លោកស្រី យីងឡាក់ ដែលសម្រាប់​ពួកគេ​​ស្អាត​ទាំង​រូប ទាំង​ចិត្ត​​ បាន​ក្លាយ​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ជា​ថ្មី។

ការ​ជួប​ជុំ​ដែល​ប្រៀប​បាន ​​នឹង​ស្នូរគោះ​ជួង​សេរីភាព​ ឱ្យ​​បាន​លាន់​រន្ទឺ​ឡើង​នៅ​ក្នុង​វត្ត។ ​តើ​នេះ​មិន​មែន​ជា​និម្មិត្តរូបនយោបាយ​ដែល​លោកស្រី​យីងឡាក់ បានបង្វៀង​​រៀបចំ​ឡើង​ប្រកប​ភាព​ឆ្លាត​វៀង​វៃ​ទេឬ ?

ទោស​ធ្ងន់​១០​ឆ្នាំ​ក្នុង​​ពន្ធនាគារ

លោកស្រី​យីងឡាក់ ត្រូវ​បាន​សភា​ថៃ​បោះឆ្នោត​ហាមប្រាម​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ គិត​​ចាប់​ពី​ឆ្នាំ​២០១៤​មក ! ប៉ុន្តែ​សម្រាប់​សកម្ម​ជន​ សវនការ​អស់​នេះ មាន​លក្ខណៈ​នយោបាយ​សុទ្ធ​សាធ ដើម្បី​បំបិទ​ផ្លូវ​លោកស្រី​​តែ​ប៉ុណ្ណោះ។ ឯ​លោកស្រី​យីងឡាក់ ក៏​បាន​សុខ​ចិត្ត​សំងំ​ធ្វើ​ចាញ់​ លាក់​មុខ ដើម្បីការពារ​ខ្លួន និង​បាន​ចៀសវាង​មិន​ដើរ​តាម​គន្លង​បង​ប្រុស​ធ្វើ​និរទេស​ខ្លួន​ទៅ​បរទេស​ ដើម្បី​គេច​ពី​តុលាការ​ឡើយ។

ក្នុង​បរិបទ​បែប​នេះ យើង​ពិត​ជា​មើល​ឃើញ​ថា ​ដំណើរ​ទស្សនកិច្ច​វប្បធម៌ ដែល​លោកស្រី​បាន​ប្រសិទ្ធិនាម​ថា “ប្រយុទ្ធដោយ​​ប្រើ​ភាព​ញញឹម” ជា​ទង្វើ​​មួយ​ ដ៏​ប្រថុយប្រថាន​មួយ​ តែ​ក៏​អាច​ជា​ការ​ជ្រ-ល ចិត្ត​ដែល​លោកស្រី យីងឡាក់ ចង់​ស្ទាប​ស្ទង់​មើល ក្នុង​នាម​​លោកស្រី​ជាអ្នក​ជាប់​បម្រាម​​​អាជ្ញាធរ​​​មិន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​បរទេស ដោយ​ហេតុ​តែ​កំពុង​ជាប់​សវនាការ។ ​ ​

លោកស្រី​បាន​ដឹង​យ៉ាង​ច្បាស់​អំពី​ចំណុច​និង​ផលវិបាក​នេះ ! លោកស្រី​ក៏​បាន​បញ្ជាក់​ដោយ​ផ្ទាល់​មាត់​ខ្លួន​ឯង​នៅ​ថ្ងៃ​នេះ ទៅ​កាន់​អ្នក​សារព័ត៌មាន ថា​ “លោកស្រី​ជាប់​បម្រាម​៥​ឆ្នាំ ! តែ​អ្វី​ដែល​លោកស្រី​អាច​ធ្វើ​បាន​គឺ​ជួយ​ប្រជាជន​ទៅ​តាម​សមត្ថភាព​លោកស្រី ជួយ​ឃោសនា​ឱ្យ​មាន​សកម្មភាព​វប្បធម៌ និង​ការ​ដើរកំសាន្ត។ មិន​មែន​ជា​ពេល​វេលា​ដែល​លោកស្រី​ធ្វើ​នយោបាយ​ឡើយ។

ជាផ្លូវការ​ បើ​តាម​ប្រសាសន៍​លោកស្រី​ គ្មាន​អ្វី​ជា​សកម្មភាពផ្ទុយ​នឹង​បម្រាម​អាជ្ញាធរ​ទេ ប៉ុន្តែ​យើង​មិន​ទាន់​អាច​ដឹង​ឡើយ​ថា​តើ​មេដឹកនាំ​សឹក​យល់​ស្របតាម និង​បណ្តោយឱ្យ​លោកស្រី​បន្ត​សកម្មភាព​វប្បធម៌​បែប​នេះ​ទៀត​នោះ។ របប​សឹក​អាច​មិន​ធ្វើ​អ្វីនៅ​ពេល​នេះ តែ​​តុលាការ​​អាច​ខ្ទាស់ ​លោកស្រី​យីងឡាក់​បាន​គ្រប់ពេល​វេលា ព្រោះ​ថា​​ក្តី​ក្តាំ​ពីបទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ធ្វេស​ប្រហែស​ទិញ​ស្រូវ​ពី​ប្រជាជន​នាំ​ឱ្យ​ខូច​សេដ្ឋកិច្ច​ជាតិ កំពុង​ស្ថិត​ក្នុង​ដំណើរការ​សវនាការ និង​ដែល​​នឹង​អាច​នាំ​លោក​ស្រី​ឱ្យ​ចូល​ពន្ធនាគារ​​ដល់​ទៅ​១០​ឆ្នាំ។

សវនាការ​នេះ​បាន​ចាប់​ផ្តើម​បើក​តាំង​ពី​ខែ​មករា​ដើម​ឆ្នាំមក និង​ត្រូវ​ការ​ប្រើ​ពេល​វេលា​ ប្រហែល​​មួយ​ឆ្នាំ​ដែរ។ នៅ​ខែ​វិច្ឆិកា​ខាង​មុខ នឹង​ដល់​វេនចុង​ចោទ​ ត្រូវ​ឡើង​ការពារ​ខ្លួន។ ទោស​ដែល​ធ្ងន់​បំផុត​គឺ​អាច​នឹង​ត្រូវ​ជាប់​ទោស​ក្នុង​ពន្ធនាគារ​ដល់​ទៅ ១០​ឆ្នាំ។ តែ​​លោកស្រី​យីងឡាក់ តែង​បាន​ការ​ពារ​ខ្លួន​ជានិច្ច​ថា​ ការ​ប្រមូល​ទិញ​ស្រូវ​អង្ករ​ពី​ពលរដ្ឋ​ ជា​ជំនួយ​ចាំបាច់​របស់​រដ្ឋាភិបាល​ចំពោះប្រជាជនក្រីក្រ។

ហើយ​អ្វី​ជា​ការ​កត់​សម្គាល់ ​ គឺ​លោកស្រី​យីងឡាក់ ជាប់​បណ្តឹង​ដោយ​មក​ពី​របប​សឹក​យល់​ថា​ពុក​រលួយ​ ទិញ​ស្រូវ​ប្រជាជន​ថ្លៃ​ជាង​ទីផ្សារ ធ្វើ​ឱ្យ​លក់​មិន​ចេញ ខាត​ប្រយោជន៍​សេដ្ឋកិច្ច​​ជាតិ ទើប​នាំ​លោកស្រី​ទៅ​តុលាការ តែ​ពេល​នេះ មេដឹកនាំ​សឹក​ក៏​កំពុង​អនុវត្ត​នយោបាយ​ដូច​លោកស្រី​យីងឡាក់​ដែរ ដោយ​បាន​ប្រមូល​ទិញ​កៅស៊ូ ពីប្រជាជន​ក្នុង​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ​។

សរុប​ទៅ​ របប​សឹក​បាន​ធ្វើ​គ្រប់​យ៉ាង​ក្នុង​បំណង​តែ​មួយ​គត់​គឺ​ទប់​ស្កាត់​មិន​ឱ្យ​លោកស្រី​យីងឡាក់ ឬ​ត្រកូល​ស៊ីណាវ៉ាត់​ ដែល​តែង​តែ​ឈ្នះ​ឆ្នោត​រហូត​មក បាន​ត្រលប់​មក​កាន់​តំណែងវិញ​​ប៉ុណ្ណោះ៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ