អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិរ៉ូហ៊ីងយ៉ា ៖ បារាំង​ប្រើ​ពាក្យ "ប្រល័យពូជសាសន៍​" ចំពោះ​អំពើ​ហិង្សា​នៅភូមា

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិ​រ៉ូហ៊ីងយ៉ា បាន​និ​ងកំពុងក្លាយ​ជា​បច្ចុប្បន្នភាព​ពិភពលោក ! នៅ​ក្នុង​បទ​សម្ភាសន៍​នា​ទីក្រុង​ញូវយ៉ក ​ប្រធានាធិបតីបារាំង លោក ​អេម៉ានុយអែល ​ម៉ាក្រុង បាន​ចាត់ទុក​អំពើ​ហិង្សា​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ភូមា​ជា “អំពើ​ប្រល័យពូជសាសន៍” និង​ជា​ “ការបោសសម្អាតជាតិសាសន៍”។ ក្នុង​ពេល​ដែល​បារាំង​ចង់​ធ្វើ​ជា​អ្នក​ផ្តួច​ផ្តើម​គំនិត​ដាក់​គំនាប​ភូមា​ក្នុង​វិបត្តិ​នេះ ​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ប្រកាស​បិទ​ខ្ទប់​ការបង្ហោះ​​ផ្សាយ​របស់​ពួក​ឧទ្ទាម​រ៉ូហ៊ីងយ៉ា លើ​ប្រព័ន្ធ​សង្គម​របស់​ខ្លួន។

ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា នៅ​ជំរំ​Cox's Bazarប្រទេស​បង់ក្លាដែស​ដណ្តើម​ជំនួយ​ស្បៀង
ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា នៅ​ជំរំ​Cox's Bazarប្រទេស​បង់ក្លាដែស​ដណ្តើម​ជំនួយ​ស្បៀង © Reuters
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​រ៉ូហ៊ីងយ៉ា ជា​ប្រធានបទ​សំខាន់​មួយ​នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ឆ្នាំ​នេះ។ ប្រមុខ​ដឹកនាំ​ប្រទេស​មហា​អំណាច​​ សុទ្ធ​តែ​បាន​លើ​ក​ឡើង​អំពី​វិបត្តិ​នេះ នៅ​​វេទិកា​អង្គការ​សហប្រជាជាតិ​។ ប្រធានាធិបតីបារាំង បាន​​ចាត់​ទុក​អំពើ​ហិង្សា​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ជា​អំពើ “ប្រល័យពូជសាសន៍” និង​ជា​ការ “បោសសម្អាតជាតិសាសន៍”។

នៅ​ក្នុង​បទ​សម្ភាសន៍​ពី​ក្រុង​ញូវយ៉ក ផ្សព្វផ្សាយ​​នៅ​ល្ងាច​ថ្ងៃពុធ​ម្សិលមិញ ដែល​លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បាន​បញ្ជាក់​ថា បារាំង​នឹងធ្វើ​ជា​អ្នក​​​ផ្តួច​ផ្តើម​គំនិត​គិតគូរ​​អំពី​វិបត្តិរ៉ូហ៊ីងយ៉ា ជាមួយ​នឹង​បណ្តា​ប្រទេស​ជា​ដៃគូ​នៅ​ក្នុង​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ បារាំង​នឹងជំរុញ​​ឱ្យ​អង្គការ​សហប្រជាជាតិ ចេញ​សេចក្តី​សម្រេច​ថ្កោល​ទោស​ និង​ធ្វើ​​​សកម្មភាព ដូច​ជា​ ស្នើ​សុំ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​លើ​ជនជាតិ​ភាគ​តិច​មួយ​ក្រុម​នេះ ព្រមទាំងបើក​បណ្តាញ​មនុស្សធម៌។

សម្រាប់​លោក​ប្រធានាធិបតីបារាំង អំពើ​បោស​សម្អាត​ជាតិ​សាសន៍​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​ភូមា​ ! ដូច្នេះ​ហើយ​បាន​ជា​បារាំង​សន្យា​ត្រូវ​តែ​ធ្វើ​អ្វី ម្យ៉ាង​ ដើម្បី​ថ្កោល​ទោស​សកម្មភាព​ប្រល័យពូជសាសន៍​នោះ​។ ហើយ​មាន​តែ​សេចក្តី​សម្រេចថ្កោលទោស​​​របស់​អង្គការ​សហប្រជាជាតិ​ទេ ទើប​មាន​តម្លៃ​ និង​មាន​ឥទ្ធិពល​ខ្លាំង ព្រម​ទាំង​អាច​បើក​ផ្លូវ​ឱ្យមាន​អន្តរាគមន៍​ក្នុង​ក្រប​ខ័ណ្ឌ​អង្គការ​ប្រជាជាតិ​បាន។

​ពេល​នេះ​ស្ថានភាព​​ស្មុគស្មាញ​ខ្លាំង ការ​ចែក​ជំនួយ​​ប្រព្រឹត្ត​ទៅ​យ៉ាង​ត្រដាបត្រដួស និង​ចាត់​ចែង​ឡើង​ដោយ​ទាហាន​បង់ក្លាដែស។ ក្រុម​ជំនួយ​មនុស្សធម៌ កាកបាត​ក្រហម​​​រង​ការ​វាយប្រហារ​ពី​សំណាក់​ជន​អ្នក​ស្អប់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ រហូត​មាន​ស្លាប់​ដល់​ទៅ យ៉ាងហោចណាស់​៩​នាក់។ល។ និង​។ល។

សូម​បញ្ជាក់​ថា មិន​មែន​តែ​បារាំង​ទេ ដែល​បាន​បញ្ចេញ​ទស្សនៈ​និង​ប្រើ​ពាក្យ​ខ្លាំងៗ​ធ្ងន់ៗ ស្តី​ពី​អំពើ​ហិង្សា​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​នោះ នៅ​ថ្ងៃពុធ​ម្សិលមិញ​ដែរ សហរដ្ឋ​អាមេរិក​តាម​រយៈ​ប្រសាសន៍​របស់​អនុប្រធានាធិបតី លោក Mike Pence ក៏​បាន​ទាមទារ​ដូច​បារាំង​ដែរ ឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ ធ្វើ​អន្តរាគមន៍​ឱ្យ​ឆាប់​រហ័ស និង​ម៉ឺងម៉ាត់ ដើម្បី​បិទ​បញ្ចប់​អំពើ​ហិង្សា​ដែល​​មាន​ទម្រង់​ជា​អំពើ​ដ៏សាហាវឃោរឃៅ​។

​​ហ្វេសប៊ុកបាន​ប្រកាស​បិទ​ខ្ទប់គណនី របស់​ពួក​ឧទ្ទាម​រ៉ូហ៊ីងយ៉ា​

នរណា​ក៏​ដឹង​ដែរ ថា​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក បាន​ក្លាយ​ជា​ឧបករណ៍​សម្រាប់​បំពង​ឃោសនា​​ព័ត៌មាន​​ខ្លាំងណាស់ មិន​ថា​ពី​សំណាក់​ក្រុមអ្នក​ការពារ​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា ឬ​ខាង​រដ្ឋាភិបាល​និង​យោធា​ភូមា​ទេ។ រាល់​សេចក្តី​ថ្លែងការណ៍​ផ្លូវការ សុទ្ធ​ផ្សព្វផ្សាយ​បង្ហោះ​ចេញ​ពី​​បណ្តាញ​សង្គម​ ហ្វេសប៊ុក​ទាំង​អស់។

ថ្វីបើ​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ធ្វើ​ឱ្យ​ខាង​រដ្ឋាភិបាល​និង​យោធា​ភូមា​រីករាយ​បន្តិច​មែន ប៉ុន្តែដោយ​ពិត​ទៅ​នោះ សេចក្តី​សម្រេច​របស់​​ហ្វេសប៊ុក​គ្មាន​ពាក់ព័ន្ធ​នឹង​នយោបាយ​ ហើយ​ក៏មិន​មែន​ជា​ចម្លើយ​តប​ទៅ​នឹង​សំណើ​របស់​ខាង​ណា​ដែរ។ បើ​តាមការ​​ពន្យល់​បំភ្លឺ​របស់​ហ្វេសប៊ុក ប្រព័ន្ធ​សង្គម​មួយ​នេះ​មាន​នយោបាយ​ យ៉ាង​សាមញ្ញ និង​ច្បាស់លាស់​របស់​ខ្លួន ច្រាន​ចេញពី​បណ្តាញ​នូវ​​រាល់​គ្រប់​ក្រុម​ជនណា ឬ​អង្គការ​ណា​​ដែលញុះញង់​អំពើ​ហិង្សា តាម​រយៈ​ការ​បិទ​ខ្ទប់​គណនីក្នុង​ប្រព័ន្ធ​ហ្វេសប៊ុក​របស់ក្រុម​នោះ​​។

អញ្ចឹង​ហើយ​បាន​ជាយើង​​ឮ​ និង​ទទួល​ព័ត៌មាន​ច្រើន​មក​ថា​មាន​អាក់ខោន​របស់​ក្រុម​អ្នក​ទទួល​ខុស​ត្រូវ អ្នក​ការពារ​បុព្វហេតុ​រ៉ូហ៊ីងយ៉ា ត្រូវ​គាំង​ នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។

​ហ្វេសប៊ុក​ មិនមែន​ជាបណ្តាញ​ផ្សព្វផ្សាយ​​អំពើ​ហិង្សា

អ្នក​នាំ​ពាក្យ​របស់​ហ្វេសប៊ុក​បាន​បដិសេធ​រឿង​នេះ និង​បាន​អះអាង​ថា ហ្វេសប៊ុក មិន​ត្រូវ​ការផ្តល់​មេរៀន ឬ​ថ្កោលទោស​ទង្វើ​របស់​ជន​ណា​ម្នាក់​​ឡើយ ! ហ្វេសប៊ុកចង់​តែ​​​រក្សា​សេរីភាពនៃ​ការ​ប្រើប្រាស់​​និង​វត្តមាន​នៃ​អាក់ខោន​របស់​ពួក​អ្នកការពារ​​រ៉ូហ៊ីងយ៉ាជា​និច្ច ​ដោយ​​លុប​ចោល​តែ​ខ្លឹមសារណា​ដែល​មាន​បង្កភាព​​រន្ធត់​ ដែលមាន​បង្កប់​តែ​ភាព​​ញុះញង់​ និងការ​ចែក​ចាយ​​មនោគមន៍​វិជ្ជា​ហិង្សា​ប៉ុណ្ណោះ។

តាំង​ពី​ថ្ងៃទី ២៥ សីហា មក ជនជាតិ​រ៉ូហ៊ីងយ៉ា ជាង​៤សែន​ពីរ​ម៉ឺ​ន​នាក់ នាំ​គ្នា​រត់​ទីណាត់​ទីណែង ទៅ​បង់ក្លាដែស​ ដើម្បី​គេច​ពី​កណ្តាប់​ដៃ​ដែក​ដ៏​ហិង្សារបស់​ពួក​យោធាភូមា។ ក្រុម​អ្នក​ការពារ​រ៉ូហ៊ីងយ៉ា បាន​ចោទ​យោធា​ភូមា​ថា បាន​ចាប់​រំលោភ សម្លាប់ និង​ដុត​បំផ្លាញភូមិឋាន​​សេសសល់របស់​​​ជនជាតិភាគ​តិច​នៅ និង​របស់​អង្គការ​មនុស្សធម៌។

ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ដឹង​យ៉ាង​ច្បាស់​ថា ក្រុម​នេះ​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​​ស្តីអំពី ហិង្សា​ និង​ការ​ធ្វើ​ទុក្ខមុកម្នេញ​​ ដែល​កំពុង​កើត​មាន។ នៅ​លើ​បណ្តាញ​សង្គម​ ដែល​បណ្តា​ជន​ភូមា​​ចូល​ចិត្ត​លេង​ខ្លាំង គេ​ឃើញ​មាន​រូប​ត្លុក​ជា​ច្រើន​ ព្រមទាំង​វីដេអូ​ចំអក​សារព័ត៌មាន​បរទេស​ និង​ពិសេស​រូប​យុវតី​ជ័យលាភី​ណូបែល​សន្តិភាព​ ដែលរិះគន់​ចំណាត់ការ​របស់​លោកស្រី​ អ៊ុងសានស៊ូជី ក្នុង​វិបត្តិ​ ដែលសុទ្ធ​តែ​មាន​​មាន​លក្ខណៈ​​​ជ្រុលនិយម​ និង​ដើម្បី​​រ៉ូហ៊ីងយ៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ