អានតួអត្ថបទ
បង់ក្លាដែស-ភូមា

នាយករដ្ឋមន្រ្តី បង់ក្លាដែស​ទាមទារ​ឲ្យ​មាន​បង្កើត​តំបន់​សុវត្ថិភាព​សម្រាប់ជនជាតិ​រ៉ូហ៊ីងយ៉ា

ភូមា​កំពុង​រងការរិះគន់​ពីគ្រប់ទិស ដោយសារ​អំពើហិង្សា ដែល​ឈាន​ទៅដល់​ការរត់​ចោល​​ភូមិ​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា រាប់សែន​នាក់ ទៅក្នុង​ទឹកដី​បង់ក្លាដែស។ នៅ​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​ប្រធានាធិបតី បារាំង លើកឡើង​ពី​អំពើប្រល័យពូជសាសន៍ នៅភូមា នាយករដ្ឋមន្រ្តី​បង់ក្លាដែស ឯណោះវិញ បាន​ឡើង​ថ្លែង​នៅ​អង្គការ​សហប្រជាជាតិ ទាមទារ​ឲ្យ​ភូមា បញ្ឈប់​ការបោស​សម្អាត បណ្តេញ​ជនជាតិ​ពិន្ធុ។

នាយករដ្ឋមន្រ្តី បង់ក្លាដែស​ឡើង​ថ្លែង​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី ៧២​នៅថ្ងៃទី ២១​កញ្ញា ២០១៧
នាយករដ្ឋមន្រ្តី បង់ក្លាដែស​ឡើង​ថ្លែង​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី ៧២​នៅថ្ងៃទី ២១​កញ្ញា ២០១៧ © REUTERS/Eduardo Munoz
ផ្សាយពាណិជ្ជកម្ម

ពីលើ​វេទិកា ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ លោកស្រី​នាយករដ្ឋមន្រ្តី​បង់ក្លាដែស Sheikh Hasina បាន​អំពាវនាវ សុំ​ឲ្យ​មាន​បង្កើត​តំបន់​សុវត្ថិភាព​មួយ សម្រាប់​ទទួល​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ដែល​បាន​រត់គេច​ចេញ​ពី អំពើហិង្សា នៅ​រដ្ឋរ៉ាឃីន និង​កំពុង​កកកុញ នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន ក្នុង​ទឹកដី​បង់ក្លាដែស។ តាម​យោបល់​របស់​ប្រមុខ​រដ្ឋាភិបាល​បង់ក្លាដែស តំបន់​សុវត្ថិភាព​សម្រាប់​ប្រជាជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា ត្រូវ​ស្ថិតនៅក្នុង​ទឹកដី​ភូមា ហើយ​និង​ត្រូវ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​ត្រួតពិនិត្យ​របស់​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ។

សព្វថ្ងៃនេះ ទឹកដី​ភាគខាងត្បូង​របស់​បង់ក្លាដែស ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​ភូមា មានជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ជាង ៨​សែន​នាក់។ នេះ​បើតាម​លោកស្រី​នាយករដ្ឋមន្រ្តី​បង់ក្លាដែស។ ថ្លែង​ទៅកាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ប្រមុខ​រដ្ឋាភិបាល​បង់ក្លាដែស​បាន​ទាមទារ​សុំ​ឲ្យ​ភូមា​បញ្ឈប់​ការបោសសម្អាត​ជនជាតិ​ពិន្ធុ។ នាយករដ្ឋមន្រ្តី​បង់ក្លាដែស បរិហារ​រិះគន់​ផងដែរ ចំណាត់ការ​របស់អាជ្ញាធរ​ភូមា ដែល​បាន​បង្កប់​រាយមីន នៅ​តាម​ព្រំដែន ជាមួយ​បង់ក្លាដែស ក្នុង​គោលដៅ​ទប់ស្កាត់​កុំ​ឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​រត់ចូលទៅក្នុង​ទឹកដី​បង់ក្លាដែស អាច​ត្រលប់​ចូល​ទៅ​ភូមា​វិញ។

នៅ​ថ្ងៃ​អង្គារ កន្លងទៅ នៅក្នុង​សង្កថា ជា​ភាសា​អង់គ្លេស ដែល​លោកស្រី​បាន​ឡើង​ថ្លែង​ជាសាធារណៈ លោកស្រី​អ៊ុងសាន ស៊ូជី ប្រមុខរដ្ឋាភិបាល​ស៊ីវិល​ភូមា មិន​បាននិយាយ​ចំៗ ឈ្មោះ​ជនជាតិ​រ៉ូហ៊ីងយ៉ា​សូម្បីមួយ​ដង។ ប៉ុន្តែ លោកស្រី បាន​អះអាង​ធានា​ថា ភូមា​ត្រៀមខ្លួន​រួចហើយ ដើម្បី​ទទួល​យកវិញ ប្រជាជន​កាន់សាសនា​អ៊ីស្លាម ដែល​បាន​រត់គេច​ចេញ​ពី​អំពើហិង្សា​នៅ​រដ្ឋរ៉ាឃីន។ នៅក្នុង​សង្កថា លោកស្រី​អ៊ុងសាន ស៊ូជី ជ័យលាភី ណូបែល​សន្តិភាព ប្រកាស​ថា នឹង​ទទួល​ធ្វើ​មាតុភូមិនិវត្ត​ប្រជាជន​កាន់សាសនា​អ៊ីស្លាម ប្រមាណ ៤សែននាក់ ដែល​បាន​រត់​ទៅជ្រកកោន នៅ​ទឹកដីបង់ក្លាដែស។ ចំនួន​នេះ គឺ​ពាក់កណ្តាល នឹង​ចំនួន​ដែល​លោកស្រី​នាយករដ្ឋមន្រ្តី​បង់ក្លាដែស លើកឡើង​ខាងដើម ដែល​ថា មាន​ប្រជាជន​រ៉ូហ៊ីងយ៉ា ប្រមាណ ៨​សែននាក់ កំពុង​ស្ថិតនៅ​ក្នុង​ទឹកដី បង់ក្លាដែស ដោយសារ​តែ​អំពើ​ហិង្សា​នៅ​ភូមា។

មួយវិញទៀត​សំណើ​របស់លោកស្រី​អ៊ុងសាន ស៊ូជី ហាក់​មិនសូវ​ច្បាស់លាស់ ព្រោះ​គ្មាន​កំណត់​ថ្ងៃ​វិលត្រលប់ ផ្ទុយពីនេះ មាន​បង្កប់​ដោយ​លក្ខខណ្ឌ នៅត្រង់​ថា ការទទួល​យក​ជនជាតិ​រ៉ូហ៊ីងយ៉ា​នឹង​ធ្វើឡើង​ក្រោម​ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ លើ​ក្រដាស​ស្នាម មុន​នឹង​ភូមា​អាច​ទទួល​យក​ប្រជាជន​ដែល​លោកស្រី​អ៊ុងសាន ស៊ូជី នៅ​តែ​មិនទាន់​យល់​ថា ហេតុអ្វី​បាន​ជាពួកគេ​រត់​គេច​ចេញពី​ភូមា ទៅ​ទឹកដី​បង់ក្លាដែស​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ