អានតួអត្ថបទ
កូរ៉េខាងជើង-សហរដ្ឋអាមេរិក

ព្យុងយ៉ាង​ប្រាប់​អាមេរិក​ឲ្យ​ឈប់​ស្រមៃ​ចង់​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង

​ឆ្លៀត​យក​ឱកាស ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ​អាស៊ី កូរ៉េខាងជើង​ នៅថ្ងៃ​សៅរ៍ទី ៤​វិច្ឆិកា ដើម្បី​បង្ហាញ​ជំហរ ដាច់ណាត់ មិន​ចង់​ចរចា​ជាមួយ ក្រុង​វ៉ាស៊ីនតោន។ មិនត្រឹម​តែ​មិន​ចង់​ចរចា ព្យុងយ៉ាង​នៅ បាន​គំរាម អភិវឌ្ឍ បន្ថែម អំណាច​ឲ្យ​អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន។

មេដឹកនាំ​កូរ៉េខាងជើង លោកគីម ជុងអ៊ុន
មេដឹកនាំ​កូរ៉េខាងជើង លោកគីម ជុងអ៊ុន © KCNA via Reuters
ផ្សាយពាណិជ្ជកម្ម

ជំហរ​បដិសេធ​មិន​ចង់​ចរចា​របស់​កូរ៉េខាងជើង បាន​ស្តែងឡើង នៅក្នុង​វិចារណកថា របស់​ទីភ្នាក់ងារ​ព័ត៌មាន KCNA ដែល​ជា​ឧបករណ៍​ឃោសនា នាំពាក្យ​របស់​របប​កុម្មុយនិស្ត​កូរ៉េខាងជើង។ នៅក្នុង​អត្ថបទ​ដែល​មាន​ឈ្មោះថា ឈប់​យល់សប្តិ​ទាំងថ្ងៃ ក្រុង​ព្យុងយ៉ាង​បាន​អំពាវនាវ​អាមេរិក​ឲ្យ​ឈប់​ស្រមៃ ចង់​និយាយ​ពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង។

“អាមេរិក​ឈប់ទៅ ឈប់​គិត​ថា កូរ៉េខាងជើង​នឹង​ចុះញ៉ម ខ្លាច​ការដាក់​ទណ្ឌកម្ម​អន្តរជាតិ ហើយ​និង​សុខចិត្ត​លះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ​នោះ។ កូរ៉េខាងជើង​នឹង​នៅ​តែ​សម្រួច សំម្លៀង អាវុធ​នុយក្លេអ៊ែរ ដរាប​អាមេរិក​មិន​ព្រមបញ្ឈប់​នយោបាយ ស្អប់ ប្រឆាំង​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ​កូរ៉េ​នោះ” នេះ​បើតាមខ្លឹមសារ​សរសេរ​របស់​KCNA​ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។

សារព្រមាន​របស់​កូរ៉េខាងជើង ធ្វើឡើង នៅក្នុង​ខណៈពេល​ដែល​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ កំពុង​ផ្តើម​ទស្សនកិច្ច​មួយវង់ធំ នៅអាស៊ី ចាប់ពីថ្ងៃ​សៅរ៍​នេះ រហូត​ដល់​ថ្ងៃទី ១៤​វិច្ឆិកា​ខាងមុខ។ បន្ទាប់​ពី​ប្រទេស​ជប៉ុន លោកដូណាល់ ត្រាំ គ្រោង​នឹង​ទៅ​ដល់​ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃ​អង្គារ។ តាម​សេតវិមាន នៅ​ទីក្រុង​សេអ៊ូល លោកដូណាល់ ត្រាំ​នឹង​ឡើង​ថ្លែង​នៅ​មុខ​សភា​កូរ៉េខាងត្បូង ដើម្បី បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​រួមគ្នា ប្រឆាំង​ទប់ទល់​នឹង​សត្រូវ​គំរាមកំហែង​រួម។

​នៅ​ថ្ងៃ​សៅរ៍នេះ នៅមុន​ការទៅដល់​របស់​លោកដូណាល់ ត្រាំ​ទៅទៀត ប្រជាជន​កូរ៉េខាងត្បូង ប្រមាណ ៥០០​នាក់​បាន​ធ្វើ​បាតុកម្ម ប្រឆាំង​លោកដូណាល់ ត្រាំ។ សម្រាប់​សាស្រ្តាចារ្យ​កូរ៉េខាងត្បូង Yang Moo-Jin យ៉ាង មូជីន ប្រជាជន​កូរ៉េខាងត្បូង​កាន់​តែ​ច្រើន​បារម្ភ​ខ្លាច​ថា វត្តមាន​របស់​លោកដូណាល់ ត្រាំ នៅ​កូរ៉េខាងត្បូង នឹង​ធ្វើ​ឲ្យ​ភាពតាន​តឹង​នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​ធ្លាក់​ចុះ​អាក្រក់។ លោកដូណាល់ ត្រាំ ដែល​មាន សង្រ្គាម​ពាក្យ​សំដី​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង ធ្លាប់​បាន​គំរាម​រួចហើយថា នឹង​ប្រើ​ជម្រើស​យោធា នៅក្នុង​ករណី​ដែល​កូរ៉េខាងជើង មិនព្រម​លះបង់​មហិច្ឆតា ផលិត​អាវុធ​នុយក្លេអ៊ែរ និង​បាញ់​មីស៊ីល គំរាមកំហែង អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ