រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកពិភាក្សាជាមួយសម្ព័ន្ធមិត្តអូតង់នៅព្រុចសែល
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក James Mattis ដែលកំពុងស្ថិតនៅទីក្រុងព្រុចសែលប្រទេសបែលហ្សិកតាំងពីថ្ងៃពុធម្សិលមិញរហូតដល់ថ្ងៃព្រហស្បតិ៍នេះ បានជួបពិភាក្សាគ្នាជាមួយនឹងសម្ព័ន្ធមិត្រអូតង់ នៅលើសំណុំរឿងដ៏ក្តៅគគុក ដូចជាបញ្ហាអាហ្វហ្កានីស្ថាន កូរ៉េខាងជើង រុស្ស៊ី ស៊ីរី និងការប្រយុទ្ធប្រឆាំងទល់នឹងអង្គការរដ្ឋអ៊ីស្លាម។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៥
ទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកនៅទីក្រុងព្រុចសែលប្រទេសបែលហ្សិកតាំងពីម្សិលមិញរហូតដល់ថ្ងៃព្រហស្បតិ៍នេះ ត្រូវបានប្រព្រឹត្តទៅនៅខណៈពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងបំពេញទស្សនកិច្ចយ៉ាងយូរថ្ងៃនៅក្នុងតំបន់អាស៊ី ក្នុងបរិបថនៃភាពតានតឹងយ៉ាងខ្លាំងក្លាមួយ ជាមួយនឹងកូរ៉េខាងជើងចាប់តាំងពីរដូវក្តៅនេះ បន្ទាប់ពី ព្យុងយ៉ាង បានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលថ្មីៗនិងអាវុធនុយក្លេអ៊ែររបស់ខ្លួនមក។
នៅរាត្រីម្សិលមិញនាឱកាសទទួលទានអាហារយប់ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក James Mattis នៅចំពោះមុខសមភាគីទាំង២៨ប្រទេសនៃអង្គការអូតង់ បានថ្លែងលើកបញ្ជាក់អំពីការគំរាមកំហែងពិភពលោកដែលបង្កឡើងដោយរបបលោក Kim Jong-Un ។
លោក Jens Stoltenberg ដែលជាអគ្គលេខាធិការអង្គការអូតង់វិញ កាលពីយប់ម្សិលមិញ ក៏បានអំពាវនាវដែរ សុំអោយបណ្តាប្រទេសសម្ព័ន្ធមិត្តរបស់អូតង់ដែលមកជួបជុំគ្នានាពេលនេះ រួបរួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីបង្កើនការដាក់សម្ពាធអោយកាន់តែធ្ងន់ធ្ងរទៀតទៅលើកូរ៉េខាងជើង នៅចំពោះមុខឥរិយាបទខ្វះការប្រុងប្រយ័ត្នរបស់ខ្លួន។
លើសពីនេះ បញ្ហារុស្ស៊ីដែលពាក់ព័ន្ធនៅក្នុងវិបត្តិអ៊ុយក្រែននិងអធិករណ៍នៅស៊ីរី រួមទាំងការជ្រៀតជ្រែកនៅនាឱកាសយុទ្ធនាការឃោសនាបោះឆ្នោតអាមេរិកដើម្បីជួយអោយលោក Donald Trump បានឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិកនោះ ក៏ត្រូវស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចពិភាក្សាគ្នានាពេលនេះ។
គួរបញ្ជាក់ដែរថា ប្រមុខការទូតសហភាពអឺរ៉ុប លោកស្រី Federica Mogherini ក៏ត្រូវបានគេអញ្ជើញឲ្យមកចូលរួមនៅក្នុងការទទួលទានអាហារនាពេលយប់នោះដែរ។
នៅថ្ងៃព្រហស្បតិ៍នេះ បណ្តារដ្ឋមន្ត្រីការពារជាតិរបស់អង្គការអូតង់ ត្រូវជូនដំណឹងអំពីការពង្រឹងលើបេសកកម្មរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដើម្បីជាសញ្ញាគាំទ្រសម្រាប់យុទ្ធសាស្រ្តថ្មីនៅក្នុងប្រទេសនេះ។ គួរំលឹកថា យុទ្ធសាស្ត្រថ្មីសម្រាប់ប្រទេសអាហ្វហ្កានីស្ថាននេះ ធ្លាប់ត្រូវបានលោកប្រធានាធិបតី Donald Trump ជូនដំណឹងកាលពីរដូវក្តៅឆ្នាំមុនដែរ។
សូមបញ្ជាក់ថា ការរួមប្រជុំគ្នាមួយទៀតរបស់សម្ព័ន្ធមិត្តអូតង់ គឺផ្តោតទៅលើការប្រយុទ្ធប្រឆាំងទល់នឹងអង្គការរដ្ឋអ៊ីស្លាមជីហាត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ