អានតួអត្ថបទ

សម្តេចប៉ាប​បំពេញ​ទស្សនកិច្ច ជាលើក​ដំបូង​បង្អស់​នៅ​ភូមា ដើម្បី​រ៉ូហ៊ីងយ៉ា

សម្តេច​ប៉ាបហ្វ្រង់ស័រ François ​ បាន​ផ្តើម​បំពេញ​ទស្សនកិច្ច​​នៅ​ប្រទេស​ភូមា ចាប់​ពី​ថ្ងៃ​ទី ២៧ វិច្ឆិកា នេះ​សម្រាប់​រយៈ​ពេល​បួន​ថ្ងៃ។ បន្ទាប់​មក​ព្រះ​អង្គ​នឹង​និមន្ត​​បន្ត​ទៅ​ប្រទេស​បង់ក្លាដែស​ទៀត។ ព្រះអង្គ​ជា​សម្តេច​ប៉ាប ​ទីមួយ​បង្អស់ ក្នុង​ប្រវត្តិ​សាស្ត្រ​របស់បុរី​​វ៉ាទីកង់ ដែលសម្រេច​និមន្ត​ទៅ​កាន់​ភូមា ប្រទេស​មាន​អ្ន​កកាន់​សាសនា​កាតូលិក យ៉ាង​តិច​តួច​បំផុត។ ទស្សនកិច្ច​របស់​សម្តេច​ប៉ាប​​នេះ ​បានទទួល​ចំណាប់​អារម្មណ៍​ខ្លាំង​ ព្រោះដំណើរ​​ចុះ​សួរ​សុខ​ទុក្ខ​ពលរដ្ឋ​ភូមា​ភាគ​តិច​​កាន់​សាសនា​កាតូលិក​ផង ប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​​តាន​តឹង​អន្តរសាសនា​ ពោល​គឺ​វិបត្តិ​រ៉ូហ៊ីងយ៉ា។

សម្តេច​ប៉ាប François ពេល​និមន្ត​ដល់​ក្រុង​ Yangon ថ្ងៃទី ២៧ វិច្ឆិកា ២០១៧
សម្តេច​ប៉ាប François ពេល​និមន្ត​ដល់​ក្រុង​ Yangon ថ្ងៃទី ២៧ វិច្ឆិកា ២០១៧ REUTERS/Max Rossi
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សនកិច្ច​នៅ​ភូមាដែល​​មាន​ប្រជាជន​ប្រមាណ​តែ​៦%​ប៉ុណ្ណោះ​ជា​អ្នក​កាន់​សាសនា​កាតូលិក (១,៣%​បើ​ប្រៀប​ទៅ​នឹង​ជនជាតិភាគ​តិច​១៣៥​ទៀត​នៅភូមា) ទំនង​ជា​នឹង​គ្មាន​ហ្វូង​មនុស្ស​មក​ទទួល​ស្វាគមន៍​ព្រះអង្គ​ ដូច​ពេល​សម្តេច​ប៉ាប​និមន្ត​ ​អាមេរិក​ឡាទីន ប្រទេស​កូឡុំប៊ី បេរ៉ូ ... មែន។ ប៉ុន្តែ​ទស្សនកិច្ច​នេះ​ឆ្លើយ​តប​បាន​ទាំង​ស្រុង​ទៅ​នឹង​ទស្សនៈ​វិស័យ​របស់ព្រះ​អង្គ។

ហេតុ​អ្វី​សម្តេច​ប៉ាប​ជ្រើសរើស​និមន្ត​ទៅ​ភូមា?

សម្តេច​ប៉ាប ហ្វ្រង់​ស័រ​ បាន​ប្រកាន់​ជំហរ ជា​ប៉ាប​របស់​អ្នក​ក្រ ជា​​វិហារ​កាតូលិករបស់ជន​​ក្រីក្រ តូចតាច របស់​​ជនជាតិ​​ភាគ​តិច ​ត្រដរ​រស់​ប្រឈម​នឹង​អំណាច​របស់​អ្នក​ភាគ​ច្រើន អ្នកមានអំណាច​ ... ព្រះអង្គ​​បាន​តាំងខ្លួន​​​ជា​តំណាងសន្តិភាព​ ជា​អ្នក​បង្រួបបង្រួម​អន្តរសាសនា។ ដូច្នេះ​ហើយ​ទើប​ព្រះ​អង្គ​ជ្រើស​រើស​និមន្ត​មកប្រទេស​អាស៊ី​ដែរ ពោល​គឺ​ ​ភូមា និង​បង់ក្លាដែស​ តែ​ម្តង ដែលជា​ប្រទេសក្រីក្រ​បំផុត​ជាគេ​មួយ​ផង ហើយ​សាសនា​កាតូលិក​ជា​តំណាង​សាសនា​ភាគតិចមែនទែន និង​​ហើយ​ជា​ចៃដន្យ​ ប្រទេស​ទាំងពីរ​កំពុង​តែ​មាន​វិបត្តិ​អន្តរជាតិ​សាសន៍ រ៉ូហ៊ីងយ៉ា​​នឹង​គ្នា​ស្រាប់ទៀត។

​ខាងភូមា​វិញ ការ​ដែលសុខចិត្ត​ទទួល​សម្តេច​ប៉ាប ក៏​ព្រោះ​តែដំណើរ​ទស្សនកិច្ច​នេះ ត្រូវបាន​គ្រោង​រៀប​ចំ​ នៅ​ពេលលោកស្រី​អ៊ុងសានស៊ូជី បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​​នៅ​វ៉ាទីកង់។ ​នៅ​ពេល​នោះ ​លោកស្រីនៅ​មាន​​ការ​គោរព​កោត​ក្រែង​​ក្នុង​នាម​ជ័យលាភី​ណូបែល​សន្តិភាព ! នាម​ជា​ព្រះ​គ្មានប្រកាន់​​សាសនា ! នៅ​ឡើយ ព្រោះជា​ពេល​មុន​មាន​ប្រតិបត្តិការ​កម្ចាត់​ពួក​ឧទ្ទាម​រ៉ូហ៊ីងយ៉ា ដែល​អង្គការ​សហប្រជាជាតិ​ចោទ​ថា​ជា​ការ​បោសសម្អាត​ជាតិ​ពិន្ធុ និង​ដែល​សម្តេច​ប៉ាប​ផ្ទាល់​ក៏​បាន​ធ្វើ​ការ​រិះគន់​​ចំៗ ពី​វ៉ាទីកង់​តែម្តង ឱ្យ​នាំ​គ្នា​សូត្រ​ធម៌​ឧទ្ទិស​ដល់ “បងប្អូន” រ៉ូហ៊ីងយ៉ា​។

​រ៉ូហ៊ីងយ៉ា ពាក្យ​ដែល​សម្តេច​ប៉ាប​ គួរ​ចៀសវាង

ចង់​ឬ​មិន​ចង់ ​កម្មវត្ថុ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​​សម្តេច​ប៉ាប នៅ​ភូមា និង​បង់ក្លាដែស គឺ​ត្រូវ​តែ​វិល​ជុំ​វិញ​វិបត្តិ ​រ៉ូហ៊ីងយ៉ា ! គ្រប់​គ្នា​កំពុង​រង់​ចាំ​មើល​ជំហរ​របស់​ព្រះ​អង្គ​ខ្លាំងណាស់។ តាម​គម្រោង​ សម្តេច​ប៉ាប​ នឹង​ធ្វើ​ពិធី​សូត្រធម៌ អំពាវនាវ​សុំ​សន្តិភាព និង​ការ​រួម​រស់​​ចម្រុះ​ជាតិ​សាសន៍​ ភាគ​តិច​ជាមួយ​គ្នា​ ដោយ​សន្តិវិធី។

ជនជាតិ​រ៉ូហ៊ីងយ៉ា​ខ្លះ កំពុង​​សង្ឃឹម​ថា​ ​សម្តេចប៉ាប នឹង​មក​ប្រស់​ព្រំ​ នាំ​សុខ​ នាំ​សំណាង​ឱ្យ​ពួក​គេ​បាន​ត្រលប់​ចូល​ស្រុក រស់​ដោយ​គ្មាន​ការ​រើសអើង និង​មាន​សញ្ជាតិ។ ព្រោះ​​សម្តេច​បាន​នាំ​​​សំណាង​ល្អ​មួយ​​ទៅ​ហើយ នៅ​បី​ថ្ងៃ​មុន​ដំណើរ​មក​ដល់​របស់​សម្តេច​ប៉ាប បង់ក្លាដែស និង​ភូមា ​បាន​ចុះ​កិច្ច​ព្រមព្រៀង​​នឹង​គ្នា ធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​រ៉ូហ៊ីងយ៉ា។

ប៉ុន្តែ​បើ​តាម​អ្នក​វិភាគ សម្តេច​ប៉ាប ទំនង​ជា​មិន​អាច​ទាមទារ​អ្វី​បាន​ច្រើន​ទេ ! ភូមា​ ជា​មនុស្ស​ជាតិ​និយម​ខ្លាំងណាស់ ! និង​ស្អប់​ជន​អ៊ីស្លាមមែនទែន ដោយ​យល់​ថា​ពួក​នេះជា​បង់ក្លាដែស ចូលមក​​​ឈ្លានពាន។ ហើយ​ភូមា​នេះ ក៏មិន​ចូល​ចិត្ត​ដែរ​ជនជាតិភាគ​តិច​ផ្សេង​ទៀត រាប់​តាំង​ជនជាតិ​ភាគតិច​កាន់​សាសនា​គ្រិស្ត ដូច​ជា​កាឃីន ការ៉ែន ឬ​ការ៉េនី ...​។ យោធា​ភូមា ធ្លាប់​បាន​ដុត​បំផ្លាញ​វិហារ​កាតូលិក​ ជា​ច្រើន​ ដែល​សម្តេច​ប៉ាប​ផ្ទាល់ ធ្លាប់​បរិហារ​ប្រាប់​ពិភពលោក។ ការប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​រដ្ឋាភិបាល​និង​កងប្រដាប់​អាវុធ​កាឃីន នៅ​តែ​បន្ត​មាន និង​បង្ក​ឱ្យ​មាន​ជន​ភៀស​ខ្លួន​ជាង​១០​ម៉ឺន​នាក់។

ប្រធានគណៈ​សង្ឃ​កាតូលិក​នៅ​ភូមា ខ្សឹបនូវ​អនុសាសន៍​បី​យ៉ាង ជូន​សម្តេច​ប៉ាប គឺ​គ្មាន​អ្វី​ក្រៅ​អំពី​ ការ​គេច​មិន​ប្រើ​ពាក្យ​ “រ៉ូហ៊ីងយ៉ា”។ ប្រធាន​​គណៈសង្ឃ​កាតូលិក​ នៅ​ភូមា ​ផ្ទាល់​ក៏​មិន​ដែល​ហ៊ាន​ប្រើ​ពាក្យ​នេះ​ដែរ ដើម្បី​បញ្ចៀស​ភាព​តាន​តឹង​ជា​យថាហេតុ​ណាមួយ ជាមួយ​អាជ្ញាធរ និង​ក្នុង​សហគមន៍ ប៉ះពាល់​ដល់​ពលរដ្ឋ​ជា​គ្រិស្តសាសនិកជន។ លោក​បាន​សំណូម​ពរ​ឱ្យ​សម្តេច​ប៉ាប​ប្រើ​ពាក្យ​ថា ជនអ៊ីស្លាម​នៅ​រដ្ឋ​រ៉ាឃីន ជំនួស​ពាក្យ​រ៉ូហ៊ីងយ៉ា ហើយបាន​ស្នើ​ឱ្យ​បន្ថែម​ជំនួប​​ ​ដោយ​សម្ងាត់​ជាមួយ​ប្រមុខ​យោធាភូមា និង​ជា​ចុងក្រោយ​គឺ​រៀប​ចំ​តុមូល​អន្តរសាសនា។

សម្តេច​ប៉ាប​ផ្តល់​ការគាំទ្រ​ដល់​លោកស្រី អ៊ុងសានស៊ូជី

នៅ​ថ្ងៃ​នេះ គ្រាន់​តែ​បាន​និមន្ត​ទៅ​ភូមា​ភ្លាម សម្តេច​ប៉ាប ក៏​បាន​និមន្ត​ចូល​ជួប​លោក​ មិន អូន ហឡាំង Min Aung Hlaing ប្រមុខ​យោធា​ភូមា ដែល​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ចោទ​ថា​អ្នក​ទទួល​ខុស​ត្រូវធំ ក្នុងយុទ្ធនាការ​បោសស​ម្អាត​បង្ក្រាប​ពួក​ឧទ្ទាម​រ៉ូហ៊ីងយ៉ា។ ជា​កម្មវិធី​បន្ថែម​ក្រោយ​គេមែន ប៉ុន្តែ​សម្តេច​បាន​ជ្រើស​រើស​ជួប​ ឥស្សរជន​យោធា​រូប​នេះ មុន​ជំនួប​ជាមួយ​លោកស្រី អ៊ុងសាស៊ូជី​ទៅ​ទៀត ដើម្បីលើតម្លៃ​មេដឹកនាំ​យោធា ឱ្យ​ក្លាយ​ជា​ដៃ​គូ​សន្ទនា​​ទី​មួយ សម្រាប់​ដោះស្រាយ​វិបត្តិ​ជាតិ​ពិន្ធុ​។ នា​ឱកាស​នោះ​ សម្តេច​នឹងអំពាវនាវ​ឱ្យ​មាន​ការ​បន្ធូរ​បន្ថយ​ ទម្លាក់​កំហឹង និង​អនុវត្ត​កិច្ចព្រមព្រៀង ដែល​លោកស្រី អ៊ុងសាស៊ូជី ទើប​បាន​ចុះ​ហត្ថលេខា​ជាមួយ​សមភាគី​បង់ក្លាដែស កាលពី​ថ្ងៃព្រហស្បតិ៍។

ចំពោះ​​ជំនួប​ជាមួយ​លោកស្រី អ៊ុងសាស៊ូជី សម្តេច​ប៉ាប ដែល​និមន្ត​មក​លើក​ទឹក​ចិត្ត​លោកស្រី​​ក៏​ត្រូវ​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ដែរ ព្រោះ​លោកស្រី​ជ័យ​លាភី​​ណូបែល​សន្តិភាព និង​ជា​ប្រមុខ​ការបរទេស​ភូមា ត្រូវ​រង​ការ​ចោទ​ប្រកាន់​ពី​សំណាក់​សហគមន៍អន្តរជាតិ​​ ដ៏​ស្ងៀម​ជ្រុល​មិន​អើ​ពើ​នឹង​សកម្មភាព​បោស​សម្អាត​ជាតិ​ពិន្ធុ តែ​សម្តេច​ប៉ាប​វិញ ព្រះអង្គ​យល់​ថា​ការ​រិះគន់​លើ​លោកស្រី​តែម្នាក់​មិន​យុត្តិធម៌​ទេ ! ខាង​យោធា​ក៏​​ចំណែក​ទទួល​ខុស​ត្រូវ​នយោបាយ​ដែរ​ នៅក្នុង​ប្រទេសនេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ