អានតួអត្ថបទ
ភូមា-បង់ក្លាដែស

ភូមា និង​បង់ក្លាដែស​ចុះកិច្ចព្រមព្រៀង​ដើម្បី​ធ្វើ​មាតុភូមិនិវត្ត​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា

រដ្ឋាភិបាល​ភូមា និង​បង់ក្លាដែស នៅថ្ងៃ​ព្រហស្បតិ៍ទី​២៣​វិច្ឆិកា បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដែល​នឹង​បើកផ្លូវ​ឲ្យ​ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ក្នុង​ទឹកដី​បង់ក្លាដែស អាច​ធ្វើដំណើរ​ត្រលប់​ចូល​ទឹកដី​ភូមា។ នេះ​បើតាម​ការប្រកាស​របស់​អ្នកទទួលខុសត្រូវ​ក្នុង​រដ្ឋាភិបាល​ភូមា។ កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​នៅ​មួយថ្ងៃ​ក្រោយ ទីក្រុង​វ៉ាស៊ីនតោន នៅថ្ងៃ​ពុធ​ម្សិលមិញ បាន​ចោទ​កងទ័ព​ភូមា​ថា បាន​បើកប្រតិបត្តិការ​បោសសម្អាត​ជាតិសាសន៍ នៅក្នុង​រដ្ឋរ៉ាឃីន ភាគខាងលិច​ភូមា។

ជនជាតិ​រ៉ូហ៊ីងយ៉ា​រត់​គេ​ចពី​អំពើហិង្សា​នៅ រដ្ឋរ៉ាឃីន​នៅ​ភូមា
ជនជាតិ​រ៉ូហ៊ីងយ៉ា​រត់​គេ​ចពី​អំពើហិង្សា​នៅ រដ្ឋរ៉ាឃីន​នៅ​ភូមា REUTERS/Mohammad Ponir Hossain
ផ្សាយពាណិជ្ជកម្ម

ភូមា និង​បង់ក្លាដែស បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃការយោគយល់​គ្នា ស្តីពី​មាតុភូមិនិវត្ត​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា រាប់សែន ដែល​បាន​រត់ភៀសខ្លួន​ទៅ​ជ្រកកោន​នៅ​ទឹកដី​បង់ក្លាដែស។ តាម​អគ្គលេខាធិការ​នៃ​ក្រសួង​ការងារ និង​អន្តោប្រវេសន៍​ភូមា រដ្ឋាភិបាល​ត្រៀមខ្លួន​រួចហើយ ដើម្បី​ទទួល​យក​ជនភៀសខ្លួន។ នៅ​ពេល​នេះ គេ​នៅរង់ចាំ​តែ​ឯកសារ​របស់​អាជ្ញាធរ​បង់ក្លាដែស ដែល​នឹង​បញ្ជាក់​ពី​អត្តសញ្ញាណ​ពិតប្រាកដ​របស់​ជនភៀសខ្លួន​តែប៉ុណ្ណោះ។

កិច្ចព្រមព្រៀង ស្តីពី​ការបញ្ជូន​ជនជាតិ​រ៉ូហ៊ីងយ៉ា ពីជំរំភៀសខ្លួន បង់ក្លាដែស ធ្វើឡើង​ខណៈ ដែល​រដ្ឋមន្រ្តី​ការបរទេស​បង់ក្លាដែស ចូលជួប​ពិភាក្សា​ជាមួយ​លោកស្រី​អ៊ុងសាន ស៊ូជី ប្រមុខ​រដ្ឋាភិបាល​ភូមា នៅ​ទីក្រុង​រ៉ង់ហ្គូន។ តាម​កិច្ចព្រមព្រៀង ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្រ្តី​ការបរទេស​អ៊ុងសាន ស៊ូួជី និង​សមភាគី​បង់ក្លាដែស ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នឹង​អាច​ធ្វើ​មាតុភូមិ​និវត្ត​ទៅ​ភូមា យ៉ាងយូរ នៅ​ពីរ​ខែ​ខាងមុខ។

កន្លងមក ភាគី​ទាំងពីរ​នៅមិនទាន់​ចុះសមុ្រងគ្នា​ពី​ចំនួន ជនជាតិ​រ៉ូហ៊ីងយ៉ា​ដែល​អាច​វិលត្រលប់​ចូល​ភូមា។ អង្គការ​សហប្រជាជាតិ​បាន​វាយតម្លៃថា មានជនជាតិរ៉ូហ៊ីងយ៉ា ៦សែននាក់​កំពុង​កកកុញ ក្នុង​ជំរំភៀសខ្លួន នៅ​បង់ក្លាដែស បន្ទាប់​ពី​រត់គេច​ចេញ​ពី​អំពើ​ហិង្សា ដែល​ចាប់ផ្តើម​ឡើង នៅ​ខែ​សីហា ឆ្នាំនេះ នៅ​រដ្ឋរ៉ាឃីន។ រដ្ឋាភិបាល​បង់ក្លាដែស​វិញ​បាន​ទាមទារ​ឲ្យ​ភូមា​ទទួល​យក​ផងដែរ ជនជាតិ​រ៉ូហ៊ីងយ៉ា​ជាច្រើនម៉ឺននាក់​ផ្សេងទៀត ដែល​ធ្លាប់​បាន​រត់ភៀសខ្លួន​ទៅ​បង់ក្លាដែស ដោយសារ​តែ​ការធ្វើទុក្ខបុកម្នេញ និង​អំពើ​ហិង្សា នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ នៅ​ភូមា។

ភូមា និង​បង់ក្លាដែស​បាន​យល់ព្រមព្រៀង​គ្នា​ក្នុង​ការធ្វើ​មាតុភូមិនិវត្ត​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា ប៉ុន្តែ មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​តែ​មិនទាន់​ទុកចិត្ត ព្រោះថា កងទ័ព​ភូមា ដែល​មិន​ស្ថិតនៅ​ក្រោម​អំណាច​របស់​រដ្ឋាភិបាល​ស៊ីវិល នៅ​តែ​អរិភាព និង​ប៉ុនប៉ង​រារាំង​ការវិលត្រលប់​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា។ នៅ​សប្តាហ៍មុន មេទ័ព​ភូមា លោក​ឧត្តមសេនីយ៍​ មីន អ៊ុងឡាំង​ធ្លាប់​បាន​និយាយ​ថា ភូមា​មិនអាច​ទទួល​យក​ចំនួន​ជនភៀសខ្លួន ដែល​ស្នើឡើង​ដោយ​បង់ក្លាដែស​នោះទេ។ ឧត្តមសេនីយ៍​ភូមា ដែល​ធ្លាប់​បាន​ចាត់ទុក​ជនជាតិ​រ៉ូហ៊ីងយ៉ា ថា ជា​ជនជាតិ មួយ ក្នុង​ទឹកដី​បង់ក្លាដែស នៅ​បាន​រំលឹក​ទៀត​ថា ការទទួល​យកជនភៀសខ្លួន ពី​បង់ក្លាដែស ត្រូវ​ធ្វើឡើង ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ស្តីពី​ពលរដ្ឋ​ភូមា នៅ​ឆ្នាំ ១៩៩២ ដែល​នៅក្នុង​នោះ មានចែង​ជាផ្លូវការ​ពី​ជនជាតិ​ភាគតិច នៅ​ភូមា ប៉ុន្តែ គ្មានទេ ជនជាតិ​រ៉ូហ៊ីងយ៉ា។

អំពើ​របស់​កងទ័ព​ភូមា ទៅ​ជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋរ៉ាឃីន ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​ចាត់ទុក​ជា​ប្រតិបត្តិការ​បោសសម្អាត​ជាតិសាសន៍។ នៅក្នុង​សេចក្តី​ថ្លែងការណ៍ នៅថ្ងៃ​ពុធម្សិលមិញ ប្រមុខការបរទេស​អាមេរិក លោក​រេច ធីល័រសុន ដែល​បាន​ជួបពិភាក្សា​ជាមួយ មេទ័ព​ភូមា កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍មុន នៅ​បាន​បញ្ជាក់ថា អាមេរិក​នឹង​អនុវត្ត​ទណ្ឌកម្ម ទៅលើ​ជន​ដែល​ប្រព្រឹត្ត​អំពើឃោឃៅ ដែល​នៅក្នុង​នោះ​មានទាំង​ទាហាន និង​ក្រុមប្រជាជន​ភូមា នៅ​ថ្នាក់​មូលដ្ឋាន។ សម្រាប់អ្នកជំនាញ កិច្ចការ​អាស៊ី ទណ្ឌកម្ម​របស់​អាមេរិក មិនត្រឹម​តែ​មាន​ផលប៉ះពាល់ តិចតួច​ទៅលើ​កងទ័ព​ភូមា​តែប៉ុណ្ណោះទេ ប៉ុន្តែ វា​រឹតតែ​ជំរុញ​ឲ្យ​កងទ័ព​ភូមា ខិតចូល​កាន់តែ​ស្និទ្ធ​នឹង​ម៉ូស្គូ និង​ប៉េកាំង ដែល​បាន​បញ្ជាក់​ជាថ្មី សប្តាហ៍មុន ចង់​ពង្រឹង​ចំណង​មិត្តភាព​ជាមួយ​កងទ័ព​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ