នាយករដ្ឋមន្រ្តីអង់គ្លេស បំពេញទស្សនកិច្ចផ្លូវការនៅចិន
នាយករដ្ឋមន្ត្រីអង់គ្លេស បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការមួយនៅប្រទេសចិនចាប់ពីថ្ងៃពុធនេះរហូតដល់ថ្ងៃសុក្រ។ គោលដៅនៃទស្សនកិច្ចនេះ គឺត្រៀមខ្លួនដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងអង់គ្លេសជាមួយនឹងបណ្តាប្រទេសក្រៅ នៅពេលដែលអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៤៣
នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានផ្តើមដំណើរទស្សនកិច្ចជាបឋមនៅក្រុងឧស្សាហកម្មដ៏ធំមួយក្នុងប្រទេសចិន គឺនៅ Wuhan នឹងស្ថិតនៅក្នុងប្រទេសនេះរហូតដល់ថ្ងៃសុក្រខាងមុខ។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអង់គ្លេសនាពេលនេះ គឺដើម្បីរឹតចំណេងមិត្តភាពរវាងចិននិងអង់គ្លេសឲ្យកាន់តែរ៉ឹងមាំថែមទៀត-នេះបើយោងតាមក្រសួងការបរទេសចិន។
ថ្នាក់ដឹកនាំអង់គ្លេសនាព្រឹកមិញនេះ បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង។ នៅទីនោះលោកស្រី May ត្រូវជូបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Keqiang ។ នៅថ្ងៃព្រហស្បតិ៍ស្អែក លោកស្រី នឹងត្រូវជួបប្រាស្រ័យជាមួយប្រធានាធិបតីចិនលោក Xi Jinping មុននឹងបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកស្រីនៅថ្ងៃសុក្រខាងមុខនៅទីក្រុង Shanghai ភាគខាងកើតប្រទេសចិន។
គួរកត់សំគាល់ថាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអង់គ្លេសនៅប្រទេសចិននាពេលនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអង់គ្លេស ចុះផ្សព្វផ្សាយយ៉ាងគគ្រឹគគគ្រេងដោយដាក់ចំណងជើងយ៉ាងធំៗផង។ គួរំលឹកថាកាលពីថ្ងៃអង្គារ៍ម្សិលមិញនៅអង់គ្លេស សភាជាន់ទាបនិងជាន់ខ្ពស់ បានចាប់ផ្តើមពិភាក្សាគ្នានៅលើសេចក្តីព្រាងច្បាប់មួយស្តីពីការចាកចេញរបស់ប្រទេសអង់គ្លេសពីសហភាពអឺរ៉ុប។ ជាសេចក្តីព្រាងច្បាប់ដ៏សំខាន់ខ្លាំងណាស់និងដែលបំផុសឲ្យមានការជជែកពិភាក្សាគ្នាយ៉ាងពុះកញ្ជ្រោល។
ទន្ទឹមនេះ រដ្ឋាភិបាលរបស់លោកស្រី Theresa May ក៏មានភាពរសាប់រសល់ខ្វល់ចិត្តយ៉ាងខ្លាំងដែរ ដោយសារការបោះពុម្ភផ្សាយនៃប្រព័ន្ធសារព័ត៌មាន នូវ របាយការផ្ទៃក្នុងមួយស្តីពីការចាកចេញរបស់ប្រទេសអង់គ្លេសពីសហភាពអឺរ៉ុប។ យោងតាមឯកសារនេះ សេដ្ឋកិច្ចរបស់អង់គ្លេសនឹងអាចជួបផលវិបាកនៅពេលដើរចេញពីសហភាពអឹរ៉ុបដែលគ្រោងទុកនៅក្នុងឆ្នាំ ២០១៩ បើទោះបីជានឹងសម្រេចបាននូវកិច្ចព្រមព្រៀងណាមួយក្តី។
ដោយឡែកនៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិននេះ អមដំណើរលោកស្រី May មានក្រុមអ្នកតំណាងសហគ្រាសនិងអង្គការអង់គ្លេសប្រមាណជា៥០នាក់។ ហើយនៅឱកាសស្នាក់នៅក្នុងប្រទេសចិនលោកស្រី May នឹងត្រូវធ្វើការពិភាក្សានៅលើប្រធានបទផ្សេងៗជាច្រើនទៀតដូចយ៉ាង ការប្រែប្រួលអាកាសធាតុ ឬក៏បញ្ហាកូរ៉េខាងជើង។
រីឯចិនវិញ ក៏រំពឹងទុកដែរថា ប្រទេសខ្លួននឹងបានទទួលនូវការគាំទ្រពីអង់គ្លេសនៅលើគំនិតផ្តួចផ្តើមរបស់ចិនស្តីពីគម្រោងវិនិយោគហេដ្ឋរចនាសម្ព័ន្ធដ៏ធំសម្បើមអស្ចារ្យមួយ ជាអាទិ៍នៅក្នុងតំបន់អាស៊ី អាហ្វ្រិក តំបន់ដើមបូព៌ានិងនៅអឺរ៉ុប។
ក៏ប៉ុន្តែ ក៏ដូចជាបណ្តាប្រទេសអឺរ៉ុបជាច្រើនផ្សេងទៀតដែរ រដ្ឋាភិបាលអង់គ្លេស រហូតមកទល់ពេលនេះ បានបង្ហាញពីជំហរប្រុងប្រយ័ត្នជានិច្ចរបស់ខ្លួននៅលើសំណុំរឿងនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ