ប្រមុខការទូតអង់គ្លេសទៅភូមា ដើម្បីនិយាយពីវិបត្តិរ៉ូហ៊ីងយ៉ា
ប្រមុខការទូតអង់គ្លេសកំពុងបំពេញទស្សនកិច្ចមួយជុំនៅអាស៊ី ដែលផ្តោតជាសំខាន់ទៅលើសំណុំរឿងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ នៅថ្ងៃអាទិត្យ ទី ១១កុម្ភៈ នេះ បន្ទាប់ពីបានជួបសន្ទនាជាមួយលោកស្រី អ៊ុងសានស៊ូជី ដើម្បីជជែកអំពីប្រធានបទរ៉ូហ៊ីងយ៉ា ដ៏រសើបបំផុត រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក បូរីស ចនសាន់ បានបន្តដំណើរចុះទៅដោយផ្ទាល់ដល់រដ្ឋ រ៉ាក់ឃីនទៀត។ ដំណាក់កាលបន្ទាប់ លោកឆ្លងឆ្ពោះទៅកាន់ប្រទេសថៃ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៥
នៅក្នុងជំនួបពិភាក្សាគ្នា នាទីក្រុងណៃពិដោ លោក បូរីស ចនសាន់ និងលោកស្រី អ៊ុង សានស៊ូជី បានជជែកគ្នាដោយច្បាស់ៗនិងចំ ប្រកបដោយភារៈ អំពីស្ថានភាពទូទៅនៅក្នុងរដ្ឋរ៉ាឃីន ព្រមទាំងអំពីដំណើរវិលត្រលប់របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៀតផង។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រភពការទូតភូមា ចេញផ្សាយនៅក្នុងទំព័រសង្គមហ្វេសប៊ូក។
ប៉ុន្តែគ្មានសោះការលេចធ្លាយខ្លឹមសារលម្អិតណាមួយ ថាតើជំនួបរវាងប្រមុខការទូតទាំងពីរ ជជែកអំពីប្រធានបទអ្វីទេ បើទោះបីជាពេលនេះអង្គការសហប្រជាជាតិបានចោទប្រកាន់ក្រុមយោធាភូមា ពីបទបោសសម្អាតជាតិពិន្ធុនៅភាគខាងលិចប្រទេស រហូតជំរុញឱ្យជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាង៧០ម៉ឺននាក់ តាំងពីខែសីហា២០១៧មករត់ភៀសខ្លួនទៅប្រទេសបង់ក្លាដែលជិតខាង។
យោងតាមសេចក្តីថ្លែងការណ៍របស់អង់គ្លេស មុននឹងមកដល់ភូមា លោកប្រមុខការទូតអង់គ្លេស បានឆៀងចូលប្រទេសបង់ក្លាដែស។ នៅទីនោះលោកបានជួប និងបានចុះទៅបំពេញទស្សនកិច្ចនៅក្នុងជំរំ ដែលប្រមូលផ្តុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ប្រមាណកន្លះលាននាក់ ដើម្បីស្តាប់ឮដោយផ្ទាល់អំពីភាពលំបាកលំបិនរបស់ពួកគេ។ លោក បូរីស ចនសាន់ បានប្រកាសថា វាគឺជាការចាំបាច់ដែលជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ត្រូវត្រលប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ នៅរដ្ឋរ៉ាឃីន ដោយឈរលើគោលការណ៍នៃការស្ម័គ្រចិត្ត ក្នុងក្របខ័ណ្ឌសុខសុវត្ថិភាពគ្រប់គ្រាន់ និងដោយសក្តិសម។
សូមបញ្ជាក់ថា ដំណើរមកកាន់ភូមារបស់ប្រមុខការទូតអង់គ្លេស ប្រព្រឹត្តទៅជួនចំពេលដែលភូមាហាក់កំពុងបាត់បង់ទំនុកចិត្តលើសហគមន៍អន្តរជាតិ ដោយយល់ថាសហគមន៍នេះ កាន់ជើងជនជាតិរ៉ូហ៊ីងយ៉ាជ្រុល។ ចំណែកខាងយោធា ដែលរងការចោទប្រកាន់ខ្លាំងជាងគេ ទើបបានទទួលស្គាល់ថា ទាហាននិងអ្នកភូមិកាន់សាសនាព្រះពុទ្ធ ពិតជាបានចាប់ជនជាតិរ៉ូហ៊ីងយ៉ាដោយគ្មានអាណិតអាសូរមែន។ ជាភាសាសារភាពជាសាធារណៈដំបូង ចំពោះទង្វើរំលោភសិទ្ធិមនុស្ស បន្ទាប់ពីបដិសេធដាច់ខាតអស់ជាច្រើនខែ។ ប៉ុន្តែការអង្កេត នៅជួបការលំបាកខ្លាំង ព្រោះអ្នកកាសែតមិនអាចធ្វើដំណើរទៅកាន់តំបន់នោះបានទេ។ អ្នកកាសែតរបស់ភ្នាក់ងារReutersពីរនាក់ កំពុងជាប់ឃុំឃាំង តាំងពីជាងពីរខែមកហើយ ដោយសារតែបានដឹកនាំអង្កេតស្តីពីការសម្លាប់រង្គាលលើជនជាតិរ៉ូហ៊ីងយ៉ា ពីសំណាក់យោធា និងអ្នកភូមិកាន់ពុទ្ធសាសនា។ អ្នកទាំងពីរអាចនឹងត្រូវទទួលជាប់ពន្ធនាគារ១៧ឆ្នាំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ