ក្មេងថៃ ៤នាក់ ត្រូវបានគេរំដោះចេញរួចពីក្នុងរូងភ្នំ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៥៨
ប្រតិបត្តិការរំដោះក្មេងថៃចេញពីក្នុងរូងភ្នំ បានចាប់ផ្តើមបើកធ្វើហើយ នៅព្រឹកថ្ងៃអាទិត្យនេះ ដោយមានការចូលរួមពីអ្នកជំនាញមុជទឹកបរទេស ១៣នាក់ ហើយនិងអ្នកមុជទឹកជនជាតិថៃ ៥នាក់។ នៅម៉ោង ៧យប់ ម៉ោងនៅប្រទេសថៃ ក្មេង ៤នាក់ ក្នុងចំណោមមនុស្ស១៣នាក់ ដែលជាប់ក្នុងរូងភ្នំ ២សប្តាហ៍មកហើយនោះ ត្រូវបានរំដោះចេញ រួច ពីក្នុងរូងភ្នំដោយសុវត្ថិភាព និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឈៀងរ៉ៃ។ នេះបើតាមប្រភពរបស់ក្រសួងមហាផ្ទៃថៃ។
នៅថ្ងៃអាទិត្យនេះ អាជ្ញាធរថៃ នៅទីបំផុតទៅ បានប្រកាស បើកប្រតិបត្តិការ ចូលទៅជួយរំដោះយកកូនក្មេង ចេញពីក្នុងរូងភ្នំ ក្នុងខេត្តឈៀងរ៉ៃ។ នៅថ្ងៃសៅរ៍ នៅក្រោយ ដែលអ្នកសង្រ្គោះ ថៃម្នាក់ ស្លាប់ នៅពេលហែលចេញពីក្នុងល្អាង អាជ្ញាធរថៃ ហាក់ដូរចិត្ត លែងចង់រំដោះក្មេង តាមផ្លូវទឹក ដែលគេវាយតម្លៃថា ប្រថុយប្រថាន និងគ្រោះថ្នាក់ សូម្បីតែសម្រាប់អ្នកមុជទឹកជំនាញ។ នៅថ្ងៃម្សិលមិញ អភិបាលខេត្តឈៀងរ៉ៃ និងជាប្រធានមណ្ឌលជួយសង្រ្គោះ បានអះអាងពីការសម្រុកជីកខួង ពីលើខ្នងភ្នំ ដើម្បីរកច្រកចូលថ្មី ទៅរំដោះក្មេងៗ។ ប៉ុន្តែ នៅថ្ងៃ នេះ លោក អភិបាលខេត្តដដែល ជាអ្នកប្រកាសបើកប្រតិបត្តិការ ជួយសង្រ្គោះតាមផ្លូវទឹកវិញ។
អាជ្ញាធរថៃ បានអះអាងថា ទាំងកូនក្មេងដែលនៅជាប់ក្នុងល្អាងភ្នំ ហើយនិងឪពុកម្តាយរបស់ពួកគេដែលកំពុងទន្ទឹងរង់ចាំ នៅច្រកល្អាង ត្រូវបានជូនដំណឹងរួចហើយពីប្រតិបត្តិការយកក្មេងចេញពីក្នុងរូងភ្នំ។
ក្មេងនឹងត្រូវបែងចែកចេញជា៤ក្រុម
តាមផែនការរំដោះដែលអាជ្ញាធរថៃបានប្រកាសនៅថ្ងៃនេះ គឺ ក្រុមក្មេងៗ នឹងត្រូវគេបែងចែកចេញជាបួនក្រុម។ នៅក្រុមទី១ មានក្មេង៤នាក់។ ក្រុមទី២ ទី ៣ហើយនិងទី ៤ មានក្មេងៗបីនាក់។ គ្រូបង្វឹកបាល់ទាត់ អាយុ២៥ឆ្នាំ ដែលនៅជាប់គាំងជាមួយក្មេងទាំង១២នាក់ នឹងស្ថិតនៅក្នុងក្រុមក្រោយគេដែលត្រូវជម្លៀសចេញពីល្អាង។
តាមផែនការ ជួយសង្រ្គោះ រំដោះក្មេង ដែលអាជ្ញាធរថៃ បានបង្ហាញដល់អ្នកកាសែត គេនាំយកឧបករណ៍ ដូចជាបំពង់ខ្យល់អ៊ុកស៊ីសែន និងម៉ាស ពាក់មុខ ទៅបំពាក់ឲ្យក្មេងៗ។ អ្នកមុជទឹកជំនាញ ពីរនាក់ នឹងអមដំណើរក្មេងម្នាក់ ។ ក្នុងចំណោមអ្នកមុជទឹកពីរនាក់ មានម្នាក់ ជាអ្នកដឹកមុខ និងកាន់បំពង់ ខ្យល់ឲ្យក្មេង ដែលចងខ្សែភ្ជាប់ទៅអ្នកមុជទឹកជំនាញ។ ដើម្បី ចេញមកក្រៅ និងដើម្បីជំនះចរន្តទឹកហូរ ពួកគេត្រូវតោងសួរតាមខ្សែពួរ ដែលគេបានតចេញមកក្រៅ។ នៅក្នុងវិធានការជម្លៀសរបស់អាជ្ញាធរថៃ គេបានបញ្ជាក់ថា នៅពេលដល់កន្លែងដែលចង្អៀតខ្លាំង នៅក្រោមទឹក អ្នកមុជទឹក ត្រូវប្តូរបំពង់ខ្យល់ ពីលើខ្នង មកកាន់ឱបនៅខាងមុខវិញ ដើម្បីអាចហែលជួយនាំក្មេងចេញពីកន្លែងដែលវាយតម្លៃថា ច្រកចង្អៀត លំបាក និងគ្រោះថ្នាក់ខ្លាំង។ នៅពេលទៅដល់ល្អាងទី៣ដែលលែងលិចទឹក ក្មេងនឹងត្រូវទទួលអមដំណើរដោយអ្នកសង្រ្គោះផ្សេងទៀត ដើម្បីដើរចេញពីរូងភ្នំ។
សម្រាប់រដ្ឋាភិបាលថៃ ប្រតិបត្តិការនេះ គឺរហ័ស និងមិនចាំបាច់ត្រូវការធនធានច្រើន។ ប៉ុន្តែ គេបានព្រមានពីចំណុចសំខាន់បីដែលក្មេងត្រូវមាននោះ គឺ ជំនាញមុជទឹក ស្មារតីរឹងមាំ ហើយនិងមិនចេះភ័យស្លន់ស្លោ។ សម្រាប់អ្នកជំនាញមុជទឹក ចំណុចដែលសំខាន់ ជាងគេគឺរឿងភ័យស្លន់ស្លោនេះតែម្តង។ បើក្មេងម្នាក់ស្លន់ ភ័យ នោះនឹងនាំគ្រោះថ្នាក់ដល់អ្នកដទៃ រាប់ទាំងអ្នកដែលត្រូវទៅជួយអមដំណើរ។ គេបារម្ភថា ក្មេងៗ ដែលរស់នៅក្នុងរូងភ្នំ គ្មានពន្លឺអស់ជាច្រើនថ្ងៃ អាចនឹងឆាប់ភ័យស្លន់ នៅពេលត្រូវហែលទឹក ក្នុងភាពងងឹត ជាច្រើនម៉ោងថែមទៀត។
ប៉ុន្តែ តាមគ្រូពេទ្យដែលបានចូលទៅពិនិត្យសុខភាព ក្នុងរូងភ្នំ ក្មេងៗ ដែល មានសុខភាពល្អ។ ក្មេងៗទៀតសោត បាននិយាយថា ពួកគេបានត្រៀមខ្លួនរួចហើយ បន្ទាប់ពី បានហាត់រៀនមុជទឹក ជាមួយអ្នកជំនាញ នៅប៉ុន្មានថ្ងៃមកនេះ។ គេរំពឹងថា ក្មេងៗដែលមានស្មារតី ជាអ្នកកីឡា និងអាចតស៊ូ រស់ ជិត១០ថ្ងៃក្នុងល្អាងដ៏ងងឹត អាចឆ្លងកាត់ឧបសគ្គហែលឆ្លងទឹក លើកនេះ ដោយមិនលំបាកនោះទេ។
អាជ្ញាធរថៃសម្រេចបើកប្រតិបត្តិការទៅរំដោះយកក្មេង តាមច្រកផ្លូវទឹក ដោយសារតែគ្មានជម្រើសអ្វីផ្សេង។ ដំបូង នៅក្រោយពេល គេរកឃើញក្មេងៗទាំង១២នាក់ហើយនិងគ្រូបង្វឹកបាល់ទាត់ឡើងវិញ អាជ្ញាធរថៃ ប្រកាសថា ក្មេងៗនឹងអាចស្ថិតនៅក្នុងរូងភ្នំ យូរខែទៅទៀត រហូតរង់ចាំដល់ពេលទឹកស្រក នៅខែកញ្ញា។ និយាយដូច្នេះ ព្រោះគេមិនចង់ឲ្យក្មេងៗ ដែលមិនចេះហែលទឹកសោះ ត្រូវមុជទឹក ក្នុងល្អាង ដែលក្រវិចក្រវៀន និងគ្រោះថ្នាក់ មិនថា សម្រាប់អ្នកមុជទឹកជំនាញ។
ប៉ុន្តែ នៅពេលប្រតិបត្តិការ ជីកខួង លើខ្នងភ្នំ ដើម្បី រកច្រកចូលថ្មី ទៅក្នុងរូងភ្នំ កាន់តែស្មុគស្មាញ និងត្រូវការពេលវេលាយូរ អាជ្ញាធរថៃ គ្មានជម្រើសអ្វីក្រៅតែពីទៅរំដោះក្មេងតាមផ្លូវទឹកនោះទេ។ សម្រាប់ក្រុមជួយសង្រ្គោះថៃ ពេលវេលាកាន់តែខើច ព្រោះថា កន្លែង ដែល ក្មេងកំពុងនៅជាប់គាំង ក្នុងល្អាងភ្នំ កំពុងប្រឈមនឹងការខ្វះខ្យល់អុកស៊ីសែន។ មួយវិញទៀត គេបារម្ភថា កំពស់ទឹកក្នុងល្អាង នឹងអាចកើនឡើងខ្ពស់ មកវិញ ព្រោះបើតាមឧតុនិយមថៃ ទឹកភ្លៀង នឹងចាប់ផ្តើមមានខ្លាំងមកវិញ តាំងពីថ្ងៃចន្ទ រហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនេះ។ គឺទឹកភ្លៀង ហើយនិងកង្វះខ្យល់អុកស៊ីសែន សម្រាប់ក្មេងៗនេះ ហើយ ដែលជំរុញឲ្យអាជ្ញាធរថៃ ត្រូវតែសម្រេច ចូលទៅរំដោះយកក្មេង ពីក្នុងរូងភ្នំ នៅថ្ងៃនេះ ដោយមិនអាចរង់ចាំ តទៅទៀត។ នៅថ្ងៃម្សិលមិញ ប្រធានក្រុមជួយសង្រ្គោះថៃ និយាយថា អាកាសធាតុអំណោយផលនៅប៉ុន្មានថ្ងៃនេះ ជាឱកាសសំខាន់ដែលគេមិនត្រូវអាក់ខាននោះទេ។ ដោយសារតែទឹកភ្លៀងមិនសូវធ្លាក់ច្រើន កំពស់ទឹក ក្នុងល្អាង បានចុះស្រក ជាងមុន ពោលគឺបានជួយកាត់បន្ថយកន្លែងលិច ទឹក ក្នុងល្អាង ដែលក្មេងៗ ត្រូវហែល ចេញពីក្នុងរូងភ្នំ។
ប្រតិបត្តិការរំដោះយកក្មេងនឹងត្រូវធ្វើ ពី ២ ទៅ៣ថ្ងៃ
តាមប្រភពពីក្រុមជួយសង្រ្គោះថៃ ប្រតិបត្តិការទៅរំដោះយកក្មេងអាចត្រូវការពេលវេលា ពី២ ទៅ៣ថ្ងៃ ពោលគឺគេនឹងមិនជម្លៀសក្មេងចេញមកទាំងអស់នៅថ្ងៃអាទិត្យនេះ ទេ។ ការជម្លៀសយកក្មេងចេញពីក្នុងរូងភ្នំ ធ្វើឡើង ម្តងម្នាក់ៗ ដោយសារតែចម្ងាយ និងពេលវេលាធ្វើដំណើរទៅមក ក្នុងរូងភ្នំ ដែលត្រូវការដល់ទៅ១១ម៉ោង។ អ្នកហែលទឹកមាន១៨នាក់ ដែលមានអ្នកមុជទឹកជំនាញបរទេស ១៣នាក់។ តាមទីភ្នាក់ងារព័ត៌មានអង់គ្លេស អ្នកមុជទឹក បរទេស ៥០នាក់ ហើយនិងថៃ ៤០នាក់ចូលរួមនៅក្នុងប្រតិបត្តិការចូលរំដោះក្មេងថៃ នៅថ្ងៃអាទិត្យ។អ្នកមុជទឹកម្នាក់ ត្រូវអមដំណើរក្មេងម្នាក់។ នៅពេលដែលគ្រប់គ្នាកំពុងរង់ចាំព្រឹត្តិការណ៍ដ៏សំខាន់ នេះ អាជ្ញាធរថៃ បានត្រៀមលក្ខណៈ មធ្យោបាយ ជាច្រើន ដូចជា ឧទ្ធម្ភាគចក្រ សម្រាប់សង្រ្គោះដឹកក្មេង និងបិទផ្លូវជុំវិញមន្ទីរពេទ្យ ដែលត្រូវទទួលព្យាបាល ក្មេង ដែលគេរំដោះ ចេញពីរូងភ្នំភ្លាម។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ