អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើលោក អ៊ីមរ៉ាន ខាន់នឹង​អាច​ដោះស្រាយ​​ជម្លោះ​ចាស់ឆ្នាំ ជាមួយ​ឥណ្ឌា​បានដែរឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខរដ្ឋាភិបាល​ឥណ្ឌា នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍នេះ បាន​ទូរស័ព្ទទៅ​អបអរជ័យជំនះរបស់ លោក​អ៊ីមរ៉ាន ខាន់ បន្ទាប់ពី​គណបក្ស​ចលនា​យុត្តិធម៌​របស់​ អ៊ីមរ៉ាន ខាន់​បាន​ទទួល​សំឡេងនាំមុខ​គេ នៅក្នុង​ការបោះឆ្នោតសភាប៉ាគីស្ថាន។ ​លោក​អ៊ីមរ៉ាន ខាន់ ដែល​កំពុង​ដើរបញ្ចុះបញ្ចូល​គណបក្ស​ដទៃទៀត ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ធ្លាប់​បាន​និយាយ​នៅក្រោយ​ការបោះឆ្នោតថា លោក​ចង់ដោះស្រាយ​ជម្លោះ​ទឹកដី​ជាមួយ​ប្រទេស​ឥណ្ឌា តាមរយៈ​ការចរចា​ការទូត។ នៅក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី របស់​លោក​អ៊ីមរ៉ាន ខាន់ តើ​ប៉ាគីស្ថាន និង​ឥណ្ឌា​​នឹង​មាន​ទំនាក់ទំនង​ល្អ​ប្រសើរជាងមុន ឬ​ផ្ទុយទៅវិញ​ រឹតតែ​តានតឹងនឹង​គ្នា​ខ្លាំង​ជាងមុន ? 

អតីត​កីឡាករ​គ្រីកេត លោក​អ៊ីមរ៉ាន ខាន់ប្រធានគណបក្ស​ Tehreek-e-Insaf (PTI)នៅថ្ងៃទី ២៥​កក្កដា ២០១៨
អតីត​កីឡាករ​គ្រីកេត លោក​អ៊ីមរ៉ាន ខាន់ប្រធានគណបក្ស​ Tehreek-e-Insaf (PTI)នៅថ្ងៃទី ២៥​កក្កដា ២០១៨ © REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាលើក​ទី១​ជាមួយ លោក​អ៊ីមរ៉ាន ខាន់ លោកនាយក​រដ្ឋមន្រ្តី​ឥណ្ឌា ណារិនដ្រា ម៉ូឌី បាន​បញ្ជាក់ប្រាប់អនាគត​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ពី​ទស្សនៈរបស់​លោក​ដែល​ចង់​បាន​សន្តិភាព ហើយ​និងការអភិវឌ្ឍន៍ នៅក្នុង​ប្រទេស​ជិតខាងរបស់ឥណ្ឌា។ តាម​គណបក្ស​PTI លោក​អ៊ីមរ៉ាន ខាន់​វិញ បាន​និយាយ​ប្រាប់​នាយករដ្ឋមន្រ្តី​ថា ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​គួរ​តែ​ដោះស្រាយ​តាមការចរចា។ នៅក្នុង​សុន្ទរកថា ក្រោយ​ការបោះឆ្នោត លោក​អ៊ីមរ៉ាន ខាន់​ធ្លាប់​បាន​លើកឡើង​រួចហើយ ពី​​ឆន្ទៈរបស់​លោក​ដែល​ចង់​រក​ដំណោះស្រាយ​ឲ្យ​ជម្លោះ​ដណ្តើម​ទឹកដី នៅ​តំបន់​កាស្មៀរ ​ដែល​ជា​ប្រភព​ ដើមចម​នៃ​សង្រ្គាម​ពីរលើក រវាង​ឥណ្ឌាហើយ និង​​ ប៉ាគីស្ថាន។

នៅ​ប្រទេស​ឥណ្ឌា លោក​អ៊ីមរ៉ាន ខាន់​ត្រូវ​បាន​គេ​ស្ញប់ស្ញែង​ខ្លាំង នៅក្នុង​នាមជា​អតីត​កីឡាករ​គ្រីកេត។ លោក​ធ្លាប់​មាន​ស្នាដៃ ​ដឹកនាំ​​ក្រុមកីឡាករ​ជម្រើសជាតិ​គ្រីចកេតប៉ាគីស្ថានឲ្យ​​ឈ្នះពានរង្វាន់​ពិភពលោក នៅ​​ឆ្នាំ១៩៩២។ ប៉ុន្តែ នៅក្នុងផ្នែក​នយោបាយវិញ លោក​អ៊ីមរ៉ាន ខាន់​ត្រូវ​បានអ្នកនយោបាយ​ឥណ្ឌាភាគច្រើន ជាពិសេស គណបក្សហិណ្ឌរបស់​លោក​នាយក​រដ្ឋមន្រ្តីណារិនដ្រា ម៉ូឌីតែម្តង​ មិនទុកចិត្ត ដោយសារ​តែ​ជំហរ​នយោបាយ​របស់លោក។

​នៅក្នុង​សំណុំរឿង​កាស្មៀរ លោក​អ៊ីមរ៉ាន ខាន់ធ្លាប់​បាន​និយាយ​ថា បើសិន​ឥណ្ឌា​បោះជំហាន​តែ​មួយ ជំហាន​មក​រក​ប៉ាគីស្ថាន នោះ​ប៉ាគីស្ថាន​នឹង​បោះជំហាន​រកវិញ ដល់ទៅ​ពីរជំហាន​ឯណោះ។ ពាក្យ​នេះ​អាច​ធ្វើ​ឲ្យ​គេជឿថា អនាគត​ប្រមុខរដ្ឋាភិបាល​ថ្មី​របស់​ប៉ាគីស្ថាន​​ពិតជា​មាន​ជំហរ​ចង់​ដោះស្រាយ​ជម្លោះ​ទឹកដី​នៅ​តំបន់​កាស្មៀរ​ខ្លាំងណាស់។ ប៉ុន្តែ សម្រាប់​ឥណ្ឌា​វិញ ចេតនារបស់​លោក​អ៊ីមរ៉ាន ខាន់ ដែល​​ចង់​ដោះស្រាយ​ជម្លោះ​ទឹកដី​នៅ​តំបន់​កាស្មៀរ ដែល​ប្រទេស​ទាំងពីរ​នៅតែ​ឈ្លោះ​ដណ្តើម​គ្នា​រហូតមកនេះ គឺ​មិនគ្រប់គ្រាន់ នឹងធ្វើ​ឲ្យ​ឥណ្ឌាត្រេកអរ ​ជឿជាក់​នោះទេ។

ហេតុអ្វី បាន​ជា​លោក​អ៊ីមរ៉ាន ខាន់​ មិនអាច​ជា​មេដឹកនាំប៉ាគីស្ថាន​ដែល​ជួយ​កាត់បន្ថយ​ភាពតានតឹង​ជាមួយ​ឥណ្ឌានោះ?

ភាពធូរស្រាល​រវាង​ប្រទេស​សត្រូវជិតខាងទាំងពីរ​កើតមាន​ឡើង មិនមែន​អាស្រ័យ​ទៅលើ​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាននោះទេ ប៉ុន្តែ វា​អាស្រ័យ​ទៅ​ជំហរ​ និង​ឆន្ទៈចង់​បាន​របស់​កងទ័ព​ប៉ាគីស្ថាន​ទៅវិញទេ។ ទោះ​ជា​លែង​ដឹកនាំ​ប្រទេសដូចមុន និង​បើកផ្លូវ​ឲ្យ​មាន​ការបោះឆ្នោតជ្រើសរើស​ជនស៊ីវិល​ឲ្យ​ដឹកនាំ​ប្រទេស​ក្តី ក៏​យោធា​ប៉ាគីស្ថាន​នៅ​តែ​ជាអ្នកក្តោបក្តាប់​អំណាច​ ពិតប្រាកដ និង​ដើរតួ​សំខាន់​ក្នុង​នយោបាយ​ការបរទេស ជាពិសេស ជាមួយ​ប្រទេស​ឥណ្ឌា ដែល​ប៉ាគីស្ថាន​បាន​ផ្ទុះសង្រ្គាម​ប្រយុទ្ធគ្នា ដល់​ទៅ​៣លើក ចាប់តាំង​ពី​ឆ្នាំ ១៩៤៧​មក។

មន្រ្តី​ជាន់ខ្ពស់​របស់​គណបក្ស​កាន់អំណាច​ឥណ្ឌា​បាន​វាយតម្លៃថា លោកអ៊ីមរ៉ាន ខាន់​ជា​អាយ៉ងដែល​នឹងធ្វើ​នយោបាយ​ទៅតាម​ការញាក់​របស់មេយោធា​ប៉ាគីស្ថាន។ នៅ​ប៉ាគីស្ថាន លោក​អ៊ីមរ៉ាន ខាន់ធ្លាប់​ត្រូវ​បាន​បក្ស​ដទៃទៀត ជាពិសេស​គណបក្ស​កាន់អំណាច​របស់​លោកអតីត​នាយករដ្ឋមន្រ្តីណាវ៉ា ស្ហារីហ្វ ចោទប្រកាន់​បាន​ឈ្នះឆ្នោត ដោយសារ​តែ​មាន​អន្តរាគមន៍គាំទ្រ ជួយលួចបន្លំ សន្លឹកឆ្នោត​ពី​សំណាក់​យោធា​ប៉ាគីស្ថាន​។

ទាំង​លោក​អ៊ីមរ៉ាន ខាន់ ហើយ​និង​កងទ័ព​ប៉ាគីស្ថាន​បាន​ទាត់ចោល​ការចោទប្រកាន់។ លោក​អ៊ីមរ៉ាន ខាន់​បដិសេធ​ការចោទប្រកាន់ ប៉ុន្តែ សំណួរសួរថា តើ​លោក​អ៊ីមរ៉ាន ខាន់​ហ៊ាន​ធ្វើ​នយោបាយ​ណាមួយ ដែល​ផ្ទុយពីការចង់បាន​របស់​យោធា​ប៉ាគីស្ថាន​ដែរទេ? លោក​ណាវ៉ា ស្ហារីហ្វដែលត្រូវ​បាន​តុលាការ​ទម្លាក់ចេញពី​តំណែង​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន និង​ដែល​​ពេលនេះ កំពុងជាប់ឃុំ ​ក្នុងបទចោទប្រកាន់ប្រព្រឹត្តអំពើ​ពុករលួយ ធ្លាប់​ជា​មនុស្ស​ស្និទ្ធ​នឹង​កងទ័ព​​ប៉ាគីស្ថាន។ គេ​ជឿថា បើគ្មាន​ភ្លើងខៀវ​ពី​កងទ័ព គណបក្ស​របស់​លោក​ណាវ៉ា ស្ហារីហ្វ ក៏​មិនអាច​ឈ្នះឆ្នោតនៅ​ឆ្នាំ ២០១៣ដែរ។ ប៉ុន្តែ លោក​ណាវ៉ា ស្ហារីហ្វ ដែល​បាន​ចាប់ផ្តើម ស្តារ​កសាង​ទំនាក់ទំនង​ល្អ​ឡើងវិញ ជាមួយ ឥណ្ឌា ដែល​មិនធ្លាប់​មាន​នៅក្នុង​ប្រវត្តិទំនាក់ទំនង​រវាង​ប្រទេស​គូសត្រូវទាំងពីរ ត្រូវ​បានគេ​ផ្តួល​ចេញពីអំណាច ដោយសារ​តែ​ជំហរ​ខ្វែងគ្នា​ជាមួយ​មេដឹកនាំ​យោធា។ ចង់ ឬ​មិន​ចង់ លោក​អ៊ីមរ៉ាន ខាន់​ក៏​នឹង​អាច​ជួប​វាសនា​ដូច​លោក​ណាវ៉ា ស្ហារីហ្វ បើសិន​លោក​ហ៊ាន​ដើរចេញ​ពី​ខ្សែនយោបាយ​របស់​យោធាប៉ាគីស្ថាន។​

សម្រាប់អ្នកវិភាគមួយចំនួនវិញ ទោះ​ជា​គ្មាន​ខ្សែនយោបាយរបស់​កងទ័ព ក៏​លោក​អ៊ីមរ៉ាន ខាន់​​ផ្ទាល់ គ្មាន​ចេតនា​ពិតប្រាកដ ទៅ​បោះដៃ កសាង​ទំនាក់​ទំនង​ល្អ​ជាមួយ​ឥណ្ឌា ដូចសំដីរបស់​លោកដែរ។ លោក​អ៊ីមរ៉ាន ខាន់​ ធ្លាប់​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ជំហរគាំទ្រ​ខ្លាំង​​ក្រុមអ៊ីស្លាម​ជ្រុលនិយម​នៅ​ប៉ាគីស្ថាន។ កាលនៅ​ជា​ប្រធាន​ក្រុម​បក្ស​ប្រឆាំង លោកធ្លាប់​បាន​រិះគន់​រដ្ឋាភិបាល​ប៉ាគីស្ថានថា​បាន​​ប្រើចំណាត់ការ​យោធាខ្លាំងៗ ប្រឆាំង​ក្រុមភេរវនិយម​ប៉ាគីស្ថានទៀតផង។ ជំហររបស់​លោក​អ៊ីមរ៉ាន​ខាន់ ល្មមធ្វើ​ឲ្យ​ឥណ្ឌា​ចងចាំ និងត្រូវ​​ប្រុងប្រយ័ត្ន​ជាប់ជានិច្ច ជាមួយ​រដ្ឋាភិបាល​ថ្មី​របស់​ប៉ាគីស្ថាន ព្រោះថា គឺ​ក្រុមភេរវនិយម​ប៉ាគីស្ថាន​នេះ​ហើយ​ដែលជា​ក្រុម​​គ្រោះថ្នាក់ និង​ធ្លាប់​វាយប្រហារ​ទឹកដី​ឥណ្ឌា​កន្លងមក។ ក្រុង​ញូវដេលី ធ្លាប់​បាន​ចោទប្រកាន់​ថា កងទ័ព​ប៉ាគីស្ថាន​ធូររលុង គ្មាន​ចេតនា​លុបបំបាត់​អ៊ីស្លាមជ្រុលនិយម ដែល​មាន​គោលដៅ​វាយប្រហារ​ឥណ្ឌានោះទេ។ ទំនាក់ទំនង​រវាង​ប្រទេស​នុយក្លេអ៊ែរទាំងពីរ បាន​ចាប់ល្អក់កករ ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ រហូត​ដល់​មាន​ជម្លោះ​ការទូត​ជាប្រចាំ ដោយសារ តែ​ជម្លោះ​ដណ្តើម​ទឹកដី​នៅ​តំបន់​កាស្មៀរ ​ហើយ​និងការចោទប្រកាន់​របស់​ឥណ្ឌា​ដែល​ថា ភាគីប៉ាគីស្ថាន​មាន​បំណង ការពារ​ក្រុម​ភេរវនិយម ដែល​ចិញ្ចឹមចិត្ត​វាយប្រហារ​ឥណ្ឌា។ ដូច្នេះ ប៉ាគីស្ថាន នៅក្រោម​ការដឹកនាំរ​បស់​​នាយករដ្ឋមន្រ្តី អ៊ីមរ៉ាន ខាន់ ដែល​ធ្លាប់​និយាយ​យ៉ាង​បើកចំហរ គាំទ្រ​ក្រុមអ៊ីស្លាមជ្រុលនិយម ដែល​ជា​សត្រូវ​របស់​ឥណ្ឌា ច្បាស់​ជា​​មិនអាច​ត្រលប់​ទៅ​កសាង​ទំនាក់ទំនងល្អ​ណាមួយ ជាមួយ​ឥណ្ឌា​បាន​នោះទេ៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ