អានតួអត្ថបទ

ប៉ាគីស្ថាន ៖ បក្សឈ្នះ​ចាប់​ចរចា​បង្កើត​រដ្ឋាភិបាល​ចម្រុះ បក្ស​ចាញ់​បង្កើត​ចលនា​ប្រឆាំង

គណបក្ស​របស់​លោក អ៊ីមរ៉ាន ខាន់ បាន​ប្រកាស​ចាប់​ផ្តើម​ចរចា ដើម្បី​រៀប​ចំ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​ក្រុម​​អ្នក​ឯករាជ្យ និងបក្ស​នយោបាយតូចៗហើយ។ គណបក្ស​សង្ឃឹម​ថា​ លោក អ៊ីមរ៉ាន ខាន់ នឹង​អាច​ឡើង​ស្បថ​ចូល​កាន់​តំណែង​នៅ​មុន​ថ្ងៃទី ១៤​សីហា​ខាង​មុខ។ ប៉ុន្តែ​បក្ស​ចាញ់​ឆ្នោត​​បាន​ប្រមូលផ្តុំ​​គ្នា​ បង្កើត​ជា​ចលនា​ប្រឆាំង​ ដោយ​គ្រោង​នឹង​ចុះ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃពុធ​ខាង​មុខផង។

មេបក្ស​ប្រឆាំង​តូចៗ​បើក​សន្និសីទ​នៅទីក្រុង​អ៊ីស្លាម៉ាបាត ដើម្បី​បង្កើត​ចលនា​ប្រឆាំង​
មេបក្ស​ប្រឆាំង​តូចៗ​បើក​សន្និសីទ​នៅទីក្រុង​អ៊ីស្លាម៉ាបាត ដើម្បី​បង្កើត​ចលនា​ប្រឆាំង​ AAMIR QURESHI / AFP
ផ្សាយពាណិជ្ជកម្ម

​តាម​លទ្ធផល​បណ្តោះអាសន្ន​ចុងក្រោយ ចេញ​ផ្សាយ​នៅ​ថ្ងៃសៅរ៍ គណបក្ស​ចលនា​ដើម្បី​យុត្តិធម៌ របស់​លោក អ៊ីមរ៉ាន ខាន់ ដោយ​​ទទួល​សំឡេង​គាំទ្រ​ដល់​ទៅ​ ១១៦​អាសនៈ។ ជា​​ជោគជ័យ​ខ្លាំង​ជាង​ការ​គ្រោង​ទុក ប៉ុន្តែ​មិន​គ្រប់គ្រាន់​សម្រាប់​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯងទេ។ ហេតុដូច្នេះ​ហើយ​បានជា​គណបក្ស​បាន​ចាប់​ផ្តើម​ភ្លាម តាំង​ពី​ថ្ងៃ​នេះ ស្វែង​រក​ដៃ​គូ​មក​បង្កើត​រដ្ឋាភិបាល​ចម្រុះ។

បើ​តាម​អ្នក​នាំ​ពាក្យ​ ដំណើរការ​ចរចា​ជាមួយ​គណបក្ស​តូចៗ និង​អ្នក​ឯករាជ្យ ទំនង​ជា​ត្រូវ​ប្រើ​ពេល​ប្រមាណ​១២​ថ្ងៃ។ គណបក្ស​សង្ឃឹម​ថា​ លោក អ៊ីមរ៉ាន ខាន់ នឹង​អាច​ធ្វើ​ពិធី​ស្បថ​ចូល​កាន់​តំណែង​បាន​នៅ​មុខ​ថ្ងៃទី ១៤​សីហា ស្រប​តាម​កាលបរិច្ឆេទ​​​ធម្មតា​ ជា​ទម្លាប់​របស់​ប៉ាគីស្ថាន​ពី​មុន ក្នុង​ការ​រៀប​ចំ​បង្កើត​រដ្ឋាភិបាល​ថ្មី។

ប៉ុន្តែ​ទន្ទឹម​ជាមួយ​គ្នា​នេះ គណបក្ស​តូច​ចំនួន​១២​ផ្សេង​ទៀត ​​បាន​បើក​សន្និសីទ​មួយ​ប្រមូល​​កម្លាំង​ ​ប្រឆាំងនឹង​លទ្ធផល​ឆ្នោត។ គណបក្ស​នយោបាយ​ចាញ់​ឆ្នោត​នេះ គ្រោង​នឹង​ធ្វើ​បាតុកម្ម​ នៅ​ថ្ងៃពុធ​ខាង​មុខ ដើម្បី​បរិហារ​ភាព​មិនប្រក្រតី​ក្នុង​ពេល​បោះឆ្នោត ពោល​គឺ​បដិសេធ​ជោគជ័យ​របស់​លោក អ៊ីមរ៉ាន ខាន់។ បក្ស​សម្ព័ន្ធ​អ៊ីស្លាម​ប៉ាគីស្ថាន (បក្សកំពុង​កាន់​អំណាច) នាំ​មុខ​ដោយ​លោក លោក Shahbaz Sharif ប្អូនលោក ណាវ៉ា ស្ហារីហ្វ អតីត​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន ដែល​បាន​ជាប់​ឆ្នោត​លំដាប់​ទីពីរ បាន​ចូល​រួម​ក្នុង​សន្និសីទ​នេះ​ដែរ តែ​សន្យា​ផ្តល់​​សេចក្តី​សម្រេចចិត្ត​នៅ​ថ្ងៃអាទិត្យ​នេះ ថា​​ចូល​រួម ​​ជាមួយ​ចលនា​ប្រឆាំង​​ឬ​ក៏​អត់។

ប្រសិនបើ​បក្ស​នេះ​ព្រម​ទៅភ្ជាប់​ខ្លួន​ជាមួយ​ក្រុម​ប្រឆាំង​តូចៗទាំង​១២ និង​មិន​ព្រម​ចូលកាន់អាសនៈ​សភា នោះ​ស្ថានភាព​នយោបាយ​ប៉ាគីស្ថាន​នឹង​យ៉ាបយឺន​ខ្លាំង លោក អ៊ីនរ៉ាន ខាន់ ក៏មិន​អាច​ឡើង​ដឹកនាំ​ប្រទេស​បាន។

ស្ថិត​នៅ​លំដាប់​ទីបី ​បក្ស​ប្រជាជន​ប៉ាគីស្ថាន (៤៣អាសនៈ) មិន​សូវ​ចេញ​ប្រតិកម្ម​អ្វី​ទេ ហើយ​ក៏​មិន​បាន​ចូល​រួម​ក្នុង​សន្និសីទ​របស់ចលនា​ប្រឆាំង​ដែរ។

បើ​តាម​អ្នក​សង្កេត​ការណ៍​អឺរ៉ុប ​ការ​បោះឆ្នោត​សភា​ប៉ាគីស្ថាន រងគំនាប​និង​ការ​បិទ​បាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ព្រម​ទាំងគ្មាន​សមភាព​ក្នុងពេល​ឃោសនា មិន​ដូច​ឆ្នាំ​២០១៣​ទេ ប៉ុន្តែ​ជា​លទ្ធផល​ដែលអាច​ទទួល​យក​បាន។ ចំណែក​អាមេរិក​វិញ​ក៏ឯកភាព​នឹង​សេចក្តី​សន្និដ្ឋាន​របស់​អ្នក​សង្កេតការណ៍អឺរ៉ុបដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ