ប្រធានក្រុមហ៊ុនសាំស៊ុង និងហ៊ីយុនដាយ នឹងអមដំណើរលោកមូនចៃអ៊ីន ទៅព្យុងយ៉ាង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៤៣
វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃអាទិត្យនេះ បញ្ជីឈ្មោះគណៈប្រតិភូ ដែលត្រូវអមដំណើរប្រធានាធិបតីកូរ៉េខាងត្បូង ទៅក្នុងជំនួបកំពូល នៅទីក្រុងព្យុងយ៉ាង។ នៅក្នុងបញ្ជីឈ្មោះ មានផងដែរ ប្រធានក្រុមហ៊ុន ឯកជនកូរ៉េខាងត្បូង ដូចជា អគ្គនាយករងក្រុមហ៊ុនសាំស៊ុង និងប្រធានក្រុមហ៊ុនផលិតរថយន្ត ហ៊ីយុនដាយ ជាដើម។ តាមការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង រាប់ទាំងអ្នកកាសែតផង គណៈប្រតិភូកូរ៉េខាងត្បូងសម្រាប់ជំនួបកំពូលរវាងលោកប្រធានាធិបតីមូន ចៃអ៊ីន ជាមួយលោកគីម ជុងអ៊ុន នៅទីក្រុងព្យុងយ៉ាង នៅថ្ងៃអង្គារខាងមុខ នឹងមានមនុស្ស២០០នាក់។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចៃអ៊ីននឹងធ្វើដំណើរ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ទៅចូលរួមក្នុងជំនួបកំពូល លើកទី៣ ជាមួយមេដឹកនាំកូរ៉េខាងជើង នៅទីក្រុងព្យុងយ៉ាង។ តាមការិយាល័យ ប្រធានាធិបតីកូរ៉េខាងត្បូង គណៈប្រតិភូ អមដំណើរលោកមូន ចៃអ៊ីន ទៅកូរ៉េខាងជើង នឹងមានសមាជិក ប្រមាណ ២០០នាក់ ដូចជារដ្ឋមន្រ្តីការពារជាតិ រដ្ឋមន្រ្តីការបរទេស ឬ រដ្ឋមន្រ្តីដើម្បី បង្រួបបង្រួមកូរ៉េ។ នៅថ្ងៃអាទិត្យនេះ មន្រ្តីរដ្ឋាភិបាល និងអ្នកកាសែត ចំនួន ៩០នាក់ បានជិះរថយន្ត ឆ្លងចូលទៅទឹកដីកូរ៉េខាងជើង ដើម្បីរៀបចំជំនួបកំពូល កូរ៉េ នៅទីក្រុងព្យុងយ៉ាង។ អ្វីដែលគេចាប់អារម្មណ៍ ដែរនោះ គឺនៅក្នុងបញ្ជីឈ្មោះ គណៈប្រតិភូអមដំណើរ ប្រធានាធិបតី កូរ៉េខាងជើង មានផងដែរ ប្រធានក្រុមហ៊ុនធំៗរបស់កូរ៉េខាងត្បូង ដូចជាអគ្គនាយករងក្រុមហ៊ុនសាំស៊ុង លោក Lee Jae Yong ឬអនុប្រធានក្រុមហ៊ុនផលិតរថយន្ត Hyundai Motor groupលោក Kim Yong Hwan ជាដើម។
តាមរយៈ សេចក្តីប្រកាសរបស់ការិយាល័យប្រធានាធិបតី ដែលបានសរសេរថា ជំនួបកំពូលនៅថ្ងៃអង្គារខាងមុខ រវាងមេដឹកនាំកូរ៉េខាងជើង ហើយនិងលោកប្រធានាធិបតីកូរ៉េខាងត្បូង នឹងជួយបើកផ្លូវ ជំរុញ ឲ្យមានការដោះដូរ ឆ្លងដែនរវាងប្រទេសទាំងពីរ មានកាន់តែច្រើន។
គេរំពឹងថា ទៅទីក្រុងព្យុងយ៉ាងលើកនេះ លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចៃអ៊ីន នឹងផ្តោតសំខាន់ ទៅគម្រោងពាណិជ្ជកម្មដែល លោកធ្លាប់បាននិយាយព្រមព្រៀង រួចហើយ ជាមួយមេដឹកនាំកូរ៉េខាងជើង កាលនៅក្នុងជំនួបកូរ៉េលើកដំបូង នាខែមេសាកន្លងទៅ។
កាលណោះ មេដឹកនាំកូរ៉េទាំងពីរធ្លាប់បានយល់ព្រមព្រៀងគ្នា ថានឹងជំរុញ គម្រោងអភិវឌ្ឍន៍ផ្លូវ គមនាគមន៍ ដូចជាផ្លូវរថភ្លើង ដើម្បីតភ្ជាប់ពីទឹកដីកូរ៉េខាងត្បូង ឆ្លងកាត់កូរ៉េខាងជើង សំដៅទៅកាន់ព្រំដែនចិន។ កាលពីចុងខែសីហាកន្លងទៅ គឺនៅក្រោយជំនួបកំពូលកូរ៉េលើកទី ២ ដែលមិនបានព្រាងទុក មេដឹកនាំកូរ៉េខាងជើង បានអំពាវនាវចង់បានជំនួយហិរញ្ញវត្ថុ ពីក្រុងសេអ៊ូល។ ចំណែកកាសែតរដ្ឋកូរ៉េខាងជើងវិញ បានសរសេរ ទាមទារឲ្យកូរ៉េខាងត្បូងត្រូវចេះសម្រេចចិត្តដោយខ្លួន ឯង និងផ្តោតសំខាន់ជាអាទិភាពលើការសហការ កូរ៉េ ក្នុងជាប្រជាជាតិតែមួយ បើសិនកូរ៉េខាងត្បូង ពិតជាចង់បានសន្តិភាព ជាមួយកូរ៉េខាងជើងមែន។ ភាគីខាងជើងដាក់សម្ពាធលើកូរ៉េខាងត្បូង យ៉ាងដូច្នេះ ដោយសារ តែ កូរ៉េខាងជើង មិនឃើញកូរ៉េខាងត្បូង ចាត់វិធានការអ្វី ជាក់ស្តែង នៅក្រោយ ជំនួបកំពូល កាលពីខែមេសា។ ម្យ៉ាងទៀត កូរ៉េខាងជើង ទាមទារឲ្យកូរ៉េខាងត្បូងត្រូវប្រញាប់សហការសេដ្ឋកិច្ចជាមួយខ្លួន ក៏ដោយសារតែ ការចរចាជាមួយអាមេរិកនៅជាប់គាំង ហើយ អាមេរិកនៅតែមិនព្រមបន្ធូរបន្ថយសោះ ពីរឿងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង។
ដោយនាំយកទៅជាមួយ ក្រុមអ្នកវិនិយោគ ហើយនិងប្រធានក្រុមហ៊ុន គ្រាក់ៗរបស់កូរ៉េខាងត្បូង លោកប្រធានាធិបតីមូន ចៃអ៊ីន ចង់ឬមិនចង់ បញ្ជាក់ថា លោកមានចេតនា គោរពតាមកិច្ចព្រមព្រៀង និងចង់ពង្រឹងការសហការ សេដ្ឋកិច្ច រវាងប្រទេសកូរ៉េទាំងពីរ។
កូរ៉េខាងត្បូងសំលឹងប្រយោជន៍សេដ្ឋកិច្ចនៅក្រោយមានសន្តិភាពជាមួយក្រុងព្យុងយ៉ាង
កូរ៉េខាងត្បូងជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ខ្លាំង។ ចំណែកកូរ៉េខាងជើងជាប្រទេសកុម្មុយនិស្ត ក្រីក្រ ដែលមានប្រជាជនជួបគ្រោះទុរភឹក្សជាច្រើនលាននាក់។ គេអាចនិយាយថា បើសិនកូរ៉េខាងជើង ចាប់សហការសេដ្ឋកិច្ច ជាមួយ កូរ៉េខាងត្បូង នោះ កូរ៉េខាងជើងនឹងបូមយកប្រយោជន៍ច្រើនពីប្រទេសអ្នកមានដូចជាកូរ៉េខាងត្បូង។ ប៉ុន្តែ នៅលើស្ថានភាពជាក់ស្តែង គឺមិនដូច្នេះទេ។
ដោយចង់ត្រលប់ទៅជានា ចុះសន្ធិសញ្ញាសន្តិភាព ជាមួយកូរ៉េខាងជើង កូរ៉េខាងត្បូង បានសំលឹងរួចហើយ ផលប្រយោជន៍ សម្រាប់ខ្លួន។
ទី១ ការចាប់ដៃ ដោះដូរសេដ្ឋកិច្ច ជាមួយកូរ៉េខាងជើង នឹងអាចជួយធានាឲ្យកូរ៉េខាងត្បូងទទួលបានសន្តិភាព លែងរស់នៅក្នុងភាពភ័យខ្លាច នឹងការគំរាមកំហែង វាយប្រហារដោយមីស៊ីល ឬអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ កូរ៉េខាងជើងដែលនឹងអាចទទួលប្រយោជន៍ពីការដោះដូរ សេដ្ឋកិច្ច ជាមួយទីក្រុងសេអ៊ូល ច្បាស់ ជាលែងរករឿង ចង់បាញ់បំផ្លាញ កម្ទេច ទីក្រុងសេដ្ឋកិច្ចសេអ៊ូល ដែលអាចជាទីក្រុងដៃគូរបស់ព្យុងយ៉ាង តទៅទៀត។
ទី២ ដោយសារតែគ្មានសន្ធិសញ្ញាសន្តិភាពជាមួយកូរ៉េខាងជើង កូរ៉េខាងត្បូង ជាដីកោះ ដែលចំណាយច្រើន ក្នុងការដឹកជញ្ជូនទំនិញ ទៅលក់នៅបរទេស។ ជាក់ស្តែង បើសិនកូរ៉េខាងត្បូង និងខាងជើងចរចា ត្រូវរ៉ូវគ្នា ដើម្បី ឲ្យកូរ៉េខាងត្បូងអាចសាងសង់ផ្លូវដែក ឆ្លងកាត់កូរ៉េខាងជើង ទៅកាន់ព្រំដែនចិន នោះ កូរ៉េខាងត្បូងនឹងកាត់បន្ថយចំណាយច្រើនលើការដឹកជញ្ជូនទំនិញ ទៅតំបន់អាស៊ីកណ្តាល ឬតំបន់អឺរ៉ុប ជាដើម។
មេដឹកនាំកូរ៉េខាងត្បូង រួមទាំងក្រុមហ៊ុនកូរ៉េខាងត្បូងត្រូវតែប្រញាប់រួសរាន់ ចូលទៅវិនិយោគនៅកូរ៉េខាងជើង ដើម្បីកុំឲ្យចាញ់ ចិន ហើយនិងរុស្ស៊ី ដែលកំពុងសកម្មខ្លាំងណាស់ដែរ ពីរឿងកូរ៉េខាងជើង ជាពិសេសចិនតែម្តង។ មេដឹកនាំកូរ៉េខាងត្បូង បារម្ភថា បើសិនចិន ផ្តាច់មុខ នៅកូរ៉េខាងជើង នោះ ចិននឹងមានឥទ្ធិពលអំណាចខ្លាំង ទៅលើរបបព្យុងយ៉ាង។ ការនេះនឹងក្លាយជាឧបសគ្គ ដល់ការចរចា បង្រួបបង្រួម កូរ៉េទាំងពីរមិនខាន។
ប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវរែកអង្រែកពីរ
កូរ៉េខាងត្បូង គិតគូរ ចង់បង្កើតទំនាក់ទំនងសេដ្ឋកិច្ចជាមួយ កូរ៉េខាងជើង ទាំងអាមេរិក បានបញ្ជាក់ហើយថា ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង នឹងត្រូវគេគិតគូរ នៅក្រោយ កូរ៉េខាងជើង បង្ហាញសញ្ញា កាត់រំសាយអាវុធនុយក្លេអ៊ែរ ជាមុនសិន។នេះហើយជាកិច្ចការលំបាក សម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង។ លោកប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវសម្រេចចិត្តថា តើលោកនៅឈរខាងអាមេរិក ដែលដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង ឬមួយក៏ត្រូវដើរតាមផ្លូវនយោបាយផ្ទាល់ខ្លួនរបស់កូរ៉េខាងត្បូង ស្តីពីរឿង លុបបំបាត់ចោលអាវុធនុយក្លេអ៊ែរនេះ។ បើសិនលោកមូន ចៃអ៊ីន សុខចិត្តអនុវត្តគម្រោង សេដ្ឋកិច្ច ទៅតាមការចង់បានរបស់ កូរ៉េខាងជើង នោះ កូរ៉េខាងត្បូងនឹងអាចរំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើកូរ៉េខាងជើង។ ប៉ុន្តែ បើសិន កូរ៉េខាងត្បូងមិនធ្វើតាមការចង់បាន របស់កូរ៉េខាងជើង ដោយផ្អាកព្យួរ ការសហការសេដ្ឋកិច្ច ហើយនិងទាមទារឲ្យកូរ៉េខាងជើង កាត់រំសាយចោលអាវុធនុយក្លេអ៊ែរដូចជាការទាមទាររបស់លោកប្រធានាធិបតី អាមេរិកដែលជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងត្បូង នោះ កូរ៉េខាងត្បូង នឹងប្រឈមមុខជាថ្មី នឹងកូរ៉េខាងជើង ដែលនឹងប្រែសំដី លែងចង់ឲ្យមានការបង្រួបបង្រួមជាមួយកូរ៉េខាងត្បូងវិញ។
លោកមូន ចៃអ៊ីនរហូតមកបានដើរតួជាអាជ្ញាកណ្តាល។ គេសង្ឃឹមថា ក្នុងកាលៈទេសៈបច្ចុប្បន្នដែលការចរចារវាងអាមេរិក និងកូរ៉េខាងជើង កំពុងជាប់គាំង លោកមូន ចៃអ៊ីន នឹងដើរតួ សម្របសម្រួល ជាអាជ្ញាកណ្តាល គឺនឹងមិនទៅឈរនៅភាគីណាទេ។ នៅទីក្រុងព្យុងយ៉ាងលោកអាចបញ្ចុះបញ្ចូល ឲ្យមេដឹកនាំកូរ៉េខាងជើង ពិចារណាគិតប្រយោជន៍សេដ្ឋកិច្ចជាធំ។ ពោលគឺបើសិនអាមេរិកដកចោលទណ្ឌកម្មសេដ្ឋកិច្ចពីកូរ៉េខាងជើង នោះ កូរ៉េខាងត្បូង ត្រៀមខ្លួនរួចហើយ នឹងចូលទៅវិនិយោគ ជួយអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េខាងជើង។ ប៉ុន្តែ ជាថ្នូរមកវិញ កូរ៉េខាងជើង ត្រូវយល់ព្រមបង្ហាញកាយវិការរបស់ខ្លួនដែលថា កំពុងឈានទៅលះបង់ចោលអាវុធនុយក្លេអ៊ែរ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ