អានតួអត្ថបទ
ចិន-ប៉ាគីស្ថាន

ចិន​បាន​សន្យា​ប៉ាគីស្ថាន​ក្នុង​ការ​បន្ត​គាំទ្រ​លើ​​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច

លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​អ៊ីមរ៉ាន់ ខាន់​កំពុង​បន្ត​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន។ បន្ទាប់​ពី​បាន​ជួប​សន្ទនា​ជាមួយ​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​នា​ថ្ងៃ​សុក្រ ទី២ វិច្ឆិកា លោក​អ៊ីមរ៉ាន់ ខាន់​បាន​ជួប​សន្ទនា​ជាមួយ​សមភាគី​ចិន​លោក​លី ខឺជាំង​នៅ​ថ្ងៃ​សៅរ៍ ទី៣ វិច្ឆិកា​នេះ។ នៅ​ក្នុង​ជំនួប លោក​លី ខឺជាំង​បាន​សន្យា​បន្ត​គាំទ្រ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​រួម​គ្នា​រវាង​ចិន និង​ប៉ាគីស្ថាន។

​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​លោក អ៊ីមរ៉ាន់ ខាន់ និង​សមភាគី​ចិន​លោកលី ខឺជាំង ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី៣ វិច្ឆិកា ២០១៨
​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​លោក អ៊ីមរ៉ាន់ ខាន់ និង​សមភាគី​ចិន​លោកលី ខឺជាំង ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី៣ វិច្ឆិកា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

វត្តមាន​របស់​លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​អ៊ីមរ៉ាន់ ខាន់​ទឹកដី​ចិន​ពេល​នេះ​មិនមែន​ជា​រឿងចៃដន្យ​ទេ មិន​ចៃដន្យ​ព្រោះ​ទី១ ប៉ាគីស្ថាន​ក្នុង​នាម​ជា​មិត្តចាស់​ម្នាក់​របស់​ចិន​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់ធ្ងរ​ដែល​មាន​តែ​ចិន​ទេ​ទើប​អាច​ជួយ​សម្រាល​បាន និង​ទី២ ប៉ាគីស្ថាន​ចង់​ដឹង​ពី​ជំហរ​ច្បាស់លាស់​របស់​ចិន​នៅ​ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ។ គួរ​រម្លឹក​ថា គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​រវាង​ចិន និង​ប៉ាគីស្ថាន​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​តភ្ជាប់​ពី​តំបន់​ប៉ែកខាងលិច​ប្រទេស​ចិន​ទៅ​កាន់​កំពង់ផែ​ប៉ាគីស្ថាន Gwada ស្ថិត​ក្នុង​សមុទ្រ​អារ៉ាប៊ី។

លោក​អ៊ីមរ៉ាន់ ខាន់​បាន​ថ្លែង​ថា​ក្នុង​ឆ្នាំ ២០១៣ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​មួយ​នេះ​គ្រាន់​ជា​គំនិត​ប៉ុណ្ណោះ តែ​ឥឡូវ​បាន​លេច​ជា​រូបរាង ហើយ​វា​ពិត​ជា​សំណាង​ដ៏​ធំ​សម្រាប់​ចិន និង​ប៉ាគីស្ថាន​ក្នុង​ការ​បោះ​ជំហាន​ទៅ​មុខ និង​ទាក់ទាញ​ក្រុមអ្នកវិនិយោគ។ តែ​ក្តី​បារម្ភ​របស់​លោក​អ៊ីម រ៉ាន់ខាន់​មាន​ពីរ ទី១ ខ្លាច​ចិន​កាត់​បន្ថយ​ការ​ចូលរួម​របស់​ខ្លួន និង​ទី២ ប៉ាគីស្ថាន​ដែល​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​មិន​អាច​ធានា​រ៉ាប់រង​ចំណែក​របស់​ខ្លួន​បាន។ យ៉ាង​ណា​ក៏​ដោយ លោក​លី ខឺជាំង​បាន​ធានា​លោក​អ៊ីមរ៉ាន់ ខាន់​ថា ចិន​នឹង​បន្ត​គាំទ្រ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​នោះ​ដោយ​មិន​ដក​ថយ​ទេ។

គួរ​បញ្ជាក់​ថា គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​រវាង​ចិន និង​ប៉ាគីស្ថាន​ជា​មហិច្ឆតា​របស់​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​ដើម្បី​សម្រួល​ពាណិជ្ជកម្ម​ចិន។ តែ​ក្នុង​ពេល​ជាមួយ​គ្នា គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​មួយ​ក៏​ទទួល​រង​ការ​រិះគន់ ទិតៀន​ដែរ។ អ្នក​ខ្លះ​ថា ជា​មធ្យោបាយ​ដើម្បី​ចូលរួម​ជួយ​អភិវឌ្ឍ​ប្រទេស​ក្រីក្រ តែ​ខ្លះ​ទៀត​ថា ជំនួយ​ចិន​បាន​ធ្វើ​ឲ្យ​ប្រទេស​ក្រីក្រ​ទាំង​នោះ​ជំពាក់បំណុល​ចិន​កាន់​តែ​ច្រើន​ឡើង។ ក្រៅ​ពី​សន្យា​បន្ត​គាំទ្រ​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​រវាង​គ្នា ចិន​ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​ចំនួន ១៦ ជាមួយ​ប៉ាគីស្ថាន​ដែល​ភាគ​ច្រើន​ជា​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ផ្នែក​នយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ