អានតួអត្ថបទ
ចិន-អាមេរិក-ប៉ាគីស្ថាន

ចិន​ចេញ​មុខ​ការពារ​​ប៉ាគីស្ថានដែល​រង​ការរិះគន់​​របស់​​លោក​​ដូណាល់ ត្រាំ​​

ក្រសួងការបរទេស​ចិន​បាន​ចេញមុខ​ការពារ​ប៉ាគីស្ថាន​ដែលរងការរិះគន់​របស់​លោក​ដូណាល់ ត្រាំ។ ប្រធានាធិបតី​អាមេរិ​កទើបតែ​បាន​ប្រកាស​មិនដកទាហាន​អាមេរិ​កពី​អាហ្វហ្កានីស្ថាន ហើយ​ទំលាក់​កំហុស​លើ​ប៉ាគីស្ថាន​​ ថា​ផ្តល់​កន្លែងជ្រកកោន​ដល់​ក្រុមភេរវជន​ធ្វើអោយ​អាហ្វហ្កានីស្ថាន​គ្មានស្ថិរភាព។ ចិន​ទាត់ចោល​​ការ​​ចោទប្រកាន់​​របស់​លោក​ដូណាល់ ត្រាំ។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying
អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Hua Chunying Reuters/路透社
ផ្សាយពាណិជ្ជកម្ម

លោកស្រី Hua Chunying ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ចេញមុខការពារ​ប៉ាគីស្ថាន ប្រឈមនឹង​ការរិះគន់​របស់​ប្រធានាធិបតី​​អាមេរិក។ លោកដូណាល់ ត្រាំ ចោទ​ថា ប៉ាគីស្ថាន​ផ្តល់ជម្រក​ដល់​ក្រុមភេរវជន ធ្វើអោយ​អាហ្វហ្កានីស្ថាន​គ្មាន​ស្ថិរភាព​សន្តិសុខ។ ថ្ងៃអង្គារ​នេះ ​ចិន​លើកឡើង​​ថា​ ប៉ាគីស្ថាន​បាន​ធ្វើការលះបង់​ធំធេង​ណាស់ ប៉ាគីស្ថាន​បាន​ចូលរួម​ធំធេង​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​អំពើភេរវកម្ម។ រដ្ឋាភិបាល​ចិន​បន្ថែមថា សហគមន៍អន្តរជាតិ​គួរតែ​គាំទ្រ​ទាំងស្រុង នូវ​ការខិតខំ​ប្រឹងប្រែង​របស់​ប៉ាគីស្ថាន។ ​​​

គេមើលឃើញថា ​មូលហេតុ​ដែល​​ចិន​ចេញមុខ​ការពារ​ប៉ាគីស្ថាន ប្រឈមនឹង​ការរិះគន់​របស់​អាមេរិក​ គឺ​ដោយសារ​​​ប៉ាគីស្ថាន​ជា​ទីតាំង​យុទ្ធសាស្ត្រ​ សម្រាប់​ចិន​ក្នុង​ការ​សម្រេច​​​​​ផែនការ​​សេដ្ឋកិច្ចមហិមា ឈ្មោះថា​ ខ្សែក្រវាត់​មួយ​ ផ្លូវមួយ​នោះហើយ។ តាមរយៈ​ផែនការ​នេះ ចិន​គ្រោង​ភ្ជាប់​​ហេដ្ឋារចនា​សម្ព័ន្ធ​​មធ្យោបាយ​​​ធ្វើដំណើរ ​ថាមពល និង​ប្រព័ន្ធ​ទូរគមនាគមន៍ ​ភ្ជាប់​ពី​​ចិន ទៅ​សមុទ្រ​អារ៉ាប៊ី ដោយ​ឆ្លងកាត់​​​តាម​កំពង់ផែ នៃ​​ដែនទឹក​​Gwadar នៅ​បាលូតឈីស្តង់។ តំបន់​បាលូតឈីស្តង់​នេះ ជាតំបន់​អស្ថិរភាព​ នៅ​ភាគនិរតី​ប៉ាគីស្ថាន។ ​ចិន​បាន​ប្រកាស​​ផ្តល់​ថវិកា​រាប់ពាន់​លាន​​ដុល្លារ សម្រាប់​ការ​វិនិយោគ​ ក្នុង​ក្របខណ្ឌ​​ផែនការ​សេដ្ឋកិច្ច​មួយនេះ ជាមួយប៉ាគីស្ថាន​។ ​

ចិន​មិនអាច​អោយ​ប៉ាគីស្ថាន​​រងការរិះគន់​របស់​អាមេរិ​កទេ។ លោកដូណាល់ ត្រាំ បាន​ដាក់សម្ពាធ​ប៉ាគីស្ថាន​អោយប្រឹងប្រែង​ចូលរួម​​ដោះស្រា​យបញ្ហា​អាហ្វហ្កានីស្ថាន។ អាមេរិ​កចោទ​ប៉ាគីស្ថាន​ថា ជា​ជម្រក​របស់​ក្រុមតាលីបង់។ ​ដើម្បី​ដាក់សម្ពាធ​ប៉ាគីស្ថាន លោកដូណាល់ ត្រាំ ​ក៏បាន​ស្នើឥណ្ឌា​អោយ​បន្ថែ​ម​ជំនួយ​​​ដល់​អាហ្វហ្កានីស្ថាន​ដែរ។ ឥណ្ឌា​​​​ជួយ​​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅអាហ្វហ្កានីស្ថាន ហើយ​ឆ្នាំមុននេះ ​​បាន​ផ្តល់​ជំនួយ​១ពាន់លាន​ដុល្លារ ដល់​អាហ្វហ្កានីស្ថាន។ ឥណ្ឌា​និង​ប៉ាគីស្ថាន​​​​ប្រជែងគ្នា​ដាក់ឥទ្ធិពល​​នៅ​អាហ្វហ្កានីស្ថាន។ ​​ប៉ាគីស្ថាន​មើលឃើញថា ឥណ្ឌា​ពង្រឺងទំនាក់ទំនង​​ជាមួយ​​​​​អាហ្វហ្កានីស្ថាន គឺ​ដើម្បី​ឆ្លៀត​​ឡោមព័ទ្ធ​ទឹកដី​ប៉ាគីស្ថាន ដែល​នៅចន្លោះ​ឥណ្ឌា​និង​អាហ្វហ្កានីស្ថានតែ​​​​ប៉ុណ្ណោះ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ