សិង្ហបុរី៖អាស៊ានចង់ឃើញសមុទ្រចិនខាងត្បូងក្លាយជាតំបន់មានសន្តិភាព សន្តិសុខ និងស្ថិរភាព
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០៥
នៅថ្ងៃពុធ ទី១៤ វិច្ឆិកានេះជាថ្ងៃទី២ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងអាស៊ានជាមួយក្រុមប្រទេសដៃគូក្នុងប្រទេសសិង្ហបុរី។ កិច្ចប្រជុំកំពូលថ្ងៃទី២ បានផ្តោតសំខាន់លើកិច្ចប្រជុំកំពូលរវាងអាស៊ាន ចិនលើកទី២១ អាស៊ាន កូរ៉េខាងត្បូងលើកទី២០ អាស៊ាន រុស្ស៊ីលើកទី៣ អាស៊ាន និងជប៉ុនលើកទី២១ និងកិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំទូលាយលើកទី២។ ក្រៅពីកិច្ចប្រជុំកំពូលផ្លូវការ ក៏មានកិច្ចប្រជុំកំពូលក្រៅផ្លូវការមួយក្នុងថ្ងៃពុធ ទី១៤ វិច្ឆិការវាងអាស៊ាន និងប្រទេសអូស្តា្រលី។
សេចក្តីថ្លែងការណ៍ផ្លូវការនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ រវាងសមាជិកអាស៊ានទាំង ១០ប្រទេសក្នុងថ្ងៃអង្គារ ទី១៣ វិច្ឆិកាបានចែកចេញជា ៥ជំពូកធំៗ។ ជំពូកទី១ ស្តីពីសហគមន៍សន្តិសុខ និងនយោបាយរបស់អាស៊ាន ទី២ ស្តីពីសហគមន៍សេដ្ឋកិច្ចរបស់អាស៊ាន ទី៣ ស្តីពីសហគមន៍សង្គម និងវប្បធម៌របស់អាស៊ាន ទី៤ ស្តីពីទំនាក់ទំនងរវាងអាស៊ាន និងអន្តរជាតិ និងជំពូកទី៥ ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ។
ក្នុងបញ្ហាសន្តិសុខ និងនយោបាយ ថ្នាក់ដឹកនាំអាស៊ានបានបញ្ជាក់ការគាំទ្រជាថ្មីលើសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ក្នុងប្រទេសសិង្ហបុរីនាខែមេសាកន្លងទៅ។ សេចក្តីថ្លែងការណ៍ដែលមេដឹកនាំអាស៊ានបានសន្យាបង្កើនកិច្ចសហប្រតិបត្តិការណ៍ប្រយុទ្ធប្រឆាំងនឹងភេរវនិយម ឧក្រិដ្ឋកម្មឆ្លងដែន និងការវាយប្រហារតាមអ៊ីធឺណែត។ លោកនាយករដ្ឋមន្រ្តីសិង្ហបុរីលី សៀនឡុងដែលជាប្រធានផ្លាស់អាស៊ានឆ្នាំនេះធ្លាប់បានទទួលស្គាល់ថា អាស៊ីអាគ្នេយ៍កំពុងស្ថិតក្នុងសន្តិភាពមែន តែក៏កំពុងទទួលការគំរាមកំហែងភេរវនិយមគ្រប់ប្រភេទដែរ។
នៅក្នុងវិស័យសេដ្ឋកិច្ច មេដឹកនាំអាស៊ានបានសាទរពីកំណើនផលិតផលសរុបក្នុងស្រុករបស់អាស៊ានចំនួន ៥,៣% ក្នុងឆ្នាំ ២០១៧ ធៀបនឹងឆ្នាំ ២០១៦ និងប្រមើលមើលពីអត្រាកំណើនសេដ្ឋកិច្ចស្ថិតនៅស្ថិរដែលមានចន្លោះពី ៥,១ ទៅ ៥,២% សម្រាប់ឆ្នាំ ២០១៨ និង ២០១៩។ ចំណែកទឹកប្រាក់វិនិយោគបរទេសផ្ទាល់ក្នុងតំបន់អាស៊ានមានជិត ១៣៧ ០០០លានដុល្លារ ក្នុងនោះមាន ១៩,៤% ពីបានពីក្រុមអ្នកវិនិយោគក្នុងតំបន់។ បន្ទាប់មក ថ្នាក់ដឹកនាំអាស៊ានក៏បានសាទរលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមអ៊ីនធឺនែតដែលទើបចុះហត្ថលេខាដោយរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន។ កិច្ចព្រមព្រៀងនេះនឹងជួយសម្រួល និងបង្កើនការទុកចិត្តនៅក្នុងចរារណ៍លុយរវាងធនាគារ និងធនាគារនៅក្នុងតំបន់អាស៊ាន។ ទន្ទឹមគ្នានេះ មេដឹកនាំអាស៊ានបានឲ្យតម្លៃខ្លាំងលើកិច្ចសហប្រតិបត្តិពហុភាគី ពិសេសការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគីបើកចំហ។
អាស៊ានចង់ឃើញសមុទ្រចិនខាងត្បូងក្លាយជាតំបន់សន្តិភាព
ទាក់ទងនឹងបញ្ហាភូមា មេដឹកនាំអាស៊ានបានសម្តែងក្តីបារម្ភពីស្ថានការណ៍មនុស្សធម៌នៅក្នុងរដ្ឋរ៉ាក់ឃីនដែលមានជនជាតិភាគតិចរ៉ូហ៊ីងយ៉ា អ្នកកាន់សាសនាអ៊ីស្លាមជាងកន្លះលាននាក់បានភៀសខ្លួនរត់ទៅជ្រកកោនក្នុងប្រទេសបង់ក្លាដែសដើម្បីគេចពីការធ្វើទុកបុកម្នេញរបស់ទ័ពភូមា។ ថ្នាក់ដឹកនាំអាស៊ានបានលើកបញ្ហានេះទៅនិយាយជាមួយលោកស្រីអ៊ុង សានស៊ូជីដែលបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ បន្ទាប់មក មេដឹកនាំអាស៊ានបានបញ្ជាក់ពីការគាំទ្រលើកិច្ចព្រមព្រៀងរវាងភូមា និងបង់ក្លាដែសក្នុងការធ្វើមាតុភូមិនិវត្តន៍ពួករ៉ូហ៊ីងយ៉ាឲ្យត្រឡប់ទៅភូមាវិញ។ ទន្ទឹមគ្នានេះ មេដឹកនាំអាស៊ានក៏បានស្នើឲ្យមានការស៊ើបអង្កេតឯករាជ្យមួយទាក់ទងនឹងរឿងរ៉ូហ៊ីងយ៉ា ពិសេសវែកមុខអ្នកទទួលខុសត្រូវចំពោះការរត់ភៀសខ្លួនរបស់ពួករ៉ូហ៊ីងយ៉ា។
នៅក្នុងទំនាក់ទំនងរវាងអាស៊ាន និងអន្តរជាតិ មេដឹកនាំអាស៊ានបានសាទរលើខួបគម្រប់ ១៥ឆ្នាំនៃដៃគូយុទ្ធសាស្រ្តអាស៊ាន ចិន និងខួបគម្រប់ ៤៥ឆ្នាំនៃទំនាក់ទំនងអាស៊ាន ជប៉ុន។ ក្រៅពីនោះ មេដឹកនាំអាស៊ានក៏បានទទួលស្គាល់ពីតួនាទីរបស់អង្គការសហប្រជាជាតិក្នុងការដោះស្រាយបញ្ហាប្រឈមជាច្រើនក្នុងលោកដោយមានការរួមសហការណ៍ពីអង្គការនានា ក្នុងនោះក៏មានអាស៊ានមួយដែរ។ និយាយពីបញ្ហាតំបន់ និងអន្តរជាតិ ថ្នាក់ដឹកនាំអាស៊ានបានចាប់អារម្មណ៍ខ្លាំងលើបញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង។ បញ្ហាសមុទ្រចិនខាងត្បូងដែលចិនកំពុងមានជម្លោះជាមួយប្រទេសអាស៊ានចំនួន ៤ គឺវៀតណាម ហ្វ៊ីលីពីន ម៉ាឡេស៊ី និងព្រុយណេត្រូវបានអាស៊ានបញ្ជាក់ជាថ្មីពីការរក្សា និងលើកដំកើងសន្តិភាព សន្តិសុខ ស្ថិរភាព និងសេរីភាពក្នុងការធ្វើចរាចរណ៍ផ្លូវសមុទ្រក្នុងសមុទ្រចិនខាងត្បូង។
អ្វីដែលអាស៊ានចង់បាន និងចង់ឃើញ គឺការប្រែក្លាយសមុទ្រចិនខាងតត្បូងទៅជាតំបន់សន្តិភាព និងស្ថរិភាព។ នៅក្នុងន័យនេះ ថ្នាក់ដឹកនាំអាស៊ានបានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការបន្តអនុវត្តឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនលើសេចក្តីថ្លែងការណ៍ឆ្នាំ ២០០២ DOC និងបានសាទរពីកិច្ចចរចាដែលកំពុងបោះជំហានទៅមុខដើម្បីសម្រេចឲ្យបាននូវក្រមប្រតិបត្តិ ឬ COC នាពេលឆាប់ៗខាងមុខ។ ទន្ទឹមគ្នានេះ មេដឹកនាំអាស៊ានក៏បានសាទរពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងរវាងអាស៊ាន និងចិន។ ទាក់ទងនឹងបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង មេដឹកនាំអាស៊ានបានសាទរជំនួបកំពូលអន្តរកូរ៉េចំនួនពីរលើកក្នុងខែមេសា និងខែកញ្ញា ព្រមទំាងជំនួបកំពូលកូរ៉េខាងជើង អាមេរិកក្នុងខែមិថុនារវាងលោកគីម ជុងអ៊ុន និងលោកដូណាល់ ត្រាំ។ អាស៊ានបានជំរុញគ្រប់ភាគីពាក់ព័ន្ធឲ្យប្រឹងប្រែងបន្តទៀតក្នុងការកសាងសន្តិភាព និងស្ថិរភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ។
សម្រាប់អាស៊ាន ចិនជាដៃគូយុទ្ធសាស្រ្តនៅគ្រប់កាលៈទេសៈទាំងអស់
កិច្ចប្រជុំកំពូលរវាងអាស៊ានជាមួយចិន ជាមួយកូរ៉េខាងត្បូង និងជាមួយជប៉ុនត្រូវបានគ្រប់គ្នាចាប់អារម្មណ៍ ណិងយកចិត្តទុកដាក់ខ្លាំង។ នេះក៏ដោយសារចិន ជប៉ុន និងកូរ៉េខាងត្បូងសុទ្ធជាប្រទេសគូប្រជែងគ្នានៅក្នុងតំបន់ និងជាក្រុមប្រទេសដៃគូរបស់អាស៊ានដូចគ្នា។ ក្រៅពីរម្លឹកខួបគម្រប់ ១៥ឆ្នាំនៃភាពជាដៃគូយុទ្ធសាស្រ្តរវាងអាស៊ាន ចិន មេដឹកនាំអាស៊ានក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលកើតចេញពីកិច្ចសហប្រតិបត្តិការរវាងគ្នាដែលបាន និងកំពុងចូលរួមចំណែកនៅក្នុងបុព្វហេតុស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ ចំណងការទូត និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ សម្រាប់អាស៊ាន ចិនគឺជាដៃគូយុទ្ធសាស្រ្តមួយមិនអាចខ្វះបាន ទោះក្នុងកាលៈទេសៈណាក៏ដោយ។
ដោយឡែករវាងអាស៊ាន និងកូរ៉េខាងត្បូង មេដឹកនាំអាស៊ានបានស្វាគមន៍លើសំណើរៀបចំកិច្ចប្រជុំរម្លឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន កូរ៉េខាងត្បូងនៅឆ្នាំ២០១៩ ស្វាគមន៍លើគោលនយោបាយទិសខាងត្បូងថ្មីរបស់កូរ៉េខាងត្បូងក្នុងបំណងលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន និងកូរ៉េខាងត្បូង និងស្វាគមន៍លើជំនួបកំពូលអន្តរកូរ៉េ និងជំនួបកំពូលរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងដែលអាស៊ានចាត់ទុកជាការបោះជំហានដ៏សំខាន់ឆ្ពោះទៅកសាងសន្តិភាពអចិន្រៃ្តយ៍ និងការបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីកូរ៉េ។
រវាងអាស៊ាន និងជប៉ុន ថ្នាក់ដឹកនាំអាស៊ានបានសម្តែងនូវសេចក្តីសោមនស្សយ៉ាងខ្លាំងដែលបានឃើញកិច្ចសហប្រតិបត្តិការអាស៊ាន ជប៉ុនមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ក្នុងរយៈពេល៤៥ ឆ្នាំកន្លងមក។ នៅក្នុងស្មារតីនេះ មេដឹកនាំអាស៊ានទាំងអស់បានគាំទ្រឲ្យមានការបន្តធ្វើការយ៉ាងស្អិតរមួតរវាងសមាជិកអាស៊ាន និងជប៉ុនដើម្បីអនុវត្តការកែសម្រួលលើផែនការអនុវត្តចក្ខុវិស័យស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុនដែលបានអនុម័តកាលពីខែសីហា ឆ្នាំ២០១៧។ ទន្ទឹមគ្នានេះ អាស៊ានមិនភ្លេចសាទរពីកំណើនទំហំពាណិជ្ជកម្មរវាងអាស៊ាន ជប៉ុនដែលមានទឹកប្រាក់ដល់ទៅ ២១៧,៩ប៊ីលានដុល្លាក្នុងឆ្នាំ២០១៧។
លើសពីនេះ អាស៊ានបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់ជប៉ុនក្នុងការកសាងសហគមន៍អាស៊ាន និងការធ្វើសមាហរណកម្មអាស៊ានតាមរយៈមូលនិធិជប៉ុនសម្រាប់សមាហរណកម្មអាស៊ាន ក៏ដូចជាក្នុងការបន្តគាំទ្រដល់ការអនុវត្តផែនការមេតភ្ជាប់អាស៊ាន ២០២៥ និងផែនការការងារទី៣ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន ២០១៦-២០២០ ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងតំបន់ ពិសេសគាំទ្រដល់ការកសាងធនធានមនុស្សរបស់អាស៊ាន និងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ