អានតួអត្ថបទ

ចាប់​ខ្លួន​ប្រធាន​​ក្រុមហ៊ុន​រថយន្ត​បារាំង នៅ​តូក្យូ​ពីបទ​កេង​បន្លំ​ថវិកា

ភាគហ៊ុន​របស់​ក្រុមហ៊ុន​រឺណូ Renaultបាន​ដាំ​ក្បាល​ចុះ​ បាត់​បង់​តម្លៃអស់​១៣% នៅ​ថ្ងៃ​ចន្ទ​ទី ១៩ វិច្ឆិកានេះ ពីព្រោះក្រុមហ៊ុន​​បារាំង​​បាន​ទទួល​ដំណឹង​អាក្រក់​មួយ។ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​រថយន្ត​រឺណូ ដែល​ក៏​ជា​ប្រធានក្រុមហ៊ុន​យាន​យន្ត​ជប៉ុន​នីសាន់ Nissan និង​មីស៊ូប៊ីស្ហី Mitsubishi ត្រូវ​បានអាជ្ញាធរ​ជប៉ុន​​ចាប់​ខ្លួន​នៅ​ទីក្រុង​តូក្យូ​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ពី​បទ​ជាប់​សង្ស័យ​លួច​កេង​បន្លំ​ថវិកា មិន​គោរព​វិន័យ​ហិរញ្ញវត្ថុ និង​បន្ទាប​ប្រាក់​ចំណូល។

លោក Carlos Ghosn នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Renault និង​ជា​ប្រធានក្រុមហ៊ុន Nissan
លោក Carlos Ghosn នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Renault និង​ជា​ប្រធានក្រុមហ៊ុន Nissan REUTERS/Regis Duvignau/File Photo
ផ្សាយពាណិជ្ជកម្ម

ប្រាក់​ខែ​របស់​​នាយក​ប្រតិបត្តិ​ ជា​ប្រភព​នៃ​រឿង​អាស្រូវ​នៅ​ប្រទេស​បារាំង​យូរ​មក​ហើយ ! ៩​លាន​អឺរ៉ូ​មួយ​ឆ្នាំ​សម្រាប់​នាម​ជា​ប្រធានក្រុមហ៊ុន​នៅ​ជប៉ុន និង​៧​លាន​អឺរ៉ូ​នៅ​បារាំង ក្នុង​នាម​ជានាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Renault។ តែ​បើ​តាម​ប្រភព​សារព័ត៌មាន​​នៅ​តូក្យូ គឺ​កេង​បន្លំ​គេ​ច​ពន្ធ​ពី​ចំណូលរាប់​សិប​ពាន់​​អឺរ៉ូ ​ពាក់​ព័ន្ធ​នឹង​ការ​ទិញ​លក់​ភាគហ៊ុនទេ ​​ដែល​លោក​ត្រូវ​ចាប់​ខ្លួន​នោះ។

​ក្រោយពី​បាន​ឮសារព័ត៌មាន​ជប៉ុន​ មួយ​ហើយ​មួយ​ទៀត បានផ្សព្វផ្សាយអំពី​​ព័ត៌មាន​​ចាប់​ខ្លួន​ប្រធានក្រុមហ៊ុន​ ពី​បទ​សង្ស័យ​កេង​បន្លំ​ថវិកាជាតិ ក្រុមហ៊ុននីសាន់ ដែលរង​ការ​ឆែកឆេរដែរ ក៏​បាន​ចេញ​ថ្លែងការណ៍​និង​រៀប​ចំ​សន្និសីទកាសែត​ភ្លាម។ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​ពិត​ជាមាន​ការបទ​ចោទ​ប្រកាន់​​ប្រឆាំងលោក Carlos Ghosn មែន។ លោក​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​ជា​ច្រើន​ ប្រកាស​ប្រាក់​ចំណូល​ជូន​រដ្ឋ​តិច​ជា​ការពិត និង​បាន​ប្រើប្រាស់​ថវិកា​របស់​ក្រុមហ៊ុន​ដើម្បី​ជា​ប្រយោជន៍​បុគ្គល។ ក្រុមហ៊ុន​ជប៉ុន​បាន​ស្នើ​ឱ្យប្រធានក្រុមហ៊ុន​ដើម​កំណើតលីបង់ កើត​នៅ​ប្រេស៊ីល និង​មាន​សញ្ជាតិ​បារាំងរូប​នេះ លាលែង​ដើរ​ចេញ​ពី​តំណែង​ភ្លាម។

ថៅកែក្រុមហ៊ុន​រថយន្ត​ដ៏​ធំ​ជាង​គេ​បំផុត​មួយ​នៅលើ​ពិភពលោក ត្រូវបាន​ជប៉ុន​ចាត់​ទុក​ជា​គំរូ រហូត​ប្រសិទ្ធិនាមឱ្យ​ថា​ជា​សាមួរ៉ៃ ដោយ​បាន​ជួយ​ស្រោច​ស្រង់​ក្រុមហ៊ុន​នីសាន់ និង​មីស៊ូប៊ីស្ហ៊ី ពី​ការ​ក្ស័យធន។

សូម​បញ្ជាក់​ថា​ រងការរិះគន់​ខ្លាំង​នៅ​បារាំង​ចំពោះ​ចំណាត់ការ​ដឹកនាំ​ក្រុមហ៊ុន​រំពឹង​ខ្លាំង​លើ​ប្រាក់​របស់​ប្រទេស​មាន​សេដ្ឋកិច្ចកំពុង​លូតលាស់​ដូចយ៉ាង ឥណ្ឌា ឬ​រ៉ូមានី​ លោក Carlos Ghosn បាន​ទៅ​ដល់តូក្យូ​នៅ​ឆ្នាំ​១៩៩៩ ដើម្បី​ស្តា​រ​ក្រុមហ៊ុន​នីសាន់ បញ្ជូល​ជាមួយ​ក្រុមហ៊ុន​រឺណូបារាំង និង​ត្រូវ​បាន​តែង​តាំង​ឱ្យធ្វើ​ជានាយក​ប្រតិបត្តិ​នៅ​ពីរ​ឆ្នាំ​បន្ទាប់។ ក្រោម​ការ​ដឹកនាំ​របស់​លោក នីសាន់​ដែល​វិះ​ក្ស័យ មា​ន​កំណើន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ឡើង​ដល់​ជិត​១០០​ពាន់​លាន​អឺរ៉ូ។ នៅឆ្នាំ​២០១៧ លោក Ghosn បាន​លា​ឈប់​ពី​តួនាទីនាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​នីសាន់ តែ​នៅ​កាន់​អំណាច​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​របស់​ក្រុមហ៊ុន​ ដើម្បីផ្តុំ​កម្លាំង​ដឹកនាំ​ ​សម្ព័ន្ធ​ក្រុមហ៊ុន​រឺណូ និង​ ​ក្រុមហ៊ុន​ជប៉ុន​Mitsubishi​មួយ​ទៀត​ដែល​លោក​បាន​ទៅ​ស្រង់​នៅ​ចុង​ឆ្នាំ​២០១៦។ ដោយ​សារ​លោក Ghosn ​​​ក្រុមហ៊ុនបីដាច់​ដោយ​ឡែក​ពី​គ្នា​តែ​ភ្ជាប់​ដោយ​ចំណង​ភាគ​ហ៊ុន​ខ្វែង ​Renault-Nissan-Mitsubishi បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​មាន​លំនឹង​សាំញ៉ាំ និង​កំពុង​ឈាន​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំជាង​គេ​នៅ​លើ​ពិភពលោក នាំមុខ​ក្រុមហ៊ុន​តូយ៉ូតា និង​វ៉ុលវ៉ាហ្គែន​បាន។

ជាមួយ​នឹង​ការ​ចាប់​ខ្លួន​នៅ​ថ្ងៃនេះ សម្ព័ន្ធបីក្រុមហ៊ុន​អាច​នឹង​ក្រឡាប់​ចាក់។ តែ​ប្រធានាធិបតី​បារាំង​លោក អេម៉ាណុអែល ម៉ាក្រុង បាន​ប្រកាស​ថា​រដ្ឋ​បារាំង​នឹង​ប្រយ័ត្ន​ប្រយែង​ខ្លាំង​ក្នុង​ការ​រក្សា​ស្ថិរភាព​ក្រុមហ៊ុន​កូនកាត់​បារាំង​ជប៉ុន Renault-Nissan៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ