ថៃ៖គណបក្សរ៉ាក់សាឆាតដែលស្និទ្ធនឹងលោកថាក់ស៊ីនកំពុងប្រឈមនឹងការរំលាយពីតុលាការធម្មនុញ្ញ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤៨
នៅក្នុងប្រទេសថៃ ចំពេលដែលការរៀបចំបោះឆ្នោតសភាខិតចូលកាន់តែជិត កម្តៅនយោបាយហាក់កំពុងបន្តកើនឡើងជាលំដាប់ ពិសេសសម្ពាធលើគណបក្សនយោបាយណាដែលមានសមានចិត្ត និងចងសម្ព័ន្ធជាមួយអតីតនាយករដ្ឋមន្រ្តីលោកថាក់ស៊ីន។ ក្នុងថ្ងៃពុធ ទី១៣ កុម្ភៈ គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គជប) បានដាក់ពាក្យបណ្តឹងសុំរំលាយគណបក្សរ៉ាក់សាឆាតទៅកាន់តុលាការធម្មនុញ្ញ។ គជបបានលើកយកហេតុផលទៅពន្យល់ថា មកពីគណបក្សរ៉ាក់សាឆាតបានស្នើព្រះអង្គម្ចាស់ក្សត្រិយ៍អ៊ុបុនរ៉ាត់ឲ្យឈរឈ្មោះជាបេក្ខនារីនាយករដ្ឋមន្រ្តី។ គេត្រូវរង់ចាំនៅថ្ងៃព្រហស្បតិ៍ ទី១៤ កុម្ភៈទើបដឹងថា តើតុលាការធម្មនុញ្ញសម្រេច ឬមិនសម្រេចចាត់ការលើបណ្តឹងមួយនេះ។
គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គជប) បានយល់ឃើញថា ការដែលគណបក្សរ៉ាក់សាឆាតបានស្នើព្រះអង្គម្ចាស់ក្សត្រិយ៍អ៊ុបុនរ៉ាត់ឲ្យឈរឈ្មោះជាបេក្ខនារីនាយករដ្ឋមន្រ្តី គឺជាការប្រមាថលើរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ គេមិនដឹងថា តើហេតុផលលើកឡើងដោយគជបពេលនេះបានផ្អែកលើច្បាប់រដ្ឋធមនុញ្ញ ឬមួយលើច្បាប់ការពារក្រុមគ្រួសាររាជវង្សសានុវង្សនៅក្នុងប្រទេសថៃដែលជាច្បាប់តឹងតែងជាងគេបង្អស់នៅក្នុងលោក។ តែបើតាមមើលទៅ ប្រហែលជាគជបសំអាងលើច្បាប់ការពារក្រុមគ្រួសាររាជវង្សសានុវង្ស ព្រោះគជបបានបន្ថែមថា ព្រះអង្គម្ចាស់ក្សត្រិយ៍អ៊ុបុនរ៉ាត់ក៏ជាសមាជិករាជវង្សសានុវង្សមួយអង្គដែលត្រូវការពារដោយច្បាប់ដែរ។
ឥឡូវនេះ បណ្តឹងសុំរំលាយគណបក្សរ៉ាក់សាឆាតត្រូវបានគជបបញ្ជូនទៅកាន់តុលាការធម្មនុញ្ញនាថ្ងៃពុធ ទី១៣ កុម្ភៈ ហើយនៅថ្ងៃព្រហស្បតិ៍ ទី១៤ កុម្ភៈ តុលាការធម្មនុញ្ញនឹងត្រូវប្រកាសពីការសម្រេច ឬមិនសម្រេចចាត់វិធានការលើបណ្តឹងមួយនេះ។ មួយវិញទៀតក៏គេនៅមិនទាន់ដឹងថា បើតុលាការធម្មនុញ្ញយល់ព្រមយកបណ្តឹងមួយនេះទៅពិនិត្យ តើតុលាការត្រូវប្រើពេលប៉ុន្មានសប្តាហ៍ ប៉ុន្មានខែដើម្បីសម្រេចរំលាយ ឬមិនរំលាយគណបក្សរ៉ាក់សាឆាតនោះ។ ឧបមាថា តុលាការធម្មនុញ្ញសម្រេចរំលាយគណបក្សរ៉ាក់សាឆាតភ្លាមៗ ពោលនៅមុនការបោះឆ្នោតថ្ងៃទី២៤ មីនា គណបក្សដែលស្និទ្ធ និងមានសមានចិត្តជាមួយលោកអតីតនាយករដ្ឋមន្រ្តីថាក់ស៊ីនមួយនេះនឹងមិនអាចចូលរួមបោះឆ្នោតបានទេ ហើយថ្នាក់ដឹកនាំគណបក្សមួយនេះអាចនឹងហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល ១០ឆ្នាំ។
ព្រះអង្គម្ចាស់ក្សត្រិយ៍អ៊ុបុនរ៉ាត់សោកស្តាយដែលមិនបានជួយប្រទេស និងប្រជារាស្រ្ត
លោកព្រីឆាផុន ផុងផានីត ប្រធានគណបក្សរ៉ាក់សាឆាតបានបញ្ចេញប្រតិកម្មឆ្លើយតបនឹងនីតិវិធីរបស់គជប។ ចំណាប់អារម្មណ៍មុនគេ គឺភ្ញាក់ផ្អើលខ្លាំង និងនឹកស្មានមិនដល់ដែលគជបបានផ្តើមនីតិវិធីមួយនេះយ៉ាងលឿងដល់ម្លឹង។ តែពេលរង់ចាំចម្លើយពីតុលាការធម្មនុញ្ញនៅថ្ងៃព្រហស្បតិ៍ ទី១៤ កុម្ភៈ លោកព្រីឆាផុន ផុងផានីតបានត្រឹមបញ្ជាក់ថា គណបក្សរបស់លោកនឹងបន្តដំណើរទៅមុខទៀត។ តែប្រតិកម្មដែលគ្រប់គ្នាហាក់មិនបានរង់ចាំ គឺប្រតិកម្មរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍អ៊ុបុនរ៉ាត់នៅយប់ថ្ងៃអង្គារ ទី១២ កុម្ភៈ។ ព្រះអង្គម្ចាស់ក្សត្រិយ៍បានមានព្រះបន្ទូលសោកស្តាយខ្លាំងដែលបំណងប្រាថ្នារបស់ព្រះអង្គចង់ជួយប្រទេស និងប្រជារាស្រ្តថៃបែរជាបានបង្កឲ្យមានបញ្ហាទៅវិញ។
ព្រះអង្គម្ចាស់ក្សត្រិយ៍បានយល់ឃើញថា រឿងរ៉ាវមួយនេះមិនគួរណានឹងបន្តកើតមាននៅក្នុងសម័យនេះទៀតឡើយ។ រឿងរ៉ាវដែលព្រះអង្គម្ចាស់ក្សត្រិយ៍ចង់មានបន្ទូលនោះ គឺការសម្រេចចិត្តឈរឈ្មោះជាបេក្ខនារីនាយករដ្ឋមន្រ្តីរបស់ព្រះអង្គបានសម្រាប់គណបក្សរ៉ាក់សាឆាត។ ទោះបីព្រះអង្គម្ចាស់ក្សត្រិយ៍មិនបានលំអិតអ្វីបន្ថែមក៏ដោយក៏គេអាចយល់បានថា ព្រះអង្គម្ចាស់ក្សត្រិយ៍ចង់ស្តីបន្ទោសលើទំនៀមទម្លាប់របស់ប្រទេសថៃដែលសមាជិករាជវង្សសានុវង្សមិនគួរប្រឡូកប្រឡាក់នៅក្នុងឆាកនយោបាយឡើយ។ គួររម្លឹកថាក្នុងថ្ងៃសុក្រ ទី៨ កុម្ភៈ គណបក្សថៃរ៉ាក់សាឆាតដែលជាគណបក្សសម្ព័ន្ធមិត្តរបស់លោកថាក់ស៊ីនបានប្រកាសបេក្ខភាពជានាយករដ្ឋមន្រ្តីរបស់ព្រះម្ចាស់ក្សត្រីអ៊ុបុនរ៉ាត់ដែលជាបុត្រីច្បងរបស់អតីតព្រះមហាក្សត្រ។
តែក្រោយពីមានប្រតិកម្មខ្លាំងៗពីព្រះមហាក្សត្រសព្វថ្ងៃមក ថា ព្រះអង្គម្ចាស់ក្សត្រិយ៍អ៊ុបុនរ៉ាត់ក៏សម្រេចព្រះទ័យដកបេក្ខភាពឈរឈ្មោះជានាយករដ្ឋមន្រ្តីចេញវិញ។ ទោះជាយ៉ាងនេះក្តី គ្រប់គ្នាបានមើលឃើញថា បើគណបក្សរ៉ាក់សាឆាតត្រូវបានតុលាការធម្មនុញ្ញរំលាយតាមសំណើរបស់គជបមែន នោះព្រះអង្គម្ចាស់ក្សត្រិយ៍អ៊ុបុនរ៉ាត់ក៏មានចំណែកទទួលខុសត្រូវដែរ។
វិបត្តិនយោបាយថៃរវាងក្រុមអាវក្រហម និងក្រុមអាវលឿងគ្មានថ្ងៃបញ្ចប់ ?
ក្រុមអ្នកវិភាគបានមើលឃើញថា ចំណាត់ការរបស់គជបលើគណបក្សរ៉ាក់សាឆាតពេលនេះជាយុទ្ធនាការបោសសំអាតឥទ្ធិពលរបស់អតីតនាយករដ្ឋមន្រ្តីលោកថាក់ស៊ីន។ សេណារីយ៉ូមួយនេះក៏ត្រូវបានសម្លឹងឃើញដោយមតិជាតិ និងអន្តរជាតិទូទៅដែរ។ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៤ មីនា មានគណបក្សចំនួន ៤៥ បានចុះឈ្មោះ និងមានអ្នកឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីសរុប ៦៩នាក់។ ក្នុងចំណោមគណបក្សដែលបានចុះឈ្មោះចូលរួមបោះឆ្នោត គេឃើញមានគណបក្សគាំទ្ររបបសឹក និងគណបក្សគាំទ្រលោកថាក់ស៊ីន។ តែគេបានសង្កេតឃើញជារួមថា កុំថាឡើយតែគណបក្សនយោបាយដែលស្និទ្ធ និងមានសមានចិត្តខ្លាំងជាមួយលោកថាក់ស៊ីនបានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារពីរបបសឹក សូម្បីតែកិច្ចការជំនួញធំ តូចរបស់គ្រួសារត្រកូលថាក់ស៊ីនក៏ត្រូវរងគំនាបដែរ។
ជាក់ស្តែងនៅថ្ងៃពុធ ទី១២ កុម្ភៈ កាណាល់ទូរទស្សន៍ Voice TV របស់កូនលោកថាក់ស៊ីនត្រូវបានគណៈកម្មការសោតទស្សន៍សម្រេចផ្អាកការផ្សាយរយៈពេល ១៥ថ្ងៃ។ មូលហេតុ មកពីកម្មវិធីមួយចំនួនរបស់ Voice TV មានមានលក្ខណៈញុះញង់បង្កឲ្យមានចលាចលក្នុងប្រទេសចំពេលដែលការរៀបចំបោះឆ្នោតកាន់តែខិតចូលជិតមកដល់។ តាមពិត និងអ្វីដែលរបបសឹកបារម្ភខ្លាំង គឺការវិលត្រឡប់មកកាន់អំណាចជាថ្មីរបស់ក្រុមអ្នកគាំទ្រលោកថាក់ស៊ីន។ គួររម្លឹកថា របបសឹកបានធ្វើរដ្ឋប្រហារទម្លាក់ត្រកូលថាក់ស៊ីនចេញពីអំណាចចំនួនពីរដង គឺទម្លាក់លោកថាក់ស៊ីនក្នុងឆ្នាំ ២០០៦ និងទម្លាក់ប្អូនស្រីគាត់លោកស្រីយីងឡាក់ក្នុងឆ្នាំ ២០១៤។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលនៅមុនថ្ងៃបោះឆ្នោតឈានមកដល់ ភាពតានតឹងបានកើតមានកាន់តែខ្លាំងរវាងក្រុមអ្នកគាំទ្រលោកថាក់ស៊ីន និងក្រុមយោធារហូតលេចពាក្យចរ៉ាមអារ៉ាមថា ក្រុមយោធាបានត្រៀមរៀបចំធ្វើរដ្ឋប្រហារជាថ្មី បើពួកគេចាញ់ឆ្នោត។ តែមេរបបសឹកលោកប្រាយុទ្ធ ចាន់អូចាបានចេញមុខបដិសេធលើពាក្យចចាមអារ៉ាមមួយនេះវិញ។ ពិតណាស់ បើគណបក្សរ៉ាក់សាឆាតត្រូវរំលាយ ហើយមិនអាចចូលរួមបោះឆ្នោតបាន វាជារឿងលំបាកសម្រាប់ក្រុមអ្នកគាំទ្រលោកថាក់ស៊ីនដែលសង្ឃឹមវិលត្រឡប់ចូលក្នុងឆាកនយោបាយឡើងវិញ។ តែបើក្រុមយោធាឈ្នះឆ្នោតបន្តកាន់អំណាច វិបត្តិនយោបាយថៃដែលប្រទាញប្រទង់រវាងក្រុមអាវក្រហម និងក្រុមអាវលឿងក៏មិនអាចចប់ត្រឹមនេះដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ