FAO៖ ការប្រែប្រួលអាកាសធាតុ និងជម្លោះប្រដាប់អាវុធ ជាដើមហេតុចំបងនៃគ្រោះទុរភិក្ស
ដោយសារ សង្រ្គាម ជម្លោះប្រដាប់អាវុធ ហើយនិងគ្រោះមហន្តរាយធម្មជាតិ មនុស្សប្រមាណ ១១៣លាននាក់ក្នុងពិភពលោកធ្លាប់ឆ្លងកាត់ គ្រោះអត់ឃ្លានខ្លាំង កាលពីឆ្នាំ ២០១៨។ របាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ ដែលចេញផ្សាយនៅថ្ងៃអង្គារម្សិលមិញ ផ្តោតសំខាន់លើគ្រោះអត់ឃ្លាន នៅក្នុងប្រទេសដែលកំពុង ធ្លាក់ក្នុងសង្រ្គាម ហើយនិងប្រទេសដែលកំពុងទទួលទទួលជនភៀសខ្លួន ដែលរត់គេចខ្លួនពីសង្រ្គាម ហើយនិងវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសកំណើត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងរបាយការណ៍ ដែលជាលទ្ធផលនៃការសិក្សាអស់រយៈពេល៣ឆ្នាំ ទៅលើបណ្តាប្រទេសដែលកំពុងជួបការលំបាកក្នុងការផ្តល់អាហារូបត្ថម្ភដល់ប្រជាជន អង្គការFAO បានរកឃើញថា មនុស្សជាង ១០០លាននាក់ ក្នុងប្រទេសចំនួន ៥៣ បានជួបគ្រោះអត់ឃ្លានធ្ងន់ធ្ងរ កាលពីឆ្នាំ ២០១៨។ យេម៉ែន ស៊ីរី អាហ្វហ្កានីស្ថាន ស៊ូដង់ ឬអេត្យូពីរ ស្ថិតនៅក្នុងចំណោមប្រទេសចំនួន៨ ដែលមានប្រជាជន ជួបគ្រោះអត់ឃ្លាន ច្រើនជាងគេ គឺបូកបញ្ចូលគ្នា ស្មើនឹង២ភាគ ៣នៃប្រជាជនសរុប ដែលជួបគ្រោះអត់ឃ្លាន។
តាមរបាយការណ៍របស់អង្គការFAO អាហ្វ្រិកនៅតែជាទ្វីបដែលជួបគ្រោះទុរភិក្សខ្លាំងជាងគេ ជាមួយនឹងចំនួនមនុស្សដែលប្រឈមនឹងការខ្វះចំណីអាហារ ដល់ទៅ ៧២លាននាក់។ សង្រ្គាម ជម្លោះប្រដាប់អាវុធ អសន្តិសុខ បញ្ហាសេដ្ឋកិច្ច ហើយនិងកត្តាប្រែប្រួលអាកាសធាតុ ដូចជាគ្រោះរាំងស្ងួត ទឹកជំនន់ នៅតែជាដើមហេតុចំបងដែលបង្កឲ្យមានគ្រោះទុរភិក្សក្នុងពិភពលោក។
នៅក្នុងរបាយការណ៍ ដែលផ្តោតទៅលើស្បៀងអាហារពិភពលោក នៅឆ្នាំ ២០១៩ អង្គការស្បៀងអាហារនិងកសិកម្ម FAO របស់អង្គការសហប្រជាជាតិ បានទាញសញ្ញាអាសន្នផងដែរពីគ្រោះអត់ឃ្លាន ដែលអាចកើតមាន នៅបណ្តាប្រទេស ដែលកំពុងទទួលជនភៀសខ្លួន ដូចជា អេហ្ស៊ីប លីបង់ តួកគីជាដើម ដែលផ្តល់ជំរកដល់ជនភៀសខ្លួនស៊ីរី ឬប្រទេសបង់ក្លាដែសដែលទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាពីភូមាដល់ទៅជាង ១លាននាក់។
នៅក្នុងរបាយការណ៍លើកនេះ អង្គការFAO បានបង្ហាញកង្វល់ផងដែរពីកើនឡើងនៃចំនួនជនភៀសខ្លួន ឬមនុស្សផ្លាស់ទី ដោយសារវិបត្តិសេដ្ឋកិច្ច និងនយោបាយ នៅប្រទេសវ៉េណេស៊ុយអេឡាដែលត្រូវប្រកាសអាសន្នស្តីពីការខ្វះស្បៀងអាហារ នៅឆ្នាំនេះ។
ជារួម បើប្រៀបធៀបនឹងឆ្នាំ ២០១៧ ដែលមានមនុស្ស ជួបគ្រោះអត់ឃ្លាន រហូតដល់១២៤ លាននាក់ ឆ្នាំ ២០១៨ មានចំនួនប្រជាជនរងគ្រោះដោយសារការអត់ឃ្លាន បានថយចុះ អស់ ១១លាននាក់ ដោយសារតែ ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ហើយនិងអាមេរិកឡាទីន មិនបានជួបគ្រោះមហន្តរាយធម្មជាតិ ដូចជាគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ ដូចឆ្នាំមុនៗ។ ប៉ុន្តែ យ៉ាងណាក៏ដោយ អង្គការFAO បានព្រមានទុករួចហើយថា ស្ថានភាពគ្រោះទុរភិក្ស នៅឆ្នាំ ២០១៩ នឹងអាចត្រលប់ទៅអាក្រក់វិញ បើសិនវិបត្តិសព្វថ្ងៃនេះ នៅបន្តកើតមាននោះ ជាពិសេសវិបត្តិសេដ្ឋកិច្ច និងភាពក្រីក្រ ដល់កម្រិតរបស់ប្រជាជនវ៉េណេស៊ុយអែឡា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ