បន្ទាប់ពីសង្រ្គាមពាណិជ្ជកម្ម លោកដូណាល់ ត្រាំប្រកាសសង្រ្គាមបច្ចេកវិទ្យាជាចំហប្រឆាំងនឹងចិន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០២
នៅថ្ងៃពុធ ទី១៥ ឧសភា ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានចុះហត្ថលេខាលើក្រឹត្យមួយដោយហាមក្រុមហ៊ុនទូរគមនាគមន៍អាមេរិកាំងមិនឲ្យប្រើ និងទិញគ្រឿងឧបករណ៍បច្ចេកវិទ្យាពីក្រុមហ៊ុនបរទេស។ ទោះបីជាលោកត្រាំមិនបាននិយាយចំឈ្មោះក្រុមហ៊ុនបរទេសណាមួយក៏ដោយក៏គេដឹងថា ក្រុមហ៊ុន Huawei របស់ចិនជាផ្ទាំងស៊ីបធំជាងគេរបស់រដ្ឋបាលអាមេរិក។ ក្រៅពីប្រតិកម្មរបស់ក្រុមហ៊ុន Huawei ដែលចាត់ទុកវិធានការរបស់អាមេរិកជាទង្វើបំពានលើសិទ្ធិរបស់ Huawei រដ្ឋាភិបាលចិនបានទាមទារឲ្យអាមេរិកដកវិធានការមួយនេះចោលវិញដើម្បីបញ្ចៀសកុំឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ដុនដាបថែមទៀត ពិសេសទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
សង្រ្គាមប៉ាកការវាងរដ្ឋបាលអាមេរិក និងក្រុមហ៊ុន Huawei របស់ចិនមិនមែនជារឿងថ្មីទេ។ ក្រឹត្យរបស់លោកដូណាល់ ត្រាំបានហាមក្រុមហ៊ុនទូរគមនាគមន៍អាមេរិកមិនឲ្យទិញ និងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុនទូរគមនាគមន៍បរទេស។ ទោះបីជាលោកត្រាំមិនបាននិយាយចំឈ្មោះក្រុមហ៊ុនទូរគមនាគមន៍បរទេសណាមួយក៏ក្រុមហ៊ុន Huawei បានក្លាយជាផ្ទាំងស៊ីបធំជាងគេនៅក្នុងក្រឹត្យនោះ។ ថ្លែងនៅក្នុងពិធីចុះហត្ថលេខាលើក្រឹត្យនោះ លោកត្រាំបានលើកឡើងពីភាពបន្ទាន់ជាតិដើម្បីឆ្លើយតបនឹងទង្វើអាក្រក់កើតចេញពីឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុនទូរគមនាគមន៍បរទេស។
លោកត្រាំបាននិយាយត្រង់ៗដោយមិនលាក់លៀមថា មានក្រុមប្រទេសដៃគូអាមេរិកខ្លះបានប្រើឧបករណ៍បច្ចេកវិទ្យារបស់ខ្លួនដើម្បីធ្វើចារកិច្ចលើពលរដ្ឋអាមេរិកាំង លួចយកការណ៍សម្ងាត់ផ្នែកសេដ្ឋកិច្ច និងឧស្សាហកម្មរបស់អាមេរិក។ ប្រមុខការទូតអាមេរិកលោកម៉ែ ប៉ុមប៉េអូធ្លាប់បានចោទក្រុមហ៊ុន Huawei ពីបទធ្វើជាអ្នកស៊ើបការណ៍សម្ងាត់ឲ្យរដ្ឋាភិបាលចិន។ ក្រសួងការពារជាតិអាមេរិកក៏បានសេចក្តីថ្លែងការណ៍ព្រមានចិនក្នុងន័យដូចគ្នានេះជាច្រើនដង ហើយក្នុងថ្ងៃពុធ ទី១៥ ឧសភា ក្រសួងហិរញ្ញវត្ថុអាមេរិកថែមទាំងបានដាក់ក្រុមហ៊ុន Huawei និងសាខារបស់ Huawei ចំនួន ៧០ ទៅក្នុងបញ្ជីក្រុមហ៊ុនជាប់សង្ស័យ។
ជាមួយនឹងវិធានការមួយនេះ ក្រុមហ៊ុន Huawei ត្រូវសុំការអនុញ្ញាតពិសេសមួយពីរដ្ឋអំណាច មុននឹងអាចធ្វើជំនួញលើទឹកដីអាមរិកាំងបាន។ គួររម្លឹកថា បញ្ហាដ៍ចម្រូងចម្រាស និងផុសផុលជាងគេរវាងរដ្ឋបាលអាមេរិកជាមួយក្រុមហ៊ុន Huawei គឺទាក់ទងនឹងប្រព័ន្ធទូរស័ព្ទជំនាន់ទី៥ ដែលគេហៅ ៥G។
ចិនចោទអាមេរិកពីបទសង្កត់ ក ក្រុមហ៊ុនចិនដោយយករភងសន្តិសុខជាតិធ្វើជាលេស
ខណៈនេះ ក្រុមហ៊ុន Huawei ក៏ដូចជារដ្ឋាភិបាលចិនបានត្រឹមបញ្ចេញប្រតិកម្មលើក្រឹត្យរបស់លោកត្រាំ ដោយមិននិយាយបកស្រាយពីក្តីបារម្ភរបស់លោកត្រាំ Huawei បានបរិហារដោយចាត់ទុកការសម្រេចរបស់លោកត្រាំថាមិនសមហេតុផលដែលជាទង្វើបំពានលើសិទ្ធិរបស់ Huawei។ ក្រុមហ៊ុនទូរគមនាគមន៍របស់ចិនមួយនេះបានយល់ឃើញថា ទង្វើដែលអាមេរិកបានធ្វើពេលនេះជាការសម្លាប់ខ្លួនឯង ព្រោះការគេចពីក្រុមហ៊ុន Huawei ទៅរកក្រុមហ៊ុនផ្សេងទៀតដើម្បីបំពាក់បច្ចេកវិទ្យា ៥G នឹងធ្វើឲ្យអាមេរិកត្រូវចំណាយលុយច្រើន និងមិនមានគុណភាពល្អទេ។
ចំណែកពីរដ្ឋាភិបាលចិនបានព្រមានត្រង់ៗពីការប៉ះពាល់កាន់តែខ្លាំងនៅក្នុងទំនាក់ទំនងរវាងចិន និងអាមេរិក ពិសេសទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ នៅក្នុងសន្និសីទកាសែតមួយក្នុងថ្ងៃព្រហស្បតិ៍ ទី១៦ ឧសភា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានជំរុញឲ្យអាមេរិកលុបទង្វើមិនត្រឹមត្រូវរបស់ខ្លួនដើម្បីកុំឲ្យទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលកំពុងតានតឹងស្រាប់កាន់តែធ្លាក់ដុនដាបថែមទៀត។ « អស់រយៈពេលជាច្រើនខែកន្លងមកហើយដែលអាមេរិកបានប្រើឥទ្ធិពលអំណាចរបស់ខ្លួនដើម្បីដាក់គំនាបលើក្រុមហ៊ុនរបស់ចិនដោយព្យាយាមដាក់ក្រុមហ៊ុនចិនឲ្យនៅក្រៅឆាកប្រកួតប្រជែងជាមួយក្រុមហ៊ុនបរទេសផ្សេងទៀត។ ពិតជាទង្វើមិនយុត្តិធម៌ និងមិនគួរឲ្យគោរពទេ » នេះជាប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន។
បន្ទាប់មក អ្នកនាំពាក្យក្រសួងការបរទេសចិនបានចោទក្រុងវ៉ាស៊ីនតោនពីបទយកបញ្ហាសន្តិសុខជាតិធ្វើជាលេសដើម្បីរារាំងក្រុមហ៊ុនរបស់ចិនមិនឲ្យវិនិយោគ និងទទួលបានចំណែកទីផ្សារលើទឹកដីអាមេរិកាំង។ ក្រៅពីប្រតិកម្មរបស់ភាគីពាក់ព័ន្ធ មាន Huawei និងចិន ក៏មានប្រតិកម្មពីប្រធានាធិបតីបារាំងលោកម៉ាក្រុងដែលយល់ថា ការបិទខ្ទប់ក្រុមហ៊ុន Huawei ឬក្រុមហ៊ុនបរទេសផ្សេងក្រោមហេតុផលការពារសន្តិសុខជាតិមិនមែនជាមធ្យោបាយប្រសើរទេ។
តើក្រុមហ៊ុន Huawei ពិតជាគ្រោះថ្នាក់ឬ?
ក្រុមហ៊ុន Huawei ពិតជាគ្រោះថ្នាក់ ឬមិនគ្រោះថ្នាក់ គឺវាស៊ីសងលើការយល់ឃើញរបស់ប្រទេសនីមួយៗ។ តែគេបានសង្កេតជារួមថា មានប្រទេសតិចតួចណាស់ដែលបានយល់ឃើញដូចអាមេរិកពីគ្រោះថ្នាក់ជាយថាហេតុបង្កឡើងដោយក្រុមហ៊ុន Huawei ពិសេសឧបករណ៍បច្ចេកវិទ្យា រួមទាំងប្រព័ន្ធទូរស័ព្ទជំនាន់ថ្មី ៥G ដែលក្រុមហ៊ុនចិនមួយនេះកំពុងអភិវឌ្ឍន៍។ គួរបញ្ជាក់ថាមិនដល់ ១០ឆ្នាំផង ក្រុមហ៊ុន Huawei បានក្លាយជាតួអង្គឯកគ្របដណ្តប់សឹងពេញពិភពលោកក្នុងបណ្តាញទូរស័ព្ទដៃ។ បន្ទាប់ពីបានផលិតទូរស័ព្ទដៃមានគុណភាពល្អ និងមានតម្លៃថោក ឥឡូវនេះ Huawei បានក្លាយជាតួអង្គឯកពិភពលោកក្នុងផ្នែកបច្ចេកវិទ្យាជំនាន់ថ្មី ៥G។
គួរបញ្ជាក់ថាក្រៅពីក្រុមហ៊ុន Huawei បច្ចេកវិទ្យា ៥G ក៏ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនទូរគមនាគមន៍បរទេសផ្សេងទៀតដែរ។ តែសព្វថ្ងៃ បច្ចេកវិទ្យា ៥G របស់ Huawei កំពុងទទួលបានការទាក់ទាញខ្លាំងពីបណ្តាជាច្រើនប្រទេសនៅអាស៊ី អាហ្រ្វិក និងនៅអាមរិកឡាទីន។ នៅអឺរ៉ុប ទោះបីជាបច្ចេកវិទ្យា ៥G របស់ក្រុមហ៊ុន Huawei បានបង្កឲ្យមានភាពចម្រូងចម្រាស និងការតស៊ូមតិនយោបាយក៏ដោយ ក៏នៅមិនទាន់មានប្រទេសអឺរ៉ុបណាមួយបិទខ្ទប់ Huawei ដូចអាមេរិកដែរ។ អ៊ីចឹងហើយបានជាគ្រប់គ្នាមើលឃើញសង្រ្គាមរវាងអាមេរិក និងក្រុមហ៊ុន Huawei ពេលនេះថា មានបង្កប់ច្រើនដោយរឿងនយោបាយ និងសេដ្ឋកិច្ចជាងគ្រោះថ្នាក់លើសន្តិសុខជាតិដូចដែលលោកត្រាំបានលើកឡើង។
អ្វីដែលក្រុមអ្នកវិភាគបានមើលឃើញនៅក្នុងសង្រ្គាមមួយនេះ គឺមកពីអាមេរិកកំពុងបារម្ភ រួមទាំងការច្រណែនដោយឃើញចិនដើរលឿនខុសពីការស្មាននៅក្នុងផ្នែកបច្ចេកវិទ្យារបស់ចិន។ ដូច្នេះបន្ទាប់ពីសង្រ្គាមពាណិជ្ជកម្ម សង្រ្គាមបច្ចេកវិទ្យារវាងអាមេរិក និងចិនហាក់ផ្តើមមានជាចំហ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ